តុលាការ​ខេត្ត​កំពត​ កំពុង​សួរ​នាំ​ជន​សង្ស័យ​២​នាក់​ពាក់​ព័ន្ធ​ការ​ទន្ទ្រាន​ដី​ព្រៃ​សហ​គមន៍​ភ្នំ​ពោន​

ពលរដ្ឋ​ឈរ​មុខ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត នៅ​ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ​)

តុលាការសាលាដំបូង​ខេត្ត​កំពត កំពុងធ្វើការសាកសួរនិង​បន្តស៊ើបអង្កេតលើជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងករណី​ឈូស​ឆាយនិង​កាប់ឆ្ការ​ដីព្រៃ​សហគមន៍​ភ្នំ​ពោន នៅ​ស្រុកដំណាក់ចង្អើរ យក​​ធ្វើជាកម្មសិទ្ធិផ្ទាល់​ខ្លួន។

ការ​សាកសួរ​នេះ ធ្វើឡើងបន្ទាប់ពីស្នងការរងទទួល​ផែន​ការិយាល័យ​នគរបាល​សេដ្ឋកិច្ច ខេត្ត​កែប លោក​​ ង៉ែត ទូច បាន​បញ្ជូន​ជនសង្ស័យ​២នាក់ រួមមាន ​ឈ្មោះ អេង ឃុ​យ អាយុ៤៩​ឆ្នាំ និងឈ្មោះ សូរ ផល អាយុ៤៨​ឆ្នាំ ទៅសាលាដំបូង​ខេត្តកំពត កាលពីថ្ងៃ​ម្សិលមិញ ពាក់ព័ន្ធនឹងករណី​​ឈូសឆាយនិង​កាប់ឆ្ការ​ដីព្រៃ​សហគមន៍​ភ្នំ​ពោន ខណៈមនុស្ស១៦នាក់ទៀត ជា​អ្នកស៊ីឈ្នួល​កាប់ឆ្ការ​ព្រៃ ត្រូវបានអាជ្ញាធរ​អប់រំនិង​ឱ្យ​​ធ្វើ​កិច្ចសន្យា ហើយ​បានអនុញ្ញាតឱ្យ​​​ត្រឡប់ទៅផ្ទះ​វិញ​ ។​

ព្រះរាជអាជ្ញារងអមសាលាដំបូង​​ខេត្តកំពត លោក ខា ដែនណា ប្រាប់ វីអូឌី នៅថ្ងៃចន្ទ​នេះថា ជនសង្ស័យទាំង២នាក់នោះ​ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅ​តុលាការ កាលពីថ្ងៃម្សិ​លមិញ ហើយ​តំណាង​​អយ្យការកំពុងបន្ត​ពិនិត្យនិងធ្វើការ​ស៊ើបអង្កេតបន្ថែមទៀតរហូតមកដល់ថ្ងៃនេះ ដោយសារសំណុំរឿងនោះ​មានភាពស្មុគស្មាញច្រើន។

លោកមានប្រសាសន៍ថា៖ «តំណាងអយ្យការនឹងធ្វើការស៊ើបអង្កេតបន្ដលើ​ជនពាក់ព័ន្ធក្នុងករណីនេះ តំណាងអយ្យការកំពុងពិនិត្យសំណុំរឿងនិងស៊ើបអង្កេតបន្ដ។ ដូច្នេះ មិនទាន់អាចបញ្ជាក់រយៈពេលចប់ជូនបានទេ​ ដោយអាស្រ័យលើភាពស្មុគស្មាញនៃការស៊ើបអង្កេត»។

អ្នកនាំពាក្យរដ្ឋបាល​ខេត្តកែប លោក វ៉ៅ សុខា មានប្រសាសន៍ថា ដើមចមដែលនាំឱ្យសមត្ថកិច្ចឃាត់ខ្លួនមនុស្ស២នាក់ បញ្ជូនទៅតុលាការ និង១៦នាក់ទៀតឱ្យធ្វើកិច្ចសន្យានិងឱ្យ​​ត្រឡប់ទៅផ្ទះវិញនោះ​ ដោយសារពួកគេកាប់ឆ្ការ​ដីព្រៃ​សហគមន៍​ភ្នំ​ពោន ក្នុងស្រុក​ដំណាក់​ចង្អើរ ខេត្តកំពត ដើម្បីយកធ្វើជាកម្មសិទ្ធិ​ដោយ​ខុស​ច្បាប់។

លោមានប្រសាសន៍ថា៖ «ទាំងអស់១៨នាក់! ហើយ១៦នាក់យើងហៅមកធ្វើការអប់រំណែនាំ ហើយដោះលែងគាត់វិញ។ នៅ២នាក់ ប្រហែលជាមេខ្លោងហើយ ប្រហែលជាមេការរបស់គាត់ [២នាក់ត្រូវបញ្ជូនទៅតុលាការ] ដីហ្នឹងមិនមានម្ចាស់ទេ ដីហ្នឹងគាត់មានបណ្ណចុះបញ្ជីបទបញ្ជា០១នៅខាងក្រោម ហើយគាត់ទៅរំលោភបំពានថែមទៅលើទៀត​»។

អ្នកនាំពាក្យរូបនោះបញ្ជាក់ថា កន្លងមក ជនសង្ស័យធ្លាប់បានទៅកាប់ឆ្ការដីព្រៃនៅទីនោះម្តងរួចមកហើយ ដោយកាប់ឆ្ការបានដីជិត៥ហិកតា។ លោកបន្តថា ក្រោយ​មកទៀត​​ ពួកគេបាន​បន្តកាប់ឆ្ការព្រៃបន្ថែមទៀត នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ទើបសមត្ថកិច្ចចុះទៅបង្ក្រាបនិងឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ ដើម្បីចាត់វិធានការច្បាប់។

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការការពារ​សិទ្ធិ​មនុស្ស​លីកាដូប្រចាំខេត្តកែប លោក អ៊ុក សុវណ្ណចាន់ថន គាំទ្រអាជ្ញាធរដែលមាន​វិធានការ​ច្បាប់​លើជនសង្ស័យដែលកាប់ឆ្ការរំលោភយក​ដីព្រៃសហគមន៍ភ្នំពោន។ ប៉ុន្តែលោកថា មុន​នឹងធ្វើការចោទប្រកាន់ តុលាការត្រូវធ្វើការស្រាវជ្រាវឱ្យបានច្បាស់លាស់លើអ្នកដែលចុះទៅកាប់ឆ្ការដីព្រៃនោះ ពីព្រោះរឿងនេះអាចនឹងមានអ្នកមានអំណាចឬមានលុយនៅពីក្រោយខ្នង។

លោកមានប្រសាសន៍ថា៖ «តុលាការគាត់ប្រាកដជាមានការស៊ើបអង្កេតឱ្យបានច្បាស់លាស់ហើយ ហើយបន្ថែមលើពីនេះទៀត ខ្ញុំក៏ស្នើសុំបន្ថែមលើការស៊ើបអង្កេតសុំធ្វើការស៊ើបអង្កេតឱ្យបានច្បាស់លាស់ ក្រែងមានអ្នកនៅពីក្រោយខ្នង អាចថាអ្នកមានលុយឬមានអំណាចនៅពីលើហ្នឹង ដែលគាត់បញ្ជាបន្ត ដើម្បីបោកបញ្ឆោតឱ្យពួកគាត់ទៅកាប់ព្រៃ ដើម្បីផ្តល់ជាថវិកា ផ្តល់ជាទីតាំងដីខ្លះសម្រាប់ពួកគាត់នៅពេលដែលពួកគាត់កាប់បានជោគជ័យ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ