ជនជាតិដើមភាគតិចកួយ នៅស្រុករវៀង ខេត្តព្រះវិហារ ទាមទារទៅអាជ្ញាធររក្សាដីតំបន់«សន្លុងស្លដែក»ដែលជាតំបន់ប្រវត្តិសាស្ត្ររបស់ពួកគាត់ឱ្យនៅដូចដើម និងចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុនដែលបានដាក់គ្រឿងចក្រឈូសឆាយបំផ្លិចបំផ្លាញតំបន់នោះ។
កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ បានចុះទៅបោះបង្គោលកំណត់ព្រំប្រទល់តំបន់សន្លុងស្លដែក ដែលជាតំបន់ប្រវត្តិសាស្ត្ររបស់ជនជាតិដើមភាគតិចកួយ ស្ថិតនៅភូមិអូរពោធិ៍ ឃុំរមណី ស្រុករវៀង ក្រោយក្រុមហ៊ុនឯកជនមួយឈ្មោះ ហាក់ ប៊ុនថា ដាក់គ្រឿងចក្រឈូសឆាយប៉ះពាល់តំបន់នោះ។
ជនជាតិដើមភាគតិចកួយ រស់នៅភូមិអូរពោធិ៍ លោក ហុក ឡេង ប្រាប់ វីអូឌី នៅថ្ងៃចន្ទនេះ ថាការបោះបង្គោលកំណត់ព្រំដីរបស់មន្ទីរវប្បធម៌ ដើម្បីកំណត់ព្រំប្រទល់តំបន់ប្រវត្តិសាស្ត្រមួយនេះ គឺមិនត្រឹមត្រូវឡើយ។
ជនជាតិដើមភាគតិចកួយរូបនេះ បន្តថា មន្ទីរវប្បធម៌បានបោះបង្គោលកំណត់ព្រំដីត្រឹម១០០ម៉ែត្របួនជ្រុងប៉ុណ្ណោះ សម្រាប់រក្សាទុកជាដីតំបន់ប្រវត្តិសាស្ត្រ ខណៈដើមឡើយ ដីតំបន់ប្រវត្តិសាស្ត្រនេះមានទំហំប្រហែល៥ទៅ៦ហិកតា។
លោកបន្ថែមថា៖ «ព្រោះកន្លែងស្លដែកនេះវាធំ វាមានស្រះពីរធំៗទៀត ហើយវាមានកន្លែងបុរាណធំៗទៀត។ អ៊ីចឹងខ្ញុំគិតថា មន្ទីរវប្បធម៌គាត់គួរពិចារណាសិក្សាឡើងវិញ ទាក់ទងនឹងការបោះទីតាំងតំបន់ប្រវត្តិសាស្ត្រមួយនេះ។ ហើយមួយទៀត គាត់ត្រូវតែចាត់វិធានការច្បាប់ចំពោះអ្នកដែលបំផ្លាញកន្លែងបុរាណវិទ្យា កន្លែងសិក្សាហ្នឹង ដោយគាត់ចាត់វិធានការតាមផ្លូវច្បាប់ទៅ ដើម្បីសហគមន៍គាត់មានជំនឿឡើងវិញ»។
ជនជាតិដើមភាគតិចកួយម្នាក់ទៀត អ្នកស្រី ងូន ហ៊ាង អាយុ៥៣ឆ្នាំ និយាយថា ក្រុមហ៊ុន ហាក់ ប៊ុនថា បានដាក់គ្រឿងចក្រធ្វើសកម្មភាពឈូសឆាយដីនៅតំបន់សន្លុងស្លដែក ដែលជាកន្លែងអភិរក្សវប្បធម៌របស់ដូនតាជនជាតិដើមភាគតិចកួយ និងបានឈូសឆាយប៉ះពាល់ដីស្រែចម្ការរបស់ពួកគេថែមទៀត ដោយពុំមានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធឡើយ។
អ្នកស្រី ងូន ហ៊ាង បន្តថា រូបអ្នកស្រី ក៏ដូចជាប្រជាពលរដ្ឋជនជាតិដើមភាគតិចកួយទាំងអស់ដែលរងផលប៉ះពាល់ដីធ្លី បានទាមទារទៅអាជ្ញាធរពាក់ព័ន្ធឱ្យដោះស្រាយដីធ្លីជូនពួកគេវិញ និងត្រូវរក្សាដីតំបន់សន្លុងស្លដែកដែលជាកន្លែងប្រវត្តិសាស្ត្រឱ្យនៅស្ថានភាពដូចដើមវិញផងដែរ។
អ្នកស្រីបន្ថែមថា៖ «ពេលដែលក្រុមឈូសហ្នឹង បានឈូសជាន់លើស្រូវយើង និងកន្លែងយើងអាស្រ័យផលផ្សេងទៀត ដល់អ៊ីចឹងនៅឆ្នាំនេះ ពួកខ្ញុំប្រឈមនឹងការបាត់បង់ការអាស្រ័យទាំងស្រុង ដោយសារតែគ្មានការដោះស្រាយពីអាជ្ញាធរ ហើយកន្លែងអប្បិយជំនឿរបស់យើងក៏បានរលាយសាបសូន្យ ដោយសារគេមកឈូសឆាយចោល»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយពីមន្ត្រីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ និងតំណាងក្រុមហ៊ុន ហាក់ ប៊ុនថា ដែលរងការចោទពីពលរដ្ឋ ដើម្បីឆ្លើយតបពាក់ព័ន្ធករណីនេះបានទេនៅថ្ងៃចន្ទនេះ។
អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ មានប្រសាសន៍ថា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត កំពុងសហការជាមួយអាជ្ញាធរពាក់ព័ន្ធដោះស្រាយនិងទប់ស្កាត់មិនឱ្យក្រុមហ៊ុនបន្តសកម្មភាពឈូសឆាយ។ លោកថា រដ្ឋាភិបាលមិនអាចឱ្យជនណាមួយទៅបំផ្លាញតំបន់បេតិកភណ្ឌបានឡើយ។
លោកបន្ថែមថា៖ «ខ្ញុំចង់បញ្ជាក់ថា ជានយោបាយ ជាការគិតគូរ ទាក់ទងទៅនឹងកិច្ចអភិរក្សនិងអភិវឌ្ឍន៍វប្បធម៌និងបទដ្ឋានគតិយុត្តិដែលរដ្ឋាភិបាលចេញទៅ គឺហាមដាច់ខាតហើយ មិនអាចជនណាមួយធ្វើអីមួយបំផ្លាញស្ថានីយប្រវត្តិសាស្ត្រ បុរេប្រវត្តិ ដែលយើងចាត់ទុកថាជាតំបន់បេតិកភណ្ឌហ្នឹង គឺអត់អាចធ្វើអីបានទេ»។
មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ មានប្រសាសន៍ថា ករណីក្រុមហ៊ុនធ្វើសកម្មភាពឈូសឆាយប៉ះពាល់តំបន់បុរាណវិទ្យា និងប្រពៃណីរបស់ជនជាតិដើមភាគតិច ជាបទល្មើសមួយដែលអាជ្ញាធរ ជាពិសេសក្រសួងវប្បធម៌ ត្រូវប្តឹងទៅតុលាការ។
មន្ត្រីសិទ្ធិមនុស្សរូបនេះក៏ជំរុញទៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ និងអាជ្ញាធរពាក់ព័ន្ធ វាស់វែងនិងរក្សាដីតំបន់ប្រវត្តិសាស្ត្រនោះជូនជនជាតិដើមភាគតិចទៅតាមទំហំដើមវិញ ដើម្បីចូលរួមថែរក្សាប្រពៃណីវប្បធម៌របស់ជនជាតិដើមភាគតិច។
លោកបន្ថែមថា៖ «បើយើងនិយាយពីផ្លូវច្បាប់ នៅពេលដែលក្រុមហ៊ុនគាត់មកធ្វើការឈូសឆាយប៉ះពាល់បុរាណវិទ្យា ក៏ដូចជាប្រពៃណីរបស់ជនជាតិដើមភាគតិច គឺជាបទល្មើសមួយទៅហើយ។ ដូច្នេះ បើនិយាយពីផ្លូវច្បាប់ គឺខាងក្រសួងត្រូវតែចាត់វិធានការចំពោះក្រុមហ៊ុនដែលបានឈូសឆាយរំលោភយកដីរបស់ជនជាតិភាគតិចហ្នឹងទៅខាងស្ថាប័នតុលាការ នេះទើបជាការត្រឹមត្រូវ»។
បើតាមប្រជាពលរដ្ឋ ដីស្រែចម្ការវិលជុំនិងដីព្រៃតំបន់បុរាណដែលកំពុងមានជម្លោះនោះមានទំហំប្រហែល៦០ហិកតា ស្ថិតក្រោមការគ្រប់គ្រងរបស់ជនជាតិដើមភាគតិចកួយចំនួន៣៣គ្រួសារ៕