មន្ត្រី​ស្នើ​ឱ្យ​ផ្អាក​ដឹក​អ្នក​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​ទៅ​សវនាការ​ ក្រោយ​រក​ឃើញ​អ្នក​ឆ្លង​កូវីដ-១៩​ជិត​២០​នាក់​

រថយន្តពន្ធនាគារដែលដឹកអ្នកជាប់ចោទមកចូលសវនាការនៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

​មន្ត្រីជាន់ខ្ពស់អគ្គនាយកដ្ឋានពន្ធនាគារ​ បានស្នើឱ្យ​​​ផ្អាកការដឹកជញ្ជូន​អ្នកជាប់ឃុំនៅពន្ធនាគារ​ព្រៃស រាជធានីភ្នំពេញ​ ឡើងសវនាការជាបណ្តោះអាសន្នសិន ក្រោយរកឃើញថា ​អ្នកជាប់ឃុំចំនួន១៨នាក់នៅ​​ក្នុងពន្ធនាគារនេះ​បានឆ្លងជំងឺកូវីដ-១៩ ។

យោងតាមលិខិត​ដាច់ដោយឡែកពីគ្នាចំនួន២ ​របស់ប្រធានមណ្ឌលអប់រំកែប្រែទី១ ​នៃក្រសួងមហាផ្ទៃ លោក យិន គន្ធ ចុះថ្ងៃទី២០ ខែឧសភា ផ្ញើទៅកាន់ប្រធានតុលាការសាលាដំបូងរាជធានីភ្នំពេញ និងតុលាការសាលាឧទ្ធរណ៍ ឱ្យដឹងថា នៅមណ្ឌលអប់រំកែប្រែទី១ ឬពន្ធនាគារព្រៃស មាន​អ្នកជាប់ឃុំចំនួន១៨​នាក់បានឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍​២០​កុម្ភៈ។

លោក​បន្តថា ខាងពន្ធនាគារនៅមិនទាន់ដឹងពីមូលហេតុនៃការឆ្លងនេះទេ និងកំពុងស្រាវជ្រាវរកអ្នកពាក់ព័ន្ធដោយផ្ទាល់និងប្រយោល ដើម្បីយក​មកធ្វើតេស្តរកជំងឺកូវីដ-១៩។

ករណីនេះ អគ្គនាយកដ្ឋានពន្ធនាគារ ក៏បានស្នើសុំឱ្យផ្អាកដឹកអ្នកជាប់ឃុំពីមណ្ឌលអប់រំកែប្រែទី១ (ម១) ចូលរួមសវនាការនៅតុលាការសាលាដំបូងរាជធានីភ្នំពេញ និងតុលាការសាលាឧទ្ធរណ៍មួយរយៈសិន​ គិតចាប់ពីថ្ងៃទី២០ ខែឧសភា តទៅ។

ទាក់ទងករណីនេះ អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា ប្រាប់ វីអូឌី នៅថ្ងៃនេះថា បច្ចុប្បន្ន ក្រុមគ្រូពេទ្យកំពុងយកសំណាកអ្នកជាប់ឃុំដែលនៅក្នុងអគារជាមួយអ្នកជំងឺ​ទៅធ្វើតេស្តរកមេរោគកូវីដ-១៩​។ ប៉ុន្តែលោកនៅមិនទាន់មានរបាយការណ៍ជាក់លាក់ពីចំនួនអ្នកដែលត្រូវធ្វើតេស្តនៅឡើយទេ។

លោកបញ្ជាក់ថា៖ «​បារម្ភ! យើងបារម្ភហើយ ដោយសារ​ជំងឺនេះវារាលដាលឆ្លងលឿន យើងពិបាកកំណត់ប្រភពមុខសញ្ញាអី​​បន្តបន្ទាប់ គឺគួរឱ្យបារម្ភទាំងអស់។ ធម្មតាទេ​ វាមិនមែន​ទទួលមេរោគភ្លាម​ យើងតេស្តរកឃើញភ្លាមទេ ​តេស្តលើកទី១ មិនទាន់អីទេ ប៉ុន្តែដល់​ក្រោយមក ដល់តេស្តក្រោយ រកឃើញ»។

យ៉ាងណាក្តី លោក នុត សវនា បានបញ្ជាក់ថា ជាវិធានការបឋមនេះ មន្ត្រីពន្ធនាគារបានផ្ទេរអ្នកជាប់ឃុំខ្លះចេញពីអគារដែលមានអ្នកវិជ្ជមានកូវីដ-១៩ ទៅកាន់អគារផ្សេងទៀត ដើម្បីកាត់បន្ថយភាពចង្អៀតណែន និងធ្វើការស្រាវជ្រាវរកប្រភពចម្លងជំងឺទៅអ្នកជាប់ឃុំនៅក្នុងពន្ធនាគារនេះ។

លោកបន្តថា៖ «វិធានការថ្មី​ អ្នកដែលចេញទៅព្យាបាលនៅពេទ្យខាងក្រៅ​ យើងអត់ដាក់ចូលបន្ទប់ដើមទេ ​គឺយើងធ្វើចត្តាឡីស័កពួកគាត់តែម្ដង។ ហើយការធ្វើចត្តាឡីស័ក​ គឺមិនមែន១៤ថ្ងៃទេ គឺ២០ថ្ងៃ​ ព្រោះមេរោគបំប្លែងថ្មីនេះ ទាល់តែយូរដែរទើបចេញរោគសញ្ញា»។

ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោក ងី មានហេង សុំមិនធ្វើអត្ថាធិប្បាយឡើយ ចំពោះករណីផ្ទុះជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារព្រៃស​នេះ។

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី​ ឱ វណ្ណឌីន មានប្រសាសន៍ថា លោកស្រីមិនទាន់ទទួលបានព័ត៌មាននេះពីប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដែលជាអ្នកចុះធ្វើកិច្ចការងារនៅឡើយទេ។

ពន្ធនាគារព្រៃស (ម១) គឺជាពន្ធនាគារទី២ហើយ បន្ទាប់ពីពន្ធនាគារខេត្តព្រះសីហនុដែលមានអ្នកជាប់​ឃុំ​បានឆ្លងជំងឺកូវីដ-១៩។

កាលពីថ្ងៃទី១០ ខែឧសភា អាជ្ញាធរខេត្តព្រះសីហនុ បានរកឃើញអ្នកជាប់ឃុំ​ចំនួន៣៤នាក់បានឆ្លងជំងឺកូវីដ-១៩។  ក្រោយពីការផ្ទុះជំងឺកូវីដ-១៩ ក្នុងពន្ធនាគារខេត្តព្រះសីហនុ អាជ្ញាធរបាន​សម្រេចជម្លៀសអ្នកជាប់ឃុំជាស្ត្រីជាង១៤០នាក់ ទៅពន្ធនាគារខេត្តកំពតជាបណ្តោះអាសន្ន ខណៈអ្នកជាប់ឃុំជិត១០០នាក់ទៀតដែលភាគច្រើនជាអ្នកជាប់ឃុំ​មានវ័យចាស់ជរា ជាអ្នកជាប់ឃុំក្នុងបទល្មើសស្រាលៗ ឬអ្នកជាប់ឃុំដែលនៅសល់ទោស៣ខែត្រូវដោះលែងនោះ គឺត្រូវបានអាជ្ញាធរស្នើសុំឱ្យតុលាការដោះលែងពួកគេ ដើម្បីកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារ។

លោក រ៉ុង វិជ្ជា ដែលជា​ក្មួយប្រុសរបស់សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន បានបង្ហាញក្ដីបារម្ភចំពោះសុខភាពនិងសុវត្ថិភាពពូរបស់ខ្លួន​ រួម​នឹងអ្នកជាប់ឃុំដទៃទៀត នៅពេលមានអ្នកជាប់ឃុំ​ឆ្លងជំងឺកូវីដ-១៩បែបនេះ។

លោកថ្លែងថា៖ «ប្រសិនបើមានការឆ្លង វាឆ្លុះបញ្ចាំងអំពីស្ថានភាពនៅទីនោះមិនមានសុវត្ថិភាព​ចំពោះអនាម័យ ជនជាប់ឃុំទាំងអស់មិនយកចិត្តទុកដាក់។ មួយទៀតដែរ ទាក់ទងនឹងរឿងលោកគ្រូ​ រ៉ុង ឈុន វាជារឿងអយុត្តិធម៌ ដែលយើងបានទាមទារកន្លងមក ដែលចង់ឱ្យខាងមន្ត្រីក្រសួងយុត្តិធម៌និងតុលាការផ្ដល់យុត្តិធម៌ឱ្យគាត់បានឆាប់ ហើយជាពិសេស ក្នុងអំឡុងពេលនេះ ក្រសួងឬតុលាការដោះលែងគាត់ឱ្យគាត់បាននៅក្រៅឃុំ និងអ្នកកំពុងជាប់ទាំងអស់មានសុវត្ថិភាព»។

ចំណែកភរិយារបស់លោក ថុន រដ្ឋា សកម្មជនបរិស្ថាន គឺអ្នកស្រី ប៉ាត់ រស្មី បានលើកឡើងពីការព្រួយបារម្ភដែរថា ចាប់តាំងពីផ្ទុះជំងឺកូវីដ-១៩មក អ្នកស្រីមិនបានជួបនិងទៅសួរសុខទុក្ខស្វាមីនៅពន្ធនាគារឡើយ ដោយសារខាងពន្ធនាគារមិនអនុញ្ញាត ដោយខ្លាចឆ្លងជំងឺកូវីដ-១៩ ទៅអ្នកជាប់ឃុំ។

អ្នកស្រី រស្មី៖ «ខ្ញុំសំណូមពរឱ្យក្រសួងសុខាភិបាល ធ្វើយ៉ាងណាមានវិន័យតឹងបន្តិចចំពោះការឆ្លងកូវីដ [ក្នុងពន្ធនាគារ] ហើយសម្រាប់អ្នកជាប់ឃុំថ្មីៗ គួរតែដាក់ដោយឡែក១៤ថ្ងៃសិន។ ជាចុងក្រោយ ខ្ញុំចង់សំណូមពរថា សូមរដ្ឋាភិបាល ក៏ដូចជាតុលាការទម្លាក់ចោលបទចោទទៅ ព្រោះប្ដីខ្ញុំមិនមានកំហុសអីទេ ព្រោះយុវជនដែលស្រឡាញ់បរិស្ថាន ស្នេហាជាតិទាំងអស់ ពួកគាត់មិនមានកំហុសទេ គួរតែដោះលែងពួកគាត់ ដើម្បីឱ្យពួកគាត់បានជួបជុំគ្រួសារ និងបង្ការការរាលដាលការឆ្លងជំងឺកូវីដ-១៩»។

ទាក់ទងនឹងករណីនេះ នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បានចាត់ទុកការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងពន្ធនាគារថា ជាហានិភ័យធំសម្រាប់អ្នកជាប់ឃុំ ខណៈបន្ទប់នីមួយៗ​ដាក់អ្នកជាប់ឃុំ​ច្រើនលើសលុប ដែលធ្វើឱ្យមានភាពចង្អៀតណែន មិនអាចរក្សាគម្លាតសុវត្ថិ​ភាពនិងអនាម័យបាន​ជាដើម។

លោកបន្តថា ភាពចង្អៀតណែននេះ អ្នកជាប់ឃុំក្នុងបន្ទប់ជាមួយគ្នាងាយនឹងឆ្លងជំងឺកូវីដ-១៩ណាស់។ ករណីនេះ លោក​ទទូចទៅតុលាការនិងរដ្ឋាភិបាលពិនិត្យដោះលែងអ្នកទោសស្រាលៗឱ្យ​នៅក្រៅឃុំជាបណ្តោះអាសន្ន ដើម្បីកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារ។

លោក អំ សំអាត ថ្លែងថា៖ «យើងទទួលស្គាល់ អគ្គនាយកដ្ឋានពន្ធនាគារមានការប្រឹងប្រែងក្នុងការទប់ស្កាត់ ប៉ុន្តែយើងដឹងហើយ ជំងឺហ្នឹងមើលអត់ឃើញទេ។ អ៊ីចឹងការរីករាលដាលវាមានហានិភ័យខ្ពស់សម្រាប់ពន្ធនាគារ។ អ៊ីចឹងយើងសង្គមស៊ីវិល យើងមានការបារម្ភ​ ហើយនៅតែទទូច​ទៅដល់តុលាការ​​​ទាក់ទងនឹងការឃុំខ្លួន​បណ្ដោះអាសន្ន គួរតែពិនិត្យពិចារណា​ទៅលើបទល្មើសណាដែលអាចឱ្យនៅក្រៅឃុំបាន ការពន្លឿននីតិវិធី ឬក៏​រដ្ឋាភិបាលក៏ត្រូវពិនិត្យទៅលើអ្នកទោសដែលជិតផុតទោស ដែលគួរអនុញ្ញាតឱ្យនៅក្រៅឃុំឬដោះលែងក៏ជាការកាត់បន្ថយនៃការឆ្លងជំងឺដែរ»។​​

បច្ចុប្បន្ននេះ ​កម្ពុជាមាន​​អ្នក​ជាប់​ឃុំ​សរុប​តាម​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេសប្រមាណ៤០ ០០០នាក់។

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ធ្លាប់បានប្រាប់ វីអូឌី ថា ក្នុងចំណោមអ្នកទោសជាង៤០ ០០០នាក់ អាជ្ញាធរបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ២៩% ឬប្រមាណជា១១ ០០០នាក់ នៅក្នុងពន្ធនាគារចំនួន៤ ក្នុងនោះក៏មានពន្ធនាគារព្រៃស​នេះមួយដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ