តំណាងអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា បានបង្ហាញក្ដីបារម្ភសារជាថ្មីជុំវិញស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា ថាអាចនឹងមានសភាពធ្ងន់ធ្ងរនៅពេលអនាគត ប្រសិនបើប្រជាពលរដ្ឋកម្ពុជាភ្លេចខ្លួន។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងពេលចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ និងខេត្ដកណ្ដាល កាលពីថ្ងៃទី១០ ខែមិថុនា តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រី លី អាយឡាន (Li Ailan ) បានថ្លែងថា ស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩ នឹងអាចមានសភាពធ្ងន់ធ្ងរ បើពលរដ្ឋបន្ធូរបន្ថយនូវវិធានការការពារ និងជួបជុំគ្នាច្រើន។ ករណីនេះ លោកស្រីថា នឹងជំរុញឱ្យមានការឆ្លងកាន់តែច្រើនឡើង ខណៈចំនួនអ្នកឆ្លងកូវីដ-១៩នៅកម្ពុជាមិនទាន់ថយចុះនៅឡើយ។
លោកស្រីថា៖ «បច្ចុប្បន្ននេះ មិនមែនជាពេលវេលាដែលយើងត្រូវបន្ធូរបន្ថយវិធានការការពារកូវីដ-១៩នោះទេ គឺជាពេលវេលាមួយដែលត្រូវខិតខំបន្ថែមទៀត ដើម្បីការពាររៀងៗខ្លួន ដើម្បីយើងបានចៀសផុតនិងបញ្ចប់ការរាតត្បាតនៃជំងឺកូវីដ-១៩នេះ។ ខ្ញុំសង្ឃឹមថា យើងនឹងអាចឆ្លងកាត់ដំណាក់កាលដ៏លំបាកនេះទាំងអស់គ្នា»។
ការព្រួយបារម្ភនេះបានធ្វើឡើងស្របពេលដែលចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នៅកម្ពុជា ក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នានេះ មិនមានការថយចុះនោះឡើយ ពោលគឺ ក្នុង១ថ្ងៃមានអ្នកស្លាប់ជាង១០នាក់ ខណៈអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី មានចន្លោះពី៥០០ ទៅ៦០០នាក់។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ប្រាប់ វីអូឌី នៅថ្ងៃសុក្រនេះថា ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជាមិនទាន់មានការថយចុះនៅឡើយ នាពេលបច្ចុប្បន្ននេះ។ លោកស្រីបន្តថា ប្រសិនបើប្រជាពលរដ្ឋភ្លេចខ្លួន មិនបានអនុវត្តវិធានការ «៣ការពារ ៣កុំ» នោះទេ ស្ថានភាពនៃការរាតត្បាតជំងឺកូវីដ-១៩នេះ នឹងអាចមានសភាពធ្ងន់ធ្ងរ ខណៈកម្ពុជាក៏ទើបនឹងរកឃើញមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីលើពលរដ្ឋខ្មែរចំនួន៤នាក់ដែលធ្វើដំណើរមកពីក្រៅប្រទេស។
លោកស្រីមានប្រសាសន៍ថា៖ «ខ្ញុំសម្ដែងការព្រួយបារម្ភ ហើយការព្រួយបារម្ភនេះ ដោយផ្អែកទៅនឹងស្ថានភាពនៃការរកឃើញអ្នកដែលឆ្លងថ្មីៗជារៀងរាល់ថ្ងៃ។ ហើយក្នុងមួយថ្ងៃ របាយការណ៍ក្រសួងសុខាភិបាលគឺ៥០០ ទៅ៦០០នាក់ អ៊ីចឹងវាច្រើន»។
លោកស្រីបន្តថា៖ «អ៊ីចឹងការឆ្លងគឺវាមាន ដែលវាបង្ហាញថា ការឆ្លងបន្តគឺវាមាន! ដូច្នេះ វាបានចរាចរទៅកន្លែងផ្សេងៗនិងទៅតាមបណ្ដាខេត្តផ្សេងៗរួចទៅហើយ។ អ៊ីចឹងបើសិនជាយើងទាំងអស់គ្នាមិនបន្តប្រុងប្រយ័ត្ន ហើយមិនបន្តអនុវត្តនូវវិធានការ ឬអនុវត្តដែរតែអនុវត្តមិនត្រឹមត្រូវ អ៊ីចឹងហានិភ័យនៃការរាតត្បាតហ្នឹងគឺវាមានហើយ វាមានធំ»។
លោក សួង គឹមហេង ជាអ្នករត់រ៉ឺម៉កកង់បី នៅរាជធានីភ្នំពេញ បានរៀបរាប់ថា បើសិនជាជំងឺកូវីដ-១៩ ឆ្លងរាតត្បាតធ្ងន់ធ្ងរជាថ្មីទៀតនោះ ពួកគាត់នឹងជួបបញ្ហាជីវភាពកាន់តែធ្ងន់ធ្ងរជាមិនខាន។
លោកបន្តថា៖ «យើងមានការព្រួយបារម្ភ ព្រោះពលរដ្ឋយើងមិនសូវយល់ដឹង ពេលខ្លះគាត់មានការប្រមូលផ្ដុំគ្នាអ៊ីចឹង គាត់មិនសូវបារម្ភពីការឆ្លងរាលដាលជំងឺហ្នឹង។ រយៈពេលបិទខ្ទប់ហ្នឹង ពិបាកតែប្រជាពលរដ្ឋយើងមានការខ្វះខាតហ្នឹង[ជីវភាពខ្វះខាត]។ ជាក់ស្ដែង ការរកទទួលទានពិបាកមែនទែន វាអត់មានភ្ញៀវដឹកអ៊ីចឹង! មួយថ្ងៃ យើងរកបានតែ២ ទៅ៣ម៉ឺនរៀល ហើយធនាគារចេះតែមកទារយើងរហូត»។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ មានប្រសាសន៍ថា ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងស្ថានភាពធ្ងន់ធ្ងរ រដ្ឋាភិបាលគួរតែផ្សព្វផ្សាយសារអប់រំបន្ថែមទៀតឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន។ ក្រៅពីផ្សព្វផ្សាយសារអប់រំហើយ លោកថា រដ្ឋាភិបាលត្រូវទប់ស្កាត់ជនបរទេសចូលមកកម្ពុជា និងពន្លឿនការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋផងដែរ។
លោកថា៖ «ត្រូវផ្សព្វផ្សាយឡើងវិញ ពីព្រោះឥលូវការផ្សព្វផ្សាយហាក់បីដូចជាស្ងាត់ហើយ អ៊ីចឹងមិនខុសពីការលើកឡើងខាងលើទេ ថាទាល់តែកើតហើយបានផ្សព្វផ្សាយ បិទខ្ទប់អី វាជារឿងយឺតពេល អ៊ីចឹងរដ្ឋត្រូវមានវិធានការឱ្យច្បាស់។ មួយទៀត បងប្អូនកម្មករ-កម្មការិនីរោងចក្រ រដ្ឋត្រូវបញ្ចេញរថយន្តក្រុងរបស់រដ្ឋទាំងអស់ ដើម្បីជួយដឹកពួកគាត់ បើដឹកប្រជ្រៀតគ្នាដដែល មានប្រយោជន៍អី? អ៊ីចឹងរដ្ឋក៏ដូចជាប្រហែសខ្លួនឯងដែរ ទាល់កម្មកររោងចក្រណាមួយផ្ទុះហើយបានចាប់ផ្ដើមយកគ្នាធ្វើចត្តាឡីស័ក»។
បើតាមក្រសួងសុខាភិបាល ឱ្យដឹងថា គិតត្រឹមថ្ងៃទី១១ ខែមិថុនានេះ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុប៣៧ ៣២១នាក់ ក្នុងនោះ ករណីនាំចូលពីក្រៅប្រទេសសរុប១ ២៩៧នាក់ ខណៈអ្នកជំងឺព្យាបាលជាសះស្បើយមានចំនួន៣០ ៦១៧នាក់ និងករណីស្លាប់បានកើនឡើងដល់៣១១នាក់៕