សហ​គមន៍​​ខ្មែរ​កម្ពុជា​ក្រោម​ បង្ហាញ​ក្តី​បារម្ភ​ចំពោះ​កម្ពុជា​ខ្លាច​មាន​វាសនា​ដូច​កម្ពុជា​ក្រោម​​សព្វថ្ងៃ​

ខួប៧១ឆ្នាំ នៃ​ទិវា ៤មិថុនា កម្ពុជាក្រោម​ស្ថិត​ក្រោម​ការត្រួតត្រា​របស់​វៀតណាម (៤ មិថុនា ១៩៤៩ – ៤ មិថុនា ២០២០​)នៅ​ទីស្នាក់ការ​សហគមន៍​ខ្មែរ​កម្ពុជាក្រោម ស្ថិ​នៅ​សង្កាត់​គោក​ឃ្លាំង ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។ (​ហ្វេសប៊ុក៖ ទំព័រ​សហគមន៍​ខ្មែរ​កម្ពុជាក្រោម Khmer Kampuchea Krom Community​)

ថ្នាក់ដឹកនាំសហគមន៍​ខ្មែរកម្ពុជាក្រោម បានដាស់តឿនជាថ្មីទៀត​ដល់រដ្ឋាភិបាលកម្ពុជាឱ្យ​​​​​មាន​​ភាព​ម្ចាស់កា​រ​​និង​ថែរក្សា​បូរណភាពទឹកដី​កម្ពុជាបច្ចុប្បន្ន​​ឱ្យ​​បាន​​គង់វង្ស​ ដើម្បីចៀសវាង​​កុំឱ្យព្រឹត្តិ​ការណ៍​ប្រវត្តិសាស្រ្ត​នៃការបាត់បង់ទឹកដីកម្ពុជាក្រោម វិល​មកសារជាថ្មីទៀត។ 

ការលើកឡើងនេះ ធ្វើ​ឡើង​ស្របពេល​នៃ​​ការ​ប្រារព្ធខួបលើកទី៧២​ឆ្នាំ នៃការបាត់បង់ទឹកដីកម្ពុជាក្រោម​ ទៅលើ​ប្រទេស​វៀតណាម ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩ – ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១។

នាយកប្រតិបត្តិ​សហគមន៍ខ្មែរកម្ពុជា លោក ថាច់ សេដ្ឋា បានថ្លែងនៅថ្ងៃសុក្រ​នេះ​ថា ប្រវត្តិសាស្រ្តបានបង្រៀនកម្ពុជារួចហើយពីការបាត់បង់ទឹកដីមួយផ្នែកធំនៃដែនដីកម្ពុជាក្រោមទៅលើ​ប្រទេស​វៀតណាម តាមរយៈការសម្រេច​ដោយរដ្ឋការបារាំងក្នុងសម័យនោះ។

ករណីនេះ លោកថា សហគមន៍មិនចង់ឃើញកម្ពុជាត្រូវបាត់បង់​ទឹកដីបន្ថែមទៀតទៅលើប្រទេស​ជិត​ខាងដូចក្នុងអតីតកាល​នោះទេ។

លោកបន្តថា៖ «អ៊ីចឹងហើយយើងមើល​ឃើញបច្ចុប្បន្ន ដែលជាការហូរចូល​របស់ជនជាតិ​យួន ​ក៏​​​ជាការបារម្ភរបស់យើងខ្លាំងដែរ ខ្លាចវិលទៅរក​ប្រវត្តិសាស្រ្តចាស់​ហ្នឹង។ យើងឃើញ​​ហើយ​ក្នុង​​សម័យ​​កាលនីមួយៗ ដែលយួនចូលមកត្រួតត្រាចង់បានទឹកដីខ្មែរហ្នឹង គឺប្រើប្រាស់យុទ្ធ​សាស្រ្តមិ​នជាខុស​គ្នាប៉ុន្មានទេ។ ពេលខ្លះធ្វើជារបៀបចិត្តល្អជួយខ្មែរ ប៉ុន្តែទន្ទឹមនឹងការ​ជួយហ្នឹង គឺសុទ្ធសឹង​តែ​​បង្កប់ដោយល្បិចកិច្ចកលដែលមានបង្កប់កម្លាំងទាហានយោធា គ្រាន់តែរង់​ចាំឱកាសណា​មួយ​នោះ​ គេនឹងងើបនិងយកទឹកដីយើង»។

សម្រាប់​ការប្រារព្ធ​រំឭកព្រឹត្តិការណ៍​នៃការបាត់បង់ទឹកដីកម្ពុជាក្រោមនៅក្នុងឆ្នាំនេះ ​​លោក ថាច់ សេដ្ឋា លើកឡើងថា ខាងសហគមន៍​មិនបានរៀបចំ​ជាពិធីអ្វីធំដុំដូចរាល់ឆ្នាំនោះ​ទេ ដោយសារ​វិបត្តិជំងឺ​កូ​វីដ-១៩​។

បើតាមនាយកប្រតិបត្តិសហគមន៍ខ្មែរកម្ពុជាក្រោម​រូបនេះ ជាគំនិតដើម សហគមន៍គ្រោង​និមន្តព្រះសង្ឃ​ចំនួន១ ៩៤៩អង្គ បិណ្ឌបាត នៅ​​ក្នុងថ្ងៃទី៤ ខែមិថុនានេះ ប៉ុន្តែដោយមានបញ្ហាជំងឺកូវីដ​-១៩ ពិធីដែលគ្រោងប្រារព្ធ​នៅថ្ងៃនេះ ត្រូវ​​លើក​​ពេលទៅថ្ងៃទី២៦ ខែមិថុនា​វិញ។ ជាងនេះទៀត លោកថា គម្រោង​និមន្តព្រះសង្ឃរាប់​បាត ត្រូវបង្វែរទៅ​​ជា​​ពិ​ធីចែកអំណោយ​មនុស្សធម៌ដល់គ្រួសារជួបវិបត្តិជំងឺកូវីដ-១៩​ ចំនួន១ ០០៩គ្រួសារវិញ ដើម្បី​​ដោះ​​ស្រាយ​​​​​បញ្ហាខ្វះខាតផ្នែកជីវភាព។

វីអូឌី មិនអាចសុំការបំភ្លឺជុំវិញការលើកឡើងរបស់សមាគមខ្មែរកម្ពុជាក្រោម ពីស្ថានទូតវៀតណាមប្រចាំ​​កម្ពុជា​ បានទេ នៅថ្ងៃនេះ។

ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រតិកម្មតបដោយដាក់ជាចម្ងល់ថា តើ​សហគមន៍​ខ្មែរកម្ពុជាក្រោម​នេះ​ថា ​ជា​សហគមន៍​ដែលបម្រើឱ្យបក្សនយោបាយឬជាសហគមន៍​​​បម្រើឱ្យសេចក្តីត្រូវ​ការរប​ស់​​សាធារ​​ណ​ជន​?​​

លោកបន្ត​ថា៖ «ទីមួយ ខ្ញុំសួរបញ្រ្ចាសទៅ​វិញ​​ សមា​​គម​​ខ្មែរ​​​កម្ពុជាក្រោម ជាសមាគមនយោបាយឬជាសមាគមសង្គម​​កិច្ច។ បើជាសមាគម​សង្គមកិច្ច ម៉េច​ទៅនិយាយរឿងនយោបាយ អាណាលេបអាណា​ខ្ជាក់អាណា! ខ្ញុំមិននិយាយ​ជាមួយសមាគមដែល​តាំងខ្លួ​នជាសមាគមសង្គមកិច្ច[តែ]បែរមកនិយាយរឿងនយោបាយ[ទេ]»។

លោក ប៉ា ចន្ទរឿន នាយកវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា យល់ឃើញថា ការរិះគន់ឬការព្រួយ​​បារម្ភណាមួយតាមរយៈ​ការសំដែងមតិរបស់ពលរដ្ឋ មិនមែនមានន័យថា ​ជាការរើសអើង​​ជាតិ​​សាសន៍​​​​នោះ​​ទេ​​។ តែផ្ទុយទៅវិញ លោកថា នេះជាកាតព្វកិច្ច​ក្នុងនាមជាពលរដ្ឋភ័យព្រួយ​ចំពោះការ​គ្រប់គ្រង​​អន្តោ​​​​​ប្រវេសន៍មិនបានដិតដល់ប៉ុណ្ណោះ។

បើតាមលោក ប៉ា ចន្ទរឿន មិនថាតែពលរដ្ឋ​កម្ពុជា​ទេ ពលរដ្ឋ​ប្រទេសផ្សេងៗទៀត​លើ​​សកល​​លោក ក៏តែងមានការបារម្ភពីអនាគតប្រទេសរបស់ពួកគេដូច្នោះដែរ។

លោកនាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករង និងជាអ្នកនាំពាក្យនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បញ្ជាក់តាមសារអេឡិចត្រូនិចនៅថ្ងៃនេះថា ជនបរទេសអន្តោប្រវេសន៍វៀតណាមដែលកំពុងរស់នៅកម្ពុជាជិត៩០ ០០០នាក់ (៨៩ ៤៧១នាក់)។ គិត​ចាប់ពីឆ្នាំ​២០១៤ ដល់បច្ចុប្បន្ន កម្ពុជាបណ្តេញជនអន្តោប្រវេសន៍​វៀតណាមប្រមាណជាង១​​០ ០០០​នាក់ ​​(​១១​ ៨០០នាក់​)។

ដោយឡែក សម្រាប់ឆ្នាំ២០២១នេះវិញ លោកថា មានជនអន្តោប្រវេសន៍វៀតណាមចំនួន៨១​​នាក់ហើយត្រូវបានបណ្តេញចេញពីកម្ពុជា។

បើតាមលោក កែវ វណ្ណថន ជនជាតិវៀតណាមដែលចូលមកកម្ពុជា​ ភាគច្រើន​​ជាអ្នក​​ទេស​​ចរនិងអ្នក​​បម្រើការងារដូចជនបរទេសដទៃទៀតដែរ។ 

ទឹកដីកម្ពុជាក្រោម ឬហៅថា«ទឹកដីកូសាំងស៊ីន» ជាអតីតបូរណភាពទឹកដី​របស់កម្ពុជា ត្រូ​វបាន​​អា​ណានិគម​និយម​បារាំង កាត់ប្រគល់ទៅ​​ឱ្យ​​វៀតណាម កាលពី​ថ្ងៃទី៤ ខែ​មិថុនា ឆ្នាំ១៩៤៩។

ជារៀងរាល់ឆ្នាំ នៅមុនពេលអតីត​​គណបក្ស​​សង្រ្គោះ​​ជាតិ ត្រូវ​បានរំលាយដោយសាលដីកា​តុលាការកំពូលកាលពីឆ្នាំ២០១៧ ទាំងសកម្មជន អ្នក​​គាំទ្រគណបក្ស​​​​នយោបាយ រួមទាំងតំ​​ណាង​រាស្រ្ត​នៃអតីតគណបក្ស​​ប្រឆាំង​មួយនេះ តែង​ប្រារព្ធទិវានៃការចងចាំទាក់​ទិនការបាត់បង់ទឹកដីកម្ពុជាក្រោមនេះ​​ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ