តុលាការ​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​យុវជន​ខ្មែរ​ថាវរៈ​និង​សមាជិក​សមាគម​និស្សិត​បញ្ញវន្ត​ខ្មែរ​

ក្រុម​យុវជន​ខ្មែរ​ថាវរៈ និងសមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ចំនួន៣នាក់​ក្នុងចំណោម៧នាក់ ដើរចេញ​ពី​បន្ទប់​សវនាការ​ក្រោយ​បញ្ចប់​សវនាការ​សំណុំរឿង​ទាក់ទង​នឹង​ការ​តវ៉ា​ដោះលែង​លោក រ៉ុង ឈុន នៅ​សវនាការ​សាលាឧទ្ធរណ៍ នា​ព្រឹក​ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០។ (ណាត សុភាព​)

សាលាដំបូងរាជធានីភ្នំពេញ បដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់«យុវជនខ្មែរថាវរៈ»និង«សមាជិកសមាគមនិស្សិតបញ្ញវន្តខ្មែរ»ចំនួន៧នាក់ ក្រោមហេតុផលថា ដើម្បីរក្សាជនជាប់ចោទទុកជូនតុលាការ​សម្រាប់បន្តសវនាការ។

សាលាដំបូងរាជធានីភ្នំពេញ នៅ​ថ្ងៃអង្គារ​នេះ បានបើកសវនាការជំនុំជម្រះលើបណ្តឹងសុំនៅក្រៅឃុំរបស់យុវជនខ្មែរថាវរៈចំនួន៥នាក់ និងសមាជិកសមាគមនិស្សិតបញ្ញវន្តខ្មែរចំនួន២នាក់។ យុវជន​ខ្មែរ​ថាវរៈនិងសមាជិកសមាគមនិស្សិតបញ្ញវន្តខ្មែរទាំងនោះ មានដូចជា លោក ហ៊ុន វណ្ណៈ, លោក កើត សារ៉ាយ, កញ្ញា  ឈឿន ដារ៉ា​វី, កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា, លោក ថា ឡា​វី, លោក មាន ព្រហ្ម​មុនី និងលោក មួង សុ​ភ័ក្រ្ត។​

ប៉ុន្តែក្រោយពីបើកសវនាការរយៈពេលជាង១ម៉ោង ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ទិ​តសុទ្ធី បូរ៉ា​ឆាត បានសម្រេចប្រកាសសាលក្រម ដោយបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់យុវជនខ្មែរថាវរៈនិងសមាជិកសមាគមនិស្សិតបញ្ញវន្តខ្មែរទាំង៧នាក់នោះ ក្រោមហេតុផលថា ដើម្បីរក្សាជនជាប់ចោទទុកជូនតុលាការពេលបើកសវនាការបន្តទៀត។

មេធាវីការពារក្ដីឱ្យយុវជនខ្មែរថាវរៈនិងសមាជិកសមាគមនិស្សិតបញ្ញវន្តខ្មែរ លោក សំ ចំរើន សម្ដែងការសោកស្ដាយចំពោះសេចក្ដីសម្រេចរបស់តុលាការពេលនេះ ដោយចាត់ទុកការសម្រេចនោះមិនបានផ្ដល់យុត្តិធម៌ដល់កូនក្ដីរបស់លោកឡើយ។

ក្រុមយុវជនខ្មែរថាវរៈ និងសមាជិកសមាគមនិស្សិតបញ្ញវន្តខ្មែរ ទាំង៧នាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទ«ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងផ្តើមគំនិតញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម»។ ការចាប់ខ្លួននិងចោទប្រកាន់ក្រុមយុវជនទាំងនេះ ពាក់ព័ន្ធករណីពួកគេចូលរួមតវ៉ា និងគ្រោងជួបជុំគ្នា​ដោយសន្តិវិធីនៅទីលានប្រជាធិបតេយ្យរាជធានីភ្នំពេញ ក្នុងអំឡុងខែសីហា និងខែកញ្ញា ឆ្នាំ២០២០ ដើម្បីទាមទារឱ្យដោះលែងលោក រ៉ុង ឈុន

ប្រធានសហភាពការងារកម្ពុជា និងជាអតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មកពីអតីតគណបក្សសង្រ្គោះជាតិ លោក រ៉ុង ឈុន  ​​ត្រូវបានសមត្ថកិច្ចចាប់ខ្លួន​កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ក្រោយពេលលោក​បានចេញសេចក្តីថ្លែងការណ៍និងអត្ថាធិប្បាយជុំវិញបញ្ហា​ព្រំដែនកម្ពុជា-វៀតណាម នៅក្នុងខេត្តត្បូងឃ្មុំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ