ក្រសួង​ធនធាន​ទឹក ​ប្រាប់​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​បាតុភូត​ខ្យល់​កន្ត្រាក់​ខ្លាំង​និង​រលក​សមុទ្រ​នៅ​ថ្ងៃ​ស្អែក​ដល់​ចុង​ខែ​នេះ​

ភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់បក់បោក នៅស្រុកមួយនៃកោះកុង ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។ (ហ្វេសប៊ុក៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology)

ក្រសួងធនធានទឹក ប្រាប់ពលរដ្ឋ ជាពិសេសអ្នករស់នៅតំបន់មាត់សមុទ្រ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ខ្លាំង និងរលកសមុទ្រខ្ពស់ ចាប់ពីថ្ងៃស្អែកដល់ចុងខែឧសភានេះ។

ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងនៅថ្ងៃទី១៨ ខែឧសភានេះថា កម្ពុជានឹងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង The Strong Monsoon នៅតំបន់វាលទំនាបកណ្តាល បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន រួមទាំងតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង ចាប់ពីថ្ងៃទី១៩ ខែឧសភា ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ។

តំបន់ទាំង៣ដែលរងផលប៉ះពាល់នោះ រួមមាន បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល សីតុណ្ហភាពអប្បបរមាមានពី២៥អង្សាទៅ២៧អង្សា សីតុណ្ហភាពអតិបរមាមានពី៣២អង្សាទៅ៣៤អង្សា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅច្រើន ហើយនៅក្នុងនោះក៏អាចមានផ្នែកមួយចំនួនមានភ្លៀងធ្លាក់ខ្លាំង។

ចំណែកនៅបណ្តាខេត្តជាប់ជួរភ្នំដងរែកនិងខ្ពង់រាបឦសាន សីតុណ្ហភាពអប្បបរមាមានពី២៤អង្សាទៅ២៦អង្សា សីតុណ្ហភាពអតិបរមាមានពី៣១អង្សាទៅ៣៣អង្សា នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកម្រិតពីមធ្យមទៅច្រើន។

រីឯនៅតំបន់មាត់សមុទ្រឯណោះវិញ សីតុណ្ហភាពអប្បបរមាមានពី២៤អង្សាទៅ២៦អង្សា សីតុណ្ហភាពអតិបរមាមានពី៣១អង្សាទៅ៣៣អង្សា នឹងអាចមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំង ហើយនៅលើផ្ទៃសមុទ្រអាចមានភ្លៀងធ្លាក់ខ្លាំង ជាមួយនឹងខ្យល់បក់ខ្លាំងនិងរលកសមុទ្រខ្ពស់ជាដើម។

ករណីនេះ ក្រសួងធនធានទឹក និងឧតុនិយម ប្រាប់ទៅពលរដ្ឋ ជាពិសេសអ្នករស់នៅតំបន់មាត់សមុទ្រ និងអ្នកនេសាទ រួមទាំងអ្នកទេសចរតាមផ្លូវទឹក ត្រូវមានការប្រុងប្រយ័ត្នចំពោះល្បឿនខ្យល់ខ្លាំងនិងរលកសមុទ្រខ្ពស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ