បុរស​ត្រូវ​គ្រាប់​កាំភ្លើង​ក្នុង​ជម្លោះ​ដី​ធ្លី​នៅ​ខេត្ត​កណ្តាល​ទាមទារ​យុត្តិធម៌​

ពលរដ្ឋដែលមានជម្លោះដីធ្លីម្នាក់កាន់អាវប្រឡាក់ដោយឈាមរបស់ជនរងគ្រោះម្នាក់ក្រោយរងការបាញ់ប្រហារពីក្រុមយោធា ដោយពលរដ្ឋអះអាងថា ហេតុការណ៍នេះកើតឡើងពេលពួកគាត់បានលើកគ្នាទៅហាមឃាត់គ្រឿងចក្រឈូសឆាយលើដីធ្លីពួកគាត់ នៅចំណុច​ភូមិអង្គស្រែពោធិ៍ ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្ដាល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១។ (Michael Dickison)

ជនរងគ្រោះ​ដែលរងរបួសដោយគ្រាប់កាំភ្លើងក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងក្រុមទាហាននិងប្រជាពលរដ្ឋក្នុងជម្លោះ​ដីធ្លី​មួយ​​ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល បាន​ទាមទារ​រក​យុត្តិធម៌ ខណៈខ្លួនកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យនៅឡើយ។

កាល​ពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ កងកម្លាំងយោធាជាច្រើននាក់ប្រដាប់ដោយអាវុធ បាន​​បាញ់ប្រហារដោយ​គ្រាប់​កាំភ្លើង​ពិតទៅ​លើ​ប្រជាពលរដ្ឋ​ប្រមាណ៦០នាក់ដែល​កំពុងប្រមូល​ផ្តុំ​គ្នា​​តវ៉ា​​រឿង​ជម្លោះ​ដីធ្លីមួយ​កន្លែង ស្ថិតនៅចំណុចភូមិអង្គស្រែពោធិ៍ ឃុំទួលពេជ្រ ស្រុកអង្គស្នួល បណ្ដាលឱ្យបុរសម្នាក់ឈ្មោះ លោក មុំ ចាន់ថា បានរងរបួសធ្លាយស្មា និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

លោក មុំ ចាន់ថា អាយុ៥៥ឆ្នាំ ប្រាប់ វីអូឌី នៅថ្ងៃច​ន្ទ​នេះថា ករណីទាហានប្រើកាំភ្លើងពិតបាញ់ប្រហារទៅលើពលរដ្ឋតវ៉ាដីធ្លី និង​បណ្តាលឱ្យលោករងរបួសនោះ ជាទង្វើខុសច្បាប់និងអយុត្តិ​ធម៌។ លោក​ថា ពួកគាត់​ត្រូវបានគេរំលោភយកដីធ្លី​ហើយ ហើយ​ត្រូវបានក្រុមទាហាន​បាញ់ស្ទើរតែអស់ជីវិត​ទៅទៀត។

បុរសត្រូវគ្រាប់កាំភ្លើងរូបនេះបានទាមទារទៅសមត្ថកិច្ចពាក់ព័ន្ធ​ ចាប់ជនបង្កនិងអ្នកបញ្ជា​ពីក្រោយយកទៅផ្តន្ទាទោសតាមច្បាប់ និង​​ផ្តល់សំណងជំងឺចិត្ត ព្រមទាំងដោះស្រាយបញ្ហា​​ដីធ្លីជូនពលរដ្ឋ ដើម្បីបញ្ចប់ជម្លោះ​ផងដែរ។

លោកបន្ថែមថា៖ «រឿងនេះ វាអយុត្តិធម៌សម្រាប់ខ្ញុំខ្លាំងណាស់ ហើយក៏ជាទង្វើខុសច្បាប់ដែរ។ កាំភ្លើងសម្រា​ប់យកទៅប្រើប្រាស់បាញ់ខ្មាំងសត្រូវ មិនមែនយកមកបាញ់ប្រជាពលរដ្ឋតវ៉ាដីធ្លីទេ។ អ៊ីចឹង​សុំដោះស្រាយដោយ​ផ្តល់សំណងព្យាបាលជំងឺ និងដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋ»

តែ​យ៉ាងណា លោក មុំ ចាន់ថា មិន​បានដាក់ពាក្យបណ្តឹង​ជុំវិញរឿងទាហានបាញ់ត្រូវរូប​លោក​ឱ្យរងរបួសនេះ​ទេ ដោយថា រឿងនេះសមត្ថកិច្ចបានមកធ្វើកំណត់ហេតុរួចហើយ។

ពលរដ្ឋម្នាក់ទៀត លោក ផាត សុវណ្ណ បានឱ្យដឹងថា ពលរដ្ឋដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមទាហាននោះមានចំនួន៧ភូមិ ស្មើប្រមាណ៣០០​គ្រួសារ ដោយ​ក្នុង​មួយគ្រួសារមាន​ដីចន្លោះពីកន្លះហិកតា​ទៅ២ហិកតា​។ លោកថា ដីកំពុងមានជម្លោះនោះ អ្នកភូមិចូលទៅអាស្រ័យផលជាង៣០ឆ្នាំហើយ ដោយធ្វើស្រែនិង​​ចម្ការ ហើយ​​ទើបតែមានជម្លោះនៅឆ្នាំ២០២០នេះទេ។

ពលរដ្ឋរូបនេះបន្តថា អ្នកភូមិទាមទារឱ្យអាជ្ញាធរវាស់វែងនិងចេញបណ្ណកម្មសិទ្ធិជូនពួកគេ។ លោកថា ពួកគាត់មានតែដីនៅតំបន់នោះទេសម្រាប់បង្កបង្កើនផល ហើយថា បើគ្មានដីនោះទេ ពួកគាត់នឹងជួបបញ្ហាជីវភាពមិនខាន។

លោកបន្ថែមថា៖ «បើប្រជាជនពួកខ្ញុំនិយាយអត់ស្តាប់គ្នា ឬចូលទៅដុតអាត្រាក់[ត្រាក់ទ័រ] ឬបំផ្លាញរបស់គេទៅ សឹមបាញ់! តែនេះពួកខ្ញុំគ្រាន់តែចូលទៅឃាត់ រង់ចាំការដោះស្រាយសិនសោះ ហើយបាញ់ពួកខ្ញុំដូចឆ្កែ​ដូចឆ្មា ខ្ញុំថា​ធ្វើនេះ ឃោ​រឃៅណាស់។ ប្រជាជនមានធូរធារ​ដោយសារដីហ្នឹង ដល់អស់ដីហ្នឹងទៅ ពួកគាត់ស្លាប់​ហើយ កូនចៅជំនាន់ក្រោយក៏មិនដឹងបានអីដែរ»

វីអូឌី មិនអាចសុំការឆ្លើយតប​ពី​អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានទេ នៅថ្ងៃនេះ។ ប៉ុន្តែលោកបានឱ្យដឹងកាលពីថ្ងៃទី៤ ខែមិថុនាថ្មីៗនេះថា គណៈកម្មការឯកភាពខេត្តកំពុងធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវ ដើម្បីយកអ្នកដែលបានបាញ់នោះមកដាក់ទោសតាមច្បាប់។

អភិបាលខេត្តកណ្តាល លោក គង់ សុភ័ណ្ឌ មានប្រសាសន៍ថា ករណីនេះ រដ្ឋបាលខេត្តនិងអាជ្ញាធរពាក់ព័ន្ធកំពុងសិក្សាស្រាវជ្រាវ ដើម្បីដោះស្រាយជាគោលនយោបាយជូនពលរដ្ឋ ប៉ុន្តែមិនអាចចេញជាបណ្ណកម្មសិទ្ធិជូនបានឡើយ ដោយសារដីនោះជាដីរដ្ឋបម្រុងទុកធ្វើអ្វីផ្សេងទៀត។ ចំពោះអ្នករងរបួសវិញ លោកថា អាជ្ញាធរតែងតែចុះសួរសុខទុក្ខនិងជួយឧបត្ថម្ភ​ជីវភាព រួមទាំង​ការ​ព្យាបាលជាដើម។

លោកបន្ថែមថា៖ «យើងបានចុះជួបប្រជាពលរដ្ឋនៅមូលដ្ឋាននោះរួចរាល់ហើយ ដើម្បីឱ្យគាត់យល់នូវអ្វីដែលយើងកំពុងតែធ្វើ ដើម្បីដោះស្រាយជាគោលនយោបាយជូនពួកគាត់ ហើយប្រជាពលរដ្ឋគាត់បានយល់​ហើយ ហើយសំណូមពរកុំអាលកាយ[ដី]ទៀត។ ឥលូវនេះ យើងអត់បានកាយទៀតទេ សុំឱ្យធ្វើតាមនីតិវិធីរដ្ឋបាលនិងបច្ចេកទេស​វិញ»

កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលខេត្តកណ្តាល បានជូនដំណឹង​ថា ដីចម្ការ​បារាំង​ ដែលមានទំហំ២៨០​ហិកតានេះ គឺជាដីរដ្ឋ ដែលរាជរដ្ឋាភិបាលគ្រោងរៀបចំមួយផ្នែកសម្រាប់ប្រើប្រាស់ជាប្រយោជន៍វិស័យ​ការពារជាតិ និងមួយផ្នែកទៀតប្រើប្រាស់សម្រាប់វិស័យបរិស្ថាន និងជាទីតាំងសម្រាប់ទុកដាក់សំរាមនិង​សំណល់រឹងចុងក្រោយកម្រិតតំបន់។

កាលពីឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានរំឭកដល់ថ្នាក់ដឹកនាំរាជធានី-ខេត្ត​ទាំងអស់ត្រូវ​ពង្រឹង​ការអនុវត្តច្បាប់ឱ្យ​បានត្រឹមត្រូវ ​ដោយមិនត្រូវប្រើប្រាស់កម្លាំងយោធា​ណាមួយទៅដោះស្រាយបញ្ហាជម្លោះដីធ្លីឡើយ។

លោកបន្ថែមថា៖ «យើងរដ្ឋបាលខេត្តប៉ុនណាណី អត់ដឹងច្បាប់! ប្រយ័ត្នដល់ខេត្តផ្សេងទៀត! ហើយកុំថាមិនបានប្រាប់ អត់នឹកឃើញអី ទៅប្រើយោធាទៅអនុវត្ត [ធ្វើឱ្យ]ច្បាប់អន្ដរធាន។ មន្ត្រីអនុវត្តច្បាប់ វាមានតែនគរបាល កងរាជអាវុធហត្ថ ព្រះរាជអាជ្ញា ហើយរឿងវាមិនទាន់ចាំបាច់ត្រូវធ្វើខានមិនបានផង»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ