របាយ​ការណ៍​មួយ​ថា​ កម្ពុជា​ជា​គោល​ដៅ​នៃ​ក្រុម​ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន​ផលិត​និង​ចែកចាយ​

សកម្មភាពដុតកម្ទេចគ្រឿងញៀនដែលរឹបអូសបាន ក្នុង​ទិវាអន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នៅ​ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០។ (ហ៊ី ឆាយ)

របាយការណ៍មួយរបស់អង្គការសហប្រជាជាតិ ដើម្បីប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រឿងញៀន (UNODC) ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះថា កម្ពុជាគឺ​ជាគោលដៅនៃក្រុមឧក្រិដ្ឋជនគ្រឿងញៀនប្រើប្រាស់សម្រាប់ចរាចរគ្រឿងញៀន ផលិត និងចែកចាយ។

នៅក្នុងរបាយការណ៍ដែលមានចំណងជើងថា «ការវិវត្តចុងក្រោយនិងការប្រឈមលើបញ្ហាគ្រឿងញៀននៅតំបន់អាស៊ីបូព៌ា និងអាស៊ីអាគ្នេយ៍» នេះ បានឱ្យដឹងថា ការជួញដូរគ្រឿងញៀននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅតំបន់ត្រីកោណមាស មិនមានការថយ​ចុះឡើយ បើទោះបីជាមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ក្តី។

ផ្ទុយទៅវិញ ការជួញដូរគ្រឿងញៀននៅឆ្នាំ២០២០កន្លងទៅនេះ មានចំនួន១៧០​តោន ដែល​ចំនួននេះបានកើនឡើង១៩% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ក្នុង​នោះ រដ្ឋសាន (Shan) នៃប្រទេសភូមា គឺជាប្រភពរោងចក្រផលិតគ្រឿងញៀនដ៏ធំជាងគេ ខណៈប្រទេសកម្ពុជាជាគោលដៅចម្បង​នៃក្រុមឧក្រិដ្ឋជនគ្រឿងញៀន​ប្រើប្រាស់​ជាទីតាំងសម្រាប់ការចរាចរ​គ្រឿងញៀន ផលិត កែច្នៃ និងចែកចាយបន្ត។

របាយការណ៍ដដែលនេះបន្តថា ក្រុមឧក្រិដ្ឋជនគ្រឿងញៀនទាំងនោះ ភាគច្រើនជាជនជាតិចិននិងចិនតៃវ៉ាន់។

លោក មាស​ វិ​រិទ្ធ​ ​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀននៃក្រសួងមហា​ផ្ទៃ​ នៅមិនទាន់អត្ថាធិប្បាយលើរបាយការណ៍នេះនៅឡើយទេ ក៏ប៉ុន្តែលោកបានកត់សម្គាល់ថា ការបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀនបានកើនឡើងនៅក្នុងប្រទេសកម្ពុជានារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោក​បញ្ជាក់ថា អាជ្ញាធរ​កំពុង​ពិចារណាមើលថា តើសកម្មភាពឧក្រិដ្ឋកម្មគ្រឿងញៀនទាំងនោះស្ថិតនៅក្រោមរូបភាពអង្គការចាត់តាំងឬអត់?

លោកមានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «យើងកត់សម្គាល់ឃើញថា ក្នុងរយៈពេលចុងក្រោយនេះមានការចាប់បង្ក្រាបករណីកែច្នៃគ្រឿងញៀន ហើយមានច្រើនករណីទៅទៀត។ ហើយយើងកត់សម្គាល់ឃើញថា មានជនជាតិចិនផងដែរ អ៊ីចឹងយើងត្រូវពិចារណាមើលថា តើសកម្មភាពទាំងនោះស្ថិតនៅក្រោមរូបភាពមានអង្គការចាត់តាំងដែរឬអត់? អានេះយើងកំពុងវាយតម្លៃរួម ហើយយើងកំពុងស្វែងរកភស្តុតាងឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើការវាយតម្លៃឬធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំអំពីហានិភ័យ»។

បើតាមលោកនាយ​ឧត្តមសេនីយ៍​ ​មាស​ វិ​រិទ្ធ​ ក្នុងឆ្នាំ​២០២០​កន្លងទៅនេះ កម្ពុជាបង្ក្រាបបានគ្រឿងញៀនប្រមាណជាង៤តោន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ