អ្នក​ជំនាញ​និង​អ្នក​នយោ​បាយ​ថា​ នាយក​រដ្ឋ​មន្រ្តី​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ឯករាជ្យ​ភាព គ.ជ.ប​ ករណី​លុប​គម្រោង​បោះឆ្នោត​សាក​ល្បង​

មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ម្នាក់ ពិនិត្យមើល​ប្រព័ន្ធ​ចុះឈ្មោះ​និង​ដំណើរ​ការ​ផ្សេង​ៗនៃ​ប្រតិបត្តិ​ការបោះឆ្នោត​អន​ឡាញ ក្នុង​ខែសីហា ឆ្នាំ២០២០។ (​ហ្វេសប៊ុក៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត National Election Committee​)

អ្នកជំនាញកិច្ចការបោះឆ្នោត និងអ្នកនយោបាយ បានហៅប្រតិកម្មរបស់នាយករដ្ឋមន្រ្តីដែលតម្រូវឱ្យ គ.ជ.ប លុបការបោះ​ឆ្នោតសាក​ល្បង​តាមអនឡាញក្នុងការជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ដែល​នៅ​សល់​ពេល​​ប្រមាណ១សប្តាហ៍ខាងមុខទៀតនេះ ថាជាការធ្វើឱ្យប៉ះពាល់ទៅ​​ដល់​​ឯក​​រាជ្យភាព​របស់ គ.ជ.ប។

ការលើកឡើងដូច្នេះ ធ្វើឡើង​ក្រោយពេល​លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន បានបញ្ជាភ្លាម​​ៗ​​តាមសារ​សំឡេងកាលពី​ព្រលប់​ថ្ងៃទី៩ ខែមិថុនា ​ទៅកាន់​អភិបាល​រាជធានី-ខេត្ត​ទូទាំងប្រទេស មិនឱ្យ​មានការ​​ប្រមូល​ផ្តុំ​ប្រជាពលរដ្ឋទៅ​ហ្វឹកហាត់រៀនសូត្រពីការបោះឆ្នោតសាកល្បង​ និង​ផ្ញើសារ​លិខិត​ស្នើឱ្យ​ គ.ជ.ប លុបចោល​គម្រោង​បោះឆ្នោត​សាកល្បងនេះ។

លោក កន សាវាង្យ មន្ត្រីជាន់ខ្ពស់​នៃ​កម្មវិធី​​អង្កេត​របស់​អង្គការ​ ខុមហ្វ្រែល (Comfrel) មានប្រសាសន៍​នៅថ្ងៃ​ព្រហស្បតិ៍នេះ​​​​ថា កិច្ចការនេះគួរទុកឱ្យ គ.ជ.ប. ជាអ្នក​​ធ្វើ​​សេចក្តី​សម្រេច​​​វិញ​​ល្អ​ជាង ព្រោះបញ្ហានេះទាក់ទិននឹងផ្នែកបច្ចេកទេស។ លោកបន្តថា ការដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លូកដៃចូលក្នុងដំណើរការបច្ចេកទេសរបស់ គ.ជ.ប ដូច្នេះ នឹងធ្វើឱ្យមានមន្ទិលសង្ស័យទៅលើឯករាជ្យភាពរបស់ស្ថាប័នជាតិរៀបចំការបោះឆ្នោតមួយនេះ។

លោកបន្តថា៖ «សម្រាប់ខ្ញុំថាគួរតែឱ្យស្ថាប័ន គ.ជ.ប ហ្នឹងធ្វើការពិចារណាវិញ។ ពិចារណាហ្នឹង មានន័យថា អា​ចនឹងពន្យារពេលរហូតដល់ពេលណា ឬក៏ត្រូវផ្អាកមួយរយៈសិន ឬយ៉ាងម៉េច! យើងគួរតែទុកលទ្ធភាពឱ្យស្ថាប័ន គ.ជ.ប សម្រេចចិត្តវិញ ព្រោះស្ថាប័ន គ.ជ.ប ជាស្ថាប័នឯករាជ្យមួយដែលអាចសម្រេចរឿងហ្នឹងបាន»។

តាមគម្រោង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ្រោងនឹងដាក់ឱ្យអង្គបោះឆ្នោត ចូលរួមបោះឆ្នោតសាកល្បងតាមអនឡាញឬហៅថាជា«ប្រព័ន្ធបោះឆ្នោតទំនើប» នៅថ្ងៃទី២០ ខែមិថុនា ខាងមុខនេះ។ ការបោះឆ្នោតសាកល្បងដែលគ្រោងរៀបចំនៅតាមការិយាល័យបោះឆ្នោតទាំង៥០ការិយាល័យនៅទូទាំងប្រទេស ឬ​២​ការិយាល័យ​ក្នុង​មួយ​ឃុំ-សង្កាត់ ដែល​មានសំណាក​គណបក្សនយោបាយចំនួន៥ ដែល គ.ជ.ប សន្មតនៅលើសន្លឹកបណ្ណបោះឆ្នោត ដើម្បីដាក់ឱ្យអង្គបោះ​​ឆ្នោត​ជ្រើសរើស។ 

នៅក្នុង​សារសំឡេង​កាលពី​ថ្ងៃទី៩ ខែមិថុនា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាង​ថា ស្ថិតក្នុងកាលៈទេសៈចំពោះមុខនៃ​វិបត្តិ​កូវីដ-១៩​នេះ មិ​នមានការ​ចាំបាច់ក្នុង​ការ​រៀបចំការបោះឆ្នោតសាកល្បងអ្វីនោះទេ។ លោកបន្តថា ហេតុនេះការបោះឆ្នោតណាមួយក្នុងពេលនេះ មិនគួរកើតមានឡើងនោះឡើយ។

លោកបន្តថា៖ «ខ្ញុំត្រូវអំពាវនាវចំពោះប្រជាពលរដ្ឋ ដាក់បទបញ្ជាឱ្យអភិបាលខេត្ត-រាជធានី ដើម្បីបញ្ឈប់ប្រមូលប្រជាជនមករៀនសូត្រតាមការចាត់តាំងរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតទាំងថ្នាក់ជាតិ ទាំងថ្នាក់ខេត្ត ឬថ្នាក់ណាក៏ដោយចុះ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបន្ថែមតាមរយៈសារលើបណ្តាញសង្គមហ្វេស​ប៊ុករបស់លោកដែរថា៖ «យើង​​គោរព​ឯករាជ្យភាព​របស់ គ.ជ.ប តែ គ.ជ.ប ក៏ត្រូវយល់ពីការលំបាក​របស់រាជរដ្ឋាភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុង​រង​សម្ពាធ​ពីការវាយលុករបស់កូវីដផង និងការស្តារសេដ្ឋកិច្ចឡើងវិញផង​»។

យ៉ាងនេះក្តី អ្នកនយោបាយនៃអតីតគណបក្សប្រឆាំងចាត់ទុកថា ការសម្រេចចិត្តរបស់លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន នៅពេលនេះ ទៅលើដំណើរការបោះឆ្នោតសាកល្បង ជារឿងនយោបាយច្រើនជាងផ្នែកបច្ចេកទេស។

ថ្លែងពីប្រទេសបារាំង តាមបណ្តាញសង្គម នៅថ្ងៃទី​១០ ខែមិថុនា លោក ម៉ែន សុថាវរិន្ទ អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ប្រចាំមណ្ឌលសៀមរាប យល់ឃើញថា ការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ស្ថាប័នជាតិដែលបម្រើឱ្យការបោះឆ្នោតដូច្នេះ បង្ហាញឱ្យឃើញពីឥទ្ធិពលរបស់នាយករដ្ឋមន្ត្រី​ទៅ​លើ គ.ជ.ប ហើយ​ក៏នឹងធ្វើឱ្យស្ថាប័ននេះលែងជា​ស្ថាប័នដែល​ផ្តល់ទំនុកចិត្តសម្រាប់អ្នកបោះឆ្នោតទៀតដែរ។ 

លោកបន្តថា៖ «នាយករដ្ឋមន្រ្តីគាត់បញ្ជាអ៊ីចឹង​មានន័យថា គាត់បញ្ជា គ.ជ.ប. គាត់បញ្ជាតុលាការ អ្វីៗទាំងអស់ហើយ! អានេះជាបុគ្គលខ្ញុំមើលឃើញ។ ហេតុនេះ វាគឺជារឿងនយោបាយសុទ្ធសាធ។ ខ្ញុំមើលទៅ នេះជារឿងនយោបាយទេ»។

យ៉ាងណាក៏ដោយ លោក កែម រិទ្ធិសិត ប្រធានកិត្តិយសគណបក្សខ្មែរតែមួយ និងជាសមាជិកឧត្តមក្រុមប្រឹក្សានិងពិគ្រោះយោបល់វិញ គាំទ្រចំពោះសេចក្តីសម្រេចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ 

បើតាមលោក រិទ្ធិសិត ដោយសារពេលនេះ កម្ពុជាកំពុងប្រឈមនឹងជំងឺកូវីដ-១៩ ហេតុនេះការលុបចោលដំណើរការបោះឆ្នោតសាកល្បងនេះ ជាមធ្យោបាយល្អប្រសើរដែរ។ មិនតែប៉ុណ្ណោះ លោកយល់ថា ការបោះឆ្នោតតាមប្រព័ន្ធបច្ចេកវិទ្យាឬបោះឆ្នោតតាមអនឡាញនេះ ពិតជាពិបាកជឿទុកចិត្តថា មានភាពសុក្រឹត្យ សេរី និងយុត្តិធម៌ណាស់។

លោក កែម រិទ្ធិសិត មានប្រសាសន៍​ថា៖ «ប្រព័ន្ធចាស់ មានន័យថា ប្រជាពលរដ្ឋគាត់មានសិទ្ធិទៅចុះឈ្មោះ មានសិទ្ធិទៅបោះឆ្នោតដោយបង្ហាញខ្លួន។ បើយើងបោះឆ្នោតតាមប្រព័ន្ធទំនើបដោយប្រព័ន្ធអេឡិចត្រូនិចនេះ គឺថាយើងវាមិនអាចថាទុក​​ចិត្ត​​​​​​​​ទេ»។

បើទោះជាបែបណា ភ្លាមៗក្រោយប្រតិកម្មពីលោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ខ្លួននឹងលុបចោលដំណើរការ​បោះឆ្នោតសាកល្បងដែលគ្រោងនឹងរៀបចំនៅថ្ងៃទី២០ ខែមិថុនាខាងមុខនេះ។ 

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បដិសេធក្នុងការអត្ថាធិប្បាយលើការស្នើ​របស់លោកនាយករដ្ឋមន្រ្តី។ 

ឆ្លើយនឹងសំណួរថាតើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅតែរក្សាជំហរដូចដើមឬយ៉ាងណា​ចំពោះ​​គម្រោង​ដាក់ឱ្យសាកល្បងការបោះឆ្នោតតាមប្រព័ន្ធអនឡាញនេះ លោក ហង្ស ពុទ្ធា បញ្ជាក់ថា គឺត្រូវរង់ចាំមើលស្ថានភាពក្រោយវិបត្តិកូវីដ-១៩នេះស្ងប់ស្ងាត់ទៅវិញសិន។

លោកបន្តថា៖ «គឺផ្អែកទៅលើកូវីដ-១៩ អ៊ីចឹងអ្វីៗទាល់តែចប់កូវីដ-១៩ បានយើងមានការប្រកាសថា តើ គ.ជ.ប ត្រូវដើរតាមវិធីណា»។

សម្រាប់លោក កន សាវាង្យ មន្រ្តីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការ​ខុមហ្វ្រែល ដែលតាមដានពីដំណើរការប្រព័ន្ធបោះឆ្នោតថ្មី មើលឃើញថា ការបោះឆ្នោតតាមអនឡាញនេះជាជំនួយឬជាមធ្យោបាយដ៏ល្អទៅវិញទេ ពីការឆ្លងកូវីដ-១៩ ព្រោះការបោះ​​ឆ្នោតនេះមិនធ្វើឱ្យអ្នកបោះ​ឆ្នោត​ពពាក់ពពូនគ្នាដូចប្រព័ន្ធចាស់។ លោកបន្ត​ថា ព្រោះតែបង្ការ​រឿងកូវីដនេះ គ.ជ.ប ព្យាយាមលើកពេលបោះឆ្នោតសាកល្បងនេះជាច្រើនដងមកហើយ។ 

អ្នកជំនាញកិច្ចការបោះឆ្នោតរូបនេះ មានសុទិដ្ឋិនិយមថា ប្រព័ន្ធបោះឆ្នោតថ្មីនិងទំនើបនេះ មិនត្រឹមតែជាឧបករណ៍​ជួយអ្នកបោះឆ្នោតឱ្យមានភាពងាយស្រួលទេ វានឹងក្លាយជាប្រព័ន្ធបោះឆ្នោតមួយដែលជឿទុកចិត្ត សេរី ត្រឹមត្រូវ និងយុត្តិធម៌ថែមទៀតផងសម្រាប់អ្នកបោះឆ្នោត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ