ពលរដ្ឋ​ម្នាក់​រង​របួស​ក្រោយ​​កម្លាំង​យោធា​ប្រើ​កាំភ្លើង​បាញ់​លើ​ពលរដ្ឋ​ដែល​តវ៉ា​រឿង​ដី​ធ្លី​

ពលរដ្ឋម្នាក់រងរបួសក្រោយពីកងកម្លាំងយោធាប្រហែល៤០នាក់បានបាញ់សំដៅមកកាន់ពលរដ្ឋប្រមាណ៦០នាក់ដែលកំពុងតវ៉ារឿងដីធ្លី នៅចំណុច​ភូមិអង្គស្រែពោធិ៍ ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្ដាល ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១។ (ផ្ដល់ឱ្យដោយពលរដ្ឋ)

ពលរដ្ឋម្នាក់បានរងរបួសក្រោយពីកងកម្លាំងយោធាប្រហែល៤០នាក់បានប្រើកាំភ្លើងបាញ់លើពលរដ្ឋ បន្ទាប់ពីពួកគាត់បានលើកគ្នាទៅហាមឃាត់គ្រឿងចក្រឈូសឆាយលើដីធ្លីពួកគាត់ នៅចំណុច​ភូមិអង្គស្រែពោធិ៍ ឃុំទួលពេជ្រ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ប្រជាពលរដ្ឋរស់នៅភូមិអង្គស្រែពោធិ៍ លោក ផាត់ សុវណ្ណ ដែលអះអាងមានដីនៅទីនោះដែរ បានប្រាប់ វីអូឌី នៅថ្ងៃនេះថា ពលរដ្ឋម្នាក់ត្រូវបានបញ្ជូនទៅ​សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ក្រោយពីកងកម្លាំងយោធាប្រហែល៤០នាក់បានបាញ់គ្រាប់កាំភ្លើងជិត១០០គ្រាប់ឡើងលើ និង​បាញ់សំដៅមកកាន់ពលរដ្ឋប្រមាណ៦០នាក់ដែលកំពុងតវ៉ារឿងដីធ្លី។ 

លោកបន្តថា ហេតុការណ៍ផ្ទុះអាវុធនេះកើតឡើងនៅវេលាម៉ោង៩កន្លះព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈពួកគាត់បាននាំគ្នាចុះហាមឃាត់គ្រឿងចក្រមិនឱ្យឈូសឆាយដីរបស់ពួកគាត់។

លោកថា៖ «អ្នកដែលត្រូវគ្រាប់ គាត់មិនបានចូលទៅវាយប៉ូលិសនិងទាហាននោះដែរ គាត់នៅឈរលើដីគាត់ទេ គេបាញ់ត្រូវ ព្រឹកមិញហ្នឹង! ហេតុការណ៍ប៉ះគ្នាមួយប្រាវហ្នឹង បើសិនជាប្រជាជនយើងមានដំបង​តែម្នាក់ឬពីរនាក់​ គឺទាហានហ្នឹងបាញ់សម្លាប់ប្រជាជនទាំងអស់ហ្នឹង។ ខ្ញុំមិនដឹងទាហានខាងណាទេ ទាហានវៀតណាម ទាហានថៃទេ ដែលមកបាញ់ខ្មែរឯង។ ធ្វើដូចឃោរឃៅពេក​ ចង់សម្លាប់ប្រជាជន ចង់ប្លន់ប្រជាជនយើង វាអត់និយាយច្រើនជាមួយយើងទេ វាស្រែកថាសម្លាប់ចោលឥលូវហើយ»។

លោក ផាត់ សុវណ្ណ បន្តថា ពួកគាត់សុខចិត្តស្លាប់ ដោយមិនឱ្យដីដែលបានអាស្រ័យផលតាំងពីឆ្នាំ១៩៧៥ បាត់បង់នោះទេ។ លោកចាត់ទុកការប្រើប្រាស់កាំភ្លើងរបស់កងកម្លាំងយោធាបាញ់លើពលរដ្ឋដែលគ្រាន់តែតវ៉ារឿងដីធ្លីរបស់ខ្លួននេះថា ជាអំពើឃោរឃៅ។ 

លោកអំពាវនាវឱ្យរដ្ឋាភិបាល​ដោះស្រាយសំណងសមរម្យដល់ពួកគាត់ បើសិនជាត្រូវការដីរបស់​ប្រជាពលរដ្ឋយកទៅអភិវឌ្ឍ មិនមែនប្រើកងកម្លាំងយកមកបាញ់សម្លាប់ពលរដ្ឋ​បែបនេះទេ។ 

លោកថា៖ «យើងមានតែម្រាមដៃ១០ លើកសំពះថ្នាក់ដឹកនាំ ​ហើយជម្រាបទៅពួកអ្នកធំៗ លោកឯងយកដីប្រជាពលរដ្ឋ ​​លោក​ឯងមានគិតដល់គ្រួសារគេអត់ ប្រជាពលរដ្ឋ​មានស្រែ​មួយ ស្រែពីរ​ តវ៉ា​ប្ដូរជីវិត។ ពួកលោកឯងមានដីដល់ទៅ១០ទៅ២០​ហិកតា ម៉េចបានជាពួកលោកឯងចង់បានដី​! ប្រជាពលរដ្ឋសំណូមពរដល់ថ្នាក់ដឹកនាំឱ្យជួយដោះស្រាយ​ដល់ប្រជាជនដែលអាចទទួលយកបាន។ មិនមែនប្រជាជនយួនទេ គឺប្រជាជនខ្មែរទាំងអស់ ហើយយកខ្មែរមកបាញ់ខ្មែរអ៊ីចឹង វាអាក្រក់មើលណាស់ ថ្នាក់ដឹកនាំ»។

​លោក ង៉ែត សុភាព អះអាងថាជាប្អូនថ្លៃជនរងគ្រោះដែលរងរបួស​​ដោយសារ​គ្រាប់​កាំភ្លើង​របស់​​​ក្រុម​​​ទាហាននោះ និយាយថា ក្រុមទាហានទាំងនោះចំណុះឱ្យ​​​ក្រសួងការពារជាតិ។ លោក​បន្តថា ការផ្ទុះអាវុធនេះ ដោយសារ​ពួកគាត់ហាមគ្រឿងចក្រមិនឱ្យចូលឈូសឆាយដីស្រែរបស់ពួកគាត់។

លោកថា៖ «គេបាញ់បីដង [ទើប]បានបង ចន្ថា ដឹងគាត់ត្រូវរបួស​ ត្រូវគ្រាប់កាំភ្លើង។ គាត់នៅលើផ្លូវបេតុង មិនបានចុះអីទៅជិតទេ នៅចម្ងាយឆ្ងាយពីគេប្រហែល១០​ម៉ែត្រ»។

លោក ង៉ែត សុភាព បន្តថា នៅម៉ោង១កន្លះរសៀលនេះ​ ក្រុមទាហានក៏បានបាញ់កាំភ្លើងប្រហែល​២០​គ្រាប់ទៀត ក្រោយពីពួកគាត់បាននាំគ្នាតវ៉ាបិទកំណាត់​ផ្លូវលេ​ខ​៥១ ដើម្បីទាមទារឱ្យ​រដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធដោះស្រាយបញ្ហាដីធ្លីជូនដល់ពួកគាត់។

អ្នកនាំពាក្យក្រសួងការពារជាតិ លោក អ៊ុន សុវណ្ណ សុំមិនធ្វើអត្ថាធិប្បាយ ដោយថា លោកកំពុង​ប្រមូលព័ត៌មានជុំវិញករណី​នេះ ។

លោកថា៖ «រឿងហ្នឹង ខ្ញុំកំពុងប្រមូលព័ត៌មាន ខ្ញុំមិនទាន់ទទួលបានរបាយការណ៍ផ្លូវការនៅឡើយទេ។ ចាំខ្ញុំ​ប្រមូលបានព័ត៌មានពិស្ដារ ចាំខ្ញុំឆ្លើយតបវិញ។ ​​យើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់»។ 

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ការប្រើប្រាស់អំពើហិង្សានិងយកកាំភ្លើងបាញ់លើប្រជាពលរដ្ឋបែបនេះ បង្ហាញឱ្យឃើញថា ប្រទេសកម្ពុជាមិនបាន​គោរព​ច្បាប់នោះឡើយ។ បញ្ហានេះ លោកជំរុញឱ្យមានការស៊ើបអង្កេតនិងដោះស្រាយបញ្ហាដីធ្លី ដើម្បីផ្តល់យុត្តិធម៌ជូនពលរដ្ឋផងដែរ។ 

​លោកថា៖ «​ខ្ញុំយល់ថា គប្បីមានចំណាត់ការពីថ្នាក់ដឹកនាំ ​ដើម្បីចុះធ្វើការស្រាវជ្រាវទៅក្រុមប្រដាប់អាវុធដែលបានប្រើប្រាស់អាវុធបាញ់ទៅលើប្រជាពលរដ្ឋឱ្យមានរបួសស្នាម និងស្រាវ​ជ្រាវ​ផងទៅលើវិវាទទាំងអស់នេះ ដើម្បីដោះស្រាយនិងរកយុត្តិធម៌ជូនពួកគាត់ ដើម្បីកុំឱ្យមានករណីអូសបន្លាយតទៅទៀត។ យើងព្រួយបារម្ភ បើមិនមានដំណោះស្រាយណាមួយដែលភាគី​អាចទទួលយកបានទេ វាអាចធ្វើឱ្យបញ្ហាហ្នឹងវារីកធំឡើង ហើយធ្វើឱ្យប៉ះពាល់អាយុជីវិតពលរដ្ឋ»។

បើតាមក្រុមពលរដ្ឋ​ ប្រជាពលរដ្ឋចំនួន៧ភូមិ នៅក្នុងឃុំពេជ្រ ស្រុកអង្គស្នួល គ្រោង​នាំ​គ្នាបន្ត​ការ​តវ៉ា​ទៀត រហូតមានដំណោះស្រាយ ទោះបីជារងការគំរាមកំហែង​ដល់អាយុជីវិតក៏ដោយ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ