សង្គម​ស៊ីវិល​បារម្ភ​ពី​ការ​បាត់​បង់​ព្រៃ​កោងកាង​និង​ព្រែក​នៅ​ខេត្ត​កោះកុង​ ខណៈ​បទ​ល្មើស​​នៅ​តែ​បន្ត​កើត​មាន​

ដី​ព្រៃកោងកាង និង​ដី​ព្រៃលិចទឹក ក្រោយ​រង​ការ​ឈូស​ឆាយ​បំផ្លាញ​ពី​ជនខិលខូច​មួយចំនួន ស្ថិតនៅ​ភូមិ​ទឹក​ប៉ោង ឃុំ​បឹងព្រាវ ស្រុកស្រែ​អំបិល ខេត្តកោះកុង។ (ផ្ដល់​ឱ្យ​)

មន្ត្រីសង្គមស៊ីវិលនិងសកម្មជនបរិស្ថានបារម្ភពីការបាត់បង់ព្រៃកោងកាងនិងដីព្រែកនៅខេត្តកោះកុង ខណៈបទល្មើស​ទាំងនេះនៅតែបន្តកើតមាន ហើយការទប់ស្កាត់របស់អាជ្ញាធរពុំមានប្រសិទ្ធភាពនៅឡើយ។

ការព្រួយបារម្ភរបស់មន្ត្រីសង្គមស៊ីវិលនិងសកម្មជនបរិស្ថាននេះ ក្រោយមានការផ្សាយតាមបណ្តាញសង្គមកាលពីសប្តាហ៍មុននេះថា តំបន់ដីព្រែករាប់រយម៉ែត្រនៅក្រុងខេមរភូមិន្ទ និងព្រៃកោងកាងជាង២០០ហិកតានៅស្រុកគិរីសាគរ ខេត្តកោះកុង ត្រូវបានជនខិលខូចចាក់ដីលុបនិងទន្ទ្រានយកធ្វើកម្មសិទ្ធិដោយខុសច្បាប់។

មន្រ្តី​សម្របសម្រួល​អង្គការ​ការពារ​សិទ្ធិមនុស្ស​លី​កាដូ​ប្រចាំ​ខេត្តកោះកុង លោក ហ៊ួរ អ៊ី​ន មានប្រសាសន៍ថា តាមព័ត៌មានដែលលោកទទួលបាន គឺមួយរយៈចុងក្រោយនេះមានការចាក់ដីរំលោភចូលឆ្នេរសមុទ្រនិងការទន្ទ្រានយកដីព្រៃកោងកាងកើតមានស្ទើរគ្រប់កន្លែងនៃខេត្តកោះកុង។ លោកថា សកម្មភាពល្មើសទាំងនោះ គឺអាជ្ញាធរពុំបានចាត់វិធានការច្បាប់​ទៅជនល្មើសឱ្យមានប្រសិទ្ធភាពនោះឡើយ។

មន្ត្រីសិទ្ធិមនុស្សរូបនេះឱ្យដឹងថា អ្នកដែលធ្វើសកម្មភាពរំលោភយកឆ្នេរសមុទ្រនិងព្រៃកោងកាងភាគច្រើនជាអ្នកមានលុយនិងមានអំណាច​។ លោក ហ៊ួរ អ៊ីន បារម្ភពីការបាត់បង់យ៉ាងឆាប់រហ័សនូវទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទាំងនេះ ប្រសិនបើអាជ្ញាធរពាក់ព័ន្ធបណ្តែតបណ្តោយមិនចាត់វិធានការឱ្យបានតឹងរ៉ឹងទេនោះ។

លោកបន្ថែមថា៖ «កាលណាអត់មានចំណាត់ការតាមផ្លូវច្បាប់ឱ្យបានតឹងរ៉ឹង អ៊ីចឹងករណីការលុបព្រែក ការកាប់ព្រៃកោងកាងធ្វើជាកម្មសិទ្ធិឯកជនហ្នឹង វានៅតែបន្តកើតមាន មិនអាចបញ្ឈប់អំពើល្មើសច្បាប់ទាំងហ្នឹងបានទេ បើ​កាលណាការអនុវត្ត [ច្បាប់] នៅមានភាពធូររលុងបែបនេះ។ ហើយកាលណាបណ្តែតបណ្តោយឱ្យមានការបំផ្លិចបំផ្លាញអ៊ីចឹង នៅពេលខាងមុខ យើងនឹងលែងស្គាល់អ្វីទៅជាព្រៃការពារនិងអ្វីជាចំណីព្រែកទេ វាបានរួមតូចៗដោយអ្នកមានលុយមានអំណាចរំលោភយក»

មន្រ្តីជាន់ខ្ពស់ផ្នែកតស៊ូមតិ​ នៃ​សមាគមបណ្តាញយុវជនកម្ពុជា (CYN) លោក សាន់ ម៉ាឡា មានប្រសាសន៍ថា ករណីបទល្មើសធនធានធម្មជាតិទាំងព្រៃឈើ ព្រៃកោងកាង តំបន់ព្រែក និងឆ្នេរសមុទ្រ នៅតែបន្តកើតមានដោយមិនអាចទប់ស្កាត់បាន ដោយសារកម្សោយក្នុងការគ្រប់គ្រងនិងទប់ស្កាត់របស់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសមន្ទីរបរិស្ថានដែលជាសេនាធិការរបស់ក្រសួងបរិស្ថាន។ ហើយមួយទៀត បញ្ហាធ្វេសប្រហែសឬការគប់គិតគ្នាប្រព្រឹត្តអំពើពុករលួយរវាងអាជ្ញាធរមូលដ្ឋានិងជនល្មើសផងដែរ។

លោកបន្ថែមថា៖ «លោកបន្ថែមថា សព្វថ្ងៃនេះ យើងមើលឃើញថា បន្ទាប់ពីក្រសួងបរិស្ថានរឹតត្បិតមកលើសកម្មភាពអ្នកការពារ [បរិស្ថាន] គឺបទល្មើសគ្រប់ប្រភេទ រាប់ទាំងការកាប់បំផ្លាញព្រៃឈើ ការទន្ទ្រានយកព្រៃកោងកាង ការចាក់ដីលុបព្រែកឆ្នេរសមុទ្រ បានបន្តកើតមានជាហូរហែគួរឱ្យព្រួយបារម្ភមែនទែន។ ដូច្នេះ យើងទាមទារឱ្យក្រសួងបរិស្ថានធ្វើការបើកចំហ អនុញ្ញាតឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសសហគមន៍អាចចូលរួមចំណែកក្នុងដំណើរអភិរក្សធនធានធម្មជាតិរបស់ប្រទេសយើងទាំងអស់គ្នា»

អភិបាលរងខេត្តកោះកុង លោក សុខ សុទ្ធី បានទទួលស្គាល់ថា មានបទល្មើសចាក់ដីរំលោភព្រែកនិងមានការទន្ទ្រានយកដីព្រៃកោងកាងពិតប្រាកដមែន ប៉ុន្តែមានតិចតួចប៉ុណ្ណោះ ដែលអាជ្ញាធរខេត្តកំពុងតែមានវិធានការទប់ស្កាត់។

អភិបាលរងខេត្តរូបនេះបានច្រានចោលចំពោះការផ្សព្វផ្សាយតាមបណ្តាញសង្គម ដែលថា ព្រៃកោងកាងជាង​២០០ហិកតានៅភូមិព្រែកខ្សាច់ ​ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ កំពុងរងការកាប់ទន្ទ្រានថ្មី។ លោកថា ករណីនេះបានកើតឡើងតាំងពីឆ្នាំ២០១៨ និងឆ្នាំ២០១៩ ហើយអាជ្ញាធរដោះស្រាយចប់និងបានបញ្ជូនជនល្មើសមួយចំនួនទៅតុលាការផងដែរ។

លោកបន្ថែមថា៖ «ខ្ញុំមិនដឹងថា មូលហេតុអីបានជាសារព័ត៌មានមួយចំនួនលើកយកបញ្ហាហ្នឹងមកនិយាយម្តងទៀត។ ហើយឃើញថ្មីៗនេះ និយាយរួម ២ថ្ងៃនេះ និយាយរឿងហ្នឹងប្រហែលជាង១០០សារព័ត៌មាន។ ហើយរឿងនេះ រឿងចាស់តាំងពីឆ្នាំ២០១៨ ឆ្នាំ២០១៩ម្ល៉េះ ហើយខាងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅ [ទៅតុលាការ]​ ថែមទៀត»

ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង លោក ហ៊ុន ម៉ារាឌី​ មានប្រសាសន៍ថា ករណីលុបព្រែកនិងការកាប់ទន្ទ្រានយកដីព្រៃកោងកាងមួយចំនួនជារឿងចាស់ ប៉ុន្តែយ៉ាងណា លោកថា មន្ទីរបរិស្ថានខេត្តកំពុងស្រាវជ្រាវនិងធ្វើការងារលើរឿងទាំងនោះ។

លោកបន្ថែមថា៖ «កិច្ចការងារនេះ ខ្ញុំកំពុងតែស្រាវជ្រាវ។ ខ្ញុំបានចាត់ឱ្យមន្ត្រីរបស់ខ្ញុំចុះពិនិត្យមើលផ្ទាល់ដល់ទីតាំងនោះហើយ»

ក្នុង​ពិធីបុណ្យ​សមុទ្រ​លើក​ទី៨​ នៅ​ខេត្តកំពត​ កាលពី​ខែធ្នូ ​ឆ្នាំ២០១៩​ លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​ កម្ពុជា​ត្រូវការ​ពារ​ឆ្នេរសមុទ្រ​ឱ្យ​បាន​គង់វង្ស​ ដោយ​មិន​ត្រូវ​ឱ្យ​មានការ​​ចាក់​ដីរំលោភ​ចូល​សមុទ្រ​ឬ​កាប់ព្រៃ​កោងកាង​ដើម្បី​ទន្ទ្រាន​យក​ដី​ធ្វើជាកម្មសិទ្ធិនោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ