រដ្ឋ​សភា​នឹង​ប្រកាស​បេក្ខភាព​ប្រធាន​ គ.ជ.ប​ ថ្មី​ នៅ​ថ្ងៃ​ទី​១៥​មិថុនា

កិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ការផ្ដល់សុពលភាព និងការប្រកាសផ្សាយបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២០ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ (ណាត សុភាព)

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងប្រកាសបេក្ខភាពប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មី ជំនួសលោក ស៊ិក ប៊ុនហុក នៅថ្ងៃទី១៥ ខែមិថុនា។

អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានប្រាប់ វីអូឌី នៅថ្ងៃសៅរ៍នេះថា នៅពេលបិទបញ្ចប់ការទទួលពាក្យកាលពីថ្ងៃសុក្រ រដ្ឋសភាបានទទួលពាក្យស្នើសុំពីបេក្ខជនតែពីរនាក់ប៉ុណ្ណោះ ដើម្បីប្រកួតប្រជែងយកតំណែងជាប្រធាន គ.ជ.ប ថ្មី។ លោក ឡេង ប៉េងឡុង នៅមិនទាន់អាចបង្ហើបឱ្យដឹងនៅឡើយទេ ថាតើបេក្ខជនទាំងពីរនាក់នោះគឺជានណា ប៉ុន្តែលោកបានបង្ហើបប្រាប់ត្រឹមថា ជាបេក្ខជនដែលមកពីមជ្ឈដ្ឋានសាធារណជនទូទៅ។

កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាសបើកចំហឱ្យសាធារណជនទូទៅដាក់ពាក្យឈរឈ្មោះជាបេក្ខជនជ្រើសរើសជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មី ជំនួសលោក ស៊ិក ប៊ុនហុក ដែលបានប្រកាសលាឈប់ក្រោមហេតុផលបញ្ហាសុខភាព។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា កាលពីថ្ងៃទី៤ ខែមិថុនានោះ ឥស្សរជនដែលមានបំណងចង់ដាក់ពាក្យឈរឈ្មោះជាប្រធាន គ.ជ.ប ថ្មី ត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា ជាប្រជាពលរដ្ឋខ្មែរទូទៅដែលមានអាយុចាប់ពី៤៥ឆ្នាំឡើង មានសញ្ញាបត្រចាប់ពីឧត្ដមសិក្សា និងមានបទពិសោធន៍ការងារចាប់ពី១០ឆ្នាំឡើងទៅ។

បន្ទាប់ពីប្រកាសរើសរយៈពេល៥ថ្ងៃ គឺមានបេក្ខជន៤នាក់ដែលបានមកយកពាក្យទៅបំពេញ ប៉ុន្តែក្នុងនោះមានតែបេក្ខជនពីរនាក់ប៉ុណ្ណោះដែលបានយកមកដាក់នៅរដ្ឋសភាវិញ។

បើតាមលោក ឡេង ប៉េងឡុង ក្រោយពីទទួលបានពាក្យស្នើសុំពីបេក្ខជនទាំងពីរនាក់រួចហើយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងប្រជុំសម្រេចនៅថ្ងៃទី១៥ ខែមិថុនា សប្តាហ៍ក្រោយនេះ ថាតើបេក្ខជនរូបណាដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីដាក់ជូនអង្គសភាបោះឆ្នោតសម្រេចឱ្យធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្មី ជំនួសលោក ស៊ិក ប៊ុនហុក។

ទោះជាយ៉ាងណាក្តី លោក កន សាវាង្ស ​អ្នកសម្រប​សម្រួល​ផ្នែក​អង្កេត​និង​តស៊ូមតិ​ នៃអង្គការ​ឃ្លាំមើលការបោះឆ្នោត (ខុមហ្រ្វែល) បានធ្លាប់ប្រាប់ វីអូឌី ថាបេក្ខជនប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្មីនេះ គឺមិនមានបេក្ខជនណាឆ្ងាយក្រៅពីឥស្សរជនមកពីគណបក្សកាន់អំណាចនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ