មន្ត្រី​ជាន់​ខ្ពស់​រដ្ឋា​ភិបាល​ថា​ ការ​ស្នើ​ឱ្យ​ដោះ​លែង​អ្នក​ទោស​មន​សិការ​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​មាន​ចរិត​នយោបាយ ​

លោក ថុន រដ្ឋា និងកញ្ញា ភួន កែវរស្មី ក្រោយចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១។ (សុខ ចន្ទ្រាវុធ)

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលើកឡើងថា ការចេញសេចក្តីថ្លែងការណ៍រួមរបស់អង្គការទាំង២០ ដែលអំពាវនាវដល់រដ្ឋាភិបាលឱ្យដោះលែងអ្នកទោសមនសិការទាំងអស់ គឺជាការទាមទារដែលមានចរិតនយោបាយ និងមិនសមស្របខុសនឹងនីតិវិធីច្បាប់នៃរដ្ឋធម្មនុញ្ញកម្ពុជា។

ការអះអាងនេះ ក្រោយពេលក្រុមអង្គការសង្គមស៊ីវិលចំនួន២០ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយស្នើសុំតុលាការនិងរាជរដ្ឋាភិបាលកម្ពុជាពិចារណាដោះលែងអ្នកទោសមនសិការទាំងអស់ ក្រោមហេតុផលវិបត្តិកូវីដ-១៩ ដែលកំពុងឆ្លងរាលដាលចូលទៅក្នុងសហគមន៍ពន្ធនាគារកម្ពុជា។

​អ្នកនាំពាក្យក្រសួងយុត្តិធម៌ និងអនុប្រធាន ព្រមទាំងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន នៅយប់ថ្ងៃទី៦ ខែមិថុនា លើកឡើងនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ការទាមទាររបស់ក្រុមអង្គការសង្គមស៊ីវិលជារឿងខុសច្បាប់និងមានចរិតនយោបាយដោយយោងលើហេតុផលមួយចំនួន។

លោកថា ហេតុផលទាំងនោះផ្អែកតាមរដ្ឋធម្មនុញ្ញនិងគោលការណ៍នៃការបែងចែកអំណាចក្នុងសង្គមប្រជាធិបតេយ្យ រដ្ឋាភិបាលមិនមានអំណាចដោះលែងអ្នកជាប់ឃុំដែលស្ថិតក្រោមសមត្ថកិច្ចរបស់តុលាការនោះទេ ហើយក៏គ្មានបុគ្គលឬស្ថាប័នណាអាចបង្គាប់បញ្ជាតុលាការដែលជាស្ថាប័នឯករាជ្យបាននោះដែរ។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន មានប្រសាសន៍​ឆ្លើយតបទៅនឹង​សំណួរ​របស់​អ្នកសារព័ត៌មាន ក្រោយ​ចូលរួម​បើក​សិក្ខាសាលា​ស្តី​ពី«ការរៀបចំ​យន្តការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ» នៅ​សណ្ឋាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី៥ ខែកុម្ភៈឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ទំព័រហ្វេសប៊ុកលោក ជិន ម៉ាលីន សរសេរថា៖ «នៅកម្ពុជា មិនមានអ្នកទោសនយោបាយឬអ្នកទោសមនសិការដូចការលើកឡើងរបស់អង្គការទាំង២០នេះទេ គឺមានតែអ្នកនយោបាយដែលមានទោសដោយសារតែបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។ នៅកម្ពុជា ការបញ្ចេញមតិដោយសន្តិវិធី គឺជាសិទ្ធិ មិនមែនជាបទល្មើសនោះទេ តែផ្ទុយទៅវិញ ការបញ្ចេញមតិដែលប៉ះពាល់ដល់សិទ្ធិអ្នកដទៃ​ សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ជាដើម។ល។ គឺជាបទល្មើស មិនមែនជាការអនុវត្តសិទ្ធិនោះទេ ចំណែកឯអ្នកដែលប្រព្រឹត្តអំពើល្មើសទាំងនេះ ក៏ត្រូវទទួលទោសតាមផ្លូវច្បាប់ផងដែរ និងមិនត្រូវបានចាត់ទុកជាអ្នកទោសមនសិការដូចការលើកឡើងរបស់អង្គការទាំង២០នេះទេ»។

លោក ជិន ម៉ាលីន បន្តថា ការអំពាវនាវឱ្យដោះលែងអ្នកទោស​របស់អង្គការទាំង២០នេះ ដើម្បីដោះស្រាយភាពចង្អៀតណែនក្នុងពន្ធនាគារ ដោយមិនផ្អែកលើមូលដ្ឋាននិងនីតិវិធីច្បាប់ដែលមានជាធរមាន មិនមែនជាវិធានការសមស្របនោះទេ។ តែផ្ទុយទៅវិញ វានឹងនាំឱ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់សន្តិសុខនិងសណ្តាប់ធ្នាប់សង្គមទៅវិញទេ។ លោកថា មានតែការដោះលែងដោយផ្អែកតាមនីតិវិធីច្បាប់ដែលមានជាធរមានទេ ហើយដែលបានអនុវត្តជាហូរហែនាពេលកន្លងមក​ ទើបអាចធានាបាននូវសន្តិសុខសង្គមនិងកាត់បន្ថយការកើនឡើងជាគំហុកនៃចំនួនអ្នកជាប់ឃុំក្នុងពន្ធនាគារ។

អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរូបនេះ បញ្ជាក់ថា ការអំពាវនាវដែលផ្ទុយទៅនឹងច្បាប់និងមានចរិតជានយោបាយបែបនេះ នឹងមិនអាចជួយការពារដល់អ្នកជាប់ឃុំទាំងអស់នោះបានទេ។ ​

ទោះបីជាយ៉ាងនេះក្តី កាលពីថ្ងៃទី៤ ខែមិថុនា ក្រុមអង្គការសង្គមស៊ីវិលអះអាងថា អ្នកទោសមនសិការ គឺជាបុគ្គល​ដែលត្រូវ​បានគេចាប់​ដាក់គុក​ដោយសារ​តែការបញ្ចេញមតិ​ដោយសន្តិវិធី​ទាក់ទង​នឹងបញ្ហា​នយោបាយ សង្គម ជំនឿសាសនា ឬជំនឿ​ផ្សេងទៀត​តាមមនសិការឬអត្តសញ្ញាណ​របស់ពួកគេ។ ស្ទើរតែ​អ្នកទោសមនសិការ​ទាំងអស់​ដែលបានជាប់​ពន្ធនាគារ​នៅក្នុង​ប្រទេសកម្ពុជា​ បានប្រឈម​មុខនឹង​ការចោទ​ប្រកាន់និងការ​ដាក់ទោស​ពីបទ​ញុះញង់ដូចគ្នា។

ក្រុមអង្គការទាំងនោះថា សុវត្ថិភាពនិងសុខភាព​របស់អ្នកទោស​ទាំងអស់ ​រួមទាំង​អ្នកទោសមន​សិការ​ផងដែរ គឺជាទំនួល​ខុសត្រូវ​របស់រាជរដ្ឋាភិបាល​កម្ពុជា។ ការទទួល​ខុសត្រូវ​នេះ មិនត្រឹម​តែចេញពីតួនាទី​របស់ខ្លួន​ជាអាជ្ញាធរ​ប៉ុណ្ណោះទេ ប៉ុន្តែពី​និយាមនិងបទដ្ឋាន​អន្តរជាតិដែល​បានកំណត់​បទប្បញ្ញត្តិក្នុង​ពន្ធនាគារ​ ដូចជា វិធានបទដ្ឋាន​អប្បបរមារ​បស់អង្គការ​សហប្រជាជាតិ​ស្តីពីការ​ប្រព្រឹត្តចំពោះ​អ្នកទោស និងវិធាន​បទដ្ឋាន​អប្បបរមា​របស់អង្គការ​សហប្រជាជាតិ​ស្តីពីវិធាន​ការមិន​ឃុំឃាំង។ ដោយមើល​ឃើញពីរបាយការណ៍​នៃករណីកើន​ឡើងនៃជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារ​កម្ពុជា រួមផ្សំ​នឹងចំនួន​អ្នកទោសច្រើន​ពេកនៅក្នុង​ពន្ធនាគារ ពួកគេបានអំពាវនាវ​ដល់រដ្ឋាភិបាល​ឱ្យដោះលែង​អ្នកទោសមនសិការ​អហិង្សា​ទាំងអស់ ដែលជាវិធាន​ការដើម្បីកាត់បន្ថយ​ហានិភ័យ​បណ្តាលមក​ពីការរីករាល​ដាលនៃវីរុសកូរ៉ូណា។

ក្នុងសេចក្តីថ្លែងការណ៍បន្តថា៖ «នៅក្នុងសង្គម​សម័យ​ទំនើប ប្រទេសកាន់​លទ្ធិប្រជាធិបតេយ្យ​ដែលមានការ​ដឹកនាំបែប​នីតិរដ្ឋ ទទួល​ស្គាល់ថា ឧក្រិដ្ឋកម្ម​ទាំងឡាយ​ដែលអ្នកទោស​មនសិការ​ត្រូវបានគេចោទ​ប្រកាន់ឬត្រូវបាន​ផ្តន្ទាទោស​ពីបទណា​មួយនោះ មិន​គួរត្រូវបាន​ចាត់ទុកថាជាឧក្រិដ្ឋកម្មឡើយ។ ផ្ទុយទៅវិញ ​បុគ្គលអហិង្សា​ទាំងនេះ​ត្រូវបានគេ​ចាត់ទុក​ថា ជាពលរដ្ឋសកម្ម​ដែលរួមចំណែក​ដល់ការធ្វើ​ឱ្យសង្គម​របស់ពួក​គេប្រសើរ​ឡើង។ មាត្រា៥១ នៃរដ្ឋធម្មនុញ្ញ​កម្ពុជា​ចែងថា “ពលរដ្ឋកម្ពុជា គឺជាម្ចាស់​នៃប្រទេស​របស់ខ្លួន”។ ទោះយ៉ាងណា ពលរដ្ឋមិន​អាចក្លាយ​ជាម្ចាស់នៃ​ប្រទេសរបស់​ខ្លួនបាន​ឡើយ ប្រសិន​បើពួកគេមិន​អាចចូលរួម​ក្នុងកិច្ចការ​សង្គមនិងបញ្ចេញ​គំនិតរបស់​ពួកគេចំពោះ​បញ្ហានយោបាយ សេដ្ឋកិច្ច និងសង្គមរបស់ខ្លួន»។

ក្នុងសេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា ​ការដោះលែង​អ្នកទោស​មនសិការ​ទាំងនេះនឹង​លើកកម្ពស់​សិទ្ធិជាមូលដ្ឋាន​ដែលមាន​ចែងនៅ​ក្នុងរដ្ឋ​ធម្មនុញ្ញកម្ពុជា និងឧបករណ៍​សិទ្ធិមនុស្ស​អន្ដរជាតិ​ដទៃទៀត ​ដើម្បីកាត់​បន្ថយហានិភ័យ​សង្គមពីជំងឺកូវីដ-១៩ ហើយរួម​ចំណែកក្នុង​ការផ្តល់សុភមង្គល​ដល់គ្រួសារ​របស់ពួកគេ​និងសង្គម​ទាំងមូល កាត់បន្ថយ​ភាពតាន​តឹងផ្នែក​សង្គមនិងនយោបាយ និងលើក​ទឹកចិត្ត​ពួកគេឱ្យ​បន្តការងារ​ដ៏មានតម្លៃ​របស់ខ្លួន​សម្រាប់​ជាប្រយោជន៍​រួមដល់​សង្គមកម្ពុជា ក៏ដូចជានាំ​មកនូវភាព​ល្អប្រសើរ​សម្រាប់ប្រជាជន​កម្ពុជាផងដែរ។

គិត​ចាប់តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០២០ ​​អាជ្ញាធរ​កម្ពុជាបានឃុំ​ខ្លួន​លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ក្រុមសកម្មជនបរិស្ថាន ក្រុមយុវជនខ្មែរថាវរៈ សមាជិកសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ សកម្មជនបក្សប្រឆាំង ដែលក្រុមអង្គការសង្គមស៊ីវិលចាត់ទុកជាអ្នកជាប់ឃុំមនសិការនោះ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្នមិនតិចជាង២០នាក់ឡើយ។  

ច្បាប់​ស្ដីពី​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន មាត្រា​១ ចែង​ថា ទោះ​ស្ថិត​ក្នុង​ករណី​ណា​ក៏ដោយ ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​នេះ​មិន​ឱ្យ​លើស​ពី៤​ខែ​ឡើយ ប៉ុន្តែ​ការ​សម្រេច​របស់​ចៅក្រម​ដែល​មាន​មូលហេតុ​ច្បាស់លាស់ រយៈពេល​នេះ​អាច​បន្ត​ឃុំ​ខ្លួន​ដល់៦​ខែ​បាន ប្រសិនបើ​មាន​ការ​ចាំបាច់​ក្នុង​ការ​ស៊ើបអង្កេត៕


អត្ថបទទាក់ទង

  1. មេធាវី​និង​សាច់​ញាតិ​អំពាវនាវ​ឱ្យ​តុលាការ​ដោះ​លែង​កូន​ក្តី​ពេល​តុលាការ​បើក​សវនាការ​នៅ​សប្តាហ៍​ក្រោយ​
  2. អ្នក​ទោស​នយោ​បាយ​និង​អ្ន​ក​ទោស​មន​សិការ​​ឆ្លង​ជំងឺ​កូវីដ-១៩​​នៅ​​ពន្ធនា​គារ​ព្រៃស​
  3. អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ថា​ដល់​ពេល​ត្រូវ​និយាយ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​
  4. កម្ពុជា​បន្ត​ច្រាន​ចោល​របាយ​ការណ៍​ដែល​រក​ឃើញ​ថា​សិទ្ធិ​មនុស្ស​ធ្លាក់​ចុះ​ខ្លាំង​នៅ​ឆ្នាំ​២០២០​
  5. អ្នក​នាំ​ពាក្យ​ថា​ពាក្យ​«និទណ្ឌភាព»​ជា​ភាសា​នយោបាយ​ដដែលៗ​របស់​អាមេរិក
  6. សភា​អឺរ៉ុប​ស្នើ​ដាក់​ទណ្ឌកម្ម​​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​ដោយ​ចោទ​ថា​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ