ក្រសួង​មហា​ផ្ទៃ​ ចេញ​វិធាន​ការ​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ-១៩​ក្នុង​ពន្ធនាគារ​

កម្មវិធីចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ដល់ជនជាប់ឃុំនៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ដំណើរការចាប់ពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ សហការដោយអនុគណៈកម្មការចំពោះកិច្ចនៃក្រសួងមហាផ្ទៃ។ (គេហទំព័រ៖ ក្រសួងមហាផ្ទៃ/ interior.gov.kh)

ក្រសួងមហាផ្ទៃ ដាក់ចេញវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមមណ្ឌលអប់រំកែប្រែនិង​ពន្ធនាគារតាមរាជធានី-ខេត្ត ក្រោយរកឃើញជំងឺមួយនេះបានឆ្លងដល់មន្ត្រីអនុរក្សពន្ធនាគារនិងអ្នកជាប់ឃុំមួយចំនួន។

នៅក្នុង​សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃបាន​លើក​ឡើង​​ថា បច្ចុប្បន្ន​​ជំងឺកូវី​ដ-១៩ បាន​និងកំពុង​ឆ្លង​ចូល​ក្នុង​មណ្ឌល​អប់រំ​កែប្រែនិង​ពន្ធនាគារ​រាជធានី-ខេត្តមួយចំនួន តាមរយៈការរកឃើញវិជ្ជមាន​លើមន្ត្រីអនុរក្សពន្ធនាគារនិងអ្នកជាប់ឃុំ។

ករណីនេះ ក្រសួង​​​ប្រាប់ទៅអភិបាលរាជធានី-ខេត្តឱ្យយកចិត្តទុកដាក់​សម្រប​សម្រួល​​ជាមួយ​មន្ទីរ​សុខាភិបាលនិង​ស្ថាប័នពាក់ព័ន្ធផ្សេងទៀត ផ្តល់ការគាំទ្រដល់អគ្គនាយកដ្ឋានពន្ធនាគារនិងមណ្ឌលអប់រំកែប្រែដែលរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ដោយធ្វើការចាត់ចែងព្យាបាលអ្នកជំងឺ រួមទាំងពង្រឹងការអនុវត្តវិធានការសុខាភិបាលនៅតាមមណ្ឌលអប់រំកែប្រែនិងពន្ធនាគារ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្ថែមទៀត។

សេចក្តីណែនាំដដែលនេះបន្ថែមថា ចំពោះ​មណ្ឌល​អប់រំកែប្រែនិងពន្ធនាគារខេត្តដែលមិនទាន់ឆ្លងជំងឺកូវីដ-១៩ ត្រូវពង្រឹងការអនុវត្តវិធានការសុខាភិបាល ការធ្វើអនាម័យជាប្រចាំនៅតាមទីកន្លែងបំពេញការងារ និងតាមបន្ទប់ឃុំឃាំងនានា ដោយពាក់ម៉ាស់ លាងសម្អាតដៃដោយសាប៊ូ ទឹកអាល់កុល ឬជែល ការវាស់កម្ដៅលើមន្ត្រីអនុរក្សពន្ធនាគារនិងអ្នកជាប់ឃុំ រួមទាំងពិនិត្យសុខភាពមុនអនុញ្ញាតឱ្យចេញចូលពន្ធនាគារ ជាដើម។

ក្រសួងមហាផ្ទៃ ក៏ជំរុញឱ្យបង្កើនការយកចិត្តទុកដាក់ដល់ការរក្សាសន្តិសុខនិងសុវត្ថិភាពនៅតាមមណ្ឌលអប់រំកែប្រែនិងពន្ធនាគារទាំងអស់ឱ្យបានល្អប្រសើរផងដែរ ហើយថា ក្នុងករណីមានការឆ្លងជំងឺកូវីដ-១៩ នៅមណ្ឌលអប់រំកែប្រែឬពន្ធនាគារណាមួយនោះ អភិបាលរាជធានី-ខេត្តត្រូវសហការជួយធ្វើអន្តរាគមន៍ឆ្លើយតបនិងត្រូវរាយការណ៍ជាបន្ទាន់ទៅក្រសួងមហាផ្ទៃ។

អ្នកនាំពាក្យអគ្គនាយកដ្ឋាន​ពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា បានបដិសេធឆ្លើយតបបន្ថែម ដោយប្រាប់ថាជាប់រវល់។

អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង មានប្រសាសន៍ថា ពន្ធនាគារនៅខេត្តនេះពុំទាន់​មានករណីឆ្លងជំងឺកូវីដ-១៩ នៅឡើយទេ។ លោកស្រីបន្ថែមថា កន្លងមក ទាំងអាជ្ញាធរខេត្តនិងមន្ត្រីពន្ធនាគារបានយក​ចិត្តទុកដាក់ខ្ពស់ ក្នុងការការពារនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ក្នុងពន្ធនាគារ តាមរយៈការអនុវត្តវិធានការការពាររបស់ក្រសួងសុខាភិបាល។

អភិបាលខេត្តរូបនេះបន្តថា រដ្ឋបាលខេត្តនឹងពង្រឹងការអនុវត្តទៅតាមការណែនាំរបស់ក្រសួងមហាផ្ទៃនេះបន្តទៀត ដើម្បីកុំឱ្យមានការឆ្លងដល់ពន្ធនាគារ។

លោកស្រីបន្ថែមថា៖ «យើងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន​នូវវិធាន​ការ​ការពារ​របស់ក្រសួងសុខាភិបាល ដោយយើង​បាន​ត្រៀម​សម្រាប់អ្នកចូលពន្ធនាគារថ្មី គឺយើងដាក់ឱ្យធ្វើចត្តាឡីស័ក។ ហើយយើងបានធ្វើតេស្តនិងត្រួតពិនិត្យបន្ថែមទៀតលើការអនុវត្តវិធានការការពាររបស់ពួកគាត់ និងយើងពង្រឹងកិច្ចការងារណាដែលនៅ​ខ្វះ​ចន្លោះ»

អនុប្រធានអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ករណីក្រសួងមហាផ្ទៃប្រាប់ឱ្យអភិបាលរាជធានី-ខេត្ត ពង្រឹងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលមណ្ឌលអប់រំ​កែប្រែនិងពន្ធនាគារនោះ គ្រាន់តែគោលការណ៍មួយប៉ុណ្ណោះ ប៉ុន្តែមិនអាចអនុវត្តបាននូវវិធានការការពាររបស់ក្រសួងសុខាភិបាលបានទេ ដោយសារ​តែភាពចង្អៀតណែនក្នុងពន្ធនាគារ។

មន្ត្រីសិទ្ធិមនុស្សរូបនេះបន្តថា សង្គមស៊ីវិលនៅតែមានការព្រួយបារម្ភពីការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមមណ្ឌលអប់រំកែប្រែនិងពន្ធនាគារ ដោយសារតែនៅក្នុងពន្ធនាគារមានភាពចង្អៀតណែន មិនអាចរក្សាគម្លាត អនាម័យ បរិស្ថាន ការបរិភោគ និងការប្រើប្រាស់ទឹកស្អាត ជាដើម។

លោកបន្ថែមថា៖ «អ៊ីចឹង​វានៅតែមានហានិភ័យខ្ពស់! អ៊ីចឹងអ្វីដែលសំខាន់ ក្រៅពីឱ្យមន្ត្រីពង្រឹងការអនុវត្តវិធានការនូវការទប់ស្កាត់របស់ក្រសួងសុខាភិបាលហ្នឹង រដ្ឋាភិបាលត្រូវរិះរកមធ្យោបាយនិងវិធី ដើម្បីកាត់បន្ថយ​ភាពចង្អៀតណែននៅក្នុងពន្ធនាគារ ដូចដែលអង្គការសង្គមស៊ីវិលធ្លាប់ផ្តល់អនុសាសន៍នៅពេលកន្លង​មក គឺទាក់ទងនឹងមធ្យោបាយនិងវិធីសាស្ត្រ ដើម្បីដោះលែងទៅលើអ្នកជាប់ឃុំមួយចំនួន ដូចជា ការឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ការពន្លឿននីតិវិធីក្នុងការកាត់សេចក្តី និងការដោះលែងអ្នកដែលជិតផុតទោស ជាដើម»

កាលពីខែឧសភា ឆ្នាំ២០២១នេះ មន្រ្តីរដ្ឋាភិបាលកម្ពុជាឱ្យដឹងថា ពន្ធនាគារចំនួន៤ ក្នុងចំណោមពន្ធនាគារចំនួន២៨នៅទូទាំងប្រ​ទេស​ មានផ្ទុះករណី​ឆ្លងជំងឺ​កូវីដ-១៩ ដោយ​ផ្តើមដំបូងនៅដើមខែឧសភានេះ មាន​ចំនួន៣៤ករណី នៅព​ន្ធ​នាគារខេត្តព្រះសីហនុ។ បន្ទាប់មក នៅថ្ងៃទី២០ ខែឧសភា ផ្ទុះ១៨ករណី នៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ និងក្នុងចំនួនមិនជាក់លាក់នៅព​ន្ធ​នាគារ PJ រាជធានីភ្នំពេញ ខណៈពេលដែល​ពន្ធនាគារ​ខេត្តកណ្តាល មានអ្នកឆ្លងកើនដល់ជាង៣០០នាក់ គិតចាប់តាំងពីថ្ងៃទី២៥ ខែឧសភាមក។ បើតាមមន្ត្រីរដ្ឋាភិបាលដដែល អ្នកជាប់ឃុំនៅក្នុងពន្ធនាគារទូទាំងប្រទេសមានប្រមាណ៤០ ០០០​នាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ