ក្រសួង​កំពុង​បង្កើត​វិធាន​គ្រប់គ្រង​ទណ្ឌិត​​ដែល​នឹង​ត្រូវ​ដោះលែង​ ដើម្បី​កាត់​​បន្ថយ​ភាព​ចង្អៀត​​ក្នុង​ពន្ធនាគារ

ពលរដ្ឋពីរនាក់ជិះម៉ូតូនៅពីមុខច្រកចូលខ្លោងទ្វារមណ្ឌលអប់រំកែប្រែទី១ (គុកព្រៃស) ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

​ម​ន្ត្រីជា​ន់ខ្ពស់ក្រសួងយុត្តិធម៌ និយាយថា ក្រសួងបានដាក់ចេញយន្តការច្បាប់មួយចំនួនក្នុងការ​គ្រប់គ្រងទណ្ឌិតដែលទទួលទោសមិនទាន់ចប់ ឱ្យពួកគេបាននៅក្រៅឃុំ ដើម្បី​ជួយដោះស្រាយភាពចង្អៀត​ណែនក្នុងពន្ធនាគារ និងទប់ស្កាត់រលកចម្លងជំងឺកូវីដ-១៩។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព ឱ្យដឹងនៅថ្ងៃអង្គារនេះថា លោកបានដឹកនាំកិ​ច្ចប្រ​​ជុំមួយជា​មួយ​មន្ត្រីនៅស្ថាប័នពាក់ព័ន្ធ កាលពីថ្ងៃទី១០ ខែ​មិថុនា ឆ្នាំ២០២១ ដើម្បី​ពិនិត្យមើលពីលទ្ធភាពដោះលែងទណ្ឌិតដែលទទួលទោសជិតចប់តាម​លក្ខ​ខណ្ឌ​ច្បាប់។

លោកបានគូសបញ្ជាក់ថា ដើម្បីជាការលើកទឹកចិត្តដល់ទណ្ឌិតដែលបានកែប្រែខ្លួន ក៏ដូចជាការចូលរួមដោះ​ស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ អំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩ផងនោះ ក្រសួងយុត្តិធម៌បានដាក់ចេញនូវយន្តការច្បាប់ ដើម្បីជំរុញឱ្យមានការដោះលែងទណ្ឌិតដោយមានលក្ខខណ្ឌ ដែលថា យន្ត​ការ​នេះតម្រូវឱ្យមានគណៈកម្មការមួយ ដើម្បីពិនិត្យនិងអនុវត្តវិធានការនេះ។

លោកថា៖ «ពាក់ព័ន្ធនឹងបញ្ហានេះ ក៏តម្រូវឱ្យមានប្រកាសរបស់ក្រសួងយុត្តិធម៌មួយ ស្តីអំពីបែបបទនិងនីតិវិធីក្នុងការតាមដានត្រួ​ត​ពិ​និត្យ ក្រោយពីទណ្ឌិតដែលត្រូវបានដោះលែងហើយចេញមកចូលរួមក្នុងសង្គមវិញ»។

អ្នកនាំពាក្យរូបនេះបន្តទៀតថា ទណ្ឌិតដែលត្រូវដោះលែងត្រូវអនុវត្តទោសដែលនៅសល់នៅក្រៅពន្ធនាគារឬសហគមន៍ តាមលក្ខខណ្ឌច្បាប់ដែលក្រសួងនឹងដាក់ចេញនៅពេលខាងមុខ។

បើតាមអ្នកនាំពាក្យដដែល សម្រាប់ទណ្ឌិតដែលត្រូវបានដោះលែង ពួកគេត្រូវគោរពលក្ខខណ្ឌមួយដែលចង​ដោយ​ច្បាប់ ដូចជា ការចូលរួមកិច្ចការសង្គម ការទៅបង្ហាញខ្លួននៅចំពោះមុខសមត្ថកិច្ច និងការកម្រិតសិទ្ធិក្នុងការដើរហើរ ជាដើម។

មួយវិញទៀត លោកថា លក្ខខណ្ឌសម្រាប់ដោះលែងផ្តោតលើទណ្ឌិតដែលអនុវត្តទោសបាន៥០ភាគរយ ​ឬ២ភាគ៣នៃទោស តែថា ក្នុងករណីពួកគេអនុវត្តមិនបាន ចៅក្រមមានសិទ្ធិចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចនាំខ្លួនទណ្ឌិតនោះទៅទទួលទោសក្នុងពន្ធ​នាគារវិ​ញ។

យ៉ាងណា មន្ត្រី​រូបនេះថា ក្រសួងមិនទាន់មានទិន្នន័យជាក់លាក់ពីចំនួនទណ្ឌិតដែលមានលក្ខខណ្ឌគ្រប់គ្រាន់នឹងត្រូវដោះលែងឱ្យនៅក្រៅឃុំតាមយន្តការនេះនៅឡើយទេ។

នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាត សាទរទៅនឹងយន្តការរបស់ក្រសួងយុត្តិធម៌​នេះ។ ប៉ុន្តែលោ​ក​ថា យន្តការនេះ​មិនគួរត្រូវពន្យារទៀតទេ ដោយ​ថា ពេលនេះ​ភាពចង្អៀតណែនក្នុងពន្ធនាគារកំពុងប្រឈមនឹងការឆ្លងរាលដាលជំងឺកូវីដ-១៩ ដែលថាជាការព្រួយបារម្ភដល់សុខភាពអ្នកជាប់ឃុំ។

លោកថា៖ «ទោះលក្ខខណ្ឌនៃការដោះលែងហ្នឹង​ធ្វើយ៉ាងណាក៏ដោយ គួរតែធ្វើឡើងឱ្យបានឆាប់​នៅក្នុងដំណាក់កាលនេះ ហើយលក្ខខណ្ឌណាដែលវារំលោភសិទ្ធិធ្ងន់ធ្ងរពេក យើងគួរតែពិនិត្យនិងពិចារណាដែរ ពីព្រោះលក្ខខណ្ឌច្បាប់ក៏ត្រូវផ្អែកទៅលើស្ថានភាពសិទ្ធិជនដែលជាប់ចោទហ្នឹងដែរ»។

ភាពចង្អៀតណែនក្នុងពន្ធនាគារត្រូវបានក្រុមអង្គការសង្គមស៊ីវិលរកឃើញថា វាបានកើតឡើងចាប់ពីឆ្នាំ២០១៧មក អំឡុងពេលដែលរដ្ឋាភិបាលប្រកាសធ្វើយុទ្ធនាការបង្ក្រាបគ្រឿងញៀន។

បើតាមអ្នកនាំពាក្យអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ប្រាប់ VOD កាលពីសប្តាហ៍មុនថា អ្នកជាប់ឃុំបច្ចុប្បន្នមានជិត៤០ ០០០នាក់។ 

បញ្ហានេះ អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) កាលពីដើមឆ្នាំ២០២០ បានបង្ហាញរបាយការណ៍មួយថា ​គិត​ត្រឹម​ខែ​មីនា ​ឆ្នាំ​​២០២០ ​អ្នក​ជាប់​ឃុំ​នៅ​ទូទាំង​ប្រទេសមានចំនួន៣៦ ០០០​​នាក់​ ខណៈ​ពន្ធនាគារ​​របស់​កម្ពុជា​អាច​ដាក់​អ្នកជាប់ឃុំ​បានប្រមាណ​២៦ ០០០​នាក់តែ​ប៉ុណ្ណោះ។​

អង្គការ​អន្តរ​ជាតិ​នេះ​បញ្ជាក់​ថា៖​ «វិបត្តិ​នៃ​ការ​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារនេះ​ កំពុង​បង្ក​ឱ្យ​​មាន​ការ​​រំលោភ​បំពាន​យ៉ាង​ធ្ងន់ធ្ងរនិង​លក្ខណៈ​ជា​ប្រព័ន្ធ»៕​ 


អត្ថបទទាក់ទង

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ