អ្នក​ឃ្លាំ​មើល​ថា​កម្ពុជា​នឹង​បន្ត​រង​ការ​ចោទ​ប្រកាន់​​ បើ​រដ្ឋា​ភិ​បាល​មិន​បង្ហាញ​ជំហរ​ឱ្យ​អាមេរិក​ទុកចិត្ត​

លោក ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ទទួល​ជួប​សវនាការ​ជាមួយនឹង​លោក ប៉ា​ទ្រីក មូ​ហ្វ៊ី (W.patrick Murphy​) ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅ​វិមាន​មិត្តភាព​នាទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី។ (U.S​. Embassy Phnom Penh​, Cambodia​)

អ្នកឃ្លាំមើលបញ្ហាសង្គម លើកឡើង​ថា កម្ពុជានឹងបន្តរងការចោទប្រកាន់និងបាត់បង់ផលប្រយោជន៍ជាច្រើនពីសហរដ្ឋអាមេរិក​ បើរដ្ឋាភិបាលកម្ពុជាមិនបង្ហាញជំហរឱ្យសហរដ្ឋអាមេរិកទុកចិត្តនោះ។

ការលើកឡើងរបស់ក្រុមអ្នកឃ្លាំមើល បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានចាត់ទុកការលើកឡើងរបស់អនុព័ន្ធយោធាអាមេរិកដែលថាមន្រ្តីយោធាកម្ពុជាមិនបានអនុញ្ញាតឱ្យអនុព័ន្ធយោធាអាមេរិកទៅមើលគ្រប់កន្លែងនៅក្នុងមូលដ្ឋានកងទ័ពជើងទឹករាមនោះថា ជាការនិយាយមួលបង្កាច់និងមិនត្រឹមត្រូវ។ 

ការអះអាងរបស់លោក ទៀ បាញ់ ឆ្លើយតបនឹងមន្ត្រី​អនុព័ន្ធយោធារបស់ស្ថានទូតអាមេរិក បានលើកឡើងថា មន្ត្រីយោធាកម្ពុជាមិន​អនុ​ញ្ញាត​​ឱ្យ​​ក្រុមការងារខ្លួនដើរ​មើលគ្រប់ទីកន្លែងក្នុងដំណើរ​ទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាម នៅខេត្តព្រះសីហនុ បន្ទាប់ពីចុះទៅពិនិត្យមើលនៅថ្ងៃទី១១ ខែមិថុនាកន្លងមក។

ពាក់ព័ន្ធនឹងរឿងនេះ លោកវរសេនីយ៍ឯក Marcus M. Ferrara បានស្នើសុំឱ្យភាគីកម្ពុជាសម្របសម្រួលឱ្យមានដំណើរទស្សនកិច្ចជាថ្មីទៀតនាពេលឆាប់ៗខាងមុខនេះ ដោយអនុញ្ញាតឱ្យអនុព័ន្ធយោធាអាមេរិកបានដើរមើលគ្រប់ទីកន្លែងនៅមូលដ្ឋានកងទ័ពជើង​ទឹក​រាម​។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៅកម្ពុជា លោក​ ឯម សុវណ្ណរ៉ា ចាត់ទុកការលើកឡើងរបស់ភាគីអាមេរិកនិងកម្ពុជា ឆ្លុះបញ្ចាំងឱ្យឃើញថា ភាគីទាំងពីរនៅមិនទាន់មានភាពជឿទុកចិត្តទៅលើគ្នាទៅវិញទៅមកនៅឡើយ។ លោកបន្តថា ប្រសិនបើកម្ពុជាមិនបកស្រាយចំពោះរឿងនេះឱ្យបានច្បាស់លាស់ទេ លោកថា កម្ពុជានឹងបាត់បង់ផលប្រយោជន៍ច្រើនហើយទំនាក់ទំនងរវាងប្រទេសទាំងពីរក៏ពិបាកនឹង​ស្ដារឡើងវិញដែរ។

លោកថា៖ «ដើម្បីលាងជម្រះភាពសង្ស័យហ្នឹង ខ្ញុំគិតថា គួរតែរកចំណុចគន្លឹះ ចំណុចរួមនៃការសង្ស័យហ្នឹង វានៅលើចំណុចណា!​ ហើយបើសិនជាមិនអាចបកស្រាយនិងដោះស្រាយបានទេ ​ការសង្ស័យវានៅតែកើតមាន។ ​វាអត់ចំណេញនិងអំណោយផលទៅលើភាគីទាំងពីរ ​ជាពិសេសភាគីកម្ពុជា គឺត្រូវរងសម្ពាធកាន់តែខ្លាំងឡើងនៅក្នុងយន្តការផ្សេងៗ ពាក់ព័ន្ធនឹងទណ្ឌកម្មឬសម្ពាធផ្សេងៗ។ អ៊ីចឹងទស្សនៈខ្ញុំគួរតែឆ្លើយតបឬគួរតែរកវិធីឆ្លើយតបជាមួយអាមេរិកដែលបញ្ហាគេចោទប្រកាន់ឱ្យវាជ្រះស្រឡះ​ ដើម្បីទាញយកផលប្រយោជន៍ពីទំនាក់ទំនងបាន»។

នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ សង្កេតឃើញថា ការចុះទៅពិនិត្យមើលនៅមូលដ្ឋានកងទ័ពជើងទឹករាមរបស់អាមេរិកធ្វើឡើងលឿនពេក ដោយមិនបានរៀបចំនិងជជែកគ្នាមុន ករណីនេះ ធ្វើឱ្យមានការទម្លាក់កំហុសគ្នាទៅវិញទៅមក ដោយសារអាមេរិកនៅតែ​មិនអស់ចិត្តចំពោះរឿងនេះ។

លោកបន្តថា កម្ពុជាគួរតែពិចារណាទៅលើនយោបាយការបរទេសរបស់ខ្លួនឡើងវិញ ហើយត្រូវធ្វើការជជែកជាមួយសហរដ្ឋអាមេរិកជាថ្មីទៀត ដើម្បីបញ្ចៀសការចោទប្រកាន់បន្តទៀត។

លោកថា៖ «ខាងអាមេរិកចង់បានអី ហើយខាងកម្ពុជាអាចឱ្យមើលអីបាន ជជែកគ្នាជាមុនទៅ ជជែកអស់ចិត្តហើយ យើងចាំទៅមើលជាក់ស្ដែង អាហ្នឹងទើបអាចដោះស្រាយបាន។ ពាក់ព័ន្ធនឹងនយោបាយនេះ បើសិនជាកម្ពុជានៅតែមានចិត្តមួយមិនបើកទូលាយសម្រាប់សហរដ្ឋអាមេរិក អាមេរិកនៅតែមិនអស់ចិត្ត អ៊ីចឹងហើយនៅតែទម្លាក់កំហុស។ អ៊ីចឹងហើយការទម្លាក់កំហុសទៅវិញទៅមកនេះ គឺវាអាចនឹងធ្វើឱ្យប៉ះពាល់ទំនាក់ទំនងផ្សេងៗទៀត ដូចជាសេដ្ឋកិច្ច ក៏ដូចជានយោបាយនៅក្នុងតំបន់ជាដើម»។

ប្រធានប្រតិបត្តិ​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ លោក ទូច វិបុល មានប្រសាសន៍ថា កម្ពុជារងការចោទប្រកាន់ពីសហរដ្ឋអាមេរិកបន្តទៀត ដោយសារនៅមិនទាន់ជឿទុកចិត្តលើកម្ពុជា ខណៈសហរដ្ឋអាមេរិកចង់ឱ្យកម្ពុជាបើកលំហប្រជាធិបតេយ្យឡើងវិញ។

ជាងនេះទៅទៀត លោកបន្តថា ការទាមទារពិនិត្យមើលមូលដ្ឋានកងទ័ពជើងទឹករាមទាំងអស់ ដោយសារអាមេរិកចង់ឃើញស្ថានភាពជាក់ស្ដែង ប៉ុន្តែការអនុញ្ញាតឬមិនអនុញ្ញាតនោះ អាស្រ័យទៅលើភាគីចិនដែរ។

លោកថា៖ «តើភាគីចិនគេសប្បាយចិត្តនិងចង់ឱ្យភាគីអាមេរិកចូលពិនិត្យមើលតំបន់រាមដែរឬទេ? ​បើសិនជាប្រទេសចិនមិនមានអីលាក់បាំងទេ ប្រទេសចិនអាចណែនាំ​កម្ពុជាអនុញ្ញាតឱ្យ[អាមេរិក]ពិនិត្យមើលគ្រប់ទីតាំងកន្លែងកងទ័ពជើងទឹករាម។ ការពិតជាក់ស្ដែង បើសិនជាចិនមិនមានការលាក់បាំងព័ត៌មាននានា មិនចង់ឱ្យសហរដ្ឋអាមេរិកចូលមើលទីតាំងលម្អិត​នានា​ដែលចិនយល់ថាប៉ះពាល់ផលប្រយោជន៍របស់ខ្លួន»។

លោក ទូច វិបុល អះអាងថា កម្ពុជានឹងបាត់បង់ផលប្រយោជន៍ជាច្រើន បើសិនទំនាក់ទំនងរវាងកម្ពុជា-អាមេរិកមិនល្អ ព្រោះរដ្ឋាភិបាលមិនអាចពឹងផ្អែកទៅលើប្រទេសចិនទាំងស្រុងបានទេ។

លោកថា៖ «កាលណាមានទំនាក់ទំនងមិនល្អជាមួយអាមេរិក ក៏ដូចជាសហភាពអឺរ៉ុប យើងឃើញជាក់ស្ដែងហើយ ដោយសារការចាប់ឃុំខ្លួន រឹតត្បិតសិទ្ធិសេរីភាពប្រជាធិបតេយ្យនៅកម្ពុជាហ្នឹងហើយ [ទើបធ្វើឱ្យ]យើងបាត់បង់​ EBA ២០ភាគរយ ហើយសហរដ្ឋអាមេរិកកំពុងពិចារណាមើលពីការបន្ត​ឬមិនបន្តប្រព័ន្ធអនុគ្រោះព​ន្ធ GSP ​ទៅលើកម្ពុជា។ អ៊ីចឹងកម្ពុជាដាច់ខាតត្រូវ​បាត់បង់ទីផ្សារសេរីយ៉ាងធំ ហើយពឹងផ្អែកទៅលើចិន យើងដឹងស្រាប់ហើយកម្ពុជានាំចូល-ចេញទៅចិនមានកម្រិតធំ ​តែកម្ពុជាត្រូវការទីផ្សារលោកសេរី ព្រោះទីផ្សារលោកសេរីធំ ហើយគេអនុគ្រោះពន្ធឱ្យទៀត»។

តាមរយៈដំណើរទស្សនកិច្ចរបស់លោកស្រីអនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Wendy Sherman កាលពីថ្ងៃទី១ ខែមិថុនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានយល់ព្រមឱ្យ​អនុព័ន្ធយោធារបស់ស្ថានទូតអាមេរិកចុះទៅមើលទៀងទាត់ នៅមូលដ្ឋានកងទ័ពជើងទឹករាម។

ការសម្រេចនេះជាការឆ្លើយតបនឹងកង្វល់យ៉ាងជ្រាលជ្រៅរបស់លោកស្រីអនុរដ្ឋមន្រ្តីការបរទេស Sherman  ដែលលោកស្រីបានលើកឡើងស្តីពីវត្តមានយោធានិងការសាងសង់នៅទីតាំងកំពង់ផែរាម របស់សាធារណរដ្ឋប្រជាមានិតចិន។

យ៉ាងណា ក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីថ្លែងការណ៍មួយដោយបំភ្លឺថា ការចោទរបស់ស្ថានទូតអាមេរិកថា «យោធាកម្ពុជាពុំបានផ្តល់ភាពពេញលេញដល់ដំណើរទស្សនកិច្ច» របស់ខ្លួន ក្នុងការពិនិត្យមើលមូលដ្ឋានកងទ័ពជើងទឹករាម គឺជាការព្យាយាមបង្កើតបញ្ហាថ្មីនិងបំភ្លៃការពិត។ កម្ពុជាថាការបំភ្លៃការពិតនេះ ​នាំឱ្យមានភាពល្អក់កករកាន់តែខ្លាំងឡើងដល់ទំនាក់ទំនងយោធារវាងប្រទេសទាំងពីរតែប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ