ភរិយា​អតីត​សកម្ម​ជន​បក្ស​ប្រឆាំង​ទាម​ទារ​ដោះ​លែង​ស្វាមី​ដោយ​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ-១៩​ក្នុង​ពន្ធនាគារ

ក្រុមស្ត្រីជាសាច់ញាតិនិងភរិយាអតីតសកម្មជននិងមន្ត្រីបក្សសង្គ្រោះជាតិ ចេញតវ៉ាសារជាថ្មីទៀត ដោយដាក់ញត្តិទៅ EU សុំកិច្ចអន្តរាគមន៍ទៅរដ្ឋាភិបាលដោះលែងស្វាមីនិងសាច់ញាតិដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

​ក្រុម​ស្ត្រីនិង​សាច់ញាតិ​របស់​សកម្មជន​គាំទ្រអតីត​​បក្ស​ប្រឆាំងដែលកំពុងជាប់ឃុំ បានទាម​ទារ​ឱ្យ​មាន​ការ​ដោះលែ​ង​ស្វាមីរបស់ពួកគេ​ ដោយ​សារ​បារម្ភ​ពី​ការឆ្លងជំងឺ​កូវី​ដ-១៩ ខណៈជំងឺមួយនេះបាន​និងកំពុងឆ្លង​ចូល​ក្នុង​​មណ្ឌល​អប់រំ​កែប្រែ រួមទាំង​ពន្ធនាគារនៅតាម​រាជធានី-ខេត្តមួយចំនួន។

ការទាមទារនេះបានធ្វើឡើង ខណៈដែល​ក្រុម​ស្ត្រីជាង១០នាក់នោះបាននាំគ្នាយកញត្តិទៅដាក់នៅសហភាពអឺរ៉ុប នៅថ្ងៃសុក្រនេះ ដើម្បី​សុំឱ្យស្ថាប័ន​មួយនេះអន្តរាគមន៍​ទៅរដ្ឋាភិបាលឱ្យ​មានការ​​ដោះលែងស្វាមីនិងសាច់ញាតិរបស់ពួកគេ ដោយថា អ្នកជាប់ទាំងនោះពុំមានកំហុសចូលការចោទប្រកាន់នោះទេ។

ក្នុងញត្តិ​ដាក់ទៅសហភាពអឺរ៉ុប​នោះ ​បានលើកឡើងថា អ្នកជាប់ឃុំក្នុងពន្ធនាគារ​​បច្ចុប្បន្នកំពុង​មាន​ហានិភ័យ​ខ្ពស់ពីការឆ្លងជំងឺកូវីដ-១៩ ដោយសារនៅក្នុងពន្ធនាគារមួយចំនួនមិនអាចអនុវត្តបាន​នូវ​គោល​ការណ៍​​របស់ក្រសួង​សុខាភិបាល​ ដែល​នាំ​ឱ្យ​​អ្នកជាប់ឃុំមួយចំនួន​​បានឆ្លងជំងឺនេះដែរ។

ក្រុមអ្នកសារព័ត៌មាន មន្ត្រីរដ្ឋាភិបាល និងមន្ត្រី UN ចុះជួបនិងយកព័ត៌មានពីក្រុមស្ត្រីដែលចេញតវ៉ាសារជាថ្មីដោយដាក់ញត្តិទៅ EU សុំកិច្ចអន្តរាគមន៍ទៅរដ្ឋាភិបាលដោះលែងអតីតសកម្មជននិងមន្ត្រីបក្សប្រឆាំងដែលត្រូវស្វាមីនិងសាច់ញាតិពួកគេ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ (ឃុត សុគន្ធ)

ញត្តិ​ដដែលនេះបញ្ជាក់ថា នៅក្នុងពន្ធនាគារ កន្លែងដេកមានភាពចង្អៀតហួសហេតុ ខ្វះទឹក​ ខ្វះសាប៊ូ ខ្វះអនាម័យ និង​មិនអាចពាក់ម៉ាស់បានគ្រប់ពេលវេលានិងគ្រប់ទីកន្លែងបានឡើយ។

ក្នុងញត្តិនោះបានសរសេរទៀតថា៖ «ក្នុងកាលៈទេសៈនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងពន្ធនាគារ​ ដូចសព្វថ្ងៃនេះ យើងខ្ញុំសុំឱ្យលោកប្រធានសហគមន៍អឺរ៉ុបប្រចាំកម្ពុជា មេត្តាជួយអន្តរាគមន៍ទៅរដ្ឋាភិបាលឯកបក្ស និង​តុលាការឯកបក្ស ឱ្យដោះលែងពួកគាត់ ដើម្បីចៀសផុតពីការឆ្លងជំងឺកូវីដ-១៩ និងជាឱកាសឱ្យពួកគាត់បានទៅធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន និងបានរស់នៅជួបជុំស្វាមីភរិយាកូនចៅ ពីព្រោះពួក​គាត់គ្មានកំហុសអ្វីឡើយ»

អ្នកស្រី សេង ចាន់ថន ដែល​ជាភរិយារបស់លោក ស៊ុន ធន់ អតីតសមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ នៃអតីត​​បក្ស​ប្រឆាំង ប្រាប់ វីអូឌី​ ក្រោយដា​ក់ញត្តិ​ថា អ្នកស្រី​មានការបារម្ភពីស្វាមីដែលកំពុងជាប់ឃុំជាខ្លាំង ដោយ​ថា អ្នកស្រីមិនអាចទំនាក់ទំនង​និងបានដឹងពីសុខទុក្ខរបស់​ស្វាមីអ្នកស្រី អស់រយៈពេល៣ខែមក​ហើយ។

អ្នកស្រីបន្ថែមថា៖ «មិនដឹងថាពេលនេះ ពួកគាត់សុខយ៉ាងណាទេ! ពួកខ្ញុំព្រួយបារម្ភណាស់ ដោយពួកគាត់សុខភាពខ្សោយ ហើយពួកគាត់ចាស់ជរាណាស់ហើយ ហើយកូវីដកំពុងឆ្លងរីករាលដាលក្នុងពន្ធនាគារទៀត។ អ៊ីចឹង​ពួកខ្ញុំព្រួយបារម្ភ​និងឈឺចាប់ណាស់ ព្រោះពួកគាត់អត់មានកំហុសអីផង ចាប់ពួកគាត់ដាក់ពន្ធនាគារ ហើយឥលូវកូវីដទៀត»

អ្នកស្រី ព្រំ ចាន់ថា ភរិយារបស់លោក កាក់ កុម្ភារ និយាយទាំងអួលដើមកថា ស្វាមីរបស់អ្នកស្រីពុំមានកំហុសដូចការចោទប្រកាន់ឡើយ។ អ្នកស្រីឱ្យដឹងថា តុលាការបានចោទស្វាមីរបស់អ្នកស្រីពីបទ «រួមគំនិតក្បត់ និងញុះញង់ធ្វើឱ្យបំពុលសង្គម»

អ្នកស្រីបន្ថែមថា៖ «ខ្ញុំសួរថា ចោទប្តីខ្ញុំថាក្បត់ជាតិហ្នឹង! តើប្តីខ្ញុំលក់អីបានម្តុំនៅ? បានលក់កោះ លក់បឹង លក់ទន្លេ លក់ដើមឈើបានមួយដើមនៅ? គឺអត់សោះតែម្តង! ខ្ញុំអត់យល់ហេតុផលចោទប្តីខ្ញុំថាក្បត់ជាតិ ហើយ​ហៅពួកគាត់សុទ្ធតែពួកឧទ្ទាម​ តើឧទ្ទាម​ហ្នឹងមានអីខ្លះ? តើពួកគាត់មានយុទ្ធភណ្ឌ មានអាវុធក្នុងដៃអត់? វាអត់មានទេ! ចុះហេតុអីបានជាហៅពួកគាត់ជាពួកឧទ្ទាម?»

វីអូឌី មិនអាចសុំការបញ្ជាក់ពីតំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជាបានទេពាក់ព័ន្ធករណីនេះ។

បើតាមតំណាងប្រជាពលរដ្ឋដែលចូលយកញត្តិ​ទៅដាក់ដល់ក្នុងការិយាល័យនោះ បានប្រាប់អ្នកសារព័ត៌មានថា មន្ត្រីសហភាពអឺរ៉ុបបានទទួលយកសំណើ​របស់ពួកគេ និង​បានសន្យា​យកសំណើ​នោះទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល ប៉ុន្តែមិនធានាថាបានដំណោះស្រាយដូចការទាមទារនោះទេ។

អនុប្រធានអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលមណ្ឌលអប់រំ​កែប្រែ និងពន្ធនាគារឱ្យមានប្រសិទ្ធភាព គឺរដ្ឋាភិបាលពិនិត្យទៅលើលទ្ធភាពដោះលែងជនជាប់ឃុំដែលជិតផុតទោស ជាពិសេស​អ្នកទោសមនសិការ និងសកម្មជនបរិស្ថាន​ ជាដើម។

លោក​បន្តថា​ សម្រាប់ស្វាមីនិងសាច់ញាតិ​អតីតបក្សប្រឆាំង​ដែលកំពុងជាប់ឃុំ គួរតែត្រូវបានពិចារណាក្នុងការដោះលែង ដោយថា ពួកគេក៏ជាអ្នកទោសមន​សិការដែរ។

លោកបន្ថែមថា៖ «ទាក់ទងអ្នកទោសមនសិការ ដូចជា សកម្មជនគណបក្សនយោបាយដែលគាត់ប្រើសិទ្ធិនៅក្នុងនាម​ជាពលរដ្ឋ ហើយចូលរួមផ្លូវច្បាប់ដែលបានអនុញ្ញាត និងបទដ្ឋានអន្តរជាតិដែលបានអនុញ្ញាត ហើយក៏ដូចជាសកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្សនានា ដែលជាលក្ខខណ្ឌមួយគួរតែពិនិត្យ​ពិចារណា​​ក្នុងការដោះលែងផងដែរ ពីព្រោះយើងឃើញហើយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកពេលជួប​ជាមួយ​លោក ស ខេង ក៏បានលើកពីបញ្ហានេះផងដែរ»

កាលពីខែឧសភា មន្រ្តីរដ្ឋាភិបាលកម្ពុជា ឱ្យដឹងថា ពន្ធនាគារចំនួន៤ ក្នុងចំណោមពន្ធនាគារចំនួន២៨នៅទូទាំងប្រ​ទេស​ បាន​ឆ្លងជំងឺ​កូវីដ-១៩ ដូចជា នៅ​ព​ន្ធ​នាគារខេត្តព្រះសីហនុ ពន្ធនាគារព្រៃស ​ព​ន្ធ​នាគារ PJ រាជធានីភ្នំពេញ និង​ពន្ធនាគារ​ខេត្តកណ្តាល

កាលពីខែឧសភានេះដែរ អង្គការសិទ្ធិមនុស្សអន្តរជាតិធំៗចំនួនពីរ ក៏​បានអំពាវនាវទៅរដ្ឋាភិបាលកម្ពុជាឱ្យដោះលែងអ្នកជាប់ឃុំក្នុងបទល្មើស​ស្រាលៗ ឬ​អ្នកជាប់ឃុំដែលកំពុងរង់ចាំការកាត់ទោស​ ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន​សិន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងពន្ធនាគារ ប៉ុន្តែត្រូវបានលោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បដិសេធការទាមទាររបស់អង្គការទាំងនេះ៕


អត្ថបទទាក់ទង

  1. ក្រសួង​មហា​ផ្ទៃ​ ចេញ​វិធាន​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩​ក្នុង​ពន្ធនាគារ​
  2. ភរិយា​​​ទណ្ឌិត​ម្នាក់​​​ចោទ​មន្ត្រី​ពន្ធនា​គារ​​​ថា​​​​យឺតយ៉ា​វ​​ក្នុង​​ការ​បញ្ជូន​ប្តី​គាត់​​​ទៅ​ព្យាបាល​​​​​ទើប​​បណ្តាល​​​​​ឱ្យ​​​​​​​ស្លាប់
  3. មន្ត្រី​ជាន់​ខ្ពស់​រដ្ឋា​ភិបាល​ថា​ ការ​ស្នើ​ឱ្យ​ដោះ​លែង​អ្នក​ទោស​មន​សិការ​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​មាន​ចរិត​នយោបាយ ​
  4. អ្នក​ជាប់​ឃុំ​​ជាង​១០០​នាក់​នៅ​​ពន្ធនា​គារ​ខេត្ត​កំពង់ស្ពឺ​​ឆ្លង​ជំងឺ​កូវីដ-១៩​ ក្នុង​នោះ​​មាន​ម្នាក់​ស្លាប់​
  5. អ្នក​នាំ​ពាក្យ​ថា​ ជន​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនា​គារ​ខេត្ត​ចំនួន​ពីរ​ទៀត​ឆ្លង​ជំងឺ​កូវីដ-១៩​
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ