សង្គម​ស៊ីវិល​បារម្ភ​បាត់​បង់​តំបន់​ប្រវត្តិ​សាស្ត្រ​មួយ​នៅ​ខេត្ត​ព្រះវិហារ​ ខណៈ​ក្រុមហ៊ុន​​ចូល​​ឈូស​​ឆាយ​

គ្រឿងចក្រក្រុមហ៊ុនដែលពលរដ្ឋអះអាងថាជារបស់ក្រុមហ៊ុន ហាក់ ប៊ុន​ថា ហើយបានឈូសឆាយលើដីស្រែចម្ការរបស់ពួកគាត់ជាជនជាតិដើមភាគតិចកួយ ស្ថិតនៅឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

មន្ត្រីសង្គមស៊ីវិលនិងជនជាតិដើមភាគតិច​នៅស្រុករវៀង ខេត្តព្រះ​វិហារ បារម្ភ​ពីការបាត់បង់តំបន់សន្លុង​ស្លដែក ដែលជាតំបន់​ប្រវត្តិសាស្ត្ររបស់ជនជាតិដើមភាពតិចកួយ​នៅទីនោះ ដោយសារមានក្រុមហ៊ុន​មួយ​កំពុង​ដាក់​គ្រឿង​ចក្រធ្វើសកម្ម​ភាពឈូសឆាយ​ដី។

ជនជាតិដើមភាគតិចកួយរស់នៅភូមិអូរពោធិ៍ ឃុំរមណីយ លោក ហុក ឡេង បានឱ្យដឹងនៅថ្ងៃពុធនេះ​ថា កាលចុងឆ្នាំ២០២០ មកដល់ពេលនេះ ក្រុមហ៊ុនឯកជនមួយបានដាក់គ្រឿងចក្រធ្វើសកម្មភាពឈូសឆាយដីនៅ​តំបន់សន្លុងស្លដែក ដែលជាកន្លែង​អភិរក្សវប្បធម៌របស់ដូន​តាជនជាតិដើមភាគតិចកួយ និងប៉ះពាល់​ស្រែចម្ការរបស់ពួកគេ ដោយ​ពុំមានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធឡើយ។

លោក ហុក ឡេង បន្តថា រូបលោកក៏ដូចជាប្រជាពលរដ្ឋជនជាតិដើមភាគតិចកួយទាំងអស់គ្នាមានការព្រួយបារម្ភ​ជាខ្លាំងពីការបាត់បង់អត្តសញ្ញាណនិងតំបន់ប្រវត្តិសាស្ត្រសន្លុងស្លដែកនេះ។

លោកបន្ថែមថា៖ «អាជ្ញាធរបានចុះទៅមើលច្រើនដងហើយ! បើនិយាយពីប៉ូលិសវិញ គាត់ឈរជើងចាំការពារឱ្យក្រុមហ៊ុនហ្នឹងឈូសឆាយ អត់ឃាត់បានម្តងណាឡើយ។ អាជ្ញាធរគាត់អនុវត្តច្បាប់ បទល្មើសជាក់ស្តែងដែលគេឈូសស្រូវឈូសស្រែអីអ៊ីចឹង។ ហើយ[ទុកឡើង]រាប់ខែ គឺអនុវត្តទៅតាមច្បាប់ទៅ អត់ពិបាកទេ ដល់ពេលគាត់អត់អនុវត្តអ៊ីចឹង មានអី! ប្រជាជនរងគ្រោះរហូត»

ពលរដ្ឋជាជនជាតិដើមភាគតិចនេះ បន្តទៀត​ថា តាមឯកសារដែលលោកទទួលបានពីមេការរបស់ក្រុម​ហ៊ុន គឺ​ក្រុមហ៊ុនដែលឈូសឆាយដីនោះមានឈ្មោះថា «ក្រុម​ហ៊ុន​ ហាក់ ប៊ុនថា» បាន​កាន់កាប់ដីតំបន់នោះតាំងពីឆ្នាំ​២០១៦មក។

នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ នៅ​ខេត្តព្រះវិហារ លោក ប៉ិក សោភ័ណ្ឌ មានប្រសាសន៍ថា មកដល់ពេលនេះ តំបន់សន្លុងស្លដែក​នោះត្រូវបាន​ក្រុមហ៊ុនឈូសឆាយ​អស់​សឹងតែបាត់ទ្រង់ទ្រាយ​ដើមទៅហើយ។ លោក​ថា សកម្មភាពឈូសឆាយរបស់ក្រុមហ៊ុននេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់តំបន់ជំនឿប្រពៃណីរបស់សហគមន៍ជនជាតិដើមភាគតិចកួយ និងជីវភាពរស់នៅរបស់ពួកគេ​ផងដែរ។

គ្រឿងចក្រក្រុមហ៊ុនដែលពលរដ្ឋអះអាងថាជារបស់ក្រុមហ៊ុន ហាក់ ប៊ុន​ថា ហើយបានឈូសឆាយលើដីស្រែចម្ការរបស់ពួកគាត់ជាជនជាតិដើមភាគតិចកួយ ស្ថិតនៅឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

លោកបន្ថែមថា៖ «ជាមួយគ្នានេះ អាជ្ញាធរមិនគួរព្រងើយកន្តើយរឿងនេះទេ ត្រូវតែចាត់វិធានការតាមរយៈអាជ្ញាធរឬក៏មន្ត្រីនៅថ្នាក់ក្រោមឱ្យបានដិតដល់។ ថ្វីត្បិតថាក្រុមហ៊ុនបានឈូសឆាយអស់មួយចំនួនធំក៏ដោយ ប៉ុន្តែយ៉ាងណាត្រូវតែរក្សាទីតាំងដីនៅតំបន់នោះ​ឱ្យបាននៅគង់វង្សតទៅទៀត ពីព្រោះសហគមន៍គាត់នៅតែមានជំនឿជាក់លើទីតាំងស្លដែកហ្នឹង ថាជាកន្លែង​ស័ក្តិសិទ្ធិ»

មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តព្រះវិហារ លោក ឡោ ចាន់ បានជំរុញទៅអាជ្ញាធរនិងក្រសួងពាក់ព័ន្ធនានាឱ្យដកហូត​យក​តំបន់ស្លដែកដែលជាកន្លែងប្រវត្តិសាស្ត្រនោះ ជូនប្រជាពលរដ្ឋជនជាតិដើមភាគតិច​ ដើម្បីឱ្យ​​ពួកគាត់​គ្រប់គ្រងនិងអាស្រ័យផលវិញ។ ហើយ​​ម៉្យាងទៀត ​ដើម្បីជួយលើកកម្ពស់សិទ្ធិនៃការរក្សាអត្តសញ្ញាណរបស់ជនជាតិដើមភាគតិច ដែលត្រូវបានធានាដោយច្បាប់ជាតិនិងអន្តរជាតិផងដែរ។

លោកបន្ថែមថា៖ «ពីព្រោះតំបន់នោះជាតំបន់បុរាណវិទ្យាតាំងពីដូនតារបស់ពួកគាត់មកម៉្លេះ អ៊ីចឹងខាងអាជ្ញាធរត្រូវតែមានវិធានការទៅនឹងជនប្រព្រឹត្តបទល្មើស ដើម្បីជាការព្រមានឱ្យមានការរាងចាល ដើម្បីកុំឱ្យមានការរំលោភទៅលើកន្លែងបុរាណវិទ្យានិងតំបន់របស់ជនជាតិដែលគាត់បានប្រើប្រាស់អាស្រ័យផល ជាពិសេសពាក់ព័ន្ធទៅនឹងអូរ ប្រឡាយ ដែលពួកគាត់តែងតែយកទឹកមកប្រើប្រាស់សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ជារៀងរហូត»

​​អភិបាលស្រុករវៀង លោក ហោ ប៊ុនហួរ សុំមិនឆ្លើយពាក់ព័ន្ធករណីនេះទេ ដោយលោកសុំឱ្យ វីអូឌី ចុះយកព័ត៌មានជាមួយអាជ្ញាធរដល់កន្លែងកើតហេតុផ្ទាល់តែម្តង។

ចំណែក​អភិបាលរងស្រុករវៀង លោក ទេស សំអាត មានប្រសាសន៍ថា ក្រោយទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋពាក់ព័ន្ធជម្លោះដីធ្លីនេះ រដ្ឋបាលស្រុកបានសុំឯកសារពីភាគីទាំងសងខាងនិងកំពុងពិនិត្យ​ដោះស្រាយ​។

លោកបន្ថែមថា៖ «ដោយសារតែកំពុងតាមទាមទារឯកសារពីភាគីទាំងសងខាងដើម្បីយកមកសិក្សា អ៊ីចឹងយើងមិនទាន់ហ៊ានថាភាគីណាខុសឬត្រូវនៅឡើយទេ»

វីអូឌី មិនអាចសុំការបញ្ជាក់ពីតំណាងក្រុមហ៊ុន ហាក់ ប៊ុនថា ដែលរងការចោទប្រកាន់ពីពលរដ្ឋនោះបាននៅឡើយទេ។

ប៉ុន្តែលោក សែ លីណា ដែលអ្នកភូមិអះអាងថាជាមេការរបស់ក្រុមហ៊ុន ហាក់ ប៊ុនថា ធ្លាប់ប្រាប់ វីអូឌី ថារូបគាត់ជាមេការមើលការខុសត្រូវលើការឈូសឆាយដីធ្លីនៅតំបន់នោះ​​ពិតមែន ប៉ុន្តែលោក​មិនប្រាប់ឈ្មោះក្រុមហ៊ុនដែលលោកធ្វើការងារឱ្យនោះទេ។

យ៉ាងណា លោកថា ការឈូសឆាយរបស់ក្រុមហ៊ុននេះក៏មិនបានប៉ះពាល់ដីរបស់ប្រជាពលរដ្ឋនោះដែរ។

បើតាមប្រជាពលរដ្ឋ​ ដីស្រែ​ចម្ការ​វិលជុំនិងដីព្រៃតំបន់បុរាណដែលកំពុងមានជម្លោះនោះមានទំហំប្រ​ហែល៦០​ហិកតា ស្ថិតក្រោមការគ្រប់គ្រង​របស់ជនជាតិដើមភាគតិចកួយចំនួន៣៣គ្រួសារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ