អាមេរិក​​​អំពាវនាវ​​ឱ្យ​​រដ្ឋា​ភិបាល​កម្ពុជា​ដោះ​លែង​សកម្ម​ជន​បរិស្ថាន​

លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្វាគមន៍លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា មកចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ស ខេង)

​ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ​អំពាវនាវ​​​ដល់រដ្ឋាភិបាលកម្ពុជាដោះលែង​សកម្មជន​បរិស្ថាន ដោយ​សម្អាង​ថា សេរីភាពបញ្ចេញមតិជាសិទ្ធិមូល​ដ្ឋានមានចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ខណៈ​ការហ៊ាននិយាយ​ដើម្បី​ការពារបរិស្ថាន​ជារឿងគួរឱ្យសរសើរ។

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា​ បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនថា កាលពីម្សិលមិញ ឯកអគ្គរដ្ឋទូត លោក W. Patrick Murphy បានជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា លោក ស ខេង នៅទីស្តីការក្រសួងមហាផ្ទៃ។

បើតាមស្ថានទូតដដែលនេះ ផ្នែកមួយនៃការទាមទារឱ្យដោះលែងសកម្មជន​បរិស្ថាន ត្រូវបានឯកអគ្គ​រដ្ឋ​ទូតលើក​ឡើង​នៅ​ចំពោះមុខ​មន្ត្រីជាន់ខ្ពស់បក្សកាន់អំណាច លោក ស ខេង ។

លោក W. Patrick Murphy ត្រូវបានទំព័រហ្វេស​ប៊ុករបស់ស្ថានទូតស្រង់ប្រសាសន៍មក​ថា៖ «សេរីភាពបញ្ចេញមតិ គឺជាសិទ្ធិមនុស្សជាមូលដ្ឋានដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញកម្ពុជា។ ការហ៊ាននិយាយដើម្បីការពារបរិស្ថានដែលប្រឈមនឹងការគំរាមកំហែង ដោយសារការកាប់ឈើខុសច្បាប់និងកេងយកប្រយោជន៍ពាណិជ្ជកម្ម គឺជារឿងគួរឱ្យសរសើរទៅវិញទេ»។

ភាគីអាមេរិកក៏បានរំឭកផងដែរថា ការគោរពនូវសិទ្ធិសេរីភាពជាមូលដ្ឋានអាចជួយធានានូវអនាគតមួយដែលប្រ​កបដោ​យសុខស​ន្តិភាព វិបុលភាព មានអធិបតេយ្យ និងប្រជាធិបតេយ្យ សម្រាប់ប្រទេសកម្ពុជា។

ក្រោយជំនួបនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​កម្ពុជា លោក ស ខេង  បានគូសបញ្ជាក់លើហ្វេសប៊ុករបស់លោកថា រដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋានតែងតែចាត់ទុកអ្នកធ្វើការងារផ្នែកបរិស្ថានជាដៃគូ និង​លើកទឹកចិត្តអ្នកធ្វើការងារពាក់ព័ន្ធនឹងបញ្ហានេះ ដើម្បីដោះស្រាយបញ្ហារួមជាមួយគ្នា។

លោកគូសបញ្ជាក់ថា៖ «កន្លងមក ក៏មានសកម្មភាពមួយចំនួន​ដែលបានធ្វើឡើ​ងក្រោមហេតុផលនៃសកម្មភាពការពារបរិស្ថាន ប៉ុន្តែមានចេតនាបង្កបញ្ហាអសន្តិសុខ ប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ ដែលស​កម្ម​​ភាព​ទាំងនោះ អាជ្ញាធរមានសមត្ថកិច្ចត្រូវតែមានវិធានការសមស្របទៅតាមច្បាប់»។

ការជំរុញរបស់សហរដ្ឋអាមេរិកនេះ ធ្វើឡើង​ស្របពេលដែលយុវជនមាតាធម្មជាតិ ៣នាក់ រួម​មាន លោក ថុន  រដ្ឋា កញ្ញា ឡុង គន្ធា និងកញ្ញា​ ភួន កែវរស្មី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស១៨ខែ និងពិន័យប្រាក់ម្នាក់ៗ៤លានរៀល ក្រោមបទ​ចោទ​ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» កាលពី​ថ្ងៃទី៥ ខែឧសភា​ ឆ្នាំ២០២១។

ពួកគេត្រូវបានចាប់ខ្លួនកាល​ពី​​​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពី​​ប្រកាសគម្រោង​ធ្វើ​​យុទ្ធនាការ​ដើរ​ថ្មើរជើង​ពី​វត្តភ្នំ ទៅកាន់​ផ្ទះ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ដាក់​ញត្តិ​សុំ​ឱ្យ​បញ្ឈប់​ការ​លុប​បឹង​កប់ស្រូវ ឬបឹង​តា​មោក ក្នុងរាជធានីភ្នំពេញ។ បើគិតត្រឹមថ្ងៃអង្គារនេះ ពួកគេត្រូវបានឃុំខ្លួនជាង​៩ខែមកហើយ។

កញ្ញា​ ឡុង សុខលីន ជាប្អូនស្រីរបស់កញ្ញា ឡុង គន្ធា សកម្មជនមាតាធម្មជាតិដែលកំពុងជាប់ឃុំ បាន​និយាយ​នៅថ្ងៃអង្គារនេះ​ថា បងស្រីរបស់ខ្លួន​​មិនបានធ្វើអ្វីខុស​ដូចអាជ្ញាធរ​ចោទប្រកាន់នោះទេ។ កញ្ញាបាន​​ស្នើឱ្យដោះលែងបងស្រីវិញ ដើម្បីបញ្ជាក់ថា វិធានការច្បាប់មិនដាក់ទោសទណ្ឌអ្នកដែលចូលរួម​ការពារ​បរិស្ថាន។

កញ្ញាថា៖ «ខ្ញុំគិតថា វាអត់មានប៉ះពាល់ [សន្តិសុខសង្គម] អីទេ! ព្រោះគាត់ធ្វើហ្នឹង គាត់ដើរទៅតែឯងទេ វាមិនមែនជាក្រុមទៅដល់១០​នាក់ឯណា! ហើយគាត់ដើរតែឯង វាមានប៉ះពាល់អីដល់សណ្តាប់ធ្នាប់​សង្គម ឬធ្វើឱ្យចលាចលដល់សន្តិសុខសង្គមអីទេ»។

អ្នកស្រី ប៉ាត់ រស្មី ភរិយាលោក ថុន រដ្ឋា ដែលជាសកម្មជនបរិស្ថាន​កំពុង​ជាប់ឃុំម្នាក់ទៀត និយាយថា៖ «ប្តីខ្ញុំគាត់អត់មានធ្វើអ្វីខុសនឹងច្បាប់ទេ ហើយគាត់ក៏អត់មានអសន្តិសុខដល់សង្គមដែរ គាត់គ្រាន់តែការពារបរិស្ថាន ហើយគាត់និយាយរឿងលុបបឹងតាមោក។ ខ្ញុំសំណូមពរឱ្យតុលាការ ក៏ដូចជារដ្ឋាភិបាល គួរតែពិចារណាឡើងវិញទៅ គួរតែឱ្យគាត់បាននៅក្រៅឃុំផង»។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍​ថា សេរីភាព​បញ្ចេញ​មតិនិង​ការចូល​រួមជីវភាពនយោបាយ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា ដែលសិទ្ធិនេះគ្របដណ្តប់ទៅលើការបញ្ចេញ​មតិ ការជួបជុំ រួមទាំង​ការដង្ហែ​ក្បួន​ដោយ​សន្តិវិធី។

លោកគត់សម្គាល់ថា សកម្មជនបរិស្ថាននិងសកម្មជននយោបាយដែលត្រូវបានចាប់ឃុំខ្លួន​កន្លងទៅ ពួកគេបាន​ប្រើប្រាស់សិទ្ធិនេះ ដោយមិនប្រើអាវុធឬដំបងបង្ក​ផលប៉ះពាល់ដល់​សន្តិសុខសង្គម ដូចដែលអាជ្ញាធរ​បាន​ចោទ​ប្រកាន់នោះ​ទេ។ ករណីនេះ លោកយល់ថា​ ដើ​ម្បី​ឱ្យប្រាកដថាការអនុវត្តច្បាប់តបតាមរដ្ឋធម្មនុញ្ញ អ្នកដែលបានចាប់ខ្លួនទាំងនោះគួរត្រូវបានដោះលែងវិញ។

លោកថា៖ «នៅក្នុងសង្គមយើងត្រូវការមនុស្សដែលខ្វល់ខ្វាយរឿងសង្គម ដើម្បីឱ្យសង្គមយើងឈានទៅដល់ការរីកចម្រើនលើ​កា​រគោរពសិទ្ធិមនុស្ស ជាពិសេសធ្វើឱ្យមនុស្សរស់នៅដោយសេចក្តីថ្លៃថ្នូរ […] យោងទៅលើរដ្ឋធម្មនុញ្ញធានាច្បាស់ណាស់អំ​ពី​សិទ្ធិ​​របស់ពលរដ្ឋ​ ក្នុងការចួលរួមកិច្ចការសង្គម ការធ្វើបាតុកម្មដោយសន្តិវិធី ការដង្ហែក្បូនដោយសន្តិវិធី មិនមែនជាបទល្មើសទេ»។

អនុប្រធានប្រចាំអាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) លោក Phil Robertson បាននិយាយក្នុងសេចក្ដីថ្លែងការណ៍ កាលពី​ខែឧសភា ឆ្នាំ២០២១ ថាការផ្ដន្ទាទោសលើសកម្មជនបរិស្ថាននៃអង្គការ​មាតាធម្មជាតិ ជាការសង​សឹក ដោ​យ​ថា សកម្មជនបរិស្ថានទាំងនេះបានបង្ហាញភាពក្លាហាននិយាយអំពីអំពើពុករលួយនិងការរំលោភសិទ្ធិនានាដែលជាប់ទាក់ទងនឹងសម្ព័​ន្ធអាជីវកម្ម​ ដែលគំរាមកំហែងដល់ធនធានធម្មជាតិនិងជីវចម្រុះកម្ពុជា។

 លោក Phil Robertson បានចាត់ទុកការចោទប្រកាន់​នោះ​ថាជា«ការបង្កើតបទប្រព្រឹត្តក្លែងក្លាយ» និងទាមទារឱ្យដោះលែងជាបន្ទាន់និង​គ្មានលក្ខខណ្ឌ លើការផ្ដន្ទាទោស​ចំពោះសកម្មជនបរិស្ថានទាំងនោះ៕ 


អត្ថបទទាក់ទង៖

លោក ថុន រដ្ឋា និងកញ្ញា ភួន កែវរស្មី ក្រោយចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ (សុខ ចន្ទ្រាវុធ)

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋា​ភិបាល​ថា​ ការ​ស្នើ​ឱ្យ​ដោះ​លែង​អ្នក​ទោស​មន​សិការ​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​មាន​ចរិត​នយោបាយ ​

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលើកឡើងថា ការចេញសេចក្តីថ្លែងការណ៍រួមរបស់អង្គការទាំង២០ ដែលអំពាវនាវដល់រដ្ឋាភិបាលឱ្យដោះលែងអ្នកទោសមនសិការទាំងអស់ គឺជាការទាមទារដែលមានចរិតនយោបាយ និងមិនសមស្របខុសនឹងនីតិវិធីច្បាប់នៃរដ្ឋធម្មនុញ្ញកម្ពុជា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ