វិបត្តិ​កូវីដ-១៩​ ធ្វើ​ឱ្យ​ស្ត្រី​ពិការ​ភ្នែក​ម្នាក់​ត្រូវ​បាត់​បង់​ការងារ​

កញ្ញា ញឹម ស៊ីណាត អាយុ៣០ឆ្នាំ ជាអ្នកមានពិការភាពភ្នែកទាំងសងខាងតាំងពីកំណើត។ (ផ្ដល់ឱ្យដោយកញ្ញា ញឹម ស៊ីណាត)

ពិការភ្នែកទាំងគូ និងដោយ​​ត្រូវឪពុកម្ដាយបោះបង់ចោលនៅក្នុងវត្តតាំងពីនៅជាទារកផងនោះ កញ្ញា ញឹម ស៊ីណាត បានតស៊ូជម្នះរាល់ឧបសគ្គ​ និងបានរៀនសូត្ររហូតដល់បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកភាសាអង់គ្លេស។

ប៉ុន្តែទោះជាយ៉ាងនេះក្តី ស្ត្រីពិការភ្នែកទាំងទ្វេរូបនេះបានត្អូញត្អែរថា ទោះបីនាងបានរៀនចប់ថ្នាក់បរិញ្ញាបត្រផ្នែកភាសាអង់គ្លេសក្តី តែនាងមិនទាន់មានការងារធ្វើឱ្យស័ក្តិសមនៅឡើយទេ ខណៈការងារបច្ចុប្បន្នរបស់នាងគឺជាអ្នកព្យាបាលសរសៃ។ ប៉ុន្តែដោយសារតែវិបត្តិជំងឺកូវីដ-១៩ ការងារនេះក៏ត្រូវបានផ្អាកមួយរយៈធំមកហើយ។

កញ្ញា ញឹម ស៊ីណាត អាយុ៣០ឆ្នាំ មានស្រុកកំណើតមកពីខេត្តបន្ទាយមានជ័យ បានប្រាប់ វីអូឌី ថានាងត្រូវបានឪពុកម្ដាយនាងបោះបង់ចោលក្នុងវត្តមួយក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ តាំង​ពី​គាត់​នៅជា​កូនង៉ែតមកម៉្លេះ។ ក្រោយមក នាងត្រូវបានអង្គការ«គ្រួសារថ្មី» នៅរាជធានី​ភ្នំពេញ​ រើស​យក​មក​ចិញ្ចឹម​បី​បាច់​ថែ​រក្សារហូត​ធំដឹង​ក្តី និង​បានរៀនសូត្ររហូតដល់បញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកភាសាអង់គ្លេស ប៉ុន្តែជាអកុសល នាងមិនទាន់ទទួលបានការងារធ្វើសមរម្យនៅឡើយទេ។

ដោយគិតថា មានតែការរៀនសូត្រទើបមានអនាគតល្អ ស៊ីណាត បានចូលរៀនបឋមសិក្សានៅសាលារដ្ឋ ដោយពេលនោះត្រូវប្រើអក្សរស្ទាប​ និងមានមិត្តភក្ដិហៅមេរៀនឱ្យកត់ ប៉ុន្តែក៏មានមិត្តភក្ដិខ្លះរើសអើងគាត់ដែរ។ កញ្ញាបន្តថា គាត់ចូលចិត្តរៀនភាសាអង់គ្លេសជាខ្លាំង ដោយបានសុំសិស្សច្បងឱ្យជួយបង្រៀន និងដើរទៅរៀននៅសាលាឯកជនជាដើម។

ដោយការព្យាយាម ក្មេងកំព្រារូប​នេះធ្លាប់ទទួលបានបណ្ណសរសើរពីលោកគ្រូ-អ្នកគ្រូនៅសាលាឯកជន និងបានតស៊ូរហូតដល់ប្រឡងជាប់បាក់ឌុប ដោយទទួលបាននិទ្ទេស D ក្នុងឆ្នាំ២០១១។ ​ដោយចិត្តស្រឡាញ់ការសិក្សា​និង​ចូលចិត្តភាសាអង់គ្លេស ស៊ីណាត បានធ្វើតេស្ដនៅសាលាបញ្ញាសាស្រ្ដទទួលបាន Level 2 និងទទួលបានអាហារូបករណ៍ពីលោកបណ្ឌិត កុល ផេង រហូតរៀនចប់ថ្នាក់បរិញ្ញាបត្រផ្នែក​ភាសាអង់គ្លេសនៅក្នុងអំឡុងឆ្នាំ២០១៨។

ដោយពិការភ្នែកពីកំណើតទាំងសងខាង នាងបានប្រើប្រាស់កម្មវិធីមួយចំនួនក្នុងកុំព្យូទ័រ ដើម្បីជំនួយក្នុងការសិក្សា ដោយអានជាសំឡេង​គ្រប់យ៉ាង​ជា​ភាសា​អង់គ្លេស​ ក្នុងអំឡុងពេល​សិក្សានៅសាកលវិទ្យាល័យ។

ស៊ីណាត បន្ដថា ដោយមានការជួយជំរុញគាំទ្រនិង​លើកទឹកចិត្តពីមិត្តភក្ដិដោយគ្មានការរើសអើង​ ទើបគាត់បានរៀនដល់ចប់ថ្នាក់បរិញ្ញាបត្រនេះ។ ប៉ុន្តែគួបផ្សំនឹងវិបត្តិជំងឺកូវីដ-១៩ផង កញ្ញា ញឹម ស៊ីណាត មិនទាន់ទទួលបានឱកាសការងារធ្វើសមរម្យ និងស័ក្តិសមទៅនឹងសមត្ថភាពរបស់នាងនៅឡើយទេ។ បន្ចុប្បន្ន នាងធ្វើការងារជាអ្នកព្យាបាលសរសៃ ប៉ុន្តែ​ការងារនេះបានផ្អាកទៅហើយ។​

ស្រ្ដីជនពិការរូបនេះនិយាយថា៖ «​ក្នុងអំឡុងពេលនេះ ខ្ញុំអត់មានការងារអីធ្វើទេ ដោយសារកន្លែងចាប់សរសៃហ្នឹងបិទ ដោយសារជំងឺកូវីដផ្ទុះខ្លាំង អ៊ីចឹងពួកខ្ញុំត្រូវប៉ះពាល់ជាមួយភ្ញៀវផ្ទាល់។ និយាយទៅ បើមានតែចំណាយ អត់មានចំណូល គឺពិបាកណាស់ […] អ៊ីចឹងមិត្តភក្ដិខ្ញុំអាណិតខ្ញុំ គាត់ចង់ផុសរកការងារឱ្យខ្ញុំធ្វើ ព្រោះខ្លាចកន្លែងខ្ញុំអត់បើក អ៊ីចឹងហើយខ្ញុំក៏ចង់រកការងារធ្វើ ហើយខ្ញុំក៏ចង់បានការងារមួយទៀតដើម្បីផ្គត់ផ្គង់ជីវភាពរបស់ខ្ញុំ»។

ក្នុងនាមជាជនពិការមួយរូប ស៊ីណាត បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនទាំងវិស័យឯកជននិងស្ថាប័នរដ្ឋក្តី កុំឱ្យមានការរើសអើងចំពោះជនពិការឡើយ។

នាងបានថ្លែងយ៉ាងដូច្នេះថា៖ «បើសិនអ្នកពិការដាក់ពាក្យរកការងារធ្វើ បើសិនអាចឬមិនអាច ត្រូវសាកល្បងសមត្ថភាពពួកគាត់សិន ចាំគិតថាអាចឬមិនអាច។ សុំឱ្យក្រុមហ៊ុនឱ្យអ្នកពិការបញ្ចេញសមត្ថភាពពួកគាត់សិន បើថាធ្វើកើតឬមិនកើត អាហ្នឹជាសមត្ថភាពរបស់ពួកគាត់»។

ស្ត្រីពិការភ្នែកទាំងសងខាងរូបនេះលើកឡើងថា អ្នកពិការក៏មានសមត្ថភាពដែរ គាត់ពិការតែភ្នែកទេ តែចិត្តគាត់អត់ពិការទេឡើយ។

នាយិកាប្រតិបត្ដិអង្គការជនពិការកម្ពុជា លោកស្រី ម៉ាក់ ម៉ូនីកា បានប្រាប់ វីអូឌី ថាក្នុងអំឡុងពេលជំងឺកូវីដ-១៩នេះ បញ្ហាប្រឈមធំបំផុតរបស់ជនពិការមាន ៣ គឺបញ្ហាការចាក់វ៉ាក់សាំង បញ្ហាកង្វះអាហារូបត្ថម្ភ និងបញ្ហាបាត់បង់ឱកាសការងារ​ ដោយសារស្ថាប័នមួយចំនួនដែលពួកគេកំពុងធ្វើការត្រូវ​បិទទ្វារជាដើម​​។

លោកស្រីបន្តទៀតថា រឿងធនាគារក៏ជារឿងមួយសំខាន់សម្រាប់ជនពិការ​ដែរ នៅពេលពួកគេបានខ្ចីថវិកាមកបើកដំណើរការរកស៊ី ដោយពួកគាត់ប្រឈមខ្លាំងនៅពេលដែលអ្វីៗគ្រប់យ៉ាងត្រូវបានបាត់បង់ក្នុងអំឡុងពេលកូវីដ*១៩នេះ។

លោកស្រីថា៖ «ដោយឡែក សម្រាប់ជនមានពិការភាពដែលរស់នៅក្នុងទីក្រុងភ្នំពេញ គឺពួកគាត់ប្រឈមខ្លាំងជាមួយនឹងការអត់មានថវិកា​​នៅក្នុងការបង់ថ្លៃផ្ទះ ទឹក និងភ្លើង ជាដើម»។

ទាក់ទងករណីនេះ លោក ឯម ច័ន្ទមករា ប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ មានប្រសាសន៍ថា កន្លងមក រាជរដ្ឋាភិបាលបានរៀបចំឱ្យមានកញ្ចប់ថវិកាសម្រាប់ឧបត្ថម្ភដល់ជនងាយរងគ្រោះដោយសារវិបត្តិជំងឺកូវីដ-១៩ ក្នុងនោះ​ក៏មានជនពិការផងដែរ ចាប់តាំងពីឆ្នាំ២០២០ រហូតមកដល់សព្វថ្ងៃនេះ។

លោក​បាន​លើកឡើងថា៖ ​«ក្រុមប្រឹក្សាសកម្មភាពជនពិការយើងបានធ្វើការទាក់ទងជាមួយអាជ្ញាធររាជធានីខេត្តទាំងអស់ ដើម្បីជួយឧបត្ថម្ភដល់បងប្អូនដែលមានពិការភាព តាមបណ្ដាខណ្ឌឬបណ្ដាស្រុកឃុំដែលមានការបិទខ្ទប់ក្នុងរយៈពេលកូវីដកន្លងមក»។

ពាក់ព័ន្ធករណីនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានមានប្រសាសន៍នៅក្នុងពិធីអបអរសាទរទិវាជនមានពិការភាពនៅកម្ពុជា លើកទី២១ ថា ដើម្បីធានាដល់ការធ្វើបរិយាបន្ននិងសមភាពសម្រាប់ជនមានពិការភាព រដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិ ស្តីពី ពិការភាព២០១៩-២០២៣ ក្នុងទិសដៅឈានទៅលុបបំបាត់រាល់ទម្រង់កេងប្រវ័ញ្ចនិងរើសអើងលើជនមានពិការភាព ហើយធ្វើយ៉ាងណាឱ្យជនមានពិការភាពកាន់តែទទួលបានការគាំទ្រពីសង្គម បង្កើនគុណភាពជីវិតឱ្យកាន់តែប្រសើរឡើង ទទួលបានការយកចិត្តទុកដាក់ស្របតាមច្បាប់ជាតិ គោលនយោ​បាយ​ជាតិ និង​លិខិត​បទដ្ឋានអន្តរជាតិ ដើម្បីធ្វើឱ្យសង្គមមួយមានសិទ្ធិស្មើៗគ្នា។

លោក​បន្តថា សិទ្ធិរបស់ជនមានពិការភាពត្រូវបានការពារដោយច្បាប់ជាតិនិងអន្តរជាតិក្នុងគោលបំណងការពារសិទ្ធិសេរីភាព ការពារផលប្រយោជន៍ ទប់ស្កាត់ កាត់បន្ថយ និងលុបបំបាត់ការរើសអើងចំពោះជនមានពិការភាព ដើម្បីធានាសិទ្ធិស្មើភាពគ្នានៃសកម្មភាពក្នុងសង្គមរវាងជនមានពិការភាពនិងជនមិនមានពិការភាព។

លើសពីនេះ លោកបានមានប្រសាសន៍ថា៖ «រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិការដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីលើកស្ទួយវិស័យពិការភាពនៅកម្ពុជា សំដៅជួយដល់ជនមានពិការភាពនិងក្រុមគ្រួសារឱ្យទទួលបានគុណភាពជីវិតល្អប្រសើរ គ្មានការរើសអើង ទទួលបានសេវាសង្គម និងសេវាសាធារណៈប្រកបដោយគុណភាព ជាដើម»។

សូមបញ្ជាក់ថា តាមរបាយការណ៍​របស់ក្រ​សួង​សង្គមកិច្ច​កាលពី​ឆ្នាំ២០១៤ ឱ្យដឹង​ថា​ ជន​មាន​ពិការភាព​នៅ​កម្ពុជា​មានប្រហែល៤% នៃ​ចំនួន​ប្រជាជន​សរុប ឬ ៥២៤ ០០០នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ