សកម្ម​ជន​​ថា​បទ​ល្មើស​ព្រៃ​ឈើ​ព្រៃ​សង្ឃ​រុក្ខវ័ន​នៅ​បន្ត​កើត​មាន​ជា​បន្ត​បន្ទាប់​

ឈើប្រណិតប្រភេទធ្នុងត្រូវបានគេលួចកាត់នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន ចំណុចភូមិបាក់នឹម សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ (សហគមន៍សង្ឃរុក្ខវ័ន)

ព្រះសង្ឃការពារព្រៃឈើនៅសហគមន៍សង្ឃរុក្ខវ័ន ខេត្តឧត្តរ​មានជ័យ បារម្ភ​ពី​ការ​បាត់​បង់​ព្រៃ​ឈើ​​នៅ​​ក្នុង​​សហ​គមន៍​​​​មួយ​​​នេះ ក្រោយ​​រកឃើញ​ជនល្មើស​លួចចូល​​កាប់ឈើនៅទីនោះជា​បន្តបន្ទាប់ ក្នុង​អំឡុង​ពេល​​មាន​​ការ​ឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ក្តីបារម្ភនេះបានកើតឡើងជាថ្មី ក្រោយ​ពីព្រះសង្ឃចំនួន៦អង្គ រួមជាមួយនឹងទាហានជាអ្នកមើលការខុសត្រូវនៅតំបន់អភិរក្សព្រៃឈើសង្ឃរុក្ខវ័ន កាលពី​ថ្ងៃទី១០ ខែមិថុនា បានរកឃើញបទល្មើសព្រៃឈើដែលជនទុច្ចរិតបានលួចកាប់ថ្មី​នៅក្នុងខែនេះ។

ព្រះតេជគុណ អ៊ឹម សុអាន គង់នៅក្នុងសហគមន៍សង្ឃរុក្ខវ័ន និងបាន​និមន្តល្បាត​ព្រៃការពារ​នេះ​ជា​​ញឹក​ញាប់ មានសង្ឃដីកាថា បទល្មើសលួចកាប់ឈើនៅតែកើតមាន​ជា​បន្តបន្ទាប់នៅ​ក្នុង​តំបន់​ព្រៃការពារមួយនេះ និងពុំទាន់ឃើញមានចំណាត់ការទប់ស្កាត់ឱ្យ​មានប្រសិទ្ធភាពពី​សំណា​ក់​​អាជ្ញាធរពាក់ព័ន្ធនៅឡើយ។

ព្រះអង្គមានសង្ឃដីកាបន្តថា៖ «វាករណីថ្មីនោះ វាកើតមានជាហូហែ​ បើយើងដើរព្រៃច្រើនទៅ យើងដើរទៅវាជួបតែរហូត។ កន្លែង​ខ្លះដែល​យើង​មិន​បានដើ​រ​ទៅ​ ពេល​ដើរ​ទៅ ឃើញ​ដូចជា​បទល្មើសវាថ្មីច្រើន។ លោកដើរល្ងាចមិញ [ថ្ងៃទី១០ ខែមិថុនា] ​ជួប​៨​ដើម​ទៀត ដើមធ្នុងហ្នឹងណា ដែលបានដួល»។

បើតាមព្រះតេជគុណ អ៊ឹម សុអាន ក្រៅពីបទល្មើស​ព្រៃឈើ ក៏មានករណីលួចបរបាញ់សត្វ​ព្រៃ​ខុសច្បាប់​ផងដែរ ហើយ​ជនដែលប្រព្រឹត្តអាចជាពលរដ្ឋដែលរស់នៅតំបន់​ក្បែរតំបន់​ព្រៃ​ការ​ពារមួយ​នេះ។

ព្រះអង្គគូសបញ្ជាក់ថា៖ «ភាគច្រើនជាពលរដ្ឋដែលនៅជុំវិញទីនោះ គាត់តែងតែលួចកាប់។ យើងមិនដឹងថាមានអ្នកពាក់ព័ន្ធ​ឬក៏អត់ យើងវាអត់ដឹងច្បាស់លាស់ទៅ វាពិបាកនិយាយ ហើយយើងកំពុងតែតាមដាន [ព្រោះយើងមិនដឹងថានរណាគេខ្លះពាក់ព័ន្ធ] ជាពិសេសខាងមន្រ្តីរាជការ»។

ព្រះតេជ​គុណ អ៊ឹម សុអាន បន្តស្នើថា៖ «តាមគំនិត​អាត្មា ចង់ឱ្យ​​បរិស្ថាន​ [ក្រសួងបរិស្ថាន]​ មាន​ច្បាប់​ឱ្យ​​តឹងរ៉ឹង កាល​ណាដែលយើងមានច្បាប់ យើងមិនអនុវត្ត ថ្ងៃអនាគត វានឹងអស់ហើយ។ បើយើងមានច្បាប់ យើងអត់អនុវត្ត យើងអត់​ជួយជ្រោមជ្រែង​​តាមដាន ធ្វើតាមតែថ្នាក់ក្រោម តាមពិតខាងក្រសួងគាត់មិនដឹងទេ ថ្នាក់ក្រោមចេះតែរាយការណ៍​កុហកអីទៅ។ បើយើងចេះតែជឿថ្នាក់ក្រោម ឈើដឹងតែខ្ទេចខ្ទីអស់ហើយ»។

ព្រៃសហគមន៍​សង្ឃរុក្ខវ័ន មានទំហំ​ជាង៣ម៉ឺនហិកតា ស្ថិតនៅក្នុង​ស្រុកសំរោង ​ស្រុកចុងកាល់​ និងស្រុកអន្លង់​វែង ខេត្តឧត្តរមានជ័យ ហើយសព្វថ្ងៃស្ថិតក្រោមការគ្រប់គ្រងនិង​​មើលការខុសត្រូវ​ពីសំណាក់​ប្រជាពលរដ្ឋនិងព្រះសង្ឃ ក្រោម​កិច្ច​សហការពីសំណាក់​រដ្ឋបាលព្រៃឈើខេត្ត។

ប្រធានមន្ទីរបរិស្ថានខេត្តឧត្តរមានជ័យ លោក ភួង លីណា មានប្រសាសន៍នៅថ្ងៃចន្ទនេះថា ពាក់ព័ន្ធនឹង​បទល្មើសនៅព្រៃសង្ឃរុក្ខវ័ននេះ មន្រ្តីឧទ្យានុរក្ស​បានខិតខំប្រឹងប្រែងក្នុងការបង្រ្កាបជាច្រើន​លើកមកហើយ ហើយ​មន្ត្រីជំនាញក៏កំពុងតាមដាននិងទប់ស្កាត់បទល្មើសថ្មីៗផងដែរ។ លោក​បន្តថា បទល្មើសថ្មីនេះជារឿងដែលពិបាកក្នុងការកំណត់បាននូវអត្តសញ្ញាណ ដោយហេតុ​ថា អ្នកដែលចូលទៅកាប់ឈើទាំងនោះ ធ្វើឡើងដោយប្រើរណារដៃ និងនាំចេញដោយស្ពាយឈើ​លើខ្លួន។

លោក​ថា៖ «ហើយរូបភាពនៃបទល្មើសថ្មីនេះ យើងមានការចាប់អារម្មណ៍ខ្ពស់ ដោយសារតែការទៅលួចកាប់ ប្រើរូបភាពស្ពាយ ហើយកាប់នៅពេលយប់ ប្រើរណារអារ ហើយឡាំងស្ពាយ ប្រៀបបីដូចជាអ្នកដែលចូលទៅកាប់គ្រញូងនៅព្រំដែននៅប្រទេសថៃ អ៊ីចឹងនេះជារូបភាពដែលយើងបានឃើញ»។

បើតាមមន្ត្រីរូបនេះ កន្លងមក បទល្មើសធនធានធម្មជាតិទាំងនេះ នៅពេលដែលមន្ត្រីជំនាញ​ចាប់បាន គឺក្រសួងបានរៀបចំសំណុំរឿង​បញ្ជូនទៅតុលាការផងដែរ។

ចំណែកសកម្មជនព្រៃឈើនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក សាន់ ម៉ាឡា លើក​ឡើង​ថា បញ្ហាបទល្មើសព្រៃឈើ​តែងតែកើតមានគ្រប់ទីកន្លែង និងមិនមានការទប់ស្កាត់​ឱ្យ​មានប្រសិទ្ធភាពនៅឡើយ មិនថានៅតំបន់ព្រៃឡង់ ព្រៃព្រះរការ ឬនៅព្រៃសង្ឃរុក្ខវ័ន​នោះទេ។ លោកបន្តថា កន្លងមក ក្រសួងបរិស្ថានហាក់​មិនសូវយកចិត្តទុកដាក់ខ្ពស់ក្នុង​ការ​ទប់​ស្កាត់​បទល្មើស​ រហូតដល់មានការរារាំងសកម្មជន ក៏ដូចជាប្រជាពលរដ្ឋមិនឱ្យ​ចុះល្បាតជាដើម។

ករណីនេះ លោកស្នើឱ្យ​ក្រសួងគួរតែបើកចំហឱ្យ​ប្រជាពលរដ្ឋមានសិទ្ធិពេញលេញ និងក្រសួងផ្ទាល់​គួរតែផ្លាស់ប្ដូរគោលនយោបាយថ្មី ដើម្បីអនុវត្តការបង្ការ​និងទប់ស្កាត់​បទល្មើស​ធន​ធាន​​ធម្មជាតិឱ្យ​មានប្រសិទ្ធភាព។

លោកថា៖ «ក្រសួងគួរតែធ្វើការស្រាយបំភ្លឺពីបញ្ហានេះ [បទល្មើសព្រៃឈើ] ដល់យើងទាំងអស់គ្នា ហើយក្រសួងបរិស្ថានត្រូវតែពង្រឹងនូវការងាររបស់ខ្លួន និងបង្ហាញនូវក្ដីគួរឱ្យ​ជឿជាក់មួយស​ម្រាប់​សាធារណជន បើសិនជាមិនដូច្នេះទេ យើងនៅតែទាមទារសិទ្ធិនៅក្នុងការចូលរួមទៅ​ការពារព្រៃឈើដូចដើមវិញ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ