អ្នក​ឃ្លាំ​មើល​ស្នើ​​ស៊ើប​អង្កេត​ទីតាំង​សិប្បកម្ម​ឈើ​មួយ​កន្លែង​ ក្រោយ​តុលាការ​ឃុំ​​​ខ្លួន​​អ្នក​សារ​ព័ត៌មាន​៨​នាក់​

ទីតាំងស្នាក់ការស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ)

ក្រុម​អ្នកឃ្លាំមើល​ ជំរុញ​ឱ្យតុលាការនិងអាជ្ញាធរពាក់ព័ន្ធបើកការស៊ើបអង្កេតទីតាំង​សិប្បកម្ម​ឈើមួ​យ​កន្លែង​នៅស្រុក​ត្បែងមាន​ជ័យ ខេត្តព្រះវិហារ ក្រោយមានការចាប់ឃុំខ្លួ​ន​អ្នកសារព័ត៌មាន​ចំនួន៨នាក់ ពីបទ«គំរាមទារប្រាក់»ពីម្ចាស់សិប្បកម្មនោះ។

អ្នកសារព័ត៌មានចំនួន៨នាក់ ក្នុងនោះមានទាំងស្ត្រី២នាក់ផង ត្រូវបានសមត្ថកិច្ច​ស្រុកត្បែងមានជ័យចាប់ខ្លួនកាលពីថ្ងៃសុក្រ ដោយ​ចោទពីបទ«កំហែងយក» បន្ទាប់ពីពួកគេរងការចោទថាបានជំរិតទារប្រាក់​ក្នុងម្នាក់ចំនួន១០០ដុល្លារ ពីម្ចាស់​​សិប្បកម្មឈើមួយកន្លែងនៅចំណុចអូរទីទុយ ភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្ស​អាដហុកប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ មាន​ប្រសាសន៍​នៅថ្ងៃចន្ទនេះ​ថា អ្នកសារព័ត៌មាន​ទាំង៨រូបនេះត្រូវបានព្រះរាជអាជ្ញារងសាលាដំបូងខេត្ត លោក គឹម សំលេង ដឹកនាំកម្លាំងចុះចាប់​ដោយផ្ទាល់ តាមបណ្តឹងរបស់ម្ចាស់សិប្បកម្មឈើមួយកន្លែងនៅឃុំក្រាំងដូង។

លោក​បានរៀបរាប់ពីដើមចមនៃការចាប់ខ្លួនអ្នកសារព័ត៌មានទាំងនោះថា ដំបូងឡើយ មាន​អ្នកសារព័ត៌មានមក​ពី​អង្គភាពចំនួន៤ទៀតបានទៅជួបម្ចាស់សិប្បកម្មឈើ​មួយកន្លែង ហើយបានត្រឡប់ចេញទៅវិញក្រោយ​ពី​ម្ចាស់សិប្បកម្មឈើនោះ ផ្តល់លុយក្នុង​​ម្នាក់១៥០ ០០០រៀល ។

លោកបន្តថា ក្រោយពីអ្នកសារព័ត៌មានមកពីអង្គភាពទាំង៤នោះត្រឡប់ទៅវិញ អ្នកសារព័ត៌មាន​ចំនួន​​៨នាក់នេះក៏បាននាំគ្នាទៅដល់សិប្បកម្មឈើនោះដែរ ហើយបានទារប្រាក់ពីម្ចាស់សិប្បកម្មឈើ​នោះ ក្នុង​ម្នាក់១០០​ដុល្លារ តែម្ចាស់សិប្បកម្ម​មិនព្រម​ ដោយ​សុំផ្តល់​ឱ្យ​ត្រឹមតែ២០០ ០០០រៀលក្នុងម្នាក់។ លោក​បន្តថា ដោយសារ​ការ​​ចរចាតម្លៃមិនត្រូវគ្នា ទើបម្ចាស់សិប្បកម្មនោះដាក់ពាក្យប្តឹង ដែលឈានដល់ការ​ចាប់ខ្លួនអ្នកសារព័ត៌មានទាំង​៨នាក់នោះតែម្តង។

ទោះយ៉ាងណា លោក ឡោ ចាន់ ចង់ឃើញស្ថាប័នពាក់ព័ន្ធរកការពិតឱ្យឃើញ ថាហេតុអ្វីបានជាម្ចាស់សិប្បកម្ម​ឈើមួយនេះ​ផ្តល់​​លុយទៅអ្នកឱ្យ​អ្នកសារព័ត៌មានទាំងនោះ។

លោកថា៖ «ចុះបើអ្នកឯង​អត់មានបទល្មើស ហេតុអ្វីបានអ្នកឯងចាំបាច់ឱ្យលុយគេ? ហើយថា បើម្នាក់៥០ដុល្លារ ៨នាក់ វាអស់៤០០​ដុល្លារ! អាមុន៦០០ ០០០រៀល ផ្សេង៤នាក់ហើយ! អានេះ ៤០០ដុល្លារទៀត! វាឡើងប៉ុន្មានហើយ? គាត់សុខចិត្តចំណាយលុយលានៗ​ធ្វើអីបើ​​​គា​ត់មិនខុសផងហ្នឹង! ដូចខ្ញុំអ៊ីចឹង អាណាមកសុំៗទៅ បើខ្ញុំមិនឱ្យ ចុះផ្សាយអីចុះទៅ»។

នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) លោក ណុប វី មានប្រសាសន៍​ថា ជា​រឿយៗ​ អ្នកសារព័ត៌មាន​ពេលចុះទៅដល់កន្លែងបទល្មើសឬរាយការណ៍​​ពីបទល្មើស ពួកគេភាគច្រើនត្រូវរងការចោទប្រកាន់។ ករណីនេះ លោកជំរុញឱ្យ​មាន​ការស៊ើបអង្កេត​ជាក់លាក់មួយទៅលើសិប្បកម្មឈើនោះ ដើម្បីធានាតម្លាភាពសង្គម។

លោកថា៖ «យើងក៏ទទូចឱ្យសមត្ថកិច្ចធ្វើការតាមដាននិងស៊ើបអង្កេតឱ្យបានច្បាស់លាស់។ ហើយជាពិសេសទៅទៀត ប្រសិនបើការចូលទៅរបស់អ្នកសារព័ត៌មាន វាអាចថាមានពន្លឺនៅក្នុងការស៊ើបអង្កេតហ្នឹង អ៊ីចឹងអ្នកសារព័ត៌មានទាំងអស់ហ្នឹង វាគួរតែត្រូវបានដោះលែង»។

ប្រធានប្រចាំបញ្ជា និងជាអនុប្រធានប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ លោក ហុក ហេង អះអាងថា ន​គរបាលស្រុកត្បែងមានជ័យ មិនបានចោទប្រកាន់អ្នកកាសែតដែលត្រូវបានចាប់ខ្លួនទាំង​នោះទេ​ ដោយពួកគេគ្រាន់តែសហការជាមួយតុ​លាការប៉ុណ្ណោះ។

លោកថា៖ «តុលាការជាអ្នកដឹកនាំបញ្ជា ប៉ូលិសស្រុកត្បែងមានជ័យគ្រាន់តែសហការទេ»។

វីអូឌី មិនអាចទាក់ទងសុំការបញ្ជាក់ពី​តំណាង​សិប្បកម្មឈើ​នៅភូមិ​ក្រាំងដូង លោក ហ៊ឹម ឆេងហ៊ាន និងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ លោក គឹម សំលេង ដែលដឹកនាំកម្លាំងចុះអនុវត្តច្បាប់ បានទេ នៅថ្ងៃនេះ។

ប៉ុន្តែអ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ លោកស្រី ជុំ កន្នីយ៉ា និយាយថា អ្នកសារព័ត៌មានទាំង៨នាក់នោះត្រូវបានចៅក្រមបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារហើយ កាលពីថ្ងៃអាទិត្យ ក្រោម​បទ​ចោទ «កំហែងទារប្រាក់»។

ប៉ុន្តែនៅពេលសួរថា តើតុលាការនឹងស៊ើបអង្កេតករណីម្ចាស់សិប្បកម្មឈើនោះឬយ៉ាងណា? លោកស្រីអះ​អាង​ថា មិនទាន់ទទួលបានព័ត៌មាននេះពីចៅក្រមនៅឡើយទេ។

លោកស្រីថា៖ «ខ្ញុំអត់បានស៊ីជម្រៅរឿងអង្កេតការងាររបស់ចៅក្រមទេ ដោយសារខ្ញុំគ្រាន់តែជាអ្នកនាំពាក្យដែលថា [អ្នកកាសែតដែលចាប់ខ្លួន] ចូលពីថ្ងៃទី៥ ឃុំទាំងអស់ឬយ៉ាងម៉េច! គាត់ថាឃុំទាំងអស់»។

អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ ថ្លែង​ថា ក្រសួងមិនទាន់មានកិច្ចអន្តរាគមន៍ណាមួយទៅលើករណីចាប់​ឃុំខ្លួនអ្នកសារព័ត៌មានទាំង៨នាក់​នោះនៅឡើយទេ ដោយថា ទុកឱ្យសមត្ថកិច្ចជាអ្នកធ្វើការសិន។

កាលពីដើមឆ្នាំនេះ ស្ថាប័នចំនួន៤ រួមមាន សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ​(ខេមបូចា) មជ្ឈ​មណ្ឌល​កម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ​ (CCIM) ក្លឹប​អ្នកសារព័ត៌មា​នបរទេសនៃកម្ពុជា និងសហព័ន្ធអ្នកសារព័ត៌​មាន​អន្តរ​ជាតិ បានកត់សម្គាល់ឃើញថា ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២០ អ្នកសារព័ត៌មានចំនួ​ន៥៩​នាក់ បាន​ទទួល​​រងនូវការធ្វើទុក្ខបុកម្នេញក្នុងរូបភាពផ្សេងៗ រួមមាន ការប្រើអំពើហិង្សា ការចាប់ខ្លួន និងការរងបណ្តឹងពីតុលាការ ក្នុងនោះ មានអ្នកសារព័ត៌មានចំនួន២៧នាក់ត្រូវបានចាប់ខ្លួន ៧នាក់​ជាជនរងគ្រោះនៃការប្រើអំពើហិង្សា និងម្នាក់បានស្លាប់​។

នៅខែវិច្ឆិកា ឆ្នាំ២០២០ សង្គមស៊ីវិលក្នុងស្រុកចំនួន៥៧ស្ថាប័ន បានអំពាវនាវឱ្យបញ្ឈប់ការយាយីទៅលើ​អ្នកសារព័ត៌មាន​គ្រប់រូបភាព រួមទាំងការគំរាមកំហែងដោយពាក្យសម្ដី ការប្រើប្រាស់ហិង្សា ការប្រើប្រាស់ប្រព័ន្ធតុលាការចោទប្រកាន់ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ