ផ្សារ​មិន​រៀប​រយ​បន្ត​បិទ​ ខណៈ​ផ្សារ​រដ្ឋ​អនុញ្ញាត​ឱ្យ​បើក​ឡើង​វិញ​នា​សប្ដាហ៍​ក្រោយ​

ពលរដ្ឋធ្វើដំណើរតាមដងផ្លូវម្ដុំផ្សារឈូកមាស ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១។ (ហង់ សុខហុង)

អាជ្ញាធររាជធានីភ្នំពេញ បន្តបិទផ្សារមិនរៀបរយទាំងអស់ដែលមានទីតាំងក្នុងរាជធានីភ្នំពេញ ខណៈផ្សាររដ្ឋត្រូវបានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនាសប្ដាហ៍ក្រោយ​។

ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តផ្អាកដំណើរការផ្សាររដ្ឋនិងផ្សារមិនរៀបរយទាំងអស់ជាបណ្តោះអាសន្ន រយៈពេល៧ថ្ងៃទៀត បន្ទាប់ពីវិធានការនេះបានអនុវត្តរយៈពេល១៤ថ្ងៃរួចមកហើយ ចាប់តាំងពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ រហូតម​ក ក្រោមហេតុផលថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

លិខិតរដ្ឋបាលរាជធានីភ្នំពេញ​ នៅថ្ងៃ​ទី២០ ខែឧសភា ឆ្នាំ២០២១ ឱ្យដឹងថា ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍ អាជ្ញាធរមិនទាន់អនុញ្ញាតឱ្យផ្សារមិនរៀបរយទាំងអស់ក្នុងរាជធានីភ្នំពេញ បើកដំណើរការឡើងវិញនោះទេ។

បើតាមលិខិតដដែលបន្តថា ផ្សារមិនរៀបរយដែលអាជ្ញាធរមិនទាន់អនុញ្ញាតឱ្យបើកដំណើរការឡើងវិញទាំងនោះមានដូចជា ផ្សារក្រមួន ផ្សារចាត់តាំង ផ្សាររោងចក្រ ផ្សារសហគមន៍ ផ្សារក្នុងដីឡូត៍ឯកជន ផ្សារជុំវិញមន្ទីរពេទ្យ និងផ្សារតាមចិញ្ចើមផ្លូវ ជាដើម។

យ៉ាងណា​ លិខិតសាលារាជធានីភ្នំពេញនោះ ក៏បានសម្រេចអនុញ្ញាតឱ្យផ្សាររដ្ឋទាំងអស់ដែលមានទីតាំងនៅក្រុងភ្នំពេញ បើកដំណើរការឡើងវិញជាធម្មតា ចាប់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១។ ប៉ុន្តែអាជ្ញាធរហាមឃាត់ដាច់ខាតការជួបជុំប្រមូលផ្ដុំមនុស្សក្នុងបរិវេណផ្សារ ទោះបីក្រោមរូបភាពណាក៏ដោយ និងត្រូវបន្តអនុវត្តកាតព្វកិច្ចពាក់ម៉ាសនិងរក្សាគម្លាតសុវត្ថិភាព ព្រមទាំងវិធានការសុខាភិបាលផ្សេងទៀតផងដែរ។

លិខិតរដ្ឋបាលរាជធានីភ្នំពេញសរសេរថា៖ «​ត្រូវកំណត់ចំនួនអតិថិជនចេញ-ចូលផ្សារក្នុងបរិមាណសមរម្យ សមាមាត្រទៅនឹងទំហំទីតាំងផ្សារ ដើម្បីរក្សាឱ្យបានជាដាច់ខាតនូវគម្លាតសុវត្ថិភាពបុគ្គល-សង្គម និងដើម្បីធានាឱ្យមានខ្យល់ចេញ-ចូលគ្រប់គ្រាន់ ដោយចៀសវាងការប្រជ្រៀតគ្នាឬប្រមូលផ្តុំមនុស្សច្រើន ដែលជាហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ ក៏ដូចជាត្រូវគូសគំនូសសម្រាប់អតិថិជន ដើម្បីរក្សាគម្លាត១,៥ម៉ែត្រជាចាំបាច់សម្រាប់បរិវេណផ្សារនីមួយៗ»។

កាលពីថ្ងៃទី៦ ខែឧសភា រដ្ឋាភិបាលបានសម្រេចបិទ​បញ្ចប់វិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល បន្ទាប់ពីបិទអស់រយៈពេល៤សប្តាហ៍ ដោយអនុ​ញ្ញាតឱ្យ​ពលរដ្ឋធ្វើ​ដំណើរនិងប្រកបរបរមួយចំនួនជា​ប្រក្រតីឡើងវិញ។ ប៉ុន្តែលើកលែងតែតំបន់ក្រហម និង​តំបន់លឿងទុំ រួមទាំង​ផ្សារ​រដ្ឋនិងផ្សារឯកជន​មិនរៀបរយ ដែលនៅបន្តបិទខ្ទប់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ