ពលរដ្ឋ​វិនិយោគ​នៅ​ក្រុមហ៊ុន​ GoldFX​ ​តវ៉ា​ជា​ថ្មី​ជំទាស់​សំណើ​ចូលរួម​ប្តឹង​ជន​ទី​៣​ជាមួយ​ក្រុមហ៊ុន

អតិថិជនដែលបានដាក់លុយវិនិយោគនៅក្រុមហ៊ុន GoldFX Investment បាននាំគ្នាតវ៉ាទាមទាររកដំណោះស្រាយពីក្រុមហ៊ុនករណីបាត់លុយវិនិយោគនៅក្រុមហ៊ុននេះ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ពលរដ្ឋដែលជាអ្នកវិនិយោគជាមួយក្រុមហ៊ុន GoldFX Investment រាប់សិបនាក់បានជួបជុំគ្នាមុខស្នាក់ការក្រុមហ៊ុនក្នុងខ​ណ្ឌ​ទួលគោក រាជធានីភ្នំពេញ ជាថ្មីម្តងទៀត នៅព្រឹ​​កថ្ងៃទី៩ ខែមិថុនានេះ ដើម្បីដាក់ញត្តិបដិសេធមិនចូលរួមប្តឹងជនទី៣ជាមួយក្រុមហ៊ុន ខណៈពួកគេថាបញ្ហានេះគឺជាការទទួលខុសត្រូវរបស់ក្រុមហ៊ុនទាំងស្រុង។ ​

កាលពីថ្ងៃទី៣១ ខែឧសភា អ្នកវិនិយោគប្រមាណ៦០នាក់បានប្រមូលគ្នាតវ៉ានៅមុខសាខាក្រុមហ៊ុនម្តងរួចមកហើយ ដើ​ម្បីទាមទារឱ្យក្រុមហ៊ុនទទួលខុសត្រូវសងប្រាក់ដើមរបស់ពួកគេដែលបានបាត់ បន្ទាប់ពីរង់ចាំដំណោះស្រាយសមស្របពីក្រុមហ៊ុនអស់រយៈពេល២ខែ។

ពលរដ្ឋម្នាក់ដែលបានដាក់លុយវិនិយោគចំនួនជាង៨ម៉ឺនដុល្លារ បានប្រាប់ វីអូឌី ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា ពួកគេប្រមាណ៧០នាក់បានយកញត្តិបង្ហាញពីជំហរបដិសេធមិនចូលរួមប្តឹងជនទី៣​តាមការស្នើរបស់ក្រុមហ៊ុនឡើយ។ លោកបន្ថែមថា ពួកគេមួ​យចំនួនប​ន្តទៅក្រសួងសេដ្ឋកិច្ច និងហិ​រ​​​ញ្ញ​វត្ថុ ដើម្បី​ស្នើសុំកិច្ចអន្តរាគមន៍ពីក្រសួង ចំពោះញត្តិដែលពួកគេបា​ន​ដាក់កាលថ្ងៃម្សិលមិញ។

លើសពីនេះ ពួកគាត់ក៏បានស្នើសុំអន្តរាគមន៍ពីខុទ្ទកាល័យ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ហើយថា លោកនាយករដ្ឋមន្រ្តីបានចា​ត់តាំងលោក ដួង តារា ដើម្បីចូលរួមជួយសម្របសម្រួលដោះស្រាយទាមទារឱ្យក្រុមហ៊ុនទទួលខុសត្រូវលើប្រាក់ដែ​លបានបាត់បង់។

លោកថ្លែងថា៖ «ពួកខ្ញុំគ្រាន់តែទាមទារប្រាក់ដើមមកវិញ ឱ្យជួយអន្តរាគមន៍យកប្រាក់ដើមមកវិញ។ ព្រោះអីរឿងលុយហ្នឹងវាមិ​ន​ត្រូវបាត់ទៅដោយងាយស្រួលទេបើសិនជាគ្មានស៊ីញ៉េពីប្រធានក្រុមហ៊ុនចេញទៅ​ មិនអាចបុគ្គលិកណាយកលុយរត់ទាំងលា​​​​នបានទេ»។

អ្នកវិនិយោគម្នាក់ទៀត ឈ្មោះ ម៉ុម ពេជ្របញ្ញា ដែលបានចូលរួមដាក់ញត្តិផងនោះ បានឱ្យដឹងថា រយៈពេលជាង២ខែមកនេះ ក្រុមហ៊ុនមិនបានផ្តល់ដំណោះស្រា​យសមរម្យណាមួយដែលអាចទទួលយកបាន ដើម្បីឱ្យពួកគេមានទំនុកចិត្តអាចយកប្រាក់វិនិយោគចំ​នួន៨ ០០០ដុល្លាររបស់លោកមកវិញនោះទេ។ 

និស្សិតវិស្វករផ្នែកគូសប្លង់រូបនេះបន្ថែមថា លោកសង្ឃឹមថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ អាចរកដំណោះស្រាយដល់ពួកគេបានឆា​ប់រហ័ស។

លោក ពេជ្របញ្ញា និយាយថា៖ «ដោយសារពួកខ្ញុំរង់ចាំយូរពេក គឺអត់មានដំណោះស្រាយល្អទេ។​ សម័យកូវីដអ៊ីចឹងផង វាបាត់លុយអ៊ីចឹងទៀត អ៊ីចឹងវាធ្វើឱ្យអតិថិជនពិបាកខ្លាំង»។

អ្នកវិនិយោគមួយរូបទៀតប្រាប់ថាឈ្មោះ ម៉ិញ ដែលបានដាក់លុយចំនួន១០ ០០០ ដុល្លារដែលប្រមូលពីក្រុមគ្រួសារ លើ​កឡើងថា លោកនិងអ្នកវិនិយោគដទៃបានផ្តល់ទំនុកចិត្តខ្ពស់ចំពោះក្រុមហ៊ុន Gold FX ដោយសារក្រុមហ៊ុនមានអា​​ជ្ញាបណ្ណ និងចុះបញ្ជីនៅក្រសួង ព្រមទាំងមានតំណាងមកពីគ្រួសារមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលទៀតផង។ យ៉ាងណា ​និស្សិតផ្នែកពាណិជ្ជកម្ម​រូបនេះបន្ថែមថា លោកនឹងបន្តចូលរួមតវ៉ាទាមទារយកប្រា​ក់ដើមមកវិញឱ្យទាល់តែបាន។

លោក ម៉ិញ និយាយថា៖ «គោលជំហររបស់យើង គឺនៅតែមកអ៊ីចឹងដដែល ធ្វើអ៊ីចឹងរហូត តាមបណ្តាញសង្គម មកផ្ទាល់ មកក្រុមហ៊ុន គឺតវ៉ារហូត! រហូតដល់បានដំណោះស្រាយពីខាងក្រុមហ៊ុន»។

អ្នកវិនិយោគម្នាក់ទៀត ឈ្មោះ យន់ សុផុល ដែលបានវិនិយោគលុយចំនួន៣ ០០០ដុល្លារនៅក្រុមហ៊ុន GoldFX នៅដើមខែមីនា ឆ្នាំ២០២០ ឱ្យដឹងថា គាត់មិនអាចចូលរួមប្តឹងជនទី៣ជាមួយក្រុមហ៊ុននោះទេ ដោយថា បញ្ហានេះគឺជាការទ​ទួ​លខុសត្រូវរបស់ក្រុមហ៊ុនទាំងស្រុង។ 

អ្នកនាង យន់ សុផុល និយាយថា៖ «បញ្ហាអ្នកដែលគេកេងប្រវ័ញ្ច កិបកេងប្រមូលលុយទៅប៉ុន្មាននាក់ក៏ដោយ គឺជារឿងផ្ទៃក្នុងរ​បស់ក្រុមហ៊ុន។ អតិថិជនទាំងអស់គឺយកលុយមកវិនិយោគជាមួយក្រុមហ៊ុន គឺអត់ដែលស្គាល់បុគ្គលទាំងអស់ហ្នឹងទេ។ អ៊ីចឹងប​ញ្ហា​​ទាំងអស់ហ្នឹងគឺជាទំនួលខុសត្រូ​វរបស់ក្រុមហ៊ុន»។

វីអូឌី មិនអាចទាក់ទងសុំការឆ្លើយតបពីតំណាងរបស់ក្រុមហ៊ុន GoldFX Investment បានទេ។ ដោយឡែក ជំនួយការផ្ទាល់លោកនាយករដ្ឋមន្រ្តី ហ៊ុ​ន សែន លោក ដួង តារា ក៏មិនអាចរកការឆ្លើយតបបានឡើយដែរនៅថ្ងៃពុធនេះ ខណៈ​អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន ថ្លែងថា ក្រសួងនឹងពិនិត្យមើលសំណើក្នុងញត្តិរបស់ពលរដ្ឋដែលបានដាក់មកនោះ។

កាលពីថ្ងៃទី២ ខែមិថុនា ក្រុមហ៊ុន GoldFX បានចេញសេចក្តីប្រកាសព័ត៌មានមួយលើទំព័រ Facebook ឆ្លើយតបទៅនឹងការត​វ៉ារបស់អតិថិជនអ្នកវិនិយោគទាមទាររកដំណោះស្រាយនៅមុខក្រុមហ៊ុន។ ក្នុងលិខិតនោះ ក្រុមហ៊ុនបានស្នើឱ្យអតិថិជនរង​គ្រោះមានភាពអត់ធ្មត់រង់ចាំដំណោះស្រាយ ដែល​ធ្វើឡើងតាមនីតិវិធីតុលាការ ដោយប្តឹងទៅជនដែលបានធ្វើឱ្យបាត់លុយនោះ។

យ៉ាងណា វីអូឌី មិនអាចសុំការអធិប្បាយពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានទេ នៅថ្ងៃទី៩ ខែមិថុនានេះ ដោយលោកថា លោកមិនទាន់បានពិនិត្យមើលពាក្យបណ្តឹងរបស់ក្រុមហ៊ុននៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ