រដ្ឋា​ភិបាល​បន្ត​​ការ​តាំង​ចិត្ត​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩​ ក្រោយ​ប្រើ​​វិធានជាង​៤​ខែ​​មិន​អាច​ផ្តាច់​រ​លក​ចម្លង​បាន​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីទទួលយកវ៉ាក់សាំងចិនប្រភេទស៊ីណូហ្វាម ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញការតាំងចិត្តថ្មីទៀតក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ពាក់ព័ន្ធព្រឹត្តិការណ៍​២០​កុម្ភៈ ក្រោយវិធានការជាង​៤ខែមកនេះមិនទាន់អាចកាត់ផ្តាច់រលកចម្លងជំងឺជា​សកលនេះ​បាននៅឡើយ។

តាមអនុក្រឹត្យ​ថ្មីមួយទៀតដែលរដ្ឋាភិបាល​ចេញផ្សាយកាលពីថ្ងៃ​ម្សិលមិញ មានខ្លឹម​សារ​ប្រហាក់​ប្រហែលនឹង​អនុក្រឹត្យ​​ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០។

តាមអនុក្រឹត្យ​ថ្មី ស្តីពី «ការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺ​កូវីដ-១៩» ដែលមាននាយក​រដ្ឋ​មន្ត្រី​​​ជា​ប្រធាន ​ឧបនាយករដ្ឋមន្ត្រី៤រូប​ជាអនុប្រធាន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីទាំង៩ក្រសួង កងកម្លាំង​ប្រដាប់​អាវុធ រួមទាំង​គណៈអភិបាលរាជធានី-ខេត្ត​​ទាំងអស់​ជាសមាជិកផង​នោះ បាន​ដាក់​ចេញនូវ​វិធាន​​ការមួយចំនួន នូវអ្វីដែលរដ្ឋាភិបាលថា «ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺ​ឆ្លង​កាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត យោង​តាមតម្រូវការចាំបាច់ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លង​​រាលដាលនៃជំងឺកូវីដ-១៩»

នាយក​រដ្ឋមន្ត្រី បានគូសបញ្ជាក់ក្នុងអនុក្រឹត្យ​នោះ​ថា គណៈកម្មការជាតិមួយនេះមានតួនាទីនិងភារកិច្ចដឹកនាំប្រយុទ្ធ​នឹង​ជំងឺ​កូវីដ-១៩ កំណត់គោលនយោបាយ និងផែនការយុទ្ធសាស្ត្រ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សំដៅដល់ការកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់ដល់សុខភាពសាធាណៈ និងធានា​ដល់​និរន្តរភាព​នៃកិច្ចដំណើរការជំរុញដល់ការស្តារឡើងវិញវិស័យសេដ្ឋកិច្ចសង្គមតាមប្រក្រតីភាពថ្មី។

ការចេញអនុក្រឹត្យថ្មីទៀតរបស់រដ្ឋាភិបាលនេះ ចំពេលមានការហក់ឡើងនៃចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩​ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ នៅ​បន្តអូស​បន្លាយ​ជាង៤ខែមកហើយ​។

ត្រឹ​​ម២សប្តាហ៍ចុងក្រោយនេះ អ្នកស្លាប់ដោយជំងឺកូវីដ-១៩​ បាន​បន្តហក់​ឡើង ដែលសប្តាហ៍មុន​មានអ្នកស្លាប់៥២នាក់ ខណៈសប្តាហ៍នេះមានអ្នកស្លា​ប់​ដល់ទៅ៨២​នាក់ ធ្វើឱ្យតួលេខអ្នកស្លាប់សរុបគិតត្រឹមថ្ងៃចន្ទ​នេះឡើងដល់៣៤៨នាក់។

ព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ មកដល់ពេលនេះ បាន​ឆ្លង​ចូល​ទៅ​ដល់​អាជីវករ​ផ្សារ កម្មករ​ក្នុងវិស័យ​កាត់ដេរ ពន្ធនាគារ ដែលជាបណ្តុះមនុស្ស​ច្រើន និងពលរដ្ឋមួយចំនួន​នៅតាមបណ្តាខេត្ត។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោក​ស្រី ឱ វណ្ណឌីន សុំមិនធ្វើអត្ថាធិប្បាយនៅពេលសួរថាតើ​ក្រសួងជំនាញ​មួយ​នេះ មាន​ឧបសគ្គ​ចម្បងអ្វីខ្លះបានជាង៤ខែមកនេះ មិនអាចកាត់ផ្តាច់រលកចម្លងនេះបាន ដោយលោកស្រីបង្វែរសំណួរទៅទីស្តីការគណៈរដ្ឋមន្ត្រីវិញ។

ប្រធានអង្គភាព​​អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ឧបសគ្គជាបណ្តោះអាសន្នគឺអាស្រ័យដោយល្បឿននៃការទទួលនិងការចាក់វ៉ាក់សាំងអត់ទាន់សភាពការ។

លោក​ថា៖ «ប៉ុន្តែជាយុទ្ធសាស្ត្រហ្នឹង យើងស្រោចវ៉ាក់សាំង គេហៅថា ចំសំបុក​មេរោគហ្នឹង​ [តំបន់ក្រហម] ឥលូវហ្នឹង យើងតាមមើលដល់សំបុកមេមេរោគដែលវាឆ្លងទៅកម្មកររបស់យើង អាហ្នឹងជាទី២ធំបំផុត»។

យ៉ាងណា លោក​អំពាវនាវ​ដូច្នេះថា៖ «ទោះជាយើងមិនទាន់ទទួលបានវ៉ាក់សាំងពីរដូសហ្នឹងក៏ដោយ ប៉ុន្តែសុំអនុវត្តទៅតាម “៣កុំ និង ៣ការពារ” នោះជាការប្រតិបត្តិដ៏ស័ក្តិសិទ្ធិមួយក្នុងការទប់ស្កាត់របស់មេរោគកូវីដ-១៩​នេះ​ឯង»។

អ្នកស្រី ឡាង ស៊ីណាង ប្រកបមុខរបរជាអ្នកលក់បាយ នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ​រាជធានីភ្នំពេញ បាននិយាយថា ជីវភាព​គាត់បានធ្លាក់ចុះខ្លាំងចាប់ពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈមក។ 

ស្ត្រីអាយុ៤១ឆ្នាំ មានកូន៣នាក់ក្នុងបន្ទុក រូបនេះ បារម្ភថា បើវិបត្តិនេះនៅតែអូសបន្លាយឬឈានទៅបិទខ្ទប់ម្តងទៀតនោះ គាត់គ្មានលទ្ធភាពដោះស្រាយបញ្ហាបំណុលនិងជីវភាពប្រចាំ​ថ្ងៃទៀតទេ។

អ្នកស្រីថា៖ «ដឹងម៉េចម៉ាទេ! ខ្ញុំគ្មានអីទប់ទល់ទេ ដីធ្លីអីលក់គ្រប់កន្លែងអស់ហើយ លុយធ្វើផ្ទះក៏ខ្ចីធនាគារ ម៉ូតូ​ជិះក៏បង់រម្លស់ សព្វគ្រប់ កូនក៏រៀន[អនឡាញ] ណាកូនស៊ី ខ្ញុំកូនង៉ែតតូច​​បៅ​ទឹកដោះគោ​ទៀត ខ្ញុំបើមិនលោត​ទឹក ក៏ទៅចងកដែរ»។

វិបត្តិកូវីដ-១៩ ដែលបានផ្ទុះឡើងចាប់ពីដើមឆ្នាំ២០២០មក បូកទាំងព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ បានបង្ក​ផលប៉ះពាល់ស្ទើរគ្រប់វិស័យ ប៉ុន្តែវិស័យដែលប៉ះពាល់​ខ្លាំងជាង​គេ រួម​មាន​ វិស័យកាត់ដេរ ទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ និងដឹកជញ្ជូន ដែលជំរុញឱ្យកម្មករច្រើនម៉ឺននាក់បាត់បង់ការងារនិងប្រាក់ចំណូល។

ប្រធានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា និយាយថា ផ្នែកមួយ​នៃការកាត់ផ្តាច់រលកចម្លងជំងឺកូវីដ-១៩នេះ អាស្រ័យលើរដ្ឋាភិបាល ថាតើ​មានលទ្ធភាពកម្រិតណាក្នុង​ការ​ផ្តល់​ជំនួយសង្គម រួមទាំង​បញ្ចេញកញ្ចប់ថវិកា​ជួយវិស័យឯកជននិងពលរដ្ឋ ដើម្បីឱ្យពួកគេផ្អាកមួយ​រយៈ រក្សាគម្លាតសង្គម។

លោកថា៖ «ដើម្បីឱ្យពលរដ្ឋចូលរួមបាន ទាល់តែគាត់មានចំណូល គាត់មានស្បៀងអាហារគ្រប់គ្រាន់ ហេតុផលហ្នឹងដែលខ្ញុំគិតថា រដ្ឋត្រូវគិតពីជំនួយសង្គមទៅដល់ប្រជាពលរដ្ឋទាំងវិស័យឯកជន ហើយជាពិសេស ត្រូវផ្អាកទារបំណុលពីសំណាក់ធនាគារពីអីហ្នឹង អ៊ឹចឹងទាល់​តែស្រាយប​ន្ទុកទាំងអស់ហ្នឹង បានអាចផ្តាច់[រលកចម្លង]បាន»។

យ៉ាងណា លោកថា កន្លងទៅ រដ្ឋាភិបាលបានបញ្ចេញកញ្ចប់ថវិកាជាតិជួយដោះស្រាយបញ្ហាអ្នកដែលរងផល​ប៉ះពាល់ អំឡុងនៃការបិទខ្ទប់ រួមទាំងការផ្គត់ផ្គង់ស្បៀងដល់​អ្នកធ្វើចត្តាឡីស័ក និងការព្យាបាលអ្នកជំងឺកូវីដ-១៩ជាដើម ប៉ុន្តែលោកថា បញ្ហានេះនឹងរីកធំជាងនេះ បើរដ្ឋាភិបាលមិនអាចកាត់ផ្តាច់រលកចម្លងបាន។

អង្គការសហប្រជាជាតិប្រចាំកម្ពុជា បានដកស្រង់សម្តីលោកស្រីវេជ្ជបណ្ឌិត លី អាយឡាន តំណាងអង្គការសុខភាពពិភពលោក មកចុះផ្សាយលើគេហទំព័ររបស់ខ្លួនថា ការស្ទង់មតិថ្មីមួយរបស់អង្គការសុខភាពពិភពលោក ជុំវិញឥរិយាបថនិងការយល់ឃើញរបស់ប្រជាជនអំពីជំងឺកូវីដ-១៩ កាលពីខែឧសភា ឆ្នាំ២០២១ បានបង្ហាញថា នៅសហគមន៍នានាក្នុងប្រទេសកម្ពុជា ប្រជាជននៅតែមានការគិតថា ជំងឺរាតត្បាតនេះមិនមែនជាបញ្ហាធំចម្បង ហើយមានហានិភ័យទាប។

លោកស្រីថា៖ «ខ្ញុំយល់ច្បាស់ថា ប្រជាជនធុញទ្រាន់ បន្ទាប់ពីការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរយៈពេល១៨ខែមកនេះ ប៉ុន្តែយើងមិនមានជម្រើសផ្សេងនោះទេ។ យើងត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយយើងគ្រប់គ្នាមានតួនាទីដ៏សំខាន់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ