ធ្លាយ​អាង​ស្តុក​​កាក​សំណល់​រោងចក្រ​ចិន​មួយ​កន្លែង​ក្នុង​ខេត្ត​បាត់ដំបង​ បណ្តាល​ឱ្យ​ត្រី​​អណ្ដែតងាប់​​​ព្រោង​ព្រាត​

មន្ត្រីជំនាញបរិស្ថាន ចុះយកសំណាកទឹកកខ្វក់បញ្ជូនទៅពិនិត្យនៅមន្ទីរពិសោធន៍រាជធានីភ្នំពេញ ដើម្បីពិនិត្យកម្រិតជាតិពុល ក្រោយមានករណីពុលត្រីក្នុងស្ទឹងសង្កែ ខេត្តបាត់ដំបង កាលថ្ងៃទី២៦ ខែឧសភា។ (information.gov.kh)

ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយស្ទឹងថ្វាកឬស្ទឹងសង្កែ នាស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានប្រទះឃើញត្រីជាច្រើនបានអណ្ដែតងាប់ហូរតាមទឹកយ៉ាងព្រោងព្រាត កាល​ពី​ថ្ងៃទី២៦ ខែឧសភា ខណៈអាជ្ញាធរបានអះអាងថា មូលហេតុបណ្តាលមកពីការធ្លាយអាងស្តុកកាកសំណល់រោងចក្រចិនមួយកន្លែងឈ្មោះ វ៉ាកាង។

មេឃុំអណ្ដើកហែប ស្រុករតនមណ្ឌល លោក ផន សុផល បានប្រាប់ វីអូឌី តាមប្រព័ន្ធទូរសព្ទ កាលពីថ្ងៃសុក្រម្សិលមិញថា បន្ទាប់ពីមានភ្លៀងធ្លាក់ជាច្រើនមេមក បានធ្វើឱ្យបាក់ទំនប់អាងស្តុកទឹកកាកសំណល់រោងចក្រចិនមួយ ឈ្មោះ វ៉ាកាង ដែលមានទីតាំងនៅក្បែរ«ទំនប់សេកសក»នោះ បានហូរចូលទៅក្នុងស្ទឹង។

លោកបានបន្តថា កាកសំណល់ដែលធ្លាយនេះបានធ្វើឱ្យទឹកស្ទឹងថ្វាក ឬ ស្ទឹងសង្កែ ក្នុងស្រុករតនមណ្ឌល បានប្រែជាពណ៌ក្រមៅ។ ទោះជាយ៉ាងនេះក្តី លោកមេឃុំបានអះអាងថា លោកណែនាំឱ្យអាជ្ញាធរមូលដ្ឋានភូមិទាំងអស់ផ្ដល់ដំណឹងនេះជូនប្រជាពលរដ្ឋដែលអាស្រ័យតាមបណ្ដោយស្ទឹងក្នុងឃុំអណ្ដើកហែប ឱ្យផ្អាកការប្រើប្រាប់ទឹកស្ទឹងនេះជាបណ្តោះអាសន្ន ជាពិសេសកុំឱ្យពួកគាត់ប្រមូលត្រីដែលងាប់នេះយកទៅបរិភោគ។

លោក ផន សុផល ថ្លែងថា៖ «ថ្ងៃដំបូងដែលយើងឃើញហេតុការណ៍ យើងបានផ្សព្វផ្សាយ​ដល់គ្រប់មេភូមិ ឱ្យគាត់ណែនាំដល់ប្រជាពលរដ្ឋកុំឱ្យប្រើប្រាស់ទឹកស្ទឹងហ្នឹង ដោយសារយើងឃើញវាកខ្វក់ និងមានត្រីងាប់អីអ៊ីចឹង។ ប៉ុន្ដែស្ថានភាពហ្នឹង [មកដល់ពេលនេះ] វាបានប្រែប្រួល ដោយទឹកវាហូរទៅក្រោមអស់ទៅ វាមានសភាពដូចដើមវិញហើយ»។

បើតាមលោកមេឃុំដដែលបានបញ្ជាក់ថា ការធ្លាយអាងស្តុកកាកសំណល់ពីរោងចក្រចិននៅខេត្តបាត់ដំបងនេះ បានបង្កផលប៉ះពាល់ដល់ឃុំចំនួនបីដែលមានទឹកស្ទឹងហូរកាត់ រួមមាន ឃុំត្រែង ឃុំអណ្ដើកហែប និងឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

ទាក់ទងហេតុការណ៍នេះ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង លោក កត បូរ៉ាន បានប្រាប់ វីអូឌី តាមប្រព័ន្ធទូរសព្ទកាលពីថ្ងៃសុក្រម្សិលមិញនេះដែរថា តាមព័ត៌មានជាបឋមគឺទំបន់ដែលធ្លាយហូរកាកសំណល់ចេញពីរោងចក្រនោះ បានបិទទប់រួចរាល់វិញហើយ។

យ៉ាងណាក្តី លោកបានគូសបញ្ជាក់ថា ខាងមន្ទីរពាក់ព័ន្ធខេត្តបានសហការជាមួយមន្ត្រីក្រសួងបរិស្ថាន កំពុងបន្តត្រួតពិនិត្យសារធាតុប្រើប្រាស់ក្នុងរោងចក្រថាមានសារធាតុហាមឃាត់អ្វីខ្លះ និងថាតើទឹកដែលហូរធ្លាយចេញពីរោងចក្រទៅនេះនឹងបង្កផលប៉ះពាល់ដល់មជ្ឈដ្ឋាននិងសុខភាពកម្រិតណា។

លោក កត បូរ៉ាន បញ្ជាក់ថា៖ «ឥលូវនេះ យើងកំពុងតែដើរមើលគ្រប់កន្លែងចង្វាក់ផលិតកម្ម តើពាក់ព័ន្ធនឹងអ្វីខ្លះ [សារធាតុ] ប្រើប្រាស់ ហើយរបស់ហ្នឹងវាប៉ះដល់សុខភាពឬអត់ យើងកំពុងតែពិនិត្យចំណុចហ្នឹង។ ហើយយើងជួបនិយាយណែនាំ រកកំហុសឆ្គង ដើម្បីស្ថាបនាកែសម្រួលកុំឱ្យ [រោងចក្រ] បង្កបញ្ហាអ៊ីចឹងទៀត។ ចំណែកសារធាតុដែលហូរចេញពីរោងចក្រ យើងយកទៅពិនិត្យនៅមន្ទីរពិសោធន៍ភ្នំពេញហើយ លទ្ធផលយ៉ាងណាពេលនេះមិនទាន់ដឹងទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ