សហជីព​ដាក់​ញត្តិ​ជាមួយ​ស្នាម​មេដៃ​ជាង​២​ពាន់​ទៅ​ក្រសួង​ការងារ​​ប្តឹង​ក្រុម​ហ៊ុន​ណាហ្គាវើលដ៍

តំណាងសហជីពណាហ្គាវើលដ៍ បានយកញត្តិជាមួយស្នាម​មេដៃអ្នកគាំទ្រ​ជាង២ ០០០នាក់​ (២ ០៤៩នាក់​) ទៅដាក់នៅក្រសួងការងារ ដើម្បីប្តឹងទាមទារឱ្យក្រុមហ៊ុនកាស៊ីណូមួយនេះបញ្ឈប់ការកាត់បុគ្គលិកជាង១ ០០០នាក់ ព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១។ (ត្រាន់ តិចសេង)

តំណាងសហជីពណាហ្គាវើលដ៍ បានយកញត្តិជាមួយស្នាម​មេដៃអ្នកគាំទ្រ​ជាង២ ០០០នាក់​ (២ ០៤៩នាក់​) ទៅដាក់នៅក្រសួងការងារ នាព្រឹ​កថ្ងៃអង្គារនេះ​ ដើម្បីប្តឹងទាមទារឱ្យក្រុមហ៊ុនកាស៊ីណូមួយនេះបញ្ឈប់ការកាត់បុគ្គលិកជាង១ ០០០នាក់។

សហជីពណាហ្គាវើលដ៍ បានផ្តើមធ្វើយុទ្ធនាការប្រមូលស្នាមមេដៃគាំទ្រពីបុគ្គលិកណាហ្គាវើលដ៍ទាំង២សាខាកាលពីសប្តាហ៍មុ​ន ប​ន្ទាប់ពីការចរចាជាមួយក្រុមហ៊ុនជាច្រើនលើកបានបរាជ័យ។ 

អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៅក្រុមហ៊ុនណាហ្គាវើលដ៍ អ្នកស្រី ឈុន សុខា ប្រាប់ ​វីអូឌី ក្រោយពី​ដាក់ញត្តិរួចថា គោលបំណងនៃការដាក់ញត្តិរបស់ពួកគេ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីក្រ​សួ​ងការងារ ទាមទារឱ្យក្រុមហ៊ុន ណាហ្គាវើលដ៍ បញ្ឈប់ការកាត់​បុគ្គលិកចំនួន១​ ៣​២៩នាក់​ជាបន្ទាន់។

ថ្នាក់ដឹកនាំសហជីពដែលមានសមាជិកជាង៤ ០០០នាក់ តំណាងឱ្យ​​បុគ្គលិកកម្មករខ្មែរជាង៨ ០០០នាក់រូបនេះ បន្ថែមថា សេចក្តី​​​សម្រេចកាត់បុគ្គលិកដែលមាន​ទាំងថ្នាក់ដឹកនាំនិងសកម្មជនសហជីពទាំងអស់នេះ ជាការរំលោភសិទ្ធិមនុស្សនិងសិទ្ធិការងារធ្ង​ន់ធ្ងរ ដែលទាមទារឱ្យភាគីពាក់ព័ន្ធចូលរួមដោះស្រាយ។

អ្នកស្រី ឈុន សុខា ថ្លែងថា៖ «រឿងដែលកើតហេតុនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍នេះ មិនមែនជារឿងតូចតាចទេ ហើយជារឿ​ងមួយដែលពាក់ព័ន្ធនឹងការចង់គាស់រំលើងនូវសំឡេងរបស់សហជីពមិនឱ្យមានដូចកាលនៅក្នុងឆ្នាំ២០០៩ កន្លងមក ក្រុមហ៊ុនណាហ្គាវើលដ៍ ធ្លាប់បានធ្វើសម្រេចម្តង។ អ៊ីចឹងមក២០២១នេះ ក្រុមហ៊ុនបានបញ្ឈប់ក្រុមថ្នាក់ដឹកនាំសហជីព ក៏ដូចជាសក​ម្មជនសហជីព មួយរចនាសម្ព័ន្ធ»។ 

ប្រភពដដែលសង្ឃឹមថា ក្រសួងការងារនឹងជួយអន្តរាគមន៍ដោះស្រាយទៅតាមនីតិវិធីច្បាប់ត្រឹមត្រូវនិងដោយតម្លាភាព ដើម្បីបញ្ឈប់ការរំ​លោភបំពានរបស់ថៅកែឬនិយោជកបរទេសមកលើបុគ្គលិកនិយោជិតខ្មែរ ហើយនិងអាចទទួលបានលទ្ធផលវិជ្ជមា​នបានឆាប់រហ័ស។

យោងតាមខ្លឹមសារញត្តិនោះ សហជីពបានទាមទារឱ្យក្រុមហ៊ុនទទួលបុគ្គលិកដែលខ្លួនបានផ្ញើសារបញ្ឈប់ជាង៦០០នាក់ឱ្យចូលធ្វើការវិញ ផ្តល់សំ​ណងបញ្ចប់អតីតភាពការងារស្របតាមច្បាប់សម្រាប់បុគ្គលិកដែលយល់ព្រមលាឈប់ ព្រមទាំងបន្តផ្តល់ប្រាក់ដំណាច់រំឭកអតីតភាពកា​រងារដល់បុគ្គលិកកំពុងបម្រើការងារ និងអនុវត្តវិធានសុខាភិបាលទប់ស្កាត់ជំងឺកូវីដ-១៩ នៅកន្លែងការងារឱ្យមានប្រសិទ្ធភាព។

អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ លើកឡើងថា ក្រសួងបានទទួលញត្តិពាក្យបណ្តឹងរប​ស់សហជីពរួចហើយ និងថាមន្រ្តីរបស់ក្រសួងនឹងដោះស្រាយវិវាទការងារនេះទៅតាមនីតិវិធីច្បាប់ដែលមានជាធ​រមានរបស់កម្ពុជា។

លោកបន្ថែមថា៖ «យោងតាមច្បាប់ ក្រុមហ៊ុន សហគ្រាស មានសិទ្ធិក្នុងការពង្រីកឬបន្ថយបុគ្គលិករបស់ខ្លួន អាស្រ័យលើស្ថានភាពសេដ្ឋកិច្ចរបស់ខ្លួន។ អ្វីដែលច្បាប់ចង គឺត្រូវបញ្ឈប់ដោយស្របតាមនីតិវិធី និងទូទាត់សំណងត្រឹមត្រូវតាមច្បាប់ឬតាមការស្រុះស្រួលគ្នា»

វីអូឌី មិនអាចទាក់ទងសុំការឆ្លើយតបពីប្រធានប្រតិបត្តិបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ លោក Mike Ngai បានទេនៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ។

យ៉ាងណា ក្រុមហ៊ុនមេរបស់ NagaWorld ដែលបានចុះបញ្ជីនៅហុងកុងឈ្មោះ NagaCorp បា​នជូនដំណឹងដល់ម្ចាស់ភាគហ៊ុនជាលើកដំបូងនៅថ្ងៃចន្ទម្សិលមិញ ពីកម្មវិធីកាត់បន្ថយការចំណាយរបស់ខ្លួនដែលថា «នឹងប៉ះទង្គិចដល់បុគ្គលិកមួយចំនួន»។ 

បើតាមសេចក្តីប្រកាសលើគេហទំព័រក្រុមហ៊ុនដដែល ឱ្យដឹងថា ក្រុមហ៊ុនមិនបានបញ្ជាក់ថា បុគ្គលិក​ចំនួនប៉ុន្មាននាក់ត្រូវជម្រុះចេញនោះទេ ដោយថា មានបុគ្គលិក«ក្នុងចំនួនភាគច្រើន»បានយល់ព្រមទទួលយកកញ្ចប់ប្រាក់សំណង ដើម្បីបញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន។ 

ក្រុមហ៊ុនក៏បានបន្ថែមថា ខ្លួនក៏នឹងបញ្ចេញកញ្ចប់កម្ចី​បន្ថែមចំនួន២០០លានដុល្លារ ដើម្បីបង្កើតទុនបម្រុ​ងសម្រាប់ប្រើប្រាស់ក្នុ​ងប្រ​តិបត្តិការ។  

ដោយឡែក NagaCorp បានលើកឡើងកន្លងមកថា ពួកគេមិនបានបញ្ឈប់បុគ្គលិកណាម្នាក់នៅឆ្នាំ២០២០ទេ ក្នុងនាមជាម្ចាស់អាជីវកម្មដែលមានភាពទទួលខុសត្រូវមួយ។ 

ក្នុងរបាយការណ៍ប្រចាំឆ្នាំដដែល ក្រុ​ម​ហ៊ុនបន្ថែមថា ពួកគេបានជួលបុគ្គ​លិក៨ ៣៧១នាក់ ដែលភាគច្រើននៅក្នុងប្រទេសកម្ពុជា និងត្រូវចំណាយលើប្រាក់ខែសរុប១០៥លានដុល្លារ រាប់ទាំងការចំណាយលើក្រុមនាយកក្រុមហ៊ុន២៨លានដុល្លារ៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ