រដ្ឋ​បាល​រាជ​ធានី​ភ្នំពេញ​ រក្សា​រូប​សំណាក​លោក​ព្រឹទ្ធា​ចារ្យ ក្រម​ង៉ុយ ​នៅ​ទីតាំង​ចាស់​ដដែល​

រូបសំណាកអ្នកភិរម្យភាសាអ៊ូ ហៅ ង៉ុយ នៅក្រុងភ្នំពេញ។ (ក្រសួងព័ត៌មាន/ information.gov.kh via AKP)

មន្រ្តីជាន់ខ្ពស់រដ្ឋបាល​រាជធានីភ្នំពេញ ឱ្យដឹងថា រូបសំណាកអ្នក​ភិរម្យ​ភាសា​អ៊ូ ហៅ​ ង៉ុយ ​​ត្រូវ​​បាន​អ្នកបច្ចេកទេសរុះរើចេញ ដើម្បីជួសជុលនិងកែលម្អឡើងវិញ ដោយពុំបានរំកិលចេញទៅ​ណា​ទេ ខណៈសាធារណជន​មួយចំនួនដាក់​​ការ​​ព្រួយ​​បារម្ភទៅលើការវិនិយោគរបស់អ្នកស្រី ជឹង សុភាព ហៅ យាយភូ ថាអាចនឹងធ្វើឱ្យប៉ះពាល់​ដល់​រូបសំ​ណាកដ៏​ចំណាស់មួយនេះ។

រូបសំណាកអ្នកភិរម្យភាសាអ៊ូ ហៅ ង៉ុយ ត្រូវបានគេដាក់តាំងបង្ហាញជាសាធារណៈនៅលើសួន​​ច្បារ​​​ផ្នែកខាងជើង ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ​ អស់រយៈពេលជាច្រើនឆ្នាំ​មក​​ហើយ​​​។ ប៉ុន្តែ​​ថ្មីៗ​​នេះ រូបសំណាកដែលទាក់ទិននឹង​ប្រវត្តិសាស្រ្ត​អក្សរសិល្ប៍​របស់ខ្មែរនេះ ត្រូវ​​បាត់ដោយមិ​ន​ដឹង​​មូល​​​ហេតុ​។

ទាក់ទិនរឿងនេះ អភិបាលរងរដ្ឋបាល​រាជធានីភ្នំពេញ លោក កើត ឆែ បានប្រាប់ វីអូឌី នៅថ្ងៃទី​៧ ខែមិថុនា ថាតាម​​ពិត​​ទៅ​​រូបសំណាកលោកព្រឹទ្ធាចារ្យ ក្រមង៉ុយ នេះ មិនបានយកចេញ​​ពីទីតាំងចាស់​​ដូចការព្រួយបារម្ភ​របស់សាធារណជនទេ។

លោកបន្តថា ដោយសាររូបសំណាកនេះមានស​​ភាព​​ចាស់​​​ទ្រុឌ​ទ្រោម​ណាស់​ទៅហើយ ទើប​អ្នកជំនាញសម្រេច​រុះរើនិងជួសជុលដោយកែលម្អ​នៅផ្នែ​ក​ខ្លះ​នៃរូបសំណាកឡើងវិញ។

បើតាមលោក កើត ឆែ រូបសំណាកអ្នកភិរម្យភាសាអ៊ូ ហៅ ង៉ុយ នេះ នឹងត្រូវដំឡើងលើទីតាំងចាស់នេះដដែល ក្រោយជួសជុលរួចរាល់​។

លោក​បញ្ជាក់​​ថា៖ «គេជួសជុលកែលម្អនិងទុកនៅកន្លែង​ដើមដដែលហ្នឹង​ មាន​យក​​ទៅណា!​ នៅក្នុងការដ្ឋាន​ ឃើញ​រូ​បនៅទីនោះហើយ! រូបលោកតា ក្រមង៉ុយ បាក់ឆ័ត្ររួត​បាក់​អី​ទៅ! គេកំពុងជួសជុល​។ ទៅ​មើល​ក្នុ​​ង​​សួនហ្នឹងទៅឃើញហើយ នៅក្នុងរបងការដ្ឋានហ្នឹងណា»។

ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានការរិះគន់ជាហូរហែនៅលើបណ្តាញសង្គមហ្វេ​សប៊ុក ក្នុង​​នោះ ​​អ្នក​ប្រើ​ប្រាស់​​បណ្តាញ​សង្គម​​មួយ​ចំនួនបាន​បង្ហាញ​រូបភាពប៉ុន្មានសន្លឹក​​ និងបន្តចែកចាយជាបន្តបន្ទាប់ ដោយ​​មិន​​មាន​​​​រូបសំណាក​អ្នកភិរម្យភាសាអ៊ូ ហៅ ង៉ុយ នៅទីតាំងចាស់​ ហើយ​​ជំនួសមកវិញដោយការ​​ហ៊ុមព័ទ្ធរបង​ស័ង្ក​​សី​​។

លោក វង្ស វិចិត្រ ស្ថាបត្យករគូរប្លង់ និងជាពលរដ្ឋម្នាក់រស់នៅសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ថ្លែងថា លោកហាក់លែងមានការភ្ញាក់ផ្អើលអំពីការ​រុះរើរូបសំណាក​លោកតា ​ក្រម​ង៉ុយ​ ក្នុងរូបភាពអភិវឌ្ឍន៍ដែលធ្លាប់​មានជាហូរហែកន្លងមកនោះហើយ។ ប៉ុន្ដែ​​អ្វីដែល​លោកមានការព្រួយបារម្ភនោះ គឺលំហបៃតងក្នុងរាជធានីភ្នំពេញដែលនៅមានតិចតួចនិងចេះតែបាត់បង់ទៅថែមទៀត។

លោកបន្តថា៖ «និយាយទៅ ត្រៀមចិត្តទុកមុនហើយ​ ​ថាដី​​សួនហ្នឹ​​ងមុន​និងក្រោយ​ រូបសំណាកអីអស់ហ្នឹង គង់គេដកចេញហើយ»។ 

កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ លោក​​នា​យក​រដ្ឋមន្រ្តី ហ៊ុន សែន បានចេញអនុក្រឹត្យដោយកាត់ដីនៅទីតាំងសួនច្បារនេះ ប្រគល់ទៅឱ្យ​ទៅក្រុម​ហ៊ុន ផានអ៊ីម៉ិច របស់​​អ្នក​​ស្រី ជឹង សុភាព ហៅយាយភូ ភរិយារបស់លោក ឡៅ ម៉េងឃីន សមាជិកព្រឹទ្ធសភាមកពី​​​គណ​​បក្សប្រជាជនកម្ពុជា។

អនុក្រឹត្យនេះបានផ្តល់សិទ្ធិវិនិយោគ​​ឱ្យ​ទៅក្រុមហ៊ុន ផានអ៊ីម៉ិច នៅ​លើទំតាំង​ដី​៣កន្លែង ក្នុង​​ទំហំសរុប៨ ០០០ម៉ែត្រការ៉េ។ ដោយឡែក សម្រាប់​​ទី​តាំ​ង​​ដី​​ដែលមានរូបសំណាក​លោក​ព្រឹទ្ធាចារ្យ ក្រម​ង៉ុយ នេះ ស្ថិតនៅផ្នែកខាងជើង ទល់មុខ​​សណ្ឋាគារ​កាំបូ​ឌី​​យ៉ា​​ណា តាមបណ្តោយមហា​វិថីព្រះ​​សី​ហ​នុ ​ដោយ​ទីតាំងនេះមានទំហំដី​​ចំនួន៥ ០០០​ម៉ែត្រការ៉េ​។

យ៉ាងនេះក្តី លោក កើត ឆែ អភិបាលរងរដ្ឋបាលរាជ​ធានីភ្នំពេញ បដិសេធ​​អត្ថា​ធិប្បាយ​​ជុំវិញ​ការ​ផ្តល់​សិទ្ធិ​វិនិយោគ​ទៅឱ្យ​ក្រុម​ហ៊ុននេះ។

ក្រុមហ៊ុន ផានអ៊ីម៉ិច របស់អ្នកស្រី ជឹង សុភាព ធ្លាប់រងការរិះគន់ ក្រោយទទួលបាន​​សិទ្ធិ​​​វិនិ​​យោ​​​គលុបបឹងកក់។

​ វីអូឌី ពុំអាចស្វែងរកការបំភ្លឺពីអ្នកស្រី ជឹង សុភាព ហៅយាយភូ បានទេ កាលពីថ្ងៃម្សិលមិញនេះ។

ដោយឡែក លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ អ្នកនាំពាក្យក្រសួងវប្បធម៌ និង​​វិចិត្រ​​សិល្បៈ បដិសេធ​ថា លោក​​ពុំបានដឹង​ពី​ការបាត់​រូបសំណាក់​អ្នកភិរម្យ​​ភាសា​​អ៊ូ ហៅ ង៉ុយ នេះទេ​​។ លោកបន្ត​​ថា ការ​​ដក​​​រូបសំណាក់នេះចេញ មិនមែនខាងក្រសួងវប្បធម៌ជា​​អ្នក​​ទទួលខុស​​ត្រូវ​​ឡើយ​​។​

លោកបន្ត​ថា៖ «អត់ដឹងរឿងផង! កាលណាបើគេ​យកចេញ​ គឺខាងមន្ទីរ​គេរាយ​ការណ៍មក​ក្រសួង​ហើយ។​ បើ​ទាក់​ទង​អាជ្ញាធរដែនដីយកចេញ គឺអត់ដឹងរឿងផង»។

លោក វណ្ណ សុផាត អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា យល់ឃើញថា ប្រសិនបើរូបសំណាកនេះពិតជាត្រូវបានគេរំកិលចេញពីទីតាំងចាស់មែន នោះ​ជារឿង​​ដែល​​គួរឱ្យសោកស្តាយ។ អ្នកជំនាញផ្នែកសិទ្ធិមនុស្សរូបនេះ បន្តថា ចំពោះរូប​​សំណាកដែល​ជា​វត្ថុ​មានតម្លៃ និង​សម្រាប់សាធារណជនគោរព​បែប​នេះ គួរត្រូវបានរក្សា​​ទុកនៅទី​តាំង​​ដែល​មនុស្ស​គ្រប់គ្នាអាចមើលឃើញនិងគោរពបាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ