រដ្ឋា​ភិបាល​ឱ្យ​អាជ្ញា​ធរ​ជាប់​ព្រំដែន​វៀតណាម​ទប់​ស្កាត់​ជំងឺ​កូវីដ-១៩​ប្រភេទ​ថ្មី​ចូល​កម្ពុជា​

ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារខេត្តចូលរួមជាមួយគណៈកម្មការអន្តរក្រសួង ដើម្បីចុះត្រួតពិនិត្យស្ថានភាពព្រែកជ្រៃធំ-ព្រែកប៊ិញយី នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ស្ថិតនៅឃុំក្អមសំណ ស្រុកលើកដែក និងឃុំព្រែកជ្រៃ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តកណ្តាល)

ក្រសួង​មហាផ្ទៃ ណែនាំជា​​ថ្មីទៀតទៅអាជ្ញាធរ​ជាប់ព្រំដែនវៀតណាមឱ្យពង្រឹង​វិធានការអនុវត្ត​​ច្បាប់​​បង្ក្រាប​ការ​នាំមនុស្សឆ្លងដែនខុសច្បាប់ ដើម្បីទប់ស្កាត់ការ​ឆ្លង​ជំងឺកូវីដ-១៩ប្រភេទថ្មីចូលកម្ពុជា។

ការដាក់ចេញវិធានការនេះ ធ្វើឡើងតាមរយៈសេចក្តីណែនាំមួយចុះថ្ងៃទី៩ ខែ​មិថុនានេះ ស្តីពី «ការពង្រឹងការគ្រប់គ្រងនិងត្រួតពិនិត្យ​កា​​រចេញចូលឆ្លងដែន ដើម្បីបង្ការ​​និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩​ប្រភេទថ្មីនៅកម្ពុជា»

ជា​ផ្នែកមួយនៃការទប់ស្កាត់ជំងឺឆ្លងសកលប្រភេទថ្មីនេះឱ្យមានប្រសិទ្ធភាព រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានណែនាំថា ប្រធា​ន​គ​ណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តជាប់ព្រំដែនជាមួយប្រទេសវៀតណាម ត្រូវបន្តយកចិត្តទុកដាក់ រក្សាសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព រួមទាំង​បង្ការ​ ទប់ស្កា​ត់ និង​បង្ក្រាបបទល្មើសនាំមនុស្សឆ្លងដែនដោយខុសច្បាប់។

លោក ស ខេង បានគូសបញ្ជាក់​ថា «ត្រូវពង្រឹងអនុវត្តឱ្យបានតឹងរ៉ឹងនិងម៉ឺងម៉ាត់នូវវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពឆ្លងដែនដោយខុសច្បាប់ឱ្យមានប្រសិទ្ធភាព» តាមស្មារតីនៃសេចក្តីណែនាំកន្លងទៅ និងបន្តអប់រំ ផ្សព្វ​ផ្សា​យ​ដល់​ប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនឱ្យបង្កើនការ​ប្រុងប្រយ័ត្នការ​ពារ​ខ្លួន ស្រប​តាម​វិធានការរបស់ក្រសួងសុខាភិបាល ​ដើ​ម្បី​កុំឱ្យមានមេរោគកូវីដ-១៩ ឆ្លងមកលើបុគ្គលនិង​សហគមន៍មូលដ្ឋាន។

លោក ស ខេង ក៏បានណែនាំផងដែរពីការពង្រឹង​កិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ​វៀត​ណាមជាប់ព្រំដែន ដើម្បីពង្រឹងប្រសិទ្ធ​ភាព បង្ការ និងទប់ស្កាត់ជំងឺឆ្លងប្រភេទថ្មីនេះចូលកម្ពុជា។

អភិបាលរងខេត្តស្វាយរៀង លោក តូច ប៉ូ​លីវា អះអាងថា ខេត្តជាប់ព្រំដែនវៀតណាមមួយនេះបានអនុវត្តវិធាន​ទប់ស្កាត់បង្ការ​ជំងឺ​នេះ​ជាប្រចាំ តាំងពីមានសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃពី​ដំបូង ហើយ​​​​ជាលទ្ធផល ​សមត្ថកិច្ច​ចាប់​បាន​មេខ្យល់​៣នាក់ដែល​នាំមនុស្សឆ្លងដែនខុសច្បាប់ បញ្ជូនទៅឱ្យតុលាការដើម្បីផ្តន្ទាទោស។

លោកថា៖ «ការពង្រឹង យើងបានពង្រឹងយូរហើយ យើងខ្លាចអាបំប្លែងថ្មីហ្នឹងឆ្លងចូលកន្លែងយើង។ [ខេត្ត] យើង​បានធ្វើជាប់ជាប្រចាំតាំងពីមុនចូលឆ្នាំខ្មែរមកម៉្លេះ យើងខ្លាចអាការឆ្លងដែនខុសច្បាប់អីហ្នឹងវាអាចនាំបញ្ហានាំមេរោគមកដល់យើង យើងបានពង្រឹងយូរហើយ យើងដាក់វិធានការពង្រឹង៥៩គោលដៅឯណោះ»។

នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត លោកបណ្ឌិត សេក សុជាតិ មានប្រសាសន៍ថា ភាពជោគជ័យនៃវិធានការរបស់ក្រសួងមហាផ្ទៃនេះ ត្រូវដើរទន្ទឹម​គ្នាលើគោលការណ៍ពីរ ដែលទីមួយ ​ត្រូវមាន​ការភ្ញាក់​រឭកពីអាជ្ញាធរថ្នាក់ក្រោមជាតិ ពិសេសអ្នកចូលរួមអនុវត្តច្បាប់ ថាតើ​ពួកគាត់​បាន​តម្កល់​ប្រយោជន៍​ជាតិ​បាន​កម្រិតណា និងទី២ ថ្នាក់ជាតិខ្លួនឯងត្រូវហ៊ានវះកាត់មន្ត្រីពុករលួយ។

អ្នកឃ្លាំមើលរូបនេះបានគូសបញ្ជាក់ថា រដ្ឋាភិបាលបានបរាជ័យច្រើនដងហើយពីការទប់ស្កាត់អំពើពុករលួយក្នុងការទប់ស្កាត់ការនាំចូលជំងឺឆ្លងកូវីដ-១៩នេះ ដែលលោកលើកឧទាហរណ៍ ដូចជា ករណីអតីតអធិការស្រុកកំរៀង ខេត្តបាត់ដំបង ដែលបានរំដោះមនុស្សឆ្លងដែនគេចចេញពីការធ្វើចត្តាឡីស័ក និងការត្រូវរ៉ូវគ្នារវាងសន្តិសុខសណ្ឋាគារមួយនៅភ្នំពេញនិងស្ត្រីជនជាតិចិន បង្កឱ្យឆ្លងចូលសហគមន៍រហូតបច្ចុប្បន្ន ដែលរដ្ឋាភិបាលដាក់ឈ្មោះថា «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ»

លោកថា៖ «បញ្ហាអំពើពុករលួយនេះ គឺធំធេងជាងគេ ពីព្រោះមនុស្ស[ត្រូវ]អំពើពុករលួយគ្របសង្កត់ ឬក៏អំពើពុករលួយដឹក​នាំ ឬក៏នាំមុ​ខ​ ហើយធ្វើឱ្យគាត់ហ្នឹងភ្លេចខ្លួន ឬធ្វើឱ្យគាត់បំពេញនូវការងារមិនបានល្អ អាចខ្វះចន្លោះ ហើយអាចនាំបញ្ហាធំទៅដល់ប្រទេសជា​តិនិងសង្គមទាំងមូលបាន»។

កាលពីដើមខែឧសភា វៀតណាមបានប្រកាសថា ខ្លួនបានរកឃើញ​វីរុស​​​កូវីដ-១៩បំប្លែង​ថ្មី​មួយ​ប្រភេទ ​ដែលគេធ្លាប់​រក​ឃើញ​ដំបូង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ និង​ចក្រភព​អង់គ្លេស។

ដោយឡែក កាលពីពេលថ្មីៗ ​ក្រសួង​សុខាភិបាល និង​​តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា បាន​សម្តែង​ពី​ការព្រួយបារម្ភ​ទាក់ទង​នឹង​ការឆ្លង​នៃ​វីរុស​បំប្លែង​ថ្មី មាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា កើត​លើ​អ្នកជំងឺ​​៣​​រូបជា​ពលករ​កម្ពុជាត្រឡប់​មកពី​ប្រទេស​ថៃ កាលពី​ថ្ងៃទី​​០៤ ​ខែមិថុនា​។

គិតត្រឹមថ្ងៃទី១០ ខែមិថុនានេះ ព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ បានសម្លាប់មនុស្សកើនឡើងដល់៣០០​នាក់ ត្រឹម​ជាង៤ខែ​ប៉ុណ្ណោះ ខណៈអ្នកឆ្លង​សរុបមានចំនួន៣៦ ៦៦០​នាក់ និង​ព្យាបាលជា​សះ​ស្បើយ​ចំនួន២៩ ៨០៧នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ