អ្នក​ជាប់​ឃុំ​​ជាង​១​ម៉ឺន​នាក់​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩​

កម្មវិធីចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ដល់ជនជាប់ឃុំនៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ដំណើរការចាប់ពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ សហការដោយអនុគណៈកម្មការចំពោះកិច្ចនៃក្រសួងមហាផ្ទៃ។ (គេហទំព័រ៖ ក្រសួងមហាផ្ទៃ/ interior.gov.kh)

អ្នកជាប់ឃុំ​ក្នុងពន្ធនាគារចំនួន២៩ភាគរយ​ ឬស្មើ​ជាង១១ ០០០​នាក់ ក្នុងចំណោមអ្នកជាប់ឃុំ​សរុបទូទាំងប្រទេសជាង៤០ ០០០​នាក់ បានទទួលចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ រួច​រាល់​ហើយ ខណៈអាជ្ញាធរក៏បានចាត់វិធានការថ្មីៗបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងជំងឺនេះ​ចូល​ទៅ​ក្នុង​ពន្ធនាគារ។

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ លោក នុត សវនា បានប្រាប់ វីអូឌី កាលពីល្ងាចថ្ងៃទី១៨ ខែឧសភា ថាអ្នកជាប់ឃុំ​នៅក្នុងពន្ធនាគារយ៉ាងហោចណាស់ចំនួន៤ពន្ធនាគារ បានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ​ដូសទី១​រួចរាល់ហើយ ក្នុងនោះ រួមមាន មណ្ឌល​អប់រំកែប្រែទី១ ឬ (ម១ ឬ ព្រៃស) និងមណ្ឌលអប់រំកែប្រែទី២ (ម២) ពន្ធនាគាររាជធានីភ្នំពេញ (PJ) និងពន្ធនាគារខេត្តព្រះសីហនុ។

កម្មវិធីចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ ដល់ជនជាប់ឃុំនៅពន្ធនាគាររាជធានីភ្នំពេញ (PJ) ដំណើរការចាប់ពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ សហការដោយអនុគណៈកម្មការចំពោះកិច្ចនៃក្រសួងមហាផ្ទៃ។ (គេហទំព័រ៖ ក្រសួងមហាផ្ទៃ/ interior.gov.kh)

លោក​បន្តថា​ អគ្គនាយកដ្ឋានពន្ធនាគារ ក៏បានដាក់ចេញនូវវិធានការបន្ថែមដែរ ក្នុងនោះ​ រាល់អ្នកជាប់ឃុំ​ថ្មីដែលត្រូវនាំខ្លួនយកទៅឃុំក្នុងពន្ធនាគារ គឺតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ព្រមទាំងតម្រូវឱ្យយកវត្ថុសំណាកទៅធ្វើតេស្តរកជំងឺកូវីដ-១៩ ជាមុនសិន។

យ៉ាងណាក្តី លោក នុត សវនា បញ្ជាក់ថា ក្នុងស្ថានភាពបច្ចុប្បន្ននេះ អគ្គនាយកដ្ឋានពន្ធនាគារមិនទាន់អាចចាក់វ៉ាក់សាំងឱ្យបានគ្រប់ពន្ធនាគារនៅទូទាំងប្រទេសនៅឡើយទេ។

លោកមានប្រសាសន៍ថា៖ «ឥលូវយើងមិនទាន់មានលទ្ធភាពបុកទៅគ្រប់គោលដៅទេ ព្រោះការចាក់នេះ យើងពឹងលើកម្លាំងមន្ទីរពេទ្យ១៦ឧសភា អ៊ីចឹងពួកគាត់នៅធ្វើការនៅក្នុងមន្ទីរពេទ្យផង ធ្វើការនៅតាមសហគមន៍ផង ដល់អ៊ីចឹង វាញែកកម្លាំងទៅតាមខេត្តហ្នឹង វាពិបាក​ដែរ! ហើយម៉្យាង វ៉ាក់សាំងផ្តោតទៅលើគោលដៅសំខាន់ៗនៅក្នុងសហគមន៍សិន​ ឱ្យវាផុតការឆ្លងរាលដាលក្នុងសហគមន៍សិន ទើបយើងផ្តោតទៅលើគោលដៅដទៃទៀត។ អ៊ីចឹងចាក់បាន ២៩% នៃជនជាប់ឃុំនេះ អាហ្នឹងវាជាជោគជ័យធំមួយហើយ»។

បើតាមមន្ត្រីរូបនេះ អគ្គនាយកដ្ឋានពន្ធនាគារក៏បានបែងចែកឧបករណ៍ធ្វើតេស្តរហ័សដល់បណ្តាពន្ធនាគារនៅទូទាំងប្រទេស ដើម្បីធ្វើតេស្តរកជំងឺកូវីដ-១៩ ចំពោះអ្នកជាប់ឃុំ​ណាដែលមានការសង្ស័យខ្ពស់ផងដែរ។

នាយករងអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការចាក់វ៉ាក់សាំងគឺជាវិធានការមួយហើយ ក៏ប៉ុន្តែការកាត់បន្ថយភាពចង្អៀតណែននៅក្នុ​ង​ពន្ធនាគារ គឺជាវិធានការចាំបាច់និងត្រូវធ្វើបន្ទាន់ផងដែរ។

ករណីនេះ លោក​បានទទូចឱ្យពន្ធនាគារឬតុលាការពិនិត្យដោះលែងអ្នកទោសស្រាលៗឱ្យ​នៅក្រៅឃុំជាបណ្តោះអាសន្ន ដើម្បីកាត់បន្ថយភាពចង្អៀតណែននៅក្នុងពន្ធនាគារ។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ហើយអ្វីដែលសំខាន់នៃការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ សង្គមស៊ីវិលយើងបានទទូចតាំងពីដើមមក ទាក់ទងទី១ ភាពចង្អៀតណែននៃអ្នកជាប់ឃុំហ្នឹង គឺ​ប្រើយន្តការយ៉ាងណាដើម្បីដោះស្រាយបន្ថយភាពចង្អៀតណែន​នៅនោះ អាហ្នឹងវាជាភាពចាំបាច់ ដូចជា ដោះលែងអ្នកទោសឬអ្នកជាប់ឃុំដែលមានបទល្មើសស្រាល ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ឬក៏កាត់ទោសដើម្បីតម្រឹម ឬក៏កាត់ទោស​ឱ្យអាចឃុំក្នុងរយៈពេលខ្លីដោះលែងអី ឬក៏អ្នកជិតផុតទោសទៅហើយនោះក៏អាចថា[ដោះលែង]ទៅបាន»។

គួរជម្រាបជូនថា ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ជូនដល់អ្នកទោស​​នៅតាមពន្ធនាគារទាំង៤​នេះ បានធ្វើឡើងបន្ទាប់ពីជំងឺកូវីដ-១៩ បានឆ្លងចូលទៅក្នុងពន្ធនាគារខេត្តព្រះសីហនុជាលើកដំបូង កាលពីពេលថ្មីៗនេះ។

អាជ្ញាធរខេត្តព្រះសីហនុ បានរកឃើញថា មានអ្នកទោស​​ចំនួន៣៤នាក់​បានឆ្លងជំងឺកូវីដ-១៩ ក្នុងចំណោមអ្នកទោស​​សរុប១ ៥០០នាក់។

ក្រោយពីការផ្ទុះជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារខេត្តព្រះសីហនុមក អាជ្ញាធរបានសម្រេចជម្លៀសអ្នកជាប់ឃុំ​ជាស្ត្រីជាង១៤០​នាក់ទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពតជាបណ្តោះអាសន្ន ហើយអ្នកជាប់ឃុំ​ប្រមាណ​ជាជិត១០០នាក់ទៀត ដែលភាគច្រើនជាអ្នកជាប់ឃុំ​វ័យ​ចាស់ជរា អ្នកជាប់ឃុំ​ក្នុងបទល្មើស​ស្រាលៗ ឬអ្នកជាប់ឃុំ​ដែលនៅសល់៣ខែត្រូវដោះលែង​នោះ គឺ​ត្រូវបានអាជ្ញាធរស្នើសុំឱ្យតុលាការដោះលែងតែម្តង។ តែមុននឹងដោះលែងពួកគេ គឺតម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃជាមុនសិន។ ចំណែកឯអ្នកជាប់ឃុំ​ផ្សេងទៀត ក៏ត្រូវបានធ្វើតេស្តរកជំងឺកូវីដ-១៩ ផងដែរ។

គិតត្រឹមថ្ងៃទី១៨ ខែឧសភា ប្រជាជនកម្ពុជាចំនួនជាង២​លាននាក់ (២ ១៣៣ ១១៦នាក់) បានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ រួចរាល់ហើយ។ រដ្ឋាភិបាលមានគម្រោងចាក់វ៉ាក់សាំងទូទាំងប្រទេសឱ្យបាន១០ទៅ១៣លាននាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ