អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​ទុក​ពេល​ត្រឹម​ពាក់​កណ្តាល​ខែ​នេះ​ ឱ្យ​ក្រុមហ៊ុន​រុះ​រើ​ផ្ទាំង​ប៉ាណូ​ផ្សាយ​ពាណិជ្ជ​កម្ម​គ្រឿង​ស្រវឹង​ឱ្យ​អស់​

ប្រជាពលរដ្ឋមួយចំនួនក្នុងខណ្ឌច្បារមន បាននាំគ្នារុះរើផ្ទាំប៉ាណូឬស្លាកយីហោក្រោមការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងចេញពីមុខផ្ទះរបស់ខ្លួន ក្រោយមានការណែនាំពីអាជ្ញាធររដ្ឋបាលខេត្តកំពង់ស្ពឺ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ រដ្ឋបាលក្រុងច្បារមន ខេត្តកំពង់ស្ពឺ)

អាជ្ញាធរខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្រុមហ៊ុនឯកជនមួយចំនួនបានរុះរើផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងឬស្លាក​​យី​​ហោ​​ដែលជ្រកក្រោមស្លាកស្រាបៀរជាបណ្តើរៗហើយ ខណៈអាជ្ញាធរខេត្តសម្រេចពន្យារពេល​ត្រឹមថ្ងៃទី១៥ ខែមិថុនានេះ ឱ្យក្រុមហ៊ុនរុះរើ​ស្លាកយីហោផ្សព្វផ្សាយគ្រឿងស្រវឹងចេញឱ្យអស់ពីក្នុងខេត្ត។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ប្រាប់ វីអូឌី នៅថ្ងៃទី៦​ ខែមិថុនា ឆ្នាំ២០២១នេះថា ក្រុមហ៊ុនឯកជនដែល​មានផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងឬស្លាកពាណិជ្ជកម្មគ្រឿងស្រវឹងនៅតាមដងផ្លូវ​​ បានចាប់ផ្តើមរុះរើផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងឬស្លាក​​យី​​ហោ​​ដែលជ្រកក្រោមស្លាកស្រាបៀរជាបណ្តើរៗហើយ ប៉ុន្តែលោកមិនបានបញ្ជាក់ពីចំនួនដែលរុះរើនោះទេ ខណៈអាជ្ញាធរទុកពេលត្រឹមថ្ងៃទី១៥ខែនេះ ត្រូវរុះរើចេញឱ្យអស់។

ទោះជាបែបនេះក្តី អភិបាលខេត្តរូបនោះបញ្ជាក់ថា ដើមចមដែលអាជ្ញាធរទុកពេលឱ្យក្រុមហ៊ុនបន្ថែមដល់ថ្ងៃទី១៥ ខែមិថុនា ដើម្បីរុះរើផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងឬស្លាក​​យី​​ហោ​​ដែលជ្រកក្រោមស្លាកស្រាបៀរឱ្យអស់ចេញពីខេត្តនោះ ដោយសារក្រុមហ៊ុនស្រាបៀរទាំងនោះត្រូវការពេលជួលកម្មករ ខណៈស្ថានភាពកូវីដ-១៩ កំពុងរីករាលដាល មិនងាយរកកម្មកររុះរើបានលឿននោះទេ។

លោកមានប្រសាសន៍ថា៖ «យើងទុកពេលឱ្យគាត់ [ក្រុមហ៊ុនស្រាបៀរ] ត្រឹមពាក់កណ្តាលខែ ដោយសារគាត់ត្រូវមានក្រុមហ៊ុនធ្វើប៉ាណូជាអ្នកដើរដោះ [រុះរើ] ផ្ទាំងប៉ាណូ ឥលូវដោះហូរហែហើយ! យ៉ាងច្រើនយើងទុកឱ្យត្រឹមថ្ងៃ១៥ខែនេះ បើក្រុមហ៊ុនមិនរុះរើឱ្យអស់ទេ ខាងខេត្តនឹងចុះរុះរើផ្ទាល់ហើយ»។

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូប្រចាំខេត្តកំពង់ស្ពឺ លោក អ៊ុង សាមិត្ត មានប្រសាសន៍ថា បើសិនជាដល់ពាក់កណ្តាលខែមិថុនានេះ អាជ្ញាធរមិនរុះរើផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងឬស្លាក​​យី​​ហោ​​ដែលជ្រកក្រោមស្លាកស្រាបៀរ តាមការប្រកាសរបស់ខ្លួនទេ នឹងធ្វើឱ្យពលរដ្ឋអស់ជំនឿលើការដឹកនាំរបស់ពួកគេ ពីព្រោះការពន្យារពេលនេះធ្វើឡើងច្រើនដងរួចទៅហើយ។

លោកមានប្រសាសន៍ថា៖ «ចាំមើលពាក់កណ្តាលខែហ្នឹង បើអត់រុះរើ ធ្វើឱ្យពលរដ្ឋលែងជឿលើអាជ្ញាធរហើយ ព្រោះយូរៗទៅ វាសាបរលាបការសន្យារបស់ពួកគាត់ដោយខ្លួនឯង»។

មន្ត្រីសិទ្ធិមនុស្សរូបនោះផ្តល់ជាអនុសាសន៍ថា ដើម្បីទប់ស្កាត់ការលក់គ្រឿងស្រវឹង និងការពារសុខភាពពលរដ្ឋនៅក្នុងខេត្តបាន លុះត្រាតែអាជ្ញាធរបិទកុំឱ្យមានការលក់គ្រឿងស្រវឹង ទើបទទួលផលវិជ្ជមានខ្ពស់ជាងការបញ្ជាឱ្យរុះរើផ្ទាំងប៉ាណូ។

យុទ្ធនាការណែនាំឱ្យពលរដ្ឋនិងក្រុមហ៊ុនឯកជនរុះរើស្លាកពាណិជ្ជកម្មស្រាបៀរឬយីហោដែលជ្រកក្រោមស្លាកស្រាបៀរនេះ ទើបតែមាននៅខេត្តកំពង់ស្ពឺមួយប៉ុណ្ណោះ ខណៈខេត្តផ្សេងទៀតនៅមិនទាន់អនុវត្តវិធានការនេះនៅឡើយទេ ស្របពេលក្រុមសង្គមស៊ីវិលមួយចំនួនចង់ឃើញវិធានការផ្អាកការផ្សព្វផ្សាយគ្រឿងស្រវឹងបែបនេះធ្វើឡើងនៅទូទាំងប្រទេសតែម្តង។

មជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បាន​​បង្ហាញ​​ពី​​លទ្ធ​ផល​​នៃការស្ទង់មតិរបស់ខ្លួន​នៅអំឡុងឆ្នាំ២០១៧ ដោយ​រកឃើញថា មាន​​មនុស្ស​​ប្រ​​មាណ៩០​​ភាគ​​រយបាន​​ឃើញ​​​​ការផ្សព្វផ្សាយពីផលិតផលគ្រឿងស្រវឹងនៅតាម​​មធ្យោ​បាយ​​ផ្សេង​​ៗ ហើយ​ក្នុងចំណោមអ្នកដែលបានឃើញការផ្សព្វផ្សាយ​នោះ ប្រមាណ៧០ភាគរយ ចង់សាកល្បងប្រើ​​ប្រាស់​គ្រឿងស្រវឹងផងដែរ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ