ពលរដ្ឋ​​​​​ខេត្ត​កណ្តាល​តវ៉ា​ជា​ថ្មី​ក្រោយ​​សង្ស័យ​ក្រុម​ហ៊ុន​​​​​​អភិ​​វឌ្ឍ​ន៍​​​​ព្រលា​ន​​​យន្តហោះ​ថ្មី​​ឈូស​ឆាយ​​​ដី​​ពួក​​គាត់​

ពលរដ្ឋជាច្រើននាក់រស់នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល ដែលអះអាងថា រងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី សាងសង់ដោយក្រុមហ៊ុន​ CAIC របស់អ្នកឧកញ៉ា ពង់ ឃាវសែ នៅថ្ងៃចន្ទនេះ បាននាំគ្នាបិទផ្លូវលំនិងបោះតង់ដេកយាមដីស្រែ ក្រោយក្រុមហ៊ុនប្រើប្រាស់គ្រឿងចក្រឈូសឆាយដីស្រែពួកគេ ដែលមិនទាន់ដោះស្រាយបញ្ហាសំណងសមរម្យនៅឡើយ។ (ហ៊ី ឆាយ)

ពលរដ្ឋអះអាងថា ពួកគេប្រហែល១០០នាក់​ដែលកំពុងរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះ​​​អន្តរ​ជាតិភ្នំពេញថ្មី ស្ថិតនៅឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានប្រមូលផ្តុំគ្នាតវ៉ានៅទីតាំង​ដីកំពុង​មាន​ជម្លោះជាថ្មីទៀត នៅថ្ងៃ​ចន្ទនេះ ក្រោយសង្ស័យថា ក្រុមហ៊ុនដាក់គ្រឿងចក្រឈូសឆាយដីធ្លីរបស់ពួកគេ។

កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ អ្នកភូមិដែលកំពុងរងផលប៉ះពាល់ដីធ្លីពីគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ បានផ្ទុះការតវ៉ាម្តងរួចហើយ និងបានបោះតង់​ដេកយាមដី​រហូតមកដល់ពេលនេះ ក្រោយក្រុមហ៊ុនដាក់គ្រឿងចក្រឈូសឆាយ​ដីធ្លី​របស់ពួកគេ។

លោក ទួន វណ្ណៈ រស់នៅឃុំបឹងខ្យាង ដែលអះអាងថាបានប៉ះពាល់ដីធ្លី២,៥ហិកតា ប្រាប់ វីអូឌី ថាការតវ៉ារបស់អ្នកភូមិជាថ្មីនេះ ដោយសារបារម្ភខ្លាចក្រុមហ៊ុនឈូសឆាយដីធ្លីរបស់ពួកគាត់ទាំងមិនទាន់បានដោះស្រាយផល​ប៉ះ​ពាល់។

ពលរដ្ឋរូបនេះបន្តថា អ្នកភូមិបានប្រមូលផ្តុំគ្នានៅកន្លែងដី​​មានជម្លោះតាំងពីព្រឹករហូតមកដល់ថ្ងៃត្រង់នេះ​ ប៉ុន្តែពុំឃើញគ្រឿងចក្ររបស់ក្រុមហ៊ុនធ្វើ​​សកម្មភាពលើដីរបស់ពួកគាត់ឡើយ។ លោកបន្តថា បើទោះជាថ្ងៃនេះ ក្រុមហ៊ុនមិនបានធ្វើសកម្មភាពក៏ដោយ តែពួកគាត់នៅតែបន្តដាក់វេនគ្នាសម្រាក​បោះតង់​យាមដី​ស្រែរបស់ពួក​គាត់ដែរ​។

លោកបន្ថែមថា៖ «ពួកយើងបានប្រមូលផ្តុំគ្នានៅលើក្បាលដី​កំពុងមានជម្លោះហ្នឹង ប៉ុន្តែក្រុមហ៊ុនវាដឹងផែនការ វាអត់ដាក់មក​វិញ។ នេះអាចថាជាយុទ្ធសាស្ត្ររបស់វា ធ្វើឱ្យយើងខាតពេលវេលា ឬវាប្រុងធ្វើមែន ប៉ុន្តែ​ឃើញកម្លាំងយើងមកច្រើន​ វាថយវិញក៏ថាបានដែរ។ បើតាមខ្ញុំស្មាន ប្រហែលស្អែកឬខានស្អែក វាធ្វើហើយ ពីព្រោះពួកយើងមិនអាចមកគ្នាច្រើនជារៀងរាល់ថ្ងៃទេ ដោយសារពួកយើងរវល់ការងារដែរ»

ពលរដ្ឋនៅឃុំបឹងខ្យាងម្នាក់ទៀត អ្នកស្រី ឃឹម ម៉ាលី និយាយថា ការដោះស្រាយនាពេលកន្លងមក ខា​ង​អាជ្ញាធរ​ស្រុកនិងខេត្តបាន​សម្រួលឱ្យពួកគាត់​ថ្លៃសំណងផលប៉ះពាល់​ត្រឹមតែ៨ដុល្លារក្នុង១ម៉ែត្រការ៉េដដែល ប៉ុន្តែអ្នកភូមិមិនអាចទទួលយកបានឡើយ ដោយថា សំណងនេះ ពួកគាត់មិនអាចយកទៅទិញដីកន្លែងផ្សេងបាន។

អ្នកស្រីបន្តថា ប្រជាពលរដ្ឋចង់បានការទូរទាត់តម្លៃទៅតាមទីផ្សារ ឬតម្លៃសមរម្យណាមួយដែលពួកគាត់អាចទទួលយកបាន និងទទួលដោះស្រាយជាសរុបរួមសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា ខណៈដីតំបន់នោះមានតម្លៃចន្លោះពី៨០ដុល្លារទៅ១២០ដុល្លារ។

បើតាមអ្នកស្រី ឃឹម ម៉ាលី ក្រោមគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះនេះ បានធ្វើឱ្យគ្រួសារគាត់បានជួបបញ្ហាជីវភាពដោយសារតែក្រុមហ៊ុននិងអាជ្ញាធរបិទមិនឱ្យពួកគាត់ចូលបង្ក​បង្កើនផលរយៈពេល៣ឆ្នាំមក​ហើយ។

អ្នកស្រីបន្ថែមថា៖ «សួរថាបើអត់ឱ្យពួកខ្ញុំចូលបង្ក​បង្កើនផល​អ៊ីចឹង​ ទម្រាំដល់ឆ្នាំ២០៣០ តើពួកខ្ញុំបានអី​ចិញ្ចឹមកូន? ខ្ញុំសុំឱ្យតំណាងក្រុមហ៊ុនចុះមកជួបពួកខ្ញុំផ្ទាល់ ហើយបើព្រលានហ្នឹងរបស់រដ្ឋ ឱ្យរដ្ឋហ្នឹងឬខាងក្រសួងដែលពាក់ព័ន្ធចុះមកជួបជាមួយពួកខ្ញុំមក ពីព្រោះប្រជាជនមិនរារាំង​ឬជំទាស់នឹងការអភិវឌ្ឍទេ ប៉ុន្តែសុំការដោះស្រាយ​ឱ្យតម្លៃដែលសមស្របទៅនឹងទីផ្សារ»

វីអូឌី ពុំអាចសុំការ​បញ្ជាក់ពីតំណាងក្រុម​ហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះថ្មីនេះបានទេ នៅថ្ងៃចន្ទនេះ។

អភិបាលខេត្តកណ្តាល លោក គង់ សុភ័ណ្ឌ មានប្រសាសន៍ថា អាជ្ញាធរខេត្តបានសម្របសម្រួលដោះស្រាយជាមួយប្រជាពលរដ្ឋជាច្រើនដងហើយ ប៉ុន្តែពលរដ្ឋនៅតែមិនព្រម។ លោកបន្តថា​ រដ្ឋាភិបាលសម្រេចផ្តល់៨ដុល្លារក្នុងមួយម៉ែត្រ​ការ៉េជូនពលរដ្ឋ គឺធ្វើឡើងតាមការវាយតំម្លៃមុនមានគម្រោងអភិវឌ្ឍន៍។ លោកថា មុនមានគម្រោងអភិវឌ្ឍន៍ ដីតំបន់នោះ ១ម៉ែត្រ​ការ៉េ ត្រឹមតែ៣ទៅ៨ដុល្លារប៉ុណ្ណោះ ហើយអាជ្ញាធរខេត្តបានសម្របសម្រួលដោះស្រាយតាំងពីពេលនោះ ប៉ុន្តែពលរដ្ឋនៅតែមិនព្រម​ ដែលធ្វើឱ្យបន្តអូសបន្លាយដល់ពេលនេះ។

អភិបាលខេត្តរូបនេះឱ្យដឹងទៀត​ថា ការអភិវឌ្ឍ​ជំហានដំបូងសម្រាប់ផ្លូវយន្ត​ហោះទីមួយ​នេះ ប៉ះពាល់ពលរដ្ឋតែ១៣គ្រួសារ និងមានដីប្រហែល៤ហិកតាប៉ុណ្ណោះ។ លោកថា សម្រាប់ពលរដ្ឋ១៣គ្រួសារនេះអាចទទួលយកដំណោះស្រាយជា​លុយ និងអាចដោះដូរជាដីស្ថិតក្នុងស្រុកកណ្តាលស្ទឹងដូចគ្នាបាន​។ លោកបន្ថែមថា ក្នុងចំណោម​​​ពលរដ្ឋ១៣គ្រួសារ មានពលរដ្ឋ២ទៅ៣គ្រួសារហើយព្រមទទួលយកការដោះដូរនេះ។

លោកបន្ថែមថា៖ «អាហ្នឹងខ្ញុំគិតថា វាល្អបំផុតហើយ ដោយសារចេញពី៨ដុល្លារបាន បានអាដីនៅក្បែរហ្នឹងចុះ គាត់ចង់បានដីហ្នឹង វាថ្លៃ! ប៉ុន្តែពួកគាត់មិនព្រមទៀត ដល់ពួកគាត់មិនព្រមទៀត អាហ្នឹងយើងអស់ជម្រើស។ ដល់​អស់ជម្រើស [ចូលដល់​] កាតព្វ​​កិច្ចហើយ ព្រោះយើងត្រូវមាន​កាតព្វកិច្ចដែរ មិនអាចឆ្លើយថាទេចំពោះកាតព្វកិច្ចទេ ហើយ​ប្រើច្បាប់អស្សាមិករណ៍ ។ល។ ទៅ»

មន្ត្រី​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​មនុស្ស នៃ​មជ្ឈ​មណ្ឌល​សិ​ទិ្ធ​មនុស្ស​កម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍​ថា តាមច្បាប់​ជាតិនិង​អន្តរ​ជាតិ រាល់គម្រោង​អភិវឌ្ឍន៍​នានា រដ្ឋាភិបាល​ត្រូវតែបានពិភាក្សា​ជាមួយប្រជាពលរដ្ឋ​ឱ្យគ្រប់ជ្រុង​ជ្រោយ​អំពីផលប៉ះពាល់និងបញ្ហាសំណង​ផ្សេងៗ ហើយ​រដ្ឋ​​ត្រូវ​ដោះស្រាយ​​សំណងផលប៉ះពាល់​​ជូន​ពលរដ្ឋ​ឱ្យ​បាន​សមរម្យដែល​អាច​ទទួលយក​​បាន​។

មន្ត្រីសិទ្ធិមនុស្សរូបនេះបន្តថា ប្រសិនបើ​ក្រុមហ៊ុននិងរដ្ឋាភិបាលមិនបានដោះស្រាយសំណងផលប៉ះពាល់ជូនពលរដ្ឋត្រឹមត្រូវទេ នឹងនាំឱ្យប្រជាពលរដ្ឋមិនពេញចិត្តចំពោះគម្រោងអភិវឌ្ឍន៍នោះ ហើយពួកគេនឹងធ្វើការតវ៉ាផ្សេងៗ។

លោកបន្ថែមថា៖ «នៅក្នុងរដ្ឋធម្មនុញ្ញ​ក៏ដោយ នៅក្នុងច្បាប់ភូមិបាលក៏ដោយ នៅក្នុងច្បាប់អស្សាមិករណ៍ក៏ដោយ កន្លែងណាក៏ដោយ ឱ្យតែរដ្ឋត្រូវការកន្លែងអភិវឌ្ឍន៍សម្រាប់សាធារណៈ អាហ្នឹងរដ្ឋអាចដកហូតបាន ប៉ុន្តែអាចដកហូតបាន វាទាល់តែមានសំណងសមរម្យអាចទទួលយកបានពីម្ចាស់កម្មសិទ្ធិ»

កាលពី​ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយដោយ​ផ្តល់​​ដី​រដ្ឋ​ទំហំប្រមាណ២ ៦០០ហិ​កតា ដែល​លាតសន្ធឹង​លើ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល និង​ស្រុក​បាទី ខេត្តតាកែវ ទៅ​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​អាកាសយាន​ដ្ឋាន​កម្ពុជា ​(CAIC) ​វិនិយោគ​រួមគ្នាជាមួយ​សាជីវកម្ម​​ក្រៅប្រទេស និង​លេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល ដើម្បី​អភិវឌ្ឍ​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី​មួយ​នេះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ