កម្ពុជា​យល់​ព្រម​ឱ្យ​អនុព័ន្ធ​យោធា​អាមេរិក​ចុះ​ពិនិត្យ​មើល​កំពង់ផែ​រាម​

លោក ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​ទទួល​ជួប​សវនាការ​ជាមួយនឹង​លោក ប៉ា​ទ្រីក មូ​ហ្វ៊ី (W.patrick Murphy​) ឯកអគ្គ​រដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ នៅ​វិមាន​មិត្តភាព​នាទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី។ (វេបសាយ៖ ក្រសួងការពារជាតិ/ mod.gov.kh​)

កម្ពុជាបានសម្រេចជាគោលការណ៍អនុញ្ញាតឱ្យអនុព័ន្ធយោធាអាមេរិកចុះទៅពិនិត្យមើលដោយផ្ទាល់នៅកំពង់ផែរាម តាមសំណើរបស់ប្រមុខការទូតសហរដ្ឋអាមេរិក​ ដើម្បីបញ្ចប់មន្ទិលសង្ស័យថា កម្ពុជាបានអនុញ្ញាតឱ្យយោធាចិនឈរ​ជើងនៅទីនោះ។

ការប្រកាសនេះបានធ្វើឡើងដោយលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា តាមរយៈសារព័ត៌មាន Fresh New នៅព្រឹកថ្ងៃ​ទី៣ ខែមិថុនានេះ។

លោកបានគូសបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឱ្យអនុព័ន្ធយោធាសហរដ្ឋអាមេរិកចុះពិនិត្យកំពង់ផែរាម ដើម្បីឱ្យអស់មន្ទិលសង្ស័យថាមានមូលដ្ឋានទ័ពចិន»។

ទោះជាយ៉ាងនេះក្តី ប្រមុខការពារជាតិកម្ពុជានៅមិនទាន់បញ្ជាក់អំពីពេលវេលាដែលអនុព័ន្ធយោធា​អាមេរិកនឹងទៅធ្វើទស្សនកិច្ចនៅតំបន់កំពង់ផែរាមនេះ​នៅឡើយទេ ដោយលោកបញ្ជាក់​ថា ពួកគេអាចមកពិនិត្យកំពង់ផែរាមនៅពេលឆាប់ៗខាងមុខនេះ។

វីអូឌី មិនអាចទាក់ទងសុំការបញ្ជាក់បន្ថែមពីលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ជុំវិញបញ្ហានេះបាននៅឡើយទេ។

ចំណែកនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ អាចត្រឹមបញ្ជាក់យ៉ាងខ្លីថា អ្នកសារព័ត៌មាន​ក៏អាចចុះយកព័ត៌មាននៅពេលនោះផងដែរ។

លោកមានប្រសាសន៍យ៉ាងខ្លីថា៖ «មិនទាន់បានដំណឹងពិតប្រាកដទេ»។

ទាក់ទងបញ្ហានេះ អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា លោក ឆាត រ៉ូដឺមៀរ (Chad Roedemeier) បានប្រាប់ វីអូឌី តាមរយៈសារអេឡិចត្រូនិចនៅថ្ងៃនេះ ដោយមិនទាន់បញ្ជាក់នៅឡើយទេថា តើអនុព័ន្ធយោធាស្ថានទូតអាមេរិកនឹងទៅធ្វើទស្សនកិច្ចនៅមូលដ្ឋានទ័ពរាមនៅពេលណានៅឡើយទេ។

ប៉ុន្តែលោក​បញ្ជាក់ថា ដំណើរទស្សនកិច្ចជារឿយៗនៃអនុព័ន្ធយោធាបរទេសទាំងអស់នៅឯមូលដ្ឋានកងទ័ពជើងទឹករាមនេះ នឹងអាចរួមចំណែកក្នុងការបង្កើនតម្លាភាពសម្រាប់កម្ពុជា។

លោកថា៖ «អនុរដ្ឋមន្ត្រីការបរទេស Sherman បានបង្ហាញកង្វល់ជាខ្លាំងចំពោះសកម្មភាពយោធាចិននៅឯមូលដ្ឋានទ័ពរាមនេះ ដែលវានឹងប៉ះពាល់ដល់អធិបតេយ្យកម្ពុជា ការគំរាមកំហែងដល់សន្តិសុខតំបន់ និងការជះឥទ្ធិពលជាអវិជ្ជមានដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជា»។

ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីមានសំណើ​ពីលោកស្រី វិនឌី ហ្សឺម៉ាន (Wendy Sherman) អនុរដ្ឋមន្រ្តីការបរទេសអាមេរិក នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១ ខែមិថុនា។

នៅក្នុងជំនួបដែលធ្វើឡើងនៅឯវិមានសន្តិភាពនោះ លោកស្រី Wendy Sherman បាន​បង្ហាញ​ក្ដី​កង្វល់​យ៉ាង​ខ្លាំង​អំពី​វត្តមាន និង​ការ​កសាង​បរិក្ខារ​យោធា​ចិន​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​​រាម។ លោកស្រី​ក៏បាន​សួរ​បញ្ជាក់ទៅកាន់​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា ​អំពី​ការ​វាយ​កម្ទេច​ចោល​អាគារ​ពីរ​ខ្នងដែល​ជា​ជំនួយ​របស់សហរដ្ឋ​អាមេរិក​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ដោយ​គ្មាន​ការ​ជូន​ដំណឹងឬ​ការ​ពន្យល់​ឱ្យ​បាន​ត្រឹមត្រូវដល់ភាគីសហរដ្ឋអាមេរិកទៀតផង។

ប៉ុន្តែពាក់ព័ន្ធករណីកំពង់ផែរាមនេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ បញ្ជាក់ថា កម្ពុជាគ្រាន់តែទទួលបានជំនួយពីចិនដែលជាមិត្តដែកថែបរបស់ខ្លួន ក្នុងការជួយសាងសង់កំពង់ផែតំបន់រាមឱ្យមានលក្ខណៈធំទូលាយនិងទំនើបជាងមុនតែប៉ុណ្ណោះ ហើយជំនួយនេះមិនមានលក្ខខណ្ឌដូចមហាអំណាចដទៃទេ។ លោកបានបញ្ជាក់ថា បន្ទាប់ពីការសាងសង់រួច កម្ពុជាទេដែលជាអ្នកប្រើប្រាស់កំពង់ផែទំនើបនេះ ដោយមិនបានប្រគល់ឱ្យចិនផ្តាច់មុខដូចការចោទប្រកាន់របស់អាមេរិកនោះឡើយ។

ទោះជាយ៉ាងនេះក្តី លោក ឯម សុវណ្ណរ៉ា សាស្ត្រាចារ្យនិងជាអ្នកវិភាគនយោបាយ យល់ថា ទស្សនកិច្ចនេះហាក់លែងជារឿងចាំបាច់ទៀតហើយ។

បើតាមអ្នកវិភាគរូបនេះ អ្វីដែលជាចំណុចសំខាន់ពេលនេះ គឺនៅត្រង់គោលជំហរនយោបាយរបស់កម្ពុជា។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ទស្សនៈខ្ញុំផ្ទាល់ ដំណើរទស្សនកិច្ចនៅមូលដ្ឋានផែយោធារាម នាវាជើងទឹកហ្នឹង វាលែងជាការចាំបាច់ហើយសម្រាប់ការលាងជម្រះមន្ទិលសង្ស័យនៃការយល់ច្រឡំគ្នា ពាក់ព័ន្ធនឹងវត្តមានយោធាហ្នឹងណា! ព្រោះបច្ចុប្បន្ន វាហាក់ដើរផុតទៅលើចំណុចវិបត្តិទៅហើយ ចំណុចសំខាន់វានៅលើជំហរនយោបាយរបស់កម្ពុជាបច្ចុប្បន្ននេះដែលវាមានសារៈសំខាន់ជាង»។

គួររំឭកជូនថា កាសែតអាមេរិក The Wall Street Journal បានចុះផ្សាយកាលពីខែកក្កដា ឆ្នាំ២០១៩ ថាកម្ពុជា​បាន​លួច​ចុះ​កុងត្រា​យោធា​សម្ងាត់​ជាមួយ​ចិន​ ឱ្យ​​ចិនគ្រប់គ្រង​កំពង់ផែ​កងទ័ព​ជើងទឹក​រាម​ផ្តាច់​មុខ​រហូត​ដល់​​ទៅ៣០​ឆ្នាំ ហើយ​កុង​ត្រា​​នេះ​​អាច​​​បន្ត​បាន​រៀងរាល់១០ឆ្នាំម្តង។

ប៉ុន្តែភាគីកម្ពុជាបានច្រានចោលម្តងហើយម្តងទៀត និងបាន​ចាត់ទុកថា ព័ត៌មាន​នោះ​ជា​ព័ត៌មាន​ក្លែងក្លាយនិង​មាន​ចេតនា​បម្រើ​មហិច្ឆតា​ភូមិសាស្ត្រ​នយោបាយ​របស់​​អាមេរិក។

កាលពីឆ្នាំទៅ ក្រសួងការពារជាតិកម្ពុជា ក៏បានអញ្ជើញអ្នកសារព័ត៌មានក្នុងស្រុករាប់សិបស្ថាប័នទៅធ្វើទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាមនេះម្តងរួចមកហើយ ប៉ុន្តែនៅតែមិនអាចស្តារទំនុកចិត្តពីសហរដ្ឋអាមេរិកបានឡើយ៕


អត្ថបទទាក់ទង

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Sherman ក្នុងកិច្ចពង្រឹងទំនាក់ទំនងកិច្ចការបរទេសនៃប្រទេសទាំងពីរ នៅ​រាជធានី​ភ្នំពេញ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

កម្ពុជា​ថា​ខ្លួន​​​មិន​លម្អៀង​ទៅ​រក​​មហា​អំណាច​ណា​មួយ​ ក្រោយ​អាមេរិក​បង្ហាញ​​​កង្វល់​ពី​​វត្តមាន​​យោ​ធា​​​ចិ​​ន

ប្រមុខរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ជំហរថា ខ្លួនប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់មិនលម្អៀងទៅរកប្រទេស​មហាអំណាច​ណាមួយ ដើម្បីការពារឯករាជ្យ​ភាព​ អព្យាក្រឹត​ និងអធិបតេយ្យភាពរបស់ខ្លួន ដែលការបញ្ជាក់នេះ​ជា​ការឆ្លើយតបទៅនឹងសហរ​ដ្ឋអាមេរិកដែល​សម្តែងកង្វល់ជាខ្លាំង​លើវត្តមានយោធា​ចិន​នៅលើទឹកដីកម្ពុជា។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ