ជន​ជាតិ​ដើម​ភាគ​តិច​នៅ​​ព្រះវិហារ​ចោទ​​ក្រុមហ៊ុន​​មួយ​ថា​ឈូស​ឆាយ​ប៉ះ​ដី​ធ្លី​ពួក​គេ​ តែ​ខាង​ក្រុមហ៊ុន​បដិសេធ​

គ្រឿងចក្រក្រុមហ៊ុនដែលពលរដ្ឋអះអាងថាជារបស់ក្រុមហ៊ុន ហាក់ ប៊ុន​ថា ហើយបានឈូសឆាយលើដីស្រែចម្ការរបស់ពួកគាត់ជាជនជាតិដើមភាគតិចកួយ ស្ថិតនៅឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

ជនជាតិដើមភាគតិកួយនៅខេត្តព្រះវិហារ ចោទក្រុមហ៊ុនឯកជនមួយថា បានដាក់គ្រឿងចក្រឈូសឆាយយកដីធ្លីរបស់ពួកគេ និងជាតំបន់បុរាណមួយកន្លែងស្ថិតក្នុងឃុំរមណីយ ស្រុករវៀង ដោយពុំមានការទប់ស្កាត់​ពី​អាជ្ញាធរ ប៉ុន្តែតំណាងក្រុមហ៊ុនបានបដិសេធ។

ពលរដ្ឋ១២នាក់ តំណាងឱ្យ៣៣គ្រួសារ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ បាននាំគ្នាទៅសាសាស្រុករវៀង ដើម្បីសួររឿងក្រុមហ៊ុនដាក់គ្រឿងចក្រឈូសឆាយតំបន់ប្រវត្តិសាស្ត្រមួយកន្លែង និងដើម្បីរកអន្តរា​គមន៍ពី​អភិបាលស្រុក ឱ្យជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេ។

លោក ខាត់ ខុម ជាជនជាតិដើមភាគតិចកួយ ដែលអះអាងថាជាតំណាងប្រជាពលរដ្ឋ បានប្រាប់ វីអូឌី​ ថា ដីស្រែ​ចម្ការ​វិលជុំ និងដីព្រៃតំបន់បុរាណ សរុបប្រហែល៦០​ហិកតា របស់ជនជាតិដើមភាគតិចកួយចំនួន៣៣គ្រួសារ នៅតំបន់សន្លុងត្នោត ស្ថិតក្នុងភូមិអូរពោធិ៍​ ឃុំរមណីយ ត្រូវបានក្រុមហ៊ុនឯកជនមួយឈ្មោះ ហាក់ ប៊ុន​ថា បាន​ដាក់គ្រឿងចក្រឈូសឆាយជាបន្តបន្ទាប់ ដោយពុំមានការទប់ស្កាត់និងដោះស្រាយផលប៉ះពាល់ជូនពលរដ្ឋឡើយ។

គ្រឿងចក្រក្រុមហ៊ុនដែលពលរដ្ឋអះអាងថាជារបស់ក្រុមហ៊ុន ហាក់ ប៊ុន​ថា ហើយបានឈូសឆាយលើដីស្រែចម្ការរបស់ពួកគាត់ជាជនជាតិដើមភាគតិចកួយ ស្ថិតនៅឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។ (ផ្ដល់ឱ្យ)

តំណាងពលរដ្ឋរូបនេះបន្តថា ប្រសិនបើអាជ្ញាធរមិនដោះស្រាយ ហើយក្រុមហ៊ុននៅតែបន្តឈូសឆាយប៉ះពាល់​ដីធ្លីរបស់ពួកគាត់ទៀត ​ជនជាតិដើមភាគកួយទាំងនេះនឹងប្រឈមបញ្ហាជីវភាពរស់នៅ ដូចជា បាត់បង់អត្តសញ្ញាណ ប្រពៃណី មុខរបរ ការបាត់បង់ព្រៃឈើបម្រុង​​ទុក កន្លែងកប់សព និងទីទួល​​​សម្រាប់ឃ្វាល​គោក្របីរបស់ពួកគាត់​ ជាដើម។

លោកបន្ថែមថា៖ «យើងចង់ឱ្យក្រុមហ៊ុនហ្នឹងដកចេញទៅវិញ ព្រោះវាបានឈូសឆាយប៉ះពាល់ដល់ដីស្រែ ផល​ដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋយើង។ ហើយការឈូសឆាយនេះទៀត វាក៏បានធ្វើឱ្យប៉ះពាល់ប្រពៃណីទំនៀមទម្លាប់របស់ជនជាតិដើមភាគតិចយើងដែលធ្លាប់គោរពផងដែរ»

អ្នកស្រី ងូន ហ៊ាង អាយុ៥៣ឆ្នាំ ជាជនជាតិដើមភាគតិចកួយ និយាយថា ថ្មីៗនេះ ក្រុមហ៊ុនបានដាក់គ្រឿងចក្រឈូសឆាយដំណាំពោត ​ស្រូវពង្រោះ និងចម្ការវិលជុំរបស់អ្នកភូមិអស់ជាង​២ហិកតា ដោយមិនបានដោះស្រាយសំណងជូនពលរដ្ឋឡើយ។

អ្នកស្រីបន្តថា​ ជនជាតិដើមភាគតិចកួយ​គ្មានមុខរបរអ្វីផ្សេងក្រៅពីការ​ធ្វើស្រែ ដាំដំណាំចម្ការវិលជុំ និងរកអនុផលព្រៃឈើនោះទេ ហើយ​​ប្រសិនបើក្រុមហ៊ុនឈូលឆាយយកដីស្រែចម្ការអស់ គឺពួកគាត់នឹងជួបបញ្ហាជីវភាពជាក់ជាមិនខាន។

អ្នកស្រីបន្ថែមថា៖ «ស្រូវពនេចរនិងចម្ការវិលជុំរបស់ពួកខ្ញុំជនជាតិដើមភាគតិច គេឈូសជាន់អស់ អ៊ីចឹងខ្ញុំសុំឱ្យរដ្ឋាភិបាលជួយដោះស្រាយដល់ជនជាតិដើមភាគតិចពួកខ្ញុំផង។ ពួកខ្ញុំអត់មានអីសង្ឃឹមទេ ខ្ញុំគ្មានមុខរបរអ្វីទេ ១គ្រួសារមានដី២ទៅ៣ហិកតា ទុកគ្រាន់បង្កបង្កើនផលចិញ្ចឹមជីវិត​ ខ្ញុំ​កូនច្រើនណាស់ ១០នាក់ឯណោះ ​គ្នាបានអីស៊ី»

អភិបាលស្រុករវៀង លោក ហោ ប៊ុនហួរ សុំមិនឆ្លើយពាក់ព័ន្ធករណីនេះទេ ដោយលោកឱ្យ វីអូឌី ចុះយកព័ត៌មានជាមួយអាជ្ញាធរដល់កន្លែងកើតហេតុផ្ទាល់តែម្តង។

លោក សែ លីណា ដែលអ្នកភូមិអះអាងថាជាមេការរបស់ក្រុមហ៊ុន ហាក់ ប៊ុនថា បានទទួលស្គាល់ថា រូបគាត់ជាមេការមើលការខុសត្រូវលើការឈូសឆាយដីធ្លីនៅឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ ពិតមែន ប៉ុន្តែលោកមិនប្រាប់ឈ្មោះក្រុមហ៊ុនដែលលោកធ្វើការងារឱ្យនោះទេ។ លោកបន្តថា ការឈូសឆាយរបស់ក្រុមហ៊ុននោះ គឺមិនបានប៉ះពាល់​ទៅដល់ដីធ្លីរបស់ប្រជាពលរដ្ឋឡើយ។

លោកបន្ថែមថា៖ «ខ្ញុំអ្នកមើលការខុសត្រូវពីលើនេះ ការឈូសឆាយហ្នឹងមិនបានប៉ះពាល់ដីពលរដ្ឋទេ ស្រែគាត់នៅតែស្រែគាត់ដដែលតើ!»

នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ នៅ​ខេត្តព្រះវិហារ លោក ប៉ិក សោភ័ណ្ឌ មានប្រសាសន៍ថា ទីតាំងដែលក្រុមហ៊ុន​ កំពុងឈូសឆាយនោះ​ជាទីតាំងស្លដែកបុរាណ និងជាកន្លែងអ្នកភូមិជនជាតិដើមភាគតិចរ​ស់នៅអាស្រ័យ​ផល ដោយធ្វើស្រែធ្វើចម្ការវិលជុំ រួមទាំងកន្លែងរកផលអនុផលព្រៃឈើទៀតផង។

លោក​បន្តថា តំបន់ដែលក្រុមហ៊ុនកំពុងធ្វើសកម្មភាពឈូសឆាយនោះ ជាតំបន់ប្រវត្តិសាស្ត្រមួយនិងជាតំបន់ហាម​ឃាត់មិនអាចឱ្យក្រុមហ៊ុនណាមួយទៅអភិវឌ្ឍនៅលើដីតំបន់នោះបានឡើយ។ បញ្ហានេះ លោក​​ជំរុញឱ្យអាជ្ញាធរ​ពន្លឿនការដោះស្រាយជូនប្រជាពលរដ្ឋឱ្យបានឆាប់ ដើម្បីកុំឱ្យមានការតវ៉ាផ្សេងៗកើតឡើង។

លោកបន្ថែមថា៖ «ជាការទទួលខុសត្រូវ អាជ្ញាធរនៅតំបន់ហ្នឹងគាត់បានដឹងច្បាស់ហើយថាតំបន់ហ្នឹងវាត្រូវបានហាមឃាត់ មិនអាចឱ្យក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចណាទៅវិនិយោគនៅតំបន់ហ្នឹងបានទេ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ