អ្នក​ជាប់​ឃុំ​​ជាង​១០០​នាក់​នៅ​​ពន្ធនា​គារ​ខេត្ត​កំពង់ស្ពឺ​​ឆ្លង​ជំងឺ​កូវីដ-១៩​ ក្នុង​នោះ​​មាន​ម្នាក់​ស្លាប់​

នៅព្រឹកថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដឹកនាំសហការី ចុះទៅផ្សព្វផ្សាយ និងអនុវត្តព្រះរាជក្រឹត្យលេខ នស/រកត/០៤២១/៣៨០ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ស្តីពីការបន្ធូរបន្ថយទោសនិងលើកលែងទោស លើទណ្ឌិតដែលកំពុងរងទោសនៅពន្ធនាគារខេត្តកំពង់ស្ពឺ ចំនួន១១នាក់ (បន្ធូរបន្ធយ៣ខែ និង៦ខែ)។ (វេបសាយ៖ ក្រសួងយុត្តិធម៌/ moj.gov.kh)

​​អ្នកជាប់ឃុំជាង​១០០នាក់នៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺ បានឆ្លងជំងឺកូវីដ-១៩ និងមានអ្នកជាប់ឃុំជាស្រ្តីម្នាក់បានស្លាប់ ដោយ​សារជំងឺនេះ។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង មានប្រសាសន៍ថា គិត​មកដល់​​​រសៀលថ្ងៃអង្គារនេះ អ្នកជាប់ឃុំ​​ជាង១០០នាក់ក្នុងចំណោមអ្នកជាប់ឃុំសរុប១ ៨០២នាក់ បានឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីអ្នកជាប់ឃុំ​ជាស្ត្រីម្នាក់អាយុ៦៦ឆ្នាំបានស្លាប់​ដោយសារជំងឺនេះ កាលពីថ្ងៃទី៣១ ខែឧសភា។

បើតាមលោក វ៉ី សំណាង ស្ត្រីដែលស្លាប់នោះមានជំងឺប្រចាំកាយច្រើន ដែលធ្វើឱ្យគាត់មិនអាចទ្រាំទ្រជំងឺនេះបានយូរ។

លោកមានប្រសាសន៍បញ្ជាក់ថា៖ «សំខាន់ គាត់[អ្នកស្លាប់​]មានជំងឺប្រចាំកាយច្រើន ដូចជា ឈឺតម្រងនោមផង រលាកពោះវៀនធំផង ហើយបើសិនជាគាត់មិនមានជំងឺកូវីដហ្នឹង ក៏គង់​តែប្រហែលជាទៅមិនរួចដែរ! យើងមិនមើលរាល់ថ្ងៃ អ្នកក្រៅពីអ្នកគុក ក៏មានអ្នកស្លាប់ដែរ»។

ការស្លាប់របស់ទណ្ឌិតឈ្មោះ ឡាំ សុខា វ័យ៦៦ឆ្នាំ នៅក្នុងពន្ធនាគារខេត្តកំពង់ស្ពឺនេះ ជា​ករណីទី១​ហើយចាប់តាំងពីជំងឺកូវីដ-១៩បានវាយលុកចូលក្នុងពន្ធនាគារមួយចំនួន​មក។

លោក វ៉ី សំណាង បានថ្លែងបន្តថា មន្ត្រីជំនាញកំពុងស្រាវជ្រាវរកមូលហេតុដែលនាំឱ្យកើតជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារខេត្ត​នេះ ប៉ុន្តែ​លោកមិនទាន់បញ្ជាក់ពីលទ្ធផលនៅឡើយទេ។

លោកបន្ថែម​ថា៖ «ខ្ញុំមិនបានចាំតួលេខទេ តែជាង១០០នាក់ហើយនៅក្នុងហ្នឹង! ដូចខ្ញុំបានប្រាប់អ៊ី​ចឹង យើងគ្រាន់តែបានញែកអ្នកមិនមាន[កូវីដ-១៩] ឱ្យនៅមួយចំហៀងទៅ អ្នកមាននៅមួយចំហៀង​ទៅ​ ដើម្បីងាយស្រួលដល់ការព្យាបាលរបស់យើង។ ហើយដូចខ្ញុំថាមិញអ៊ីចឹង គឺយើងបានយកថ្នាំយកអីទៅព្យាបាលពួកគាត់ គឺព្យាបាលជារួមនៅក្នុងគុកហ្នឹងហ្មង»។

ពន្ធនាគារខេត្តកំពង់ស្ពឺ ជាពន្ធនាគារទី៤ហើយដែលមានករណីឆ្លង​ជំងឺកូវីដ-១៩ ក្នុងចំណោមអ្នកជាប់ឃុំ បន្ទាប់ពីពន្ធនាគារខេត្តព្រះសីហនុ ពន្ធនាគារព្រៃស (ម១) រាជធានីភ្នំពេញ និងពន្ធនាគារខេត្តកណ្តាល

អ្នកនាំពាក្យ​អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា មានប្រសាសន៍ថា ក្រោយពីជំងឺកូវីដ-១៩បានឆ្លងចូលក្នុងពន្ធនាគារខេត្តកំពង់ស្ពឺមក អាជ្ញាធរខេត្តនេះបានចាត់វិធានការរួចហើយ ដោយដាក់ឱ្យមានការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារផ្ទាល់​តែម្តង។

យ៉ាងណាក្តី អ្នកនាំពាក្យរូបនេះ​បញ្ជាក់ថា ស្ថានភាពហាក់បានធូរស្រាលឡើងវិញបន្តិចហើយ។

លោកថ្លែងដូច្នេះថា៖ «ដូចគ្នា! គឺអភិបាលខេត្តគាត់ប្រើរូបមន្តតែមួយ គឺគាត់រៀនតាមខេត្តព្រះសីហនុ គឺរដ្ឋបាលខេត្តគាត់លូកដៃចូលជាមួយការងារអន្តរាគមន៍ក្នុងការព្យាបាលនេះ ព្រោះធនធានសុខាភិបាលនៅលើដៃគាត់ផ្ទាល់ ធនធានកម្លាំងសន្តិសុខក៏នៅលើដៃគាត់ផ្ទាល់។ ហើយណាមួយ យើងធ្វើវិមជ្ឈការជូនទៅរដ្ឋបាលរាជធានីខេត្តហើយ ពន្ធនាគារខេត្ត អ៊ីចឹងអភិបាលខេត្ត ឯកឧត្តម វ៉ី សំណាង គាត់យកចិត្តទុកដាក់លើអាការងារហ្នឹង»។

បើតាមលោក នុត សវនា គិតត្រឹមថ្ងៃទី១ ខែមិថុនានេះ​ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់អ្នកជាប់ឃុំ​ដូសទី២ បានប្រមាណជា៣០% ឬប្រមាណជាង១១ ០០០នាក់ ក្នុងចំណោមអ្នកជាប់ឃុំ​សរុបនៅទូទាំងប្រទេសជិត៤០ ០០០ នាក់។

ទោះជាយ៉ាងនេះក្តី អនុប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានថ្លែងថា ដល់ពេលហើយដែលរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធពិចារណាក្នុងការដោះលែងអ្នកទោសស្រាលៗឬជនជាប់ឃុំបណ្តោះអាសន្នដើម្បីរង់ចាំការកាត់ទោស ដើម្បីកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ។

លោកថ្លែងបញ្ជាក់ថា៖ «បានជាយើងធ្វើការខាងសិទ្ធិមនុស្សហ្នឹង យើងគិតថា វាគួរតែដល់ពេលដែលរដ្ឋាភិបាល តុលាការ និងស្ថាប័នពាក់ព័ន្ធ ពិចារណាហើយ ទាក់ទងការកាត់បន្ថយ​ភាពចង្អៀតណែននៅតាមពន្ធនាគារ ពីព្រោះរឿងដែលយើងបានលើកនេះជារឿងយូរមកហើយ តាំងពីមិនទាន់មានការរីករាលដាលឬការឆ្លងជំងឺកូវីដ-១៩ក្នុងពន្ធនាគារ។ ហើយឥលូវយើងឃើញថា ចាប់ផ្តើមបណ្តើរៗហើយ ហើយប្រសិនជាយើងអូសបន្លាយ មិនបានគិតគូរទេ ហានិភ័យនឹងកើតឡើងខ្ពស់ ហើយវាជាបញ្ហាប្រឈមសម្រាប់ពន្ធនាគារហ្នឹងវាចេះតែបន្តទៅទៀត»។

យើងតាមរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) និងអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) កាលពីថ្ងៃទី២៣ ខែឧសភា បានឱ្យដឹងថា យ៉ាងហោចណាស់មានអ្នកជាប់ឃុំប្រមាណជា៣៥% នៃចំនួនអ្នកជាប់ឃុំសរុប៣៩ ០០០នាក់នៅក្នុងពន្ធនាគារទូទាំងប្រទេស គឺជាអ្នកជាប់ឃុំបណ្តោះអាសន្នដើម្បីរង់ចាំការសវនាការកាត់ទោស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ