អ្នក​នាំ​ពាក្យ​ថា​ ជន​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនា​គារ​ខេត្ត​ចំនួន​ពីរ​ទៀត​ឆ្លង​ជំងឺ​កូវីដ-១៩​

នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០២១​ ក្នុងពិធី​ប្រកាស​លើកលែងទោស​ដល់​ទណ្ឌិត​ជា​ជនជាតិ​ខ្មែរ​ ចំនួន​២៧​នាក់​ ពី​៣​ខែ​ និង​៦​ខែ​ នៅ​ក្នុង​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​។​ (អគ្គស្នងការដ្ឋាននគរបាលជាតិ)

ជនជាប់ឃុំនៅក្នុងពន្ធនាគារចំនួនពីរទៀត គឺពន្ធនាគារខេត្តបន្ទាយមានជ័យ និងពន្ធនាគារខេត្តស្វាយរៀង បានឆ្លងជំងឺកូវីដ-១៩។

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា បានប្រាប់ វីអូឌី នៅថ្ងៃសុក្រនេះថា ជនជាប់ឃុំម្នាក់ដែលគ្រោងនាំខ្លួនយកទៅឃុំនៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យ ត្រូវបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅក្នុងអំឡុងពេលធ្វើចត្តាឡីស័ក កាលពីដើមសប្តាហ៍នេះ។ ប៉ុន្តែករណីនេះ មិនទាន់បង្កជាហានិភ័យឆ្លងចូលទៅ​ក្នុង​ពន្ធនាគារ ឬឆ្លង​ទៅដល់អ្នកជាប់ឃុំផ្សេងទៀត​នៅឡើយទេ។

ចំណែកឯករណីនៅក្នុងខេត្តស្វាយរៀងវិញក៏ដូចគ្នាដែរ លោកថា មានអ្នក​ជាប់ឃុំថ្មីដែលរក​ឃើញវិជ្ជមានកូវីដ-១៩ កាលពី២សប្តាហ៍មុននោះ គឺស្ថិតនៅក្នុងដំណាក់កាលធ្វើចត្តាឡីស័ក។ ប៉ុន្តែករណីនេះបានធ្វើឱ្យមានអ្នកប៉ះពាល់ផ្ទាល់និងប្រយោលប្រមាណជិត៥០នាក់។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ឆ្លងអ្នក [ជាប់ឃុំ​] ចាប់ចូលថ្មីទេ! គាត់អ្នកទោសដែរ តែទើបនាំខ្លួនមកឃុំ។ គាត់មានកូវីដពីក្រៅមក ហើយយើងដាក់គាត់ក្នុងកន្លែងចត្តាឡីស័ក»។

គិតត្រឹមថ្ងៃទី៤ ខែមិថុនានេះ បើរាប់បញ្ចូលទាំងពន្ធនាគារទាំង២នេះ​ យ៉ាងហោចណាស់មាន​ពន្ធនាគារចំនួន៦ហើយក្នុងចំណោមពន្ធនាគារចំនួន២៨នៅទូទាំងប្រទេស បានរកឃើញករណី​ឆ្លងជំងឺ​កូវីដ-១៩ ទៅលើអ្នកជាប់ឃុំ ក្នុងនោះ រួមមាន ពន្ធនាគារខេត្តព្រះសីហនុ ពន្ធនាគារព្រៃស ពន្ធនាគារខេត្តកណ្តាល និងពន្ធនាគារខេត្តកំពង់ស្ពឺ ដែលសរុបអ្នកជាប់​ឃុំ​ដែលឆ្លង​ប្រមាណជា៣៥០​នាក់។

យ៉ាងណាក្តី បើតាម​លោក នុត សវនា ស្ថានភាពជំងឺកូវីដ-១៩ នៅតាមពន្ធនាគារទាំងនោះ​ អាជ្ញាធរ​ហាក់គ្រប់គ្រងសភាពការបានល្អឡើងវិញហើយ។

លោកថ្លែងបញ្ជាក់ថា៖ «និយាយទៅ កន្លែងទាំងអស់ហ្នឹង យើងកំពុងតែដុតដៃដុតជើងថែទាំពួកគាត់ និងតាមដានសុខភាព ហើយសំខាន់យើងបិទខ្ទប់ អ៊ីចឹងវាមិនទាន់ប្រក្រតីពេញលេញទេ ប៉ុន្តែវាផុតពីដំណាក់កាលគ្រោះថ្នាក់។ កាលពីដំបូង យើងភ័យបារម្ភហ្នឹង ឥលូវយើងគ្រប់គ្រងសភាពការបានហើយ»។

យោងតាមរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) កាលពីថ្ងៃទី២៣ ខែឧសភា បានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជាមានអ្នកជាប់ឃុំសរុប៣៩ ០០០​នាក់នៅ​ក្នុងពន្ធនា​គារ​ទូទាំង​ប្រទេស​ចំនួន២៨ពន្ធនាគារ។

កន្លងមក អង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិ បានដាក់ការព្រួយបារម្ភថា ភាពចង្អៀតណែននៅក្នុងពន្ធនាគារ គឺជាហានិភ័យឆ្លងជំងឺកូវីដ-១៩​ នៅក្នុងពន្ធនាគារ និងបានស្នើសុំឱ្យមានការដោះលែងអ្នកទោសស្រាលៗ និងជនជាប់ឃុំបណ្តោះអាសន្នរង់ចាំសវនាការកាត់ទោស ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ដើម្បីកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ