ពល​រដ្ឋ​ថា​ដី​​ព្រៃ​លិច​ទឹក​ប្រមាណ​២០០​ហិកតា​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​​​ ត្រូវ​គេ​ឈូស​​ឆាយ​​ធ្វើ​​ជា​កម្ម​សិទ្ធិ​

តំបន់ដីព្រៃលិចទឹក នៅជាប់ដងទន្លេសាប ស្ថិតនៅក្នុងតំបន់៣ ចន្លោះឃុំសំបួរ និងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្រោយគេយកគ្រឿងចក្រឈូសឆាយ ដើម្បីទន្រ្ទានធ្វើជាដីកម្មសិទ្ធិឯកជន ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១។ (ផ្តល់ឱ្យ៖ សហគមន៍ប្រាសាទ)

ពលរដ្ឋនៅមូលដ្ឋានបានចោទអតីតនគរបាលប៉ុស្តិ៍និងមនុស្ស៥នាក់ផ្សេងទៀត ថាបានប្រើប្រាស់គ្រឿងចក្រឈូសឆាយដីព្រៃលិចទឹកប្រមាណ២០០ហិកតាដែលជាជម្រកត្រីពងកូន នៅជាប់បឹងទន្លេសាប ស្ថិតក្នុងចន្លោះឃុំសំបួរ និងឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ យកធ្វើជាសម្បត្តិផ្ទាល់ខ្លួន។

ពលរដ្ឋម្នាក់រស់នៅស្រុកព្រះនេត្រព្រះ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ នៅថ្ងៃទី​៣ ខែ​មិថុនា ថាអ្នកដែល​​ឈូស​​ឆាយ​ដី​ព្រៃ​លិច​ទាំងនេះជាមនុស្សដែលមានឥទ្ធិពលនៅក្នុងភូមិ និង​​មាន​សម្ពន្ធ​ភាព​​ជិត​ដិត​​​​នឹង​​​អាជ្ញាធរមូលដ្ឋាន រួមមាន លោក គឿត គុណ នគរបាលប៉ុស្តិ៍ លោក ហៀង អតីតនគរបាលប៉ុស្តិ៍ឃុំប្រាសាទ និង​​លោក ប៉ូច គាង អតីតក្រុមប្រឹក្សាឃុំប្រាសាទ រួមទាំងមន្រ្តី​អភិរក្ស​​«ដង្កៀ​​​បក្ដាមមានជ័យ»ផង។

បុរសរូបនោះបន្តថា មនុស្សទាំង៦នាក់​ដែលកំពុងរស់នៅក្នុងឃុំប្រាសាទនេះ បាន​​​ប្រើ​​គ្រឿង​ចក្រ​ឈូសឆាយដីព្រៃលិចទឹកដែល​ជាតំបន់ត្រូវ​​ការពារ យកធ្វើជា​កម្ម​សិទ្ធិ​ផ្ទាល់ខ្លួន​។

លោកបន្តថា៖ «គេឈូសឆាយបានតាមចិត្ត រួចហើយបើ​​ប្រជាពលរដ្ឋ​​ណា​ហ៊ាន​ថា​​ឬចង់​​រាយ​​ការ​ណ៍​​ទៅថ្នាក់លើ គេគំរាមនិងចង់ចាប់ដាក់គុកទៀត»។

ចំណែកលោក លាវ រ៉ូ ជាពលរដ្ឋម្នាក់​ទៀត​រស់នៅឃុំប្រាសាទ ថ្លែងថា ការឈូសឆាយនេះទើបតែកើតឡើងអំឡុង​​ពេល​១ខែ​​​នេះប៉ុណ្ណោះ។ លោកបន្តថា នៅពេលដែលព្រៃលិចទឹកនេះត្រូវបាត់បង់ទៅ អ្នកភូមិគ្មាន​អ្វីជា​​ទី​ពឹង​​ទៀតទេ ព្រោះភូមិសាស្រ្តនេះបានចិញ្ចឹមប្រជាពលរដ្ឋរាប់ពាន់គ្រួសារ តែក្រោយពី​​ឈូស​​ឆាយ​​អស់ទៅ តំបន់នេះត្រូវបានគេហាមឃាត់។​

លោកបន្តថា៖ «​​សំខាន់​​​ពេល​ដែលធ្វើទៅ បើគេធ្វើ​​បាន​​ហើយ ​ប្រជាពលរដ្ឋចូលទៅរក​ត្រីរកអីអត់បាន​ទេ។ គេ​ហាម​​មិន​​​​ឱ្យ​ចូល​នុះឯង»។

បើទោះជាបែបណា ក្រុម​​ប្រជាពលរដ្ឋអះអាងថា ប្រសិនបើតំបន់ការពារព្រៃលិចទឹកនេះមិនត្រូវ​​បាន​​អភិរក្សដោយម៉ឺងម៉ាត់ទេ ការឈូសឆាយនេះនឹងបន្តទៅតំបន់ផ្សេងទៀតនៅជិតៗនោះ។

យោងតាមផែនទីភូមិសាស្រ្តដែល វីអូឌី ទទួលបាន ​បង្ហាញថា តំបន់ព្រៃលិចទឹកលាត​សន្ធឹង​តាម​ដង​​ទន្លេសាបចាប់ពីតំបន់៣ ឆ្លងកាត់​ខេត្តសៀមរាប និងភ្ជាប់​ដល់​​ខេត្តបាត់ដំបង។ ព្រៃលិចទឹកនេះគឺ​ជា​​ជម្រកសម្រាប់ត្រីពងកូន និងជាតំបន់ជីវចម្រុះ ដែល​​​អំណោយផល​សម្រាប់ប្រជាពលរដ្ឋក្នុងការ​ប្រកបរបរនេសាទស្ទើរគ្រប់រដូវ។

វីអូឌី ពុំអាចសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះពីលោក ហៀង អតីតនាយប៉ុស្តិ៍ឃុំប្រាសាទ និងមនុស្ស​៥នាក់ទៀតបានទេ នៅថ្ងៃទី​៣ ខែមិថុនា។ ចំណែក​ប្រធានមន្ទីរបរិស្ថានខេត្តបន្ទាយមានជ័យ លោក យឹម លី ក៏ពុំអាចទាក់ទងបាន ខណៈអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បដិសេធឆ្លើយ​តប​ ដោយ​ថា​ កំពុង​មានភារកិច្ច។

ដោយឡែក មេឃុំប្រាសាទ លោក មាស ហ៊ឹក បានលើកឡើង​ថា លោកមិនដែលបានដឹងពីការ​ឈូសឆាយដី​​ព្រៃលិច​​ទឹកនេះទាល់តែសោះ។ លោកបន្តថា អ្នកដែលឈូសឆាយនេះ បើតាមដឹង អាច​​ជា​​​ក្រុម​​​​ឱ​​កា​ស​​​​​​​​​និយម​​​​តែប៉ុ​​ណ្ណោះ។​

តែយ៉ាងណា លោក​មិនបានប្រាប់ពីវិធានការដែលនឹងត្រូវបង្រ្កាប​​ចំពោះ​​អ្នក​​ប្រ​ព្រឹត្ត​បទ​​ល្មើស​​ទាំង​​នោះទេ។

​​លោកបន្តថា៖ «​ខ្ញុំអត់ដែលបាន[ដឹង]ទេលោក​ លោកក្មួយអើយ! ព្រោះ​អីបញ្ហាទាំងនេះមាន​គេលួច​​ធ្វើ។ វាសុទ្ធតែពួកលួចតើ! អ៊ីចឹងៗ! ជួនកាលដីហ្នឹងមានជាប់ពាក់ព័ន្ធ [មន្ត្រីធ្វើការ] អាណត្តិមុនៗ ដែលលោកមេឃុំ [អតីតមេឃុំ] គាត់បានចែកជូនដល់ប្រជាពលរដ្ឋ»។

យ៉ាងនេះក្តី អភិបាលស្រុកព្រះនេត្រព្រះ លោក ឃូ ពៅ ឆ្លើយតបយ៉ាងខ្លីថា បញ្ហានេះ ​​ស្ថាប័ន​​ជំនា​ញ​​ពីខាងជលផល កំពុងតែដោះស្រាយហើយ។

លោក អ៊ិន គង់ជិត អ្នកសម្របសម្រួលអង្គការការពារសិទ្ធិមនុស្ស​លីកាដូ​ប្រចាំខេត្តបន្ទាយមានជ័យ យល់ឃើញថា​ ស្ថាប័នជំនាញគួរពិនិត្យមើលឱ្យបានដិតដល់ចំពោះបទល្មើសទន្រ្ទាន​ដីរដ្ឋធ្វើជាកម្មសិទ្ធិ​នេះ​។

​​លោក​​​បន្តថា តំបន់ការពារទាំងនេះពុំមានលិខិតបទដ្ឋានគតិយុត្តិណាមួយដែលបើកផ្លូវ​​ឱ្យ​មន្រ្តីមូលដ្ឋានអាចធ្វើអនុប្បយោគពីដីសាធារណៈរបស់រដ្ឋមកជាដីឯកជនរបស់រដ្ឋនៅឡើយទេ ​​ហេតុ​​នេះគួរស្វែងរកអ្នកពាក់ព័ន្ធមកទទួលខុសត្រូវចំពោះមុខច្បាប់។

លោកបន្តថា៖ «[ក្រសួង] បរិស្ថាន​គួរ​បញ្ជូន​មន្រ្តី ដើម្បីមកស៊ើបអង្កេតរឿងហ្នឹង ហើយដើម្បីរកមុខរកអ្នកដែលបាន​ប្រព្រឹត្តហ្នឹង ហើយ​​បញ្ជូន​ទៅតុលាការដើម្បីផ្តន្ទាទោស»។ 

កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងបរិស្ថាន ណែនាំទៅ​អភិបាលរាជធានី-ខេត្តទាំងអស់ត្រូវបញ្ឈប់ជាបន្ទាន់ និងត្រូវធ្វើមោឃភាពចោលរាល់ការចុះហត្ថលេខាឬការបញ្ជាក់ការកាន់កាប់ដីរដ្ឋក្នុងតំបន់ការពារធម្មជាតិ រួមទាំងតំបន់របៀងអភិរក្សជីវចម្រុះផងដែរ។

ការណែនាំនេះបានធ្វើឡើងក្រោយពីក្រសួងសង្កេតឃើញកាលពី​​ពេលថ្មីៗនេះ មាន​​រដ្ឋបាលឃុំ-សង្កាត់​មួយ​ចំនួននៅ​តែ​​បន្តចុះហត្ថលេខាបញ្ជាក់ការទទួលស្គាល់នៅលើលិខិត​ផ្ទេរ​សិទ្ធិ ពាក្យស្នើសុំកាន់កាប់និងការប្រើប្រាស់ដីធ្លី លិខិតទិញលក់ដីរដ្ឋដើម្បីធ្វើជាកម្មសិទ្ធិ ស្ថិតក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះទាំងខុសច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ