អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ​ទុក​ពេល​ឱ្យ​ក្រុម​ហ៊ុន​ស្រា​១​សប្តាហ៍​ទៀត​រុះ​រើ​ផ្ទាំង​ប៉ាណូ​ផ្សាយ​គ្រឿង​ស្រវឹង​

បុរសម្នាក់ធ្វើការរុះរើស្លាកយីហោផ្សព្វផ្សាយស្រាបៀរនៅទីតាំងមួយកន្លែងក្នុងខេត្តកំពង់ស្ពឺ ក្រោយពីមានសេចក្ដីណែនាំពីរដ្ឋបាលខេត្តឱ្យរៀបចំនិងរុះរើបដាពាណិជ្ជកម្មស្រាបៀរកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ)

អាជ្ញាធរខេត្តកំពង់ស្ពឺ សម្រេចទុកពេល១សប្តាហ៍ទៀតឱ្យក្រុមហ៊ុនឯកជនដែលផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹង ដើម្បីរុះរើផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងឬស្លាក​​យី​​ហោ​​ដែលជ្រកក្រោមស្លាកស្រាបៀរឱ្យអស់ចេញពីខេត្ត ដើម្បីរៀបចំសោភ័ណភាពខេត្តកំពង់ស្ពឺ។

ការបញ្ជាឱ្យរុះរើនេះ ធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំមួយកាលពីថ្ងៃទី​២០ ខែឧសភា ​រដ្ឋបាលខេត្តកំពង់ស្ពឺបាន​​ដាក់​​​​​​ចេញ​​​​នូវវិធានការរដ្ឋបាលរបស់ខ្លួន ពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង​នេះ ដោយបានណែនាំទៅពលរដ្ឋរុះរើស្លាកផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងក្នុងរយៈពេល១សប្តាហ៍។ ​

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ប្រាប់ វីអូឌី នៅថ្ងៃទី៣០​ ខែឧសភា ឆ្នាំ២០២១នេះថា តាមគម្រោង អាជ្ញាធរទុកពេលឱ្យប្រជាពលរដ្ឋដែល​មានផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងឬស្លាកពាណិជ្ជកម្មគ្រឿងស្រវឹងនៅតាមដងផ្លូវ​ ត្រូវរុះរើចេញវិញយ៉ាងយូរ១សប្តាហ៍ ដើម្បីរៀបចំសោភ័ណភាពខេត្តកំពង់ស្ពឺ។

អភិបាលខេត្តរូបនេះបញ្ជាក់ថា ១សប្តាហ៍កន្លងមកនេះ ពលរដ្ឋបានរុះរើផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងឬស្លាក​​យី​​ហោ​​ដែលជ្រកក្រោមស្លាកស្រាបៀរជិតអស់ហើយ ខណៈផ្ទាំងប៉ាណូដែលក្រុមហ៊ុនលើកនៅតាមដងផ្លូវមួយចំនួននៅមិនទាន់រុះរើចេញនៅឡើយ។

ករណីនេះ អភិបាលខេត្តរូបនោះអះអាងថា រដ្ឋបាលខេត្តសម្រេចទុកពេល១សប្តាហ៍បន្ថែមទៀត ដើម្បីឱ្យក្រុមហ៊ុនស្រា​បៀរទាំងនោះរុះរើផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងឬស្លាក​​យី​​ហោ​​ដែលជ្រកក្រោមស្លាកស្រាបៀរឱ្យអស់ចេញពីខេត្តផងដែរ។

លោកមានប្រសាសន៍ថា៖ «អាជ្ញាធរយើងមិនទាន់រុះរើបានមួយស្លាកទេ ពីព្រោះយើងបញ្ជាឱ្យគេរុះរើផ្ទាំងប៉ាណូ។ គ្រាន់តែមិនទាន់បានបញ្ជាផង ប្រជាពលរដ្ឋគាត់រើខ្លួនគាត់ហើយ មានតែក្រុមហ៊ុនទេ​ដែលគាត់សុំពេល [១សប្តាហ៍] ទៀត ដោយសារតែអាហ្នឹង អាជ្ញាធរទុកពេលឱ្យគាត់១សប្តាហ៍ឱ្យរុះរើឱ្យអស់ ​ហើយក្រុមហ៊ុនរកមធ្យោបាយជួលកម្មករ​ យើងនិយាយមួយម៉ាត់ វាស្រួលទេ តែគ្នាអ្នកធ្វើ បានគាត់លំបាក»។

យ៉ាងណា អភិបាលខេត្តរូបនេះបញ្ជាក់ថា បើសិនជាម្ចាស់ផ្ទាំងប៉ាណូជ្រកក្រោមផ្លាកផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មិនធ្វើការរុះរើតាមការណែនាំទេ អាជ្ញាធរនឹងចុះរុះរើដោយផ្ទាល់តែម្តង។

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកំពង់ស្ពឺ លោក អ៊ុង សាមិត្ត មានប្រសាសន៍ថា អាជ្ញាធរទុកពេលឱ្យក្រុមហ៊ុន រុះរើផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងឬស្លាក​​យី​​ហោ​​ដែលជ្រកក្រោមស្លាកស្រាបៀរចំនួន១សប្តាហ៍បន្ថែមទៀត ប្រហែលជាក្រុមហ៊ុនមិនអាចរុះរើអស់បាននៅទូទាំងខេត្តនោះទេ ដោយសារផ្ទាំងប៉ាណូនោះមានច្រើននិងត្រូវប្រើកម្លាំងកម្មករក៏ច្រើនផងដែរ។

លោកផ្តល់ជាអនុសាសន៍ថា ដើម្បីទប់ស្កាត់ការលក់គ្រឿងស្រវឹង និងការពារសុខភាពពលរដ្ឋនៅក្នុងខេត្ត អាជ្ញាធរត្រូវបិទកុំឱ្យមានការលក់គ្រឿងស្រវឹង ទើបទទួលផលវិជ្ជមានខ្ពស់ជាងការបញ្ជាឱ្យរុះរើផ្ទាំងប៉ាណូ។

លោកមានប្រសាសន៍ថា៖ «បើសិនជាយើងចង់បន្ថយការផឹកស៊ី ការជួបជុំ អាជ្ញាធរអាចកាត់បន្ថយការលក់ដូរស្រាទៅ វាអាចទប់ស្កាត់បានហើយ។ បើគ្រាន់តែឱ្យរុះរើចេញអ៊ីចឹង វាទប់ស្កាត់បានខ្លះដែរ តែមិនបានច្រើនដូចបិទមិនឱ្យលក់ដូរស្រាទេ។

យុទ្ធនាការណែនាំឱ្យពលរដ្ឋនិងក្រុមហ៊ុនឯកជនរុះរើស្លាកពាណិជ្ជកម្មស្រាឬយីហោដែលជ្រកក្រោមស្លាកស្រាបៀរនេះ ទើបតែមាននៅខេត្តកំពង់ស្ពឺមួយប៉ុណ្ណោះ ខណៈខេត្តផ្សេងទៀតនៅមិនទាន់អនុវត្តវិធានការនេះនៅឡើយទេ ស្របពេលក្រុមសង្គមស៊ីវិលមួយចំនួនចង់ឃើញវិធានការផ្អាកការផ្សព្វផ្សាយគ្រឿងស្រវឹងបែបនេះធ្វើឡើងនៅទូទាំងប្រទេសតែម្តង។

មជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព បាន​​បង្ហាញ​​ពី​​លទ្ធ​ផល​​នៃការស្ទង់មតិរបស់ខ្លួន​នៅអំឡុងឆ្នាំ២០១៧ ដោយ​រកឃើញថា មាន​​មនុស្ស​​ប្រ​​មាណ៩០​​ភាគ​​រយបាន​​ឃើញ​​​​ការផ្សព្វផ្សាយពីផលិតផលគ្រឿងស្រវឹងនៅតាម​​មធ្យោ​បាយ​​ផ្សេង​​ៗ ហើយ​ក្នុងចំណោមអ្នកដែលបានឃើញការផ្សព្វផ្សាយ​នោះ ប្រមាណ៧០ភាគរយ ចង់សាកល្បងប្រើ​​ប្រាស់​គ្រឿងស្រវឹងផងដែរ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ