អ្នក​ទោស​នយោ​បាយ​និង​អ្ន​ក​ទោស​មន​សិការ​​ឆ្លង​ជំងឺ​កូវីដ-១៩​​នៅ​​ពន្ធនា​គារ​ព្រៃស​

ពលរដ្ឋពីរនាក់ជិះម៉ូតូនៅពីមុខច្រកចូលខ្លោងទ្វារមណ្ឌលអប់រំកែប្រែទី១ (គុកព្រៃស) ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ក្រុមសាច់ញាតិអះអាង​ថា មានអ្នកទោសនយោបាយនិងអ្នកទោសមន​សិការចំនួន​​៤នាក់បាន​ឆ្លងជំងឺ​កូវីដ-១៩ ស្របពេលខាងពន្ធនាគារកំពុង​តែ​រឹត​​ប​ន្ដឹង​​ការចេញ-ចូល​សួរ​​​សុខ​​ទុក្ខ​អ្នក​ជាប់ឃុំ​ពីសំណាក់សាច់ញាតិ​នៅក្នុងពន្ធនាគារ។

អ្នកស្រី ហង្ស ផារី ភរិយារបស់លោក សួង សុភ័ណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ ឱ្យដឹងនៅថ្ងៃសុក្រនេះថា អ្នកស្រីបានទទួលដំណឹងកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១នេះ ថាប្តីរបស់អ្នកស្រីបានឆ្លងជំងឺកូវីដ-១៩ ថែមទាំងមិនបានដឹងពីប្រភពនៃការឆ្លងជំងឺនេះដែរ។

ករណីនេះ អ្នកស្រីបាន​បង្ហាញក្តីបារម្ភនៅពេលទទួលបានដំណឹងនេះ ខណៈ​អ្នកស្រី​ខាន​បាន​ជួប​សួរសុខទុក្ខស្វាមីរបស់ខ្លួនជាច្រើនខែមកហើយ ក្រោយពីខាងពន្ធនាគារបាន​រឹត​បន្តឹង​មិន​ឱ្យ​មាន​ការចេញចូល​សួរសុខទុក្ខអ្នកជាប់ឃុំ។

អ្នកស្រីបន្ត​ថា៖ «ខាង​ពន្ធ​នាគារហ្នឹង គេមិន​បាន​ទាក់​ទង​ឱ្យខ្ញុំ​បាន​ដឹង​ពី​ព័ត៌មាន​ប្តីរបស់ខ្ញុំ​ហ្នឹងវាចូល​ជាង​៣ខែ​ហើយ។ ខ្ញុំអត់​ដែល​បាន​ទទួល​ដំណឹង​ពី​គាត់ ទើបតែ​ដឹង គឺដឹង​ពេល​គាត់​ឆ្លង​កូវីដ​តែ​ម្តង»។

ព័ត៌មានបឋមដែល វីអូឌី ទទួលបាននៅថ្ងៃនេះ​ ឱ្យដឹងថា មាន​​អ្នក​​ទោស​ន​យោ​​បាយនិង​អ្នក​ទោស​មនសិការ​ចំនួន៤នាក់បាន​ឆ្លងជំងឺកូវីដ-១៩ នៅពន្ធនាគារព្រៃស ខណៈមា​ន​​អ្នក​ទោស​ផ្សេង​ទៀតត្រូវបានរាយការណ៍មកថា ក៏កំពុងតែឆ្លងជំងឺនេះ​ដែរ។

អ្នកជាប់ឃុំក្នុងពន្ធនាគារ​ព្រៃស​ទាំង៤នាក់ដែលឆ្លងជំងឺកូវីដ-១៩នោះ ​រួម​​​មាន ​លោក សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​​ឈ្នះ, លោក មាន ព្រហ្មមុន្នី សកម្មជន​បរិស្ថាន ត្រូវ​​បាន​​ចាប់​​ខ្លួន​​​​នៅ​​អំឡុង​ពេលតវ៉ាឱ្យមានការដោះលែងលោក រ៉ុង ឈុន នៅ​​​​មុខសាលាដំបូង​រាជធា​​នី​ភ្នំ​ពេញ,​​ លោក តុន និមល និងលោក ចាន់ សារ៉ាត់ ជាអតីតមន្ត្រីនិងសកម្មជនគណបក្សសង្គ្រោះជាតិ។

អ្នក​ស្រី ជ័យ ស្រីវី ភរិយារបស់លោក តុន និមល ប្រាប់ថា អ្នកស្រីបានទទួលដំណឹង​​ពីខាងពន្ធនាគារកាលពីថ្ងៃម្សិលមិញថា ប្តីអ្នកស្រី​ឆ្លងជំងឺកូវីដ-១៩​។ ករណីនេះ អ្នកស្រី​ស្នើ​ឱ្យ​មានការ​​ដោះលែងលោក តុន និមល ឱ្យ​នៅ​ក្រៅឃុំជា​បណ្តោះអាសន្ន ដើម្បីឱ្យ​ប្តីអ្នកស្រី​ទទួល​បាន​ការ​ព្យាបាល​មួយ​​ដ៏ត្រឹម​ត្រូវ​។

​​អ្នកស្រីបន្តថា៖ ​«គេចាប់ប្តីខ្ញុំដែលអត់មានកំហុសហើយយកទៅឃុំឃាំង ហើយស្រាប់តែគាត់​​ឆ្លង​កូវីដ​ហ្នឹង​ទៀត។ ឥលូវនេះ ខ្ញុំកំពុងថាស្នើសុំ​ឱ្យ​គេ​ពិនិត្យ​ពី​រឿង​ហ្នឹង ​ថាសុំឱ្យ​បាន​នៅ​ក្រៅឃុំ​ដើម្បី​បាន​ព្យាបាល»។

វីអូឌី ពុំអាចសុំការបញ្ជាក់ពីអគ្គនាយករង និងជាអ្នកនាំពាក្យអគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហា​ផ្ទៃ លោក នុត សវនា បាន​ទេ នៅថ្ងៃនេះ។

នាយករងអង្គការ​ការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា លោក​នៅ​ពុំ​ទាន់​​បាន​ទទួលព័ត៌មាននេះច្បាស់នៅឡើយ ប៉ុន្តែលោក​បង្ហាញក្តីបារម្ភជុំវិញការឆ្លងរាល​ដាល​ជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារ។ ក្នុងនាម​​អង្គការ​​​​មិន​​មែនរដ្ឋាភិបាល លោកថា កំពុងតាមដាននិងអង្កេតករណីនេះ ខណៈបញ្ហា​​​នេះ​​ជា​​ហានិភ័យខ្ពស់សម្រាប់​ជន​ជាប់​ឃុំ។​

លោកបន្តថា៖ «យើង​​​​​​ធ្លាប់​ផ្តល់​ជាអនុសាសន៍​​សម្រាប់ពន្ធនាគារហើយ ថាធ្វើម៉េច​កាត់​បន្ថយ​ភាព​ចង្អៀត​ណែន ដោយ​ទី១ ​​យើងមើល​​ទៅ​​លើការឃុំខ្លួនបណ្តោះអាសន្ននៃការចោទប្រកាន់ គួរ​ណាស់​តែ​​​អនុគ្រោះ​​អនុវត្ត​​​​ទៅលើសិទ្ធិ​​សេរីភាព​​លើ​ជនជាប់ចោទជាធំ មានន័យ​ថា ជ្រើស​រើស​​​ឱ្យ​​នៅ​ក្រៅឃុំបណ្តោះ​​អាសន្ន​​សិន ​ជាជាងការឃុំខ្លួន ទាក់​​ទង​​ទៅនឹង​បទ​ល្មើស​ដែល​មិន​មែន​ជា​បទល្មើសធ្ងន់ធ្ងរ ដូចជា​​បទ​ល្មើ​ស​មជ្ឈិមកម្រិត​​ស្រាលជាដើម»។  

គួរបញ្ជាក់ថា ជំងឺកូវីដ-១៩ បាន​ឆ្លងរាលដាលចូលក្នុងពន្ធនាគារចំនួន៣​នៅកម្ពុជា ក្នុង​នោះរួម​មាន ពន្ធនាគារ​​ខេត្តកណ្តាល មានអ្នកជាប់ឃុំ​និងមន្ត្រីពន្ធនាគារ​ជាង១០០នាក់ ពន្ធនាគារ​ខេត្ត​ព្រះសីហនុ មានអ្នកជាប់ឃុំ​ចំនួន៣៤នាក់ និងពន្ធនាគារព្រៃស រាជធានីភ្នំពេញ ​មានអ្នកជាប់​ឃុំ​ចំនួន១៨នាក់ បានឆ្លងជំងឺនេះ​។

ចំពោះមូលហេតុនៃការឆ្លងជំងឺកូវីដ-១៩ ទៅក្នុងពន្ធនាគារនេះវិញ លោក នុត សវនា បញ្ជាក់ថា បណ្តាល​មកពី​ការគ្រប់គ្រងការចេញចូលរបស់អ្នកជាប់ឃុំ​និងមន្ត្រីពន្ធនាគារ។ តែយ៉ាងណា អគ្គនាយកដ្ឋានពន្ធនាគារ ចាប់តាំងពីដើមខែនេះ បានដាក់ចេញនូវយុទ្ធនាការចាក់​​​វ៉ាក់​សាំង​ប្រឆាំងកូវីដ-១៩ សម្រាប់​អ្នក​ជាប់ឃុំ​​ទាំង​អស់​នៅ​ក្នុង​ពន្ធនាគារទូទាំងប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ