អាជ្ញាធរ​ទុក​ពេល​១​សប្តាហ៍​ឱ្យ​ម្ចាស់​សំណង់​អនា​​ធិបតេយ្យ​លើ​ដង​ទន្លេ​រុះរើ​ចេញ​

ផ្ទះបណ្ដែតទឹករបស់ពលរដ្ឋដែលសង់នៅលើផ្ទៃទឹកទន្លេក្នុងភូមិសាស្ត្រក្រុងភ្នំពេញ អំឡុងខែឧសភា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱសានវាទរយៈពេលមួយ​សប្តាហ៍​ដល់​ម្ចាស់​​បែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក និងម្ចាស់សំណង់​មិនរៀបរយនៅ​លើផ្ទៃទន្លេ រុះរើសំណង់របស់ខ្លួន​​​ចេញពីតំបន់នោះឱ្យ​អស់ បើពុំនោះទេនឹងប្រឈមផ្លូវច្បាប់​។

ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២ ខែមិថុនានេះ បញ្ជាក់ថា កន្លងមក​ មានជនឱកាសនិយមមួយចំនួនបានលបលួចធ្វើបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ។

អាជ្ញាធររាជធានីភ្នំពេញ បន្ត​ថា កន្លែងខ្លះបានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់យ៉ាង​អនាធិបតេយ្យ ដែលបង្កឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ ផ្លូវនាវាចរ ប្រព័ន្ធអេកូឡូស៊ីចរន្ត​ទឹកហូរគោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោ​បង់ ដែល​ធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ជីវចម្រុះ រួមទាំងសុខភាពពលរដ្ឋដែល​ប្រើប្រាស់ទឹកនោះ ជាដើម។

ផ្ទះបណ្ដែតទឹករបស់ពលរដ្ឋដែលសង់នៅលើផ្ទៃទឹកទន្លេក្នុងភូមិសាស្ត្រក្រុងភ្នំពេញ អំឡុងខែឧសភា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ករណីនេះ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចទុកពេល១សប្តាហ៍ឱ្យ​ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែត​ទឹក និងម្ចាស់សំណង់មិនរៀបរយលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើសំណង់របស់ខ្លួនចេញ ដោយគិត​ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១នេះ ជាកំហិត។ 

សេចក្តីជូនដំណឹងមានខ្លឹមសារថា៖ «រដ្ឋបាលរាជធានីនឹងចាត់វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាតឬការបាត់បង់ណាមួយឡើយ។ ហើយក្នុងករណីរឹងរូស អាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់»។

វីអូឌី មិនអាចសុំការបញ្ជាក់​បន្ថែមពីអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង និងអ្នកនាំពាក្យ លោក ម៉េត មាសភក្តី បានទេ នៅថ្ងៃពុធនេះ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង គាំទ្រនឹងវិធានការរបស់អាជ្ញាធរ ដោយថា ដើម្បីរៀបចំសោភ័ណភាពនៅទីក្រុង និងបរិស្ថាន រួមទាំងគិតពីសុខ​ភាព​ពលរដ្ឋទូទៅ។ 

ទោះជាបែបនេះក្តី លោកជំរុញទៅអាជ្ញាធរត្រូវផ្តល់សំណងឱ្យបានសមរម្យដល់ម្ចាស់សំណង់អនាធិបតេយ្យទាំងនោះ ដើម្បីផ្តល់យុត្តិធម៌ដល់ពួកគាត់។

លោកជំរុញដូច្នេះថា៖ «រឿងផលប៉ះពាល់ កាលណាពួកគាត់ [រដ្ឋបាលរាជធានីភ្នំពេញ] មិនបានគិតគូរអំពីសេចក្តីរស់នៅជាមូលដ្ឋាន ឧបមាដេញគាត់ចេញទីណាត់ទីណែង មិនដោះស្រាយសំណងជូនគាត់ សម្រាប់ដោះស្រាយការរស់នៅបន្តទៀតសម្រាប់ពួកគាត់ គឺជាការរំលោភហើយ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅ ក៏ដូចជាប៉ះពាល់ដល់កូនចៅរបស់គាត់រៀនសូត្រ»។

ទោះជាយ៉ាងណា រដ្ឋបាលរាជធានីភ្នំពេញ មិនបានបញ្ជាក់ពីតួលេខនៃសំណង់អនាធិបតេយ្យនៅតាមដងទន្លេថាមានចំនួនសរុបប៉ុន្មានប្រាកដនោះទេ៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ