សម្ព័ន្ធ​អ្នក​នេសាទ​បារម្ភ​ថា​បទល្មើស​នៅ​រដូវ​ត្រី​ពង​កូន​នៅ​​បន្ត​​មាន​ បើ​រដ្ឋ​មិន​សង្គ្រោះ​ប្រជា​នេសាទ​​នៅ​រដូវ​ហាម​ឃាត់​នេះ​ទេ​

អាជ្ញាធរខេត្តបាត់ដំបងសហការជាមួយនគរបាលស្រុកឯកភ្នំ រួមនឹងមន្ត្រីពាក់ព័ន្ធ ចុះបង្រ្កាបករណីនេសាទដោយខុសច្បាប់នៅចំណុចឡូត៍លេខ២ លេខ៣ ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង)

សម្ព័ន្ធអ្នកនេសាទនៅ​កម្ពុជា​ បារម្ភ​ថា​ បទ​ល្មើស​នេសាទ​​នៅ​តាម​ដែន​ទន្លេ​សាប​ ជាពិសេស​នៅ​រដូវ​ត្រីពងកូន នឹងបន្តកើតមាន ដោយសារបញ្ហាសេដ្ឋកិច្ចគ្រួសារ បើរដ្ឋមិនរកដំណោះស្រាយល្អជូនប្រជានេសាទទាំងនោះឱ្យបានទាន់ពេល។

ការព្រួយបារម្ភនេះធ្វើឡើងបន្ទាប់ពីរដ្ឋបាល​ខេត្ត​បាត់ដំបងបាន​ប្រកាស​រដូវ​បិទ​នេសាទ ​ដោយ​ហាម​ការនេសាទ​នៅក្នុង​ដែន​នេសាទ​ទឹកសាបរយៈពេល៤ខែ ​ចាប់​ពី​ថ្ងៃទី១​ ខែមិថុនា​ រហូតដល់​ថ្ងៃ​ទី៣០ ​ខែ​កញ្ញា ​ឆ្នាំ​២០២១ ​ដោយ​ទុក​ឱកាស​ឱ្យត្រី​ពង​កូន។

ក្រៅពីភូមិសាស្ត្រខេត្តបាត់ដំបង តំបន់ដែលត្រូវបិទនេសាទដែរ​នោះ រួមមាន​ ​ខេត្ត​កំពង់ឆ្នាំ​ង ពោធិ៍សាត់ ​បាត់ដំបង​ ប៉ៃលិន បន្ទាយ​មានជ័យ ​ឧត្តរ​មានជ័យ ​សៀមរាប ​រតនគិរី ​មណ្ឌលគរី ​ក្រចេះ ​ត្បូងឃ្មុំ ​កំពង់ចាម ​កំពង់ធំ​ និង​មួយ​ផ្នែក​នៃ​រាជធានី​ភ្នំពេញ ​និង​ខេត្ត​កណ្តាល ​ដែល​ស្ថិត​នៅ​ខាងជើង​ខ្សែ​ស្រប​ទន្លេ​ចតុ​មុខ ជាដើម។

ប្រធានសម្ព័ន្ធប្រជានេសាទកម្ពុជា លោក ឡុង សូចែត មានប្រសាសន៍ថា បើរដ្ឋបិទនេសាទនៅក្នុងរដូវត្រីពងកូនរយៈពេល៤ខែនេះ ដោយមិនបានរៀបចំផែនការជួយសង្គ្រោះដល់ប្រជានេសាទ ជាពិសេសអ្នកដែលមានជីវភាពក្រីក្រទេ នឹងធ្វើឱ្យបទល្មើសនេសាទក្នុងរដូវហាមឃាត់នេះបន្តកើតមានដដែល ដោយសារពួកគេជួបបញ្ហាប្រឈមនឹងជីវភាពនិង​សេដ្ឋកិច្ចគ្រួសារ ដែល​ធ្វើឱ្យពួកគេលួចនេសាទខុសច្បាប់ជាដើម។

លោកមានប្រសាសន៍ថា៖ «បើសិនជាយើងមិនគិតពីជីវភាពពួកគាត់ទេ ទោះជាការខិតខំប្រឹងប្រែងអនុវត្តផ្លូវច្បាប់យ៉ាងម៉េចក៏វាមិនសូវមានប្រសិទ្ធភាពដែរ ដោយសារជីវភាពវាសំខាន់ណាស់ បើអត់មានអ្វីហូបហើយ គាត់មិនសូវជាគោរពច្បាប់ប៉ុន្មានទេ! គោរព​ដែរ គោរពតែពីមុខ! ដើម្បីឱ្យការអនុវត្តមានប្រសិទ្ធភាព​ ទាល់តែយើងដោះស្រាយបញ្ហារបស់គាត់ឱ្យបានសិន ជួយបង្កើនមុខរបរ [ដល់ប្រជានេសាទ]»។

ប្រជានេសាទនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង អ្នកស្រី អាន សុជាតិ និយាយថា រយៈពេល៥ឆ្នាំចុងក្រោយនេះ គាត់រកចំណូលពីការធ្វើនេសាទមិនសូវបានច្រើននោះទេ ដោយសារមិនសូវមានត្រី។ អ្នកស្រីបន្តថា បើរដ្ឋបិទការធ្វើនេសាទរយៈពេល​៤ខែទៀតនេះ កាន់តែធ្វើឱ្យគាត់ជួបបញ្ហាប្រឈមថែមមួយកម្រិតទៀតក្នុងជីវភាពគ្រួសារ។

ប៉ុន្តែអ្នកស្រី សុជាតិ អះអាងថា នៅស្រុកឯកភ្នំ ប្រជានេសាទភាគច្រើនជាជនជាតិវៀតណាម ហើយ​នៅពេលរដូវហាមឃាត់ (ត្រី​ពង​កូន) អ្នកដែលមានលុយភាគច្រើនតែងតែគប់គិត​គ្នានិងសូកលុយអាជ្ញាធរ ដើម្បីជាថ្នូរបាននេសាទនៅតំបន់ហាមឃាត់នោះ។

អ្នកស្រីបង្ហាញក្តីបារម្ភបែបនេះថា៖ «បើបទល្មើស ស្ថាប័នមួយចំនួនគាត់នៅតែគប់គិតជាមួយអ្នកដែលគាត់រកមុខរបរបែបធំៗ នៅមានមួយចំនួនដែរ ភាគច្រើនអ្នកដែលរកស៊ី […] បិទហើយនៅតែរកបានត្រី ដោយសារគាត់គប់គិតជាមួយស្ថាប័ន[រដ្ឋ]មួយចំនួន ហើយគាត់សូកប៉ាន់ គាត់នៅតែរកបាន»។

ប្រជានេសាទម្នាក់ទៀតជាជនជាតិខ្មែរ លោក សូយ កែវ រស់នៅខេត្តពោធិ៍សាត់ និយាយថា ជនជាតិខ្មែរប្រកបមុខរបរនេសាទនៅតាមទន្លេសាប មិនសូវធ្វើឱ្យប៉ះពាល់ដល់ជម្រក​ត្រីពងកូនទេ ព្រោះពួកគេមិនសូវមានឧបករណ៍ទំនើបដូចប្រជានេសាទជន​ជាតិវៀតណាម។

លោកនិយាយថា៖ «ខ្ញុំធ្លាប់បានចូលរួមដែរជាមួយក្រុមប្រឹក្សាឃុំ ជាមួយមេឃុំ ដោយមានជលផលគេចូលរួម គេតែងតែលើកដែរ​ ប៉ុន្តែនៅក្នុងនោះតែងតែមានការឆ្លើយតបដែរ គាត់ថាគាត់ក៏បានទប់ស្កាត់ដែរ។ ក៏ប៉ុន្តែក្នុងនោះ ការទប់ស្កាត់គាត់ ជួនកាលមានប្រសិទ្ធភាព ជួនកាលមិនមានប្រសិទ្ធភាព ដោយសារបទល្មើសហ្នឹងវាមានឧបករណ៍លឿនជាងសមត្ថកិច្ច វាទំនើប​ជាងសមត្ថកិច្ច។ គាត់និយាយថា ប្រហែលជា៣០នាទី វារត់ពីខេត្តពោធិ៍សាត់ដល់ខេត្តសៀមរាបហើយ ប៉ុន្តែគាត់ថានឹងធ្វើ ប៉ុ​ន្តែរាល់ការខ្វះចន្លោះអី ត្រូវទទួលព័ត៌មានពីភូមិ[ចុះទប់ស្កាត់]»។

វីអូឌី មិនអាចសុំការបញ្ជាក់ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន បាន​ទេ ខណៈប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាលនិងនីតិកម្ម នៃរដ្ឋបាលជលផល លោក ហុង ហ៊ី សុំមិនអត្ថាធិប្បាយ។

មាត្រា៩៨ នៃច្បាប់ស្តីពីជលផល ចែងថា ជនណាដែលប្រព្រឹត្តបទល្មើសនេសាទដោយឧបករណ៍ឆក់ គ្រឿងផ្ទុះ និងសារធាតុពុលគ្រប់ប្រភេទនៅក្នុងដែននេសាទ ការនេសាទដោយឧបករណ៍បូម បាច ពង្រីងផ្នែកណាមួយនៃដែននេសាទដែលបង្កមហន្តរាយដល់ធនធានជលផល ប្រើឧបករណ៍ទំនើបឬឧបករណ៍នេសាទដែលបង្កើតថ្មី ឬរបៀបនេសាទបែបថ្មី ដែលគ្មានកំណត់ក្នុងប្រកាសរបស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​ការនេសាទជាលក្ខណៈឧស្សាហកម្មក្នុងរដូវបិទនេសាទ [ត្រីពងកូន] ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៣​ឆ្នាំ ទៅ៥ឆ្នាំ និង​វត្ថុ​តាង​ទាំង​អស់​ត្រូវ​រឹបអូសជាស​ម្បត្តិរដ្ឋ ឬបំផ្លាញចោល ឬដកហូតកិច្ចព្រមព្រៀង ឬលិខិតអនុញ្ញាត​ ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ