ក្រុម​អ្នក​ឃ្លាំ​មើល​ ជំរុញ​ជា​ថ្មី​ឱ្យ​​ដាក់​ស្ថាប័ន​តុលាការ​​នៅ​ដាច់​ដោយ​ឡែក​ពី​បក្ស​នយោបាយ

ក្រុមអ្នកសារព័ត៌មាន មន្ត្រីសង្គមស៊ីវិល និងសាធារណជន នៅមុខសាលាដំបូងរាជធានីភ្នំពេញ ជុំវិញសវនាការ​លើ​ដំណើររឿង​ក្ដី​លោក​ កឹម​ សុខា​ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០។ (ជន ចាន់រ៉ែន)

ក្រុមអ្នកវិភាគនយោបាយ និងអ្នកឃ្លាំមើលពីបញ្ហាសង្គម ជំរុញជាថ្មីដល់​រដ្ឋាភិបាលដាក់​ស្ថាប័ន​តុលាការឱ្យនៅ​​ដាច់​​ដោយ​​​​ឡែកពីគណបក្សនយោបាយ ជាពិសេសគណបក្សនយោបាយដែលកាន់អំណាច នោះទើបអាច​ធានាបាននូវយុត្តិធម៌សង្គមនិងឯករាជ្យ​​ភាពនៃ​​តុលា​កា​រ​។

លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ បានរិះគន់នៅលើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី​១៤ ខែ​មិថុនានេះ​ថា ប្រសិន​​បើ​មិនមានការបែងចែកអំណាច​ឱ្យបានត្រឹមត្រូវទេ នោះគេពិតជាមិនអាចរកឃើញពីឯករាជ្យភាពនៃតុលាការបានឡើយ។ បន្ថែមពីលើនេះ លោកថា ប្រសិន​​បើ​​​អំណាចស្ថិតនៅក្នុងភាពស្មុគស្មាញបែបនេះ នោះព្រះមហាក្សត្រទ្រង់ក៏មិនអាចធានាបាននូវឯករាជ្យនៃអំណាចតុលាការ និងធានានូវ​​ការ​​គោ​រ​ព​​​សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋបានដែរ។

បើតាមអ្នកវិភាគនយោបាយជើងចាស់រូបនេះ ដើម្បីអាចឱ្យស្ថាប័នតុលាការស្ថិតនៅដោយឯករាជ្យទៅបាន លុះត្រាតែក្រសួងយុត្តិធម និង​​រដ្ឋា​​ភិ​​បាល មិនមានឥទ្ធិពលណាមួយ​ទៅលើចៅក្រម ព្រះរាជអាជ្ញា ឬមន្រ្តីតុលាការនៅផ្នែកដទៃទៀត។

ជាងនេះទៀត បើតាមលោកបណ្ឌិត ឡៅ ម៉ុង​​​ហៃ គណបក្សដែលកាន់អំណាច មិនត្រូវមានអំណាចគ្របដណ្តប់​ទៅលើស្ថាប័នតុលាការ ហើយត្រូវបែងចែកឱ្យដាច់រវាងគណបក្ស​នយោបាយនិង​​រដ្ឋាភិបាល។

បន្ថែមពីលើនេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ ថ្លែងថា របៀបដឹកនាំដែលកម្ពុជាកំពុងដាក់ឱ្យអនុវត្តសព្វថ្ងៃនេះ ធ្វើឡើងតាមរបៀប​​កុម្មុយនីស្ត។ ​​លោក​​បន្តថា ប្រព័ន្ធបែបកុម្មុយនីស្តនេះហើយ ដែលតម្រូវឱ្យសមាជិកនៃមន្រ្តីតុលាការត្រូវបានដាក់បញ្ចូលទៅជាសមាជិក​បក្សនយោ​បាយ​ ​ហើយ​ការធ្វើ​​ដូច្នេះ មានភាពងាយស្រួល​ក្នុងការគ្រប់គ្រងផងនិងចាត់ចែងផង ដើម្បីធានាថា យុត្តាធិការនេះស្ថិតនៅក្រោមអំណាចបក្ស​តែ​មួយ​​​។

លោកបញ្ជាក់ថា៖ «នៅកម្ពុជាយើង ប្រព័ន្ធតុលាការយើងធ្លាប់ជាប្រព័ន្ធកុម្មុយនីស្តហ្នឹង ហើយប្រព័ន្ធកុម្មុយនីស្តគឺច្បាស់តែម្តង អត់មាន​​គោរព​​សិទ្ធិ​​​​សេរីភាព ​​ជាពិសេសគឺអត់គោរពសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយប៉ុន្មានទេ»។

ដោយឡែក អ្នកវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ឃើញថា អ្នកដឹកនាំរដ្ឋដឹងពីរបៀបនៃការចាត់ចែង​នយោបាយថា​​គួរដើរ​តាម​វិធី​ណា ច្បាស់ជាងអ្នកដែលតាមដានពីរឿងនយោបាយទៅទៀត។

លោកបន្តថា ភាពប៉ិនប្រសប់នេះហើយ ដែលអាចជួយឱ្យមេដឹកនាំប្រទេស ជាពិសេ​សគណ​​​បក្សប្រជាជនកម្ពុជារក្សាបាននូវ​​ជីវិ​ត​​​​នយោបាយរបស់ខ្លួនរហូតមកដល់សព្វថ្ងៃនេះ។

បើតាមលោក ឯម សុវណ្ណរ៉ា ការរំលាយគណ​បក្ស​​ប្រ​​ឆាំង​​ដ៏ធំមួយចេញពីឆាកនយោបាយ នេះក៏ជាវិធីសាស្រ្តដែលជួយទប់លំនឹងគណបក្សកាន់អំណាចបានដែរ ហើយវិធីបែបនេះគឺ​មាន​​​តែ​​ដាក់បញ្ចូលមន្រ្តីតុលាការទៅជាសមាជិកគណបក្សនយោបាយ ទើបអាចធ្វើការកិច្ចនេះបានផលច្រើន។

លោកបន្តថា៖ ​«ប្រសិន​បើ​រៀប​​ឱ្យ​ដាច់​​​ដោយឡែកដូចបណ្តាប្រទេស​​ជឿនលឿនដទៃទៀត វាជួយអត្ថ​ប្រយោជន៍ជាតិសង្គម​​បានច្រើន។​ ប៉ុន្តែបញ្ហានេះ ​វាជះឥទ្ធិពល​ទៅដល់​គណ​បក្ស​​​កាន់អំណាចពុំមានស្ថិរភាព ឬក៏ពុំអាចរៀបចំយន្តការមួយចំនួនបានទេ ឧទាហរណ៍យើង​មើលយន្តការនៃ​ការំលាយ​គណបក្ស​ប្រឆាំង ​ជា​ដើម​»​។

ប្រតិកម្មនឹងការរិះគន់នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែងថា តាមពិតទៅ ភាពឯករាជ្យរបស់មន្រ្តីដែលបម្រើក្នុងវិស័យច្បាប់ ជាពិសេសស្ថាប័នតុលាការនេះ វាមិនអាស្រ័យលើសមាជិកទាំងនោះត្រូវគេតែងតាំងទៅ​ជាសមាជិកបក្សនយោបាយទេ។

លោកបន្តថា រឿង​​ដែល​​សំខាន់ចំពោះមុខ គឺការ​​អនុវត្ត​នីតិវិធីនិងបទដ្ឋាននានាដូចមានចែងនៅក្នុងវិធាននៃច្បាប់​។ លោកបន្តថា ការ​​អនុវត្ត​​ដូច​កម្ពុជា​​នេះ មានប្រ​​ទេ​ស​​ជា​​ច្រើន​នៅលើពិភពលោក រួមទាំងប្រទេសដែល​ជឿន​លឿន​ខាង​​ប្រជា​ធិប​តេ​យ្យ​ ដូចសហរដ្ឋ​អាមេរិក​ជា​ដើម បានដាក់​​បញ្ចូល​​សមា​​ជិក​​នៃ​​ស្ថា​​ប័ន​​តុលាការទៅក្នុងរដ្ឋាភិបាលដែរ​។

លោកបន្តថា៖ «ទី១ បើយើងផ្អែកលើគោលការណ៍ច្បាប់និងយុត្តិធម៌សង្គម វាមិនសំខាន់ថាបុគ្គលជាអ្នកណា​​មក​​​ពីណាទេ សំខាន់ការអនុវត្តច្បាប់ហ្នឹងត្រឹមត្រូវតាមនីតិវិធីនិងបញ្ញត្តិច្បាប់ដែលមានជាធរមានហ្នឹងដែរឬក៏អត់។ នេះជាប្រព័ន្ធរបស់យើង ហើយ​​ក៏​​​​​​ដូច​ប្រព័ន្ធនៅអាមេរិកដែរ មើលតុលាការកំពូលត្រូវបានតែងតាំងជាអ្នកនយោបាយទាំងអស់»។ 

បើទោះជាបែបនេះក្តី នាយកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន ឱ្យដឹងថា អ្នកដឹកនាំប្រទេសកម្ពុជាបច្ចុប្បន្ននេះ ភាគច្រើន​គឺ​សុទ្ធ​​សឹង​​តែជាមេដឹកនាំដែលបានមកពីការតស៊ូ ហេតុនេះទើបធ្វើឱ្យអ្នកនយោបាយដែលមានបក្សកាន់អំណាចជាបង្អែក ព្យាយាមធ្វើ​​យ៉ាង​ណា​​ឱ្យ​បក្សរបស់ខ្លួនឈរបានដោយមិនមានគូប្រកួត។ លោកបន្តថា អំណាចស្ថិតលើបក្សតែមួយ និងការបែង​​ចែក​​តួនាទីនិងភារកិច្ចមិនប្រាកដប្រជាផងនោះ ងាយនឹងធ្វើឱ្យស្ថាប័នតុលាការ ក្លាយជាឧបករណ៍​ដ៏សំខាន់សម្រាប់អ្នកនយោបាយ​​យក​​ទៅ​ប្រើ​​ប្រាស់។

លោកថា៖ «គ្រោងឆ្អឹងនៃស្ថាប័នរដ្ឋយើងទាំងមូល ឬគ្រោងឆ្អឹងស្ថាប័នសាធារណៈ​យើង គឺមេដឹកនាំសុទ្ធតែជា​អតីតពីសម័យ​រដ្ឋកម្ពុ​ជា​មក​​ ហើយមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំលើតិចតួចទេ នៅពេលស្ថានភាពនយោបាយមានការផ្លាស់ប្តូរ ជាពិសេសព្រឹត្តិការណ៍ថ្ងៃទី៥ ខែកក្កដា»។ 

ប្រធានក្រុមអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានចាត់ទុកក្រុមអ្នកវិភាគទាំងនេះថា ជាអ្នកវិភាគឬជាបញ្ញវន្តដែលបម្រើឱ្យ​​បក្ស​​នយោ​​បាយ​​ម្ខាង​ប៉ុណ្ណោះ។

លោកបន្តថា គិតមកដល់ពេលនេះ អ្វីដែលកម្ពុជាកំពុងតែមានគឺជាការប្រឹងប្រែងរបស់រដ្ឋាភិបាល ហើយក៏មានចំណុចខ្លះ​​នៅ​​បន្ត​​កែ​​លម្អដែរ ដើម្បីឱ្យភាពវិជ្ជមានកើនឡើងសម្រាប់ប្រយោជន៍សាធារណៈ។

បើតាមលោក ផៃ ស៊ីផាន អ្នករិះគន់ទាំងនេះគួរមើលស​​ភាពការ​​នយោ​បាយ​​ឱ្យ​​បាន​ស៊ីជម្រៅជាងនេះ និងជួយជ្រោមជ្រែងចំណុចខ្វះខាត ប្រសើរជាងអង្គុយចាំតែតិះតៀនរដ្ឋាភិបាលក្នុងផ្លូវអវិជ្ជមាន។

លោកថា៖ «​យើងខំកែ​ណាស់តាំងពីមុនមក ហើយច្បាប់កាលយើងប្រើ​​លើកមុន ចេះតែកែបន្ត​បន្ទាប់​មក។ ហើយឥលូវនេះ​ ច្បាប់ថ្មីដើម្បីធ្វើឱ្យមាន​ទ្រង់ទ្រាយឆ្លើយ​តប​នូវ​សិទ្ធិមនុស្សផង ឆ្លើយតបនឹងបច្ចុប្បន្នភាពពិភពលោកផង និងឆ្លើយតបតំបន់របស់យើងផង ដូច្នេះគួរតែលើកទឹកចិត្តជាជាងបន្តុះបង្អាប់ ហើយ​អ្នក​ទាំងអស់ហ្នឹងដែលតាំងខ្លួនជាបញ្ញវន្ត គួរផ្តល់ទ្រឹស្តីក្នុងការសម្រួល»។

យ៉ាងនេះក្តី ប្រធានតុលាការកំពូល ធ្លាប់រងការរិះគន់ថា ជាសមាជិកមជ្ឈិមបក្សនៃគណបក្សប្រជាជនកម្ពុជា។ ការរិះគន់នេះ ខណៈប្រធាន​​តុលា​​ការជាន់ខ្ពស់រូបនេះបានចូលរួមកាត់ក្តីដែលរំលាយបក្សប្រឆាំង កាលពីឆ្នាំ២០១៧កន្លងទៅ។

ជុំវិញការ​​ទាមទារឱ្យមានភាព​​ឯករាជ្យនិង​យុត្តិ​ធម៌សង្គមតាម​​ផ្លូវ​​តុលា​ការ​នេះ អតីតប្រធានគណបក្ស សម​ រង្ស៊ី គឺលោក សម រង្ស៊ី ធ្លាប់​បានដឹកនាំក្រុមបាតុករទៅតវ៉ា​​នៅខាងមុខរដ្ឋសភា កាលពីខែ​មីនា ឆ្នាំ​១៩៩៧។ នៅក្នុងព្រឹត្តិការណ៍នោះ មានគ្រាប់បែកដៃចំនួន៤គ្រាប់ត្រូវបានគេគប់ចូលក្នុងហ្វូងបាតុករ បណ្តាលឱ្យមានមនុស្ស​ចំនួន២០ស្លាប់និង​​ជាង១០០នាក់ផ្សេងទៀតត្រូវរងរបួស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ