មន្ត្រី​ក្រសួង​ការពារ​ជាតិ​ថា​យោធា​ដែល​បាញ់​ពលរដ្ឋ​ឱ្យ​រង​របួស​នឹង​យក​មក​កាត់​ទោស​

ពលរដ្ឋដែលមានជម្លោះដីធ្លីម្នាក់កាន់អាវប្រឡាក់ដោយឈាមរបស់ជនរងគ្រោះម្នាក់ក្រោយរងការបាញ់ប្រហារពីក្រុមយោធា ដោយពលរដ្ឋអះអាងថា ហេតុការណ៍នេះកើតឡើងពេលពួកគាត់បានលើកគ្នាទៅហាមឃាត់គ្រឿងចក្រឈូសឆាយលើដីធ្លីពួកគាត់ នៅចំណុច​ភូមិអង្គស្រែពោធិ៍ ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្ដាល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១។ (Michael Dickison)

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ អះអាងថា ក្រសួង​កំពុង​ស្រាវ​ជ្រាវ​រក​មុខ​មន្ត្រី​យោធា​ដែលបាញ់​ប្រហារ​ទៅ​លើ​ប្រជាពលរដ្ឋម្នាក់ឱ្យរងរបួសនៅក្នុងជម្លោះដីធ្លីមួយកន្លែងនៅ​ខេត្ត​កណ្តាល​ កាល​ពីថ្ងៃ​ម្សិលមិញ ដើម្បីយកទៅអនុវត្តទោសទៅ​តាមច្បាប់​។

អ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ ប្រាប់ វីអូឌី នៅថ្ងៃសុក្រនេះថា ក្រសួងបានទទួល​របាយការណ៍របស់អាជ្ញាធរហើយ ពាក់ព័ន្ធនឹងករណីការប្រើប្រាស់អាវុធរបស់ក្រុមយោធាបាញ់ទៅលើប្រជាពលរដ្ឋកាលពីថ្ងៃ​ម្សិលមិញ។ លោកបន្តថា បច្ចុប្បន្ន គណៈកម្មការឯកភាពខេត្តកំពុងធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវ ដើម្បីយកអ្នកដែលបានបាញ់នោះមកដាក់ទោស។

លោក ឈុំ សុជាតិ បានថ្លែង​ថា៖ «បើយើងរកឃើញ យើងនឹងដាក់ទោសទណ្ឌតាមហ្នឹងហើយ​ ប៉ុន្តែឥលូវយើង​មិនទាន់ឃើញភស្តុតាងជាក់ស្ដែង អ្នកណាបាញ់ ឈ្មោះណាបាញ់​ ឬបាញ់ត្រូវពីណានោះ! យើង​​គ្រាន់តែឮនិងឃើញរបាយការណ៍ ប៉ុន្តែ​យើងមិនទាន់ឃើញលម្អិតអ្នកណាជាអ្នកប្រព្រឹត្ត»។

កាលពីថ្ងៃទី៣ ខែមិថុនា កងកម្លាំងយោធាប្រដាប់ដោយអាវុធប្រមាណ​៤០​នាក់បាន​បើក​ការបាញ់ប្រហារដោយគ្រាប់កាំភ្លើងពិត ទៅលើប្រជាពលរដ្ឋប្រមាណ៦០នាក់ដែល​តវ៉ានៅក្នុងជម្លោះដីធ្លីមួយកន្លែង ស្ថិតនៅចំណុចភូមិអង្គស្រែពោធិ៍ ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្ដាល បណ្ដាលឱ្យពលរដ្ឋម្នាក់រងរបួសធ្លាយស្មា និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

ការផ្ទុះអាវុធ​​របស់​ក្រុម​យោធាបានធ្វើឡើងបន្ទាប់ពីក្រុមពលរដ្ឋបានលើកគ្នាទៅតវ៉ា​​ហាមឃាត់​មិន​ឱ្យយកគ្រឿងចក្រឈូសឆាយព្រំដីស្រែរបស់ពួកគេដែលធ្លាប់អាស្រ័យផលរាប់ឆ្នាំមកហើយ។

លោក ង៉ែត សុភាព ដែលត្រូវជាប្អូនថ្លៃជនរងគ្រោះ បានអំពាវនាវឱ្យរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធជួយរកយុត្តិធម៌ឱ្យបងថ្លៃរបស់លោក និងឱ្យជួយដោះស្រាយបញ្ហាវិវាទដីធ្លី​នេះ​ដល់ពួកគាត់ ដើម្បីឱ្យបានចូលអាស្រ័យផលលើដីស្រែនោះឡើងវិញ។

លោកថា៖ «ខ្ញុំចង់ឱ្យថ្នាក់ដឹកនាំជួយរកយុត្តិធម៌ឱ្យបងថ្លៃខ្ញុំផង ព្រោះគាត់ជាមនុស្សស្លូតត្រង់ គាត់មិនដែលទៅរំលោភបំពានដីរបស់អ្នកណាទេ។ ​ហើយឱ្យថ្នាក់ដឹកនាំជួយរកដំណោះស្រាយឱ្យប្រជាពលរដ្ឋផង​ ឱ្យប្រជាពលរដ្ឋបានអាស្រ័យផលបានវិញផង»។

ក្រោយពីមានករណីផ្ទុះអាវុធជាច្រើនគ្រាប់ដែលបាញ់ដោយក្រុមយោធានោះ អាជ្ញាធរខេត្តកណ្ដាលបានចេញសេចក្ដីជូនដំណឹងមួយកាលពីថ្ងៃម្សិល​មិញ​​​ថា ដីចម្ការ​បារាំង​ ដែលមានទំហំ២៨០​ហិកតានេះ គឺជាដីរដ្ឋ ដែលរាជរដ្ឋាភិបាលគ្រោងរៀបចំមួយផ្នែកសម្រាប់ប្រើប្រាស់ជាប្រយោជន៍វិស័យការពារជាតិ និងមួយផ្នែកទៀតប្រើប្រាស់សម្រាប់វិស័យបរិស្ថាន និងជាទីតាំងសម្រាប់ទុកដាក់សំរាមនិងសំណល់រឹងចុងក្រោយកម្រិតតំបន់ (Regional landfill)។

សេចក្តីជូនដំណឹង​​ដដែល ឱ្យដឹងថា ករណីនេះ ក្រុមការងារគណៈកម្មការអន្តរក្រសួងដោះស្រាយ​ផលប៉ះពាល់ កំពុងខិតខំ​សិក្សា​ស្រាវជ្រាវ ដើម្បីឈានដល់ការដោះស្រាយគោលនយោ​បាយ​ជូន​ប្រជាពលរដ្ឋដែលបានអាស្រ័យផលពិតប្រាកដ។

ប៉ុន្តែសេចក្តីជូនដំណឹង​របស់អាជ្ញាធរខេត្តកណ្ដាលនេះ មិនបានលើកឡើង​ពីការប៉ះទង្គិចគ្នានេះ​ទេ តែ​បាន​ព្រមានចាត់វិធានការច្បាប់លើក្រុមប្រជាពលរដ្ឋ ប្រសិនជាពួកគេមិនគោរពតាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ចនិងនៅតែបន្តបិទផ្លូវជាតិលេខ៥១។

ករណីនេះ ប្រជាពលរដ្ឋរស់នៅភូមិអង្គស្រែពោធិ៍ លោក ផាត់ សុវណ្ណ លើកឡើងថា ពួកគាត់​ហាក់​​មិន​មានជំនឿលើការ​ដោះស្រាយរបស់អាជ្ញាធរនេះទេ​ ព្រោះកន្លងមក អាជ្ញាធរ​ធ្លាប់សន្យា​ជាច្រើនលើកហើយ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយជូនប្រជាពលរដ្ឋនៅ​ឡើយ។ មួយវិញទៀត លោកថា បើសិនអាជ្ញាធរចង់ដោះស្រាយវិវាទពិតមែននោះ អាជ្ញាធរ​នឹងមិនប្រើប្រាស់គ្រឿងចក្រទៅឈូសឆាយដី និងមិនប្រើកាំភ្លើងបាញ់បោះមកលើប្រជាពលរដ្ឋនោះទេ។

លោកថា៖ «ខ្ញុំចង់ឃើញការដោះស្រាយរបស់រដ្ឋ ថាតើរដ្ឋគិតយ៉ាងណាជាមួយដីធ្លីប្រជាពលរដ្ឋហ្នឹង គិតជាសំណង ឬឱ្យដីហ្នឹងទៅប្រជាពលរដ្ឋ ឬយ៉ាងម៉េច! បើមិនឱ្យ រដ្ឋគិតគូរមក ព្រោះពលរដ្ឋមួយចំនួនអត់មានសង្ឃឹមទេ ដោយភាគច្រើនខ្លាចទាហានបាញ់។ ការបាញ់បោះមកលើប្រជាពលរដ្ឋនោះដូចជាសត្វធាតុអ៊ីចឹង រំលោភសិទ្ធិមនុស្សខ្លាំងណាស់ ដោយប្រជាពលរដ្ឋមានតែដៃទទេ ចំណែកអាជ្ញាធរថាការពារខ្លួនដែរ តែកាន់សុទ្ធតែអាវុធ»។

អនុប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត គាំទ្រចំពោះការស្រាវជ្រាវនិងស៊ើបអង្កេតស្វែងរកអ្នកប្រព្រឹត្តមកដាក់ទោសតាមច្បាប់ ខណៈលោកសង្កេតឃើញថា កន្លងមក មន្ត្រីយោធាដែលប្រើអាវុធបាញ់លើប្រជាពលរដ្ឋរឿងដីធ្លីនៅខេត្តព្រះសីហនុ និងក្រចេះ រួមទាំងខេត្តផ្សេងទៀត មិនទាន់យកមកដាក់ទោសនៅឡើយ។ លោកបន្តថា ប្រសិនបើរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធមិនចាប់មន្ត្រីនិងយោធាមកអនុវត្តច្បាប់ទេ លោកថា អំពើទាំងអស់នេះនឹងកើតឡើងបន្តទៀត។

លោកថា៖ «បើយើងមិនស៊ើបអង្កេត[រក]អ្នកបង្កបាញ់ឱ្យពលរដ្ឋរងរបួស ​ឬអ្នកពាក់ព័ន្ធមកអនុវត្តតាម​ច្បាប់ទេ វាជាវប្បធម៌និទណ្ឌភាពដែលបន្តលើកទឹកចិត្តឱ្យ​អំពើទាំងអស់នេះតទៅទៀត។ អ៊ីចឹង​ហើយ​បានជាយើងនៅតែ​ទាម​ទារ​ថា ធ្វើម៉េចឱ្យមានការស៊ើបអង្កេតទៅលើករណីហ្នឹង ​ហើយរកអ្នកដែលបាញ់ពលរដ្ឋ​ឱ្យរងរបួស និងអ្នកពាក់ព័ន្ធ មកអនុវត្តតាមផ្លូវច្បាប់ ដើម្បីបំបាត់វប្បធម៌និទណ្ឌភាព ហើយបញ្ហាដីធ្លីត្រូវដោះស្រាយដោយសន្តិវិធីឬតាមអាជ្ញាធរដែលពាក់ព័ន្ធ​ ហើយបញ្ចៀសអំពើហិង្សារបៀបនេះបន្តទៀត»។

កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានជំរុញឱ្យរដ្ឋបាលខេត្តទាំងអស់ពង្រឹងការអនុវត្តច្បាប់ឱ្យ​បានត្រឹមត្រូវ ​ពិសេស​ការចុះអនុវត្តសាលដីការបស់តុលាការ ​ដោយថា ការប្រើប្រាស់កម្លាំងយោធា​ណាមួយគឺជារឿងខុសច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ