អាមេរិក​គ្រោង​​បញ្ជូន​វត្ថុ​បុរាណ​ចំនួន​២៧​រូប​តម្លៃ​ជិត​៤​លាន​ដុល្លារ​ត្រឡប់​មក​​កម្ពុជា​វិញ ​​

រូបចម្លាក់ដែលសហរដ្ឋអាមេរិកប្រគល់មកឱ្យកម្ពុជាវិញ។ (ហ្វេសប៊ុក៖ U.S. Embassy Phnom Penh, Cambodia)

សហរដ្ឋអាមេរិក គ្រោង​​ប្រគល់មកវិញនូវវត្ថុបុរាណចំនួន២៧រូបដែលមានតម្លៃជិត៤ (៣,៨ )លានដុល្លារ មកឱ្យ​​ប្រជាជនកម្ពុជាវិញ នៅថ្ងៃទី១០ ខែមិថុនា ដោយថា ការផ្តល់វត្ថុបុរាណទាំងនេះមកប្រទេសដើមវិញ ជាកិច្ចសហការមួយរវាងប្រទេស​ទាំងពីរមិនឱ្យមានការលួចប្លន់និងការជួញដូរ​​វត្ថុបុរាណ​ខ្មែរបន្តទៀត។ ​

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានស្រង់​ប្រសាសន៍របស់លោក Cy Vance ​រដ្ឋអាជ្ញានៅសង្កាត់ Manhattan ក្នុងទីក្រុង New York មកផ្សព្វផ្សាយ​​លើទំព័រហ្វេសប៊ុក​របស់ខ្លួន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះថា ​ការបញ្ជូនត្រឡប់មកមាតុភូមិវិញ​​នូវវត្ថុបុរាណទាំងនោះ ជូនប្រជាជនកម្ពុជា ដើម្បីស្តារឡើងវិញ​នូវចំណងទាក់ទងគ្នាដ៏​សំខាន់មួយ រវាងសម័យកាលបុរាណនៃសម័យអង្គររបស់កម្ពុជា និងប្រពៃណីនាសម័យទំនើប ព្រមទាំងជំនឿរបស់ខ្លួន ​អស់រយៈពេលជាយូរមកហើយ ​ដែលត្រូវបានកាត់ផ្តាច់ដោយការលោភលន់របស់ឈ្មួញជួញដូរវត្ថុបុរាណដែលត្រូវបានគេលួច។ 

ទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិកសរសេរថា៖ «ពិធីនាថ្ងៃ​នេះ គឺជាការរម្លឹកមួយយ៉ាងច្បាស់​ថា អ្នកដែលលួចប្លន់និងលក់វត្ថុដែលមានតម្លៃផ្នែកវប្បធម៌ កំពុងតែប្រព្រឹត្តបទល្មើស មិនមែនគ្រាន់តែប្រឆាំងនឹងបេតិកភណ្ឌ​នៃប្រទេសមួយតែប៉ុណ្ណោះទេ តែថែមទាំងប្រឆាំងនឹងបច្ចុប្បន្នភាពនិងអនាគត​នៃប្រទេស​នោះថែមទៀតផង»។

ប្រភពដដែលបន្តថា ពិធីនោះ​មានការចូលរួមពីសំណាក់រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា លោកស្រីបណ្ឌិត ភឿង សកុណា និង ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក លោក ជុំ សុន្ទរី ព្រមទាំងភ្នាក់ងារស៊ើបអង្កេតពិសេស​ Erik Rosenblatt ដែលមកពីក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក។ 

ក្នុងពិធីនោះ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ​នៅប្រទេសកម្ពុជា W. Patrick Murphy បានថ្លែងថា ​ពិធីនេះសបង្ហាញឱ្យ​​ឃើញពីកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរនៅក្នុង​ការការពារកុំឱ្យ​​​មានការលួចប្លន់និងការជួញដូរ​នៃវត្ថុបុរាណ​ខ្មែរ។

ជាមួយគ្នានេះ លោកថា សហរដ្ឋអាមេរិកមានមោទកភាព​ក្នុងការដើរតួនាទីមួយ ដើម្បីធានាឱ្យបេតិកភណ្ឌវប្បធម៌របស់ប្រជាជនកម្ពុជានៅគង់វង្ស។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា វត្ថុបុរាណដែលបានធ្វើមាតុ​ភូមិ​និវត្តន៍មកប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ រួមមាន រូបសំណាកព្រះពុទ្ធសាសនាសម័យអង្គរ និងហិណ្ឌូជាច្រើនទៀត ដូចជា រូបបដិមាធ្វើពីលង្ហិនដែលមាននាគប្រក់ពីលើ ​រូបសំណាកព្រះសិវៈ និងរូបចម្លាក់ថ្មភក់ព្រះពុទ្ធ​ ជាដើម៕   ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ