អនុព័ន្ធ​យោធា​អាមេរិក​ថា​ កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​ដើរ​មើល​គ្រប់​ទី​កន្លែង​នៅ​កំពង់​ផែ​រាម

នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯក ម៉ាកូស ហ្វេរ៉ារ៉ា (Marcus M. Ferrara) នាយការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាមេរិកប្រចាំកម្ពុជាដែលត្រូវចប់អាណត្តិ ចូលជួបសំណេះសំណាល នៅព្រឹកថ្ងៃទី០៤ មិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ)

មន្ត្រី​អនុព័ន្ធយោធារបស់ស្ថានទូតអាមេរិក បានលើកឡើងថា មន្ត្រីយោធាកម្ពុជាមិន​អនុ​ញ្ញាត​​ឱ្យ​​ក្រុមការងារខ្លួនដើរ​មើលគ្រប់ទីកន្លែងក្នុងដំណើរ​ទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាម នៅខេត្តព្រះសីហនុ។

តាមរយៈការប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃសុក្រនេះ បានឱ្យដឹងថា លោកវរសេនីយ៍ឯក Marcus M. Ferrara បានស្នើសុំឱ្យភាគីកម្ពុជាសម្របសម្រួលឱ្យមានដំណើរទស្សនកិច្ចជាថ្មីម្តងទៀត នៅពេលឆាប់ៗខាងមុខនេះ ដោយអនុញ្ញាតឱ្យអនុព័ន្ធយោធាអាមេរិកបានដើរមើលគ្រប់ទីកន្លែងនៅមូលដ្ឋានកងទ័ពជើង​ទឹក​រាម​។

សេចក្តីប្រកាសព័ត៌មាន​សរសេរ​ថា៖ «នៅក្នុងពេលទស្សនកិច្ចដ៏ខ្លីនោះ មន្រ្តីយោធាកម្ពុជាមិនបានអនុញ្ញាតឱ្យ​​លោកអនុព័ន្ធយោធាទៅមើលគ្រប់កន្លែងនៅក្នុងមូលដ្ឋានកងទ័ពជើងទឹកនោះទេ។ នៅពេលដឹងច្បាស់ថា លោកមិនត្រូវបានអនុញ្ញាតឱ្យ​ចូលមើលបានអស់ លោកវរសេនីយ៍ឯក Ferrara បានបញ្ចប់ការដើរមើល ហើយបានស្នើសុំឱ្យ​មន្រ្តីយោធាកម្ពុជាកំណត់ពេលទស្សនកិច្ចឡើងវិញ ដោយអនុញ្ញាតឱ្យ​មានការដើរមើលគ្រប់កន្លែងនៅក្នុងពេលខាងមុខឱ្យ​បានឆាប់បំផុត»។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ខ្លួននៅថ្ងៃសុក្រនេះ ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានចាត់ទុកថា ដំណើរទស្សនកិច្ចជាធម្មតានិងញឹកញាប់របស់អនុព័ន្ធយោធាសហរដ្ឋអាមេរិក និងអនុព័ន្ធយោធាបរទេសដទៃទៀត នៅមូលដ្ឋានកងទ័ពជើងទឹករាម អាចជាជំហាន​មួយយ៉ាងសំខាន់ឆ្ពោះទៅរកតម្លាភាពនិងការទុកចិត្តគ្នាទៅវិញទៅមកបានច្រើន។

ជុំវិញការចោទប្រកាន់នេះ វីអូឌី មិនអាចទាក់ទងសុំការឆ្លើយតបពីរដ្ឋមន្ត្រីក្រសួងការពារជាតិ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ និងលោកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បាននៅឡើយទេ។

ប៉ុន្តែកាលពីថ្ងៃអង្គារ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានថ្លែងនៅក្នុងសន្និសីទកាសែតក្នុងពេលទទួលតំណក់ប្រេងដំបូងរបស់កម្ពុជា យកទៅតម្កល់ទុកនៅឯវិមានឈ្នះឈ្នះ ថាដំណើរទស្សនកិច្ចរបស់អនុព័ន្ធយោធាអាមេរិកទៅកាន់មូលដ្ឋានកងទ័ពជើងទឹករាមលើកនេះ មិនមាន​អ្វីចម្លែកនោះទេ។ ជាមួយគ្នានេះ ប្រមុខការពារជាតិកម្ពុជាបានព្រលយពាក្យថា បើមិនសមតាមបំណងប្រាថ្នារបស់គេ គេនឹងមិនព្រមនោះឡើយ។ ប៉ុន្តែលោកមិនបញ្ជាក់ថា តើជាបំណងប្រាថ្នាអ្វីនោះទេ។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «មុនហ្នឹង គឺចុះទៅម្តងហើយ! ងងឹត ​មេឃងងឹត ​ដីវានៅដដែល ឃើញទេ! ហើយបើថាខ្ញុំនិយាយគឺនិយាយរាប់លើកមិនអស់ទេ គឺនៅតែដដែលៗ ព្រោះថា មិនបានតាមបំណងប្រាថ្នារបស់គេ គេមិនទទួលយកទេ! ហ្នឹង! តែប៉ុណ្ណឹង យើងយល់ហើយ»។

កាសែត The Wall Street Journal របស់អាមេរិក បានចុះផ្សាយកាលពីខែកក្កដា ឆ្នាំ២០១៩ ដោយបានចោទប្រកាន់ថា កម្ពុជាបានលួចចុះកុងត្រាយោធាសម្ងាត់ជាមួយចិន ដោយឱ្យ​ចិនគ្រប់គ្រងកំពង់ផែកងទ័ពជើងទឹករាមផ្តាច់មុខរយៈពេល៣០ឆ្នាំ។ ប៉ុន្តែភាគីកម្ពុជាបានច្រានចោលម្តងហើយម្តងទៀត និងបានចាត់ទុកថា ព័ត៌មាននោះជាព័ត៌មានក្លែងក្លាយ និងមានចេតនាបម្រើមហិច្ឆតាភូមិសាស្ត្រនយោបាយរបស់អាមេរិក។

តាមរយៈដំណើរទស្សនកិច្ចរបស់លោកស្រីអនុរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក Wendy Sherman កាលពីថ្ងៃទី១ ខែមិថុនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានយល់ព្រមឱ្យ​អនុព័ន្ធយោធារបស់ស្ថានទូតអាមេរិកចុះទៅមើលទៀងទាត់ នៅមូលដ្ឋានកងទ័ពជើងទឹករាម។ ការសម្រេចនេះ ជាការឆ្លើយតបនឹងកង្វល់យ៉ាងជ្រាលជ្រៅរបស់លោកស្រីអនុរដ្ឋមន្រ្តីការបរទេស Sherman  ដែលលោកស្រីបានលើកឡើងស្តីពីវត្តមានយោធានិងការសាងសង់នៅទីតាំងកំពង់ផែរាម របស់សាធារណរដ្ឋប្រជាមានិតចិន។

យ៉ាងណាក្តី ពាក់ព័ន្ធករណីកំពង់ផែរាមនេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បានប្រាប់សារព័ត៌មានហ្រ្វេសញូ កាលពីថ្ងៃទី៣ ខែមិថុនា ថាកម្ពុជាគ្រាន់តែទទួលបានជំនួយពីចិនដែលជាមិត្តដែកថែបរបស់ខ្លួនក្នុងការជួយសាងសង់កំពង់ផែតំបន់រាម ឱ្យមានលក្ខណៈធំទូលាយនិងទំនើបជាងមុនតែប៉ុណ្ណោះ។ បន្ទាប់ពីការសាងសង់រួច ភាគីចិននឹងប្រគល់ឱ្យភាគីកម្ពុជាវិញដើម្បីប្រើប្រាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ