មនុស្ស​ចាស់​និង​ជន​ងាយ​រង​គ្រោះ​ខ្លះ​នៅ​តែ​ត្រូវ​បាន​គេ​មើល​រំលង​នៅ​ក្នុង​សង្គម​

បុរសចំណាស់ម្នាក់អង្គុយសុំលុយនៅមុខក្បែរច្រកទ្វារចូលរោងចក្រ ខណៈពេលកម្មកររោងចក្រ វ៉ាយ&ដាប់បែលយូ (Y&W) ចេញសម្រាកអាហារថ្ងៃត្រង់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

មនុស្សវ័យចំណាស់និងជនងាយរងគ្រោះមួយចំនួននៅក្នុងប្រទេសកម្ពុជា តួយ៉ាងដូចជា ជនពិការ ជន​ទីទ័លក្រ​ នៅតែត្រូវបានគេមើលរំលងនៅក្នុងសង្គម។

អ្នកស្រី ញឹម ខេន វ័យ៨០ឆ្នាំ ជាពលរដ្ឋ​រស់នៅក្នុងភូមិក្តីបឹង ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ​បានរៀបរាប់ថា គាត់រស់នៅក្នុងផ្ទះជាមួយកូនពៅដែលមានសមាជិកក្នុងបន្ទុកចំនួន៥នាក់។ ស្ត្រីរូបនេះត្រូវមាន​ភារកិច្ចជាអ្នកមើលថែទាំចៅៗចំនួន២នាក់ដែលមានអាយុត្រឹមតែ​៣ឆ្នាំនិង៤ឆ្នាំ ខណៈពេលកូននិងកូនប្រសាររបស់គាត់ត្រូវចំណាកស្រុកទៅធ្វើការសំណង់នៅ​រាជធានីភ្នំពេញ។

គាត់​តែងតែទទួលថវិកាពីកូនរបស់គាត់ផ្ញើមកផ្ទះក្នុងមួយខែប្រមាណ៦០ ០០០ ទៅ៧០ ០០០​រៀល​ប៉ុណ្ណោះ សម្រាប់ចំណាយលើគ្នាបីនាក់។ ជាទូទៅ ប្រាក់ប៉ុណ្ណេះ គឺមិនគ្រប់គ្រាន់នោះទេ។

ស្ត្រីវ័យចំណាស់រូបនេះបានអះអាងថា អ្នកស្រីធ្លាប់ទទួលបានបណ្ណក្រីក្រដែរ តែវាបានផុតកំណត់ទៅហើយ​កាលពីឆ្នាំមុន ហើយ​ខាងអាជ្ញាធរ​ក៏មិនបន្តផ្តល់បណ្ណនោះ​ឱ្យ​អ្នកស្រីទៀតដែរ ដោយសារឃើញអ្នកស្រីមានផ្ទះរស់នៅធំជាងមុន។

អ្នកស្រី ញឹម ខេន​ និយាយថា៖ «ខ្ញុំបានអាណត្តិដំបូងបង្អស់[បណ្ណក្រីក្រ] តែឥលូវដាច់ទៅ! ខ្ញុំបាន[បណ្ណក្រីក្រ] មិនមែនថា មិនបានទេ ​អាណត្តិដំបូងបាន ហើយផុតឆ្នាំទៅ អត់បានវិញ គេថាផុតហើយ។ ខ្ញុំមិនទៅលាក់អីទេ ខ្ញុំនៅមើលកូនឱ្យ​គេ ដល់គេធ្វើផ្ទះធំទ្រនំខ្ពស់ គេថាខ្ញុំមាន ប៉ុន្តែខ្ញុំរស់ដោយសារកូនទេ។ បើកូន​​បន្តក់មកក៏បានទៅ បើកូនមិនបន្តក់មកទេក៏អត់ទៅ បានញាតិក្បែរខាងគេឃើញខ្ញុំចាស់ហើយ គេហុចលិចហុចកើតមកសព្វថ្ងៃហ្នឹង ភ្នែកហ្នឹងមើលមិនចង់ឃើញទេ»។

រីឯស្ត្រីម្នាក់ទៀតដែលរស់នៅក្នុងភូមិក្តីបឹងនេះដែរ គឺអ្នកស្រី ពេជ្រ សុខម បានរៀបរាប់ថា អ្នកស្រីមានកូននៅក្នុងបន្ទុកចំនួន៤នាក់ ក្នុង​នោះ កូនច្បងអាយុ២១ឆ្នាំ ជាជន​ពិការស្វិតដៃជើង​តាំងពីកុមារភាព និងមិនអាចរៀនសូត្រនិងធ្វើការអ្វីបានទេ ខណៈស្វាមីរបស់អ្នកស្រីក៏មានជំងឺប្រចាំកាយទៀតផង​។ ស្វាមីរបស់អ្នកស្រីជាអ្នករករបរនេសាទ​ ដែលអាចរកប្រាក់បានត្រឹមមួយថ្ងៃចាយមួយថ្ងៃប៉ុណ្ណោះ។

អ្នកស្រីបន្តថា ខ្លួនក៏ធ្លាប់ទទួលបានបណ្ណក្រីក្រ (បណ្ណសមធម៌) ពីមុនមកដែរ ប៉ុន្តែវាបានផុតកំណត់ទៅ ហើយក៏មិនដែលបានទទួលប្រាក់ឧបត្ថម្ភដែលរដ្ឋាភិបាលផ្តល់ដល់ជនក្រីក្រក្នុងវិបត្តិកូវីដ-១៩​ នេះ​ឡើយ។ អ្នកស្រី​ធ្លាប់ទៅស្នើសុំធ្វើបណ្ណក្រីក្រជាថ្មី កាលពីខែឧសភា ឆ្នាំ២០២០ តែគេថា អ្នកស្រីមានទូក[ដោយប្ដីជាអ្នកប្រកបរបរនេសាទ] ទើបគេមិនឱ្យ​។

អ្នកស្រីសំណូមពរដល់រដ្ឋាភិបាលជួយផ្តល់បណ្ណក្រីក្រ យ៉ាងហោចណាស់ក៏បានជួយដល់កូនពិការរបស់គាត់ម្នាក់ដែរ។

អ្នកស្រីនិយាយថា៖ «បណ្ណ​ក្រីក្រមានដែរ តែទៅសួរគេ គេថាខ្ញុំផុតកំណត់! ខ្ញុំថាបើមិនបានឱ្យ​​ខ្ញុំទេ ឱ្យ​​កូនខ្ញុំមួយក៏បានដែរ គេថាខ្ញុំមានទូក ទូកគ្រាន់រកត្រីតិចតួច។ ដល់ពេលប្តីខ្ញុំឈឺទៅ ខ្ញុំលក់បង់អង្គការអស់ទៅ ខ្ញុំមានអីរករាល់ថ្ងៃ»។

យ៉ាងណាក្តី មេភូមិក្តីបឹង លោក នាដ ភៀត មានប្រសាសន៍ថា នៅភូមិរបស់គាត់ភាគច្រើនជាកសិកនិងអ្នកនេសាទ ដែលមានប្រជាជនសរុបចំនួន៣៤០គ្រួសារ ហើយក្នុងនោះមានគ្រួសារតែជាង៨០គ្រួសារប៉ុណ្ណោះដែលទទួលបានបណ្ណក្រីក្រ។

លោកថា មានពលរដ្ឋខ្លះថាខ្លួនក្រីក្រ តែពេលអាជ្ញាធរចុះពិនិត្យ​ស្ថានភាពរស់នៅដោយផ្ទាល់ ឃើញ​មានម៉ូតូថ្មី ដី ផ្ទះ ខណៈពលរដ្ឋខ្លះទៀត កាលពីសម្ភាសន៍បីឆ្នាំមុន មានបណ្ណក្រីក្រហើយ ប៉ុន្តែបច្ចុប្បន្នមានជីវភាពធូរធារ តែបណ្ណក្រីក្រមិនទាន់អស់សុពលភាព ចំណែកពលរដ្ឋក្រីក្រខ្លះទៀតសម្ភាសមិនជាប់​ក៏មាន។

លោក នាដ ភៀត មានប្រសាសន៍ថា៖ «អ្នកគេអ្នកសម្ភាសសារ​ក្រោយ សុទ្ធតែត្រឹមត្រូវហើយ! ឃើញគេចុះមកសម្ភាស​សារ​​ក្រោយ អាខ្លះគ្នាក្រដែរ គ្នាមិនជាប់ មិនដឹងធ្វើម៉េច គាត់ថាក្រ តែគេសួរទៅ វាអត់ជាប់។ គេមកធ្វើ[សម្ភាស]សារក្រោយនេះ គេចម្រាញ់អស់ហើយ ឃុំគេដើរសម្ភាសសព្វគ្រប់អស់ហើយ អ្នកខ្លះថាខ្ញុំក្រដែរអីក្រដែរ រួចអត់ជាប់ ហើយ[ចង់ឱ្យខាងមន្ត្រីមូលដ្ឋាន]ធ្វើម៉េច»។

ស្ត្រីមេម៉ាយវ័យចំណាស់ម្នាក់ទៀត​មកពីខេត្តព្រៃវែង អ្នកស្រី វ៉ា យឺ បច្ចុប្បន្នកំពុងប្រកបរបររកស៊ីជាអ្នកដើរអូសរទេះ​អេតចាយតែម្នាក់ឯង នៅក្នុងរាជធានី​ភ្នំពេញ ដើម្បីចិញ្ចឹមជីវិត។

អ្នកស្រីបានថ្លែងថា អ្នកស្រីមានបណ្ណសមធម៌ដែលទៅពេទ្យមិនតម្រូវឱ្យមានការបង់ប្រាក់ទេ ប៉ុន្តែអ្នកស្រី​មិនបានទទួលប្រាក់ឧបត្ថម្ភសម្រាប់ជន​ក្រីក្រប្រចាំខែនោះឡើយ។

បច្ចុប្បន្ន អ្នកស្រី វ៉ា យឺ កំពុងរស់នៅក្នុង​សង្កាត់ទួលសង្កែ ខណ្ខឫស្សីកែវ រាជធានីភ្នំពេញ ចាប់តាំងពីអ្នកស្រីបានត្រលប់មកពីប្រទេសថៃ ទៅនៅស្រុកកំណើតវិញជាមួយកូនប្រុស។ ប៉ុន្តែជាអកុសល កូនប្រុសរបស់អ្នកស្រីបានស្លាប់កាលពីជាង១ឆ្នាំមុនទៅហើយ។ អ្នកស្រីបន្តថា រស់​ជាស្ត្រីមេម៉ាយ ជាជនពិការ គឺពិបាករកការងារធ្វើណាស់។

អ្នកស្រី​និយាយថា៖ «ចាស់ទៅពិបាកណាស់ គេចិត្តអាក្រក់ណាស់ ខ្ញុំវាទ័ល! បើសិនជាក្រមិនអីទេ ស៊ីឈ្នួលគេ គេមិនយក មិនដឹងធ្វើម៉េច! ពីមុនយើងក្មេង បកខ្ទឹមបកអីឱ្យគេ ឥលូវគេអត់យកទេ»។

ទាក់ទងបញ្ហានេះ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី បានមានប្រសាសន៍ថា មនុស្សវ័យ​ចំណាស់ ជនពិការ និងពលរដ្ឋ​ក្រីក្រមួយចំនួន​ បានពឹងផ្អែកទាំងស្រុងពីជំនួយរបស់ក្រុមគ្រួសារបស់ពួកគេ ហើយក៏ក្លាយជាបន្ទុកមួយរបស់គ្រួសារនីមួយៗ។ លោកបន្តថា បើពួកគេរស់នៅក្នុងគ្រួសារដែលមានជីវភាពធូរធារ មិនសូវប្រឈមជាមួយបញ្ហាធំប៉ុន្មានទេ តែបើរស់នៅក្នុងក្រុមគ្រួសារដែលមានជីវភាពខ្សត់ខ្សោយឬខ្វះការឧបត្ថម្ភពីសាច់ញាតិ គឺជាទុក្ខលំបាកដ៏ខ្លាំងមួយដែលត្រូវប្រឈមមុខក្នុងការរស់នៅប្រចាំថ្ងៃក្នុងសង្គម។

បុរសចំណាស់ម្នាក់អង្គុយនៅមុខក្បែរច្រកទ្វារចូលរោងចក្រ វ៉ាយ&ដាប់បែលយូ (Y&W) ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

លោក ប៉ិច ពិសី បន្តទៀត​ថា បើសិនជាកម្ពុជាមិនអាចរៀបចំប្រព័ន្ធសង្គមកិច្ចឱ្យរឹងមាំ ដែល​ហៅថា ការការ​ពារ​ប្រព័ន្ធ​សង្គមឱ្យ​មាំទេ ពលរដ្ឋខ្មែរអាចមានបន្ទុកធ្ងន់ ដោយសារត្រូវដោះស្រាយជីវភាពប្រចាំថ្ងៃ ដូចជា បញ្ហាសិក្សារបស់កូន ការចំណាយលើថ្នាំសង្កូវ និង​ឪពុកម្តាយចាស់ជរា ជាដើម។

លោក ប៉ិច ពិសី ថ្លែងថា៖ «ពលរដ្ឋដែលរស់នៅកៀកក្បែរនឹងបន្ទាត់នៃភាពក្រីក្រ ច្រើនរហូតដល់៤,៥លាននាក់ ហ្នឹងគេថារស់នៅក្បែរក្រ! ហើយអ្នកដែលក្រតែម្តង ឥលូវមានកំណើន តាមទិន្នន័យរបស់អង្គការសហប្រជាជាតិហ្នឹង គឺដល់ទៅ១៧ភាគរយ បានន័យថា អ្នកក្រច្រើន! បើយើងផ្ទឹមនឹងចំនួន១៦លាននាក់ជាង បានន័យថា យើងមានអ្នកក្រចូលប្រហែល៦លាននាក់ទៅហើយ ៦[ទៅ]៧លាននាក់។ អ្នកក្របូកនឹងអ្នកក្បែរក្រ បានន័យថា ពួកគាត់ទាំងនោះមិនមានលទ្ធភាពជួយជ្រោមជ្រែងកូនគាត់ឬឪពុកម្តាយគាត់ទេ គាត់មានបន្ទុកធ្ងន់ណាស់»។

លោកបន្តថា ដល់ពេលដែលកម្ពុជា​ត្រូវគិតគូរការកសាងមជ្ឈមណ្ឌលចាស់ជរា ជនងាយរងគ្រោះ ជនពិការ និងជនវិកលចរិត ជាដើម ព្រោះ​​​កាតព្វកិច្ចរបស់រដ្ឋត្រូវមើលថែពលរដ្ឋរបស់ខ្លួន។

យ៉ាងណាក្តី លោក ថេង បញ្ញាធន ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកផែនការនៃក្រសួងផែនការ មានប្រសាសន៍​នៅថ្ងៃទី២ ខែមិថុនា ​បានមានប្រសាសន៍ថា ដើម្បីទទួលបានបណ្ណសមធម៌ តម្រូវឱ្យមានការវាស់វែងដើម្បីរកអត្តសញ្ញាណ​អ្នកក្រីក្រ ដោយការវាស់វែងនោះធ្វើឡើងតាមរយៈសម្រង់សំណួរ​និងការដាក់ពិន្ទុទៅតាមការ​ឆ្លើយ​របស់​សាម៉ីខ្លួនដែលស្នើសុំ។

លោកបន្តថា បើពលរដ្ឋដែលបានដាក់ពាក្យស្នើសុំបណ្ណសមធម៌ ឆ្លើយ​សំណួរ​បានពិន្ទុ៦៩ គឺខ្ពស់ បានន័យថា ក្រីក្រខ្លាំង បើពិន្ទុល្មម គឺក្រល្មម បើពិន្ទុកាន់តែតិច នោះមិនជាប់នោះទេ។ សម្រាប់ជនងាយរងគ្រោះ ដូច​ជា កុមារ ចាស់ជរា ជនពិការ ជនក្រីក្រ ដែលជា​លក្ខខណ្ឌពិសេសនោះ លោកថា រដ្ឋាភិបាលនឹងផ្តល់បណ្ណសមធម៌​ដល់ជននោះ​​តែម្តង។

ប៉ុន្តែយ៉ាងណាក្តី លោកថា ក្នុងករណីមានជនក្រីក្រដែលមិនអាចទទួលបានបណ្ណក្រីក្រ ពួកគេអាចប្តឹងតវ៉ា​ទៅ​ថ្នាក់លើ ដើម្បីចុះទៅពិនិត្យបាន។

លោក បញ្ញាធន ថ្លែងថា៖ «ក្រសួងផែនការមាន Hotline [លេខទូរសព្ទទំនាក់ទនងទាន់ហេតុការណ៍] គឺសម្រាប់ប្តឹងមក បើកន្លែងណាឃើញឈ្មោះ”ក” ឈ្មោះ”ខ” ដូចកន្លងមក គឺតាមហ្វេសប៊ុកតាមអីហ្នឹង គាត់ប្តឹងមកខ្ញុំ អ៊ីចឹងខ្ញុំដែលជាថ្នាក់ដឹកនាំត្រួតពិនិត្យការងារ ឧបមាថា នៅឯណា រាជធានីភ្នំពេញ នៅខណ្ឌណា! អ៊ីចឹង​ខ្ញុំបញ្ជាទៅខាងមន្ទីរផែនការរាជធានី ឱ្យ​​ចុះទៅមើល អ្វីដែលគេប្តឹងវាពិតប្រាកដអត់! បើមើលពិតប្រាកដ គេធ្វើការជាមួយឃុំ-សង្កាត់ដើម្បីកំណត់»។

នាយក​​អង្គការ​​កម្មវិធី​អភិវឌ្ឍន៍​​សហប្រជាជាតិ (UNDP) ប្រចាំ​កម្ពុជា លោក នីក បេរេសហ្វ័ដ (Nick Beresford) បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី៣១ ខែឧសភា ថាលោកចង់ឃើញ​​រដ្ឋាភិបាល​​កម្ពុជាដាក់​ចេញនូវប្រព័ន្ធ​សោធន​និវត្តន៍ និង​​ប្រព័ន្ធ​គាំពារ​​សង្គម​​សម្រាប់​​​មនុស្ស​​ចាស់ ក្នុងពេល​​ដែល​​ចំនួន​​​ប្រជាជន​​វ័យ​​ចំណាស់​​នៅ​​កម្ពុជាអាយុ​ចាប់ពី៦០ឆ្នាំ​ឡើងទៅ ​កំពុង​កើនឡើង។ លោក​​ថា បើទោះបី​ជា​​ពេល​នេះ​កម្ពុជា ​គឺ​ជា​​ប្រទេស​ដែល​មាន​​ប្រជាជន​​វ័យ​ក្មេង​​ច្រើនក៏ដោយ ប៉ុន្តែ​ស្ថានភាពនេះ​​នឹង​មិន​នៅ​​បែប​នេះ​​​រហូត​នោះ​ឡើយ។

បើតាមរបាយការណ៍របស់​អង្គការកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បច្ចុប្បន្ន​ កម្ពុជាជាប្រទេស​​ដែល​មាន​​ប្រជាជន​វ័យក្មេងច្រើន​ជាងគេ​​នៅ​អាស៊ីអាគ្នេយ៍ ក៏ប៉ុន្តែ​ទន្ទឹម​នឹង​​នេះ ប្រទេសនេះ​​ក៏​កាន់​តែ​​មាន​ប្រជាជន​​វ័យ​​ចំណាស់​​កើនឡើង​​ផងដែរ។

អង្គការនេះបន្តថា នៅក្នុងឆ្នាំ២០១៩ កម្ពុជាមាន​​ប្រជាជន​វ័យ​ចំណាស់​​អាយុ​ចាប់ពី៦០ឆ្នាំឡើងទៅ ចំនួន​ជិត៩% នៃ​​ប្រជាជន​​សរុប ពោល​គឺ​​កើនឡើង​ជាង​៥% បើធៀប​នឹង​​ពីរ​ទសវត្សរ៍​កន្លងទៅ។ ចំនួន​នេះ​នឹងកើនឡើង​​ដល់ទៅ២១% ក្នុង​ឆ្នាំ២០៥០​ខាងមុខ ដែល​​មានន័យ​ថា ប្រសិន​បើ​គ្មាន​​ជំនួយឬ​គោលនយោបាយ​​គាំពារ​សង្គម​ច្បាស់​លាស់​​​ពី​រដ្ឋ​នោះ​ទេ នោះ​​ប្រជាជន​​ក្នុង​វ័យ​កម្លាំង​​ពលកម្ម នឹង​ក្លាយ​​ជា​​អ្នក​​ទទួល​បន្ទុក​រ៉ាប់​រង​​ជួយ​​ឧបត្ថម្ភ​គាំទ្រ​​ដល់​​ក្រុម​​មនុស្ស​វ័យ​ចំណាស់ដែល​មាន​​ចំនួន​កាន់​តែ​​ច្រើនឡើងនោះ៕


អត្ថបទទាក់ទង

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ