ពលរដ្ឋ​មួយ​ចំនួន​បារម្ភ​ពី​សុវត្ថិ​ភាព​និង​មិន​ហ៊ាន​បញ្ចេញ​មតិ​ជុំវិញ​​​បញ្ហា​ជំងឺ​​កូវីដ-១៩​

បុរស​ម្នាក់​កាន់​ទូរសព្ទ​របស់​ខ្លួន​ដែល​កំពុងតែ​ដំណើរការ​ចូល​ទៅ​ប្រើប្រាស់​កម្មវិធី​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ (ហេង វិចិត្រ​)

ប្រជាពលរដ្ឋមួយចំនួនបង្ហាញការព្រួយ​បារម្ភពីសុវត្ថិភាពរបស់ខ្លួន ​នៅពេលដែលពួកគាត់បញ្ចេញ​មតិ​យោបល់ជុំវិញចំណាត់ការរបស់រដ្ឋាភិបាលក្នុងការ​ដោះស្រាយ​​​វិបត្តិ​ជំងឺកូវីដ-១៩ ក្រោយពី​មានការ​ចាប់​ខ្លួន​មនុស្ស​មួយចំនួន​ដែលហ៊ានបញ្ចេញមតិលើបណ្តាញសង្គមទាក់ទងនឹងជំងឺនេះ។

យោងតាមរបាយការណ៍ឃ្លាំមើលសេរីភាពមូលដ្ឋានឆ្នាំទី៥ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមសិទ្ធិមនុស្សអាដហុក និងមជ្ឈមណ្ឌលសាមគ្គីភាព ចេញផ្សាយកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ បានបង្ហាញថា យ៉ាងហោចណាស់ មនុស្សចំនួន១៩​នាក់ត្រូវបានរដ្ឋាភិបាលចាប់ខ្លួននិងឃុំខ្លួន នៅចន្លោះខែមករា ដល់ខែមីនា ឆ្នាំ២០២០ ក្រោមការចោទប្រកាន់ថាបានចែកចាយ «ដំណឹងក្លែងក្លាយ» ពាក់ព័ន្ធនឹងការសម្តែងមតិអំពីកូវីដ-១៩នេះ។

លោក លាស់ លីបលីប ជាយុវជនមួយរូបរស់នៅក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល លើកឡើងថា ក្នុងអំឡុងពេលជួបវិបត្តិជំងឺកូវីដ-១៩នេះ រូបលោកក៏ដូចជា​ប្រជាពលរដ្ឋមួយចំនួនពិតជា​ចង់បង្ហាញពីបញ្ហាឬការប្រឈមនានា​ដែលពួកគាត់​បានជួបប្រទះ ប៉ុន្តែពួកគាត់ហាក់មានការភ័យខ្លាចនិងព្រួយបារម្ភពេលបញ្ចេញមតិយោបល់លើបញ្ហានេះ​។

លោកបន្ត​ថា៖ «តាមការ​សង្កេតមើលរបស់ខ្ញុំ ខ្ញុំមើលឃើញថា ប្រជាជនពិតជាចង់លើកឡើងពីបញ្ហានានាឬបញ្ហាប្រឈមរបស់ខ្លួន ប៉ុន្តែហាក់ដូចជាមានការព្រួយបារម្ភ ខ្លាចពេលបញ្ចេញមតិលើបណ្ដាញសង្គម ជាពិសេសលើហ្វេសប៊ុក បណ្ដាលឱ្យមានបញ្ហាដល់ខ្លួនឯង ដែលត្រូវបានអាជ្ញាធរហៅទៅអប់រំណែនាំជាដើម។ ដូច្នេះ ខ្ញុំគិតថា ទោះបីជាសិទ្ធិក្នុងការបញ្ចេញមតិមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា តែប្រជាពលរដ្ឋគឺហាក់ដូចជាមិនមានសិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ចេញមតិរបស់ខ្លួនទាល់តែសោះ»។

លោកបន្ថែមថា៖ «ការបញ្ចេញមតិរបស់ប្រជាពលរដ្ឋក្នុងគោលបំណងឱ្យរដ្ឋាភិបាលដែលជាអាណាព្យាបាលជួយដោះស្រាយរាល់បញ្ហាផ្សេងៗដែលប្រជាពលរដ្ឋជួបប្រទះ ជាពិសេសបញ្ហាសេដ្ឋកិច្ចដែលប្រជាជនមួយចំនួនបាត់បង់ចំណូលទាំងស្រុង និងមួយចំនួនទៀតគឺបាត់​បង់​មួយផ្នែក ជាពិសេសរឿងតម្លៃបន្ទប់ជួល ថ្លៃទឹក ថ្លៃភ្លើង ដែលទាំងនេះសុទ្ធតែជាបន្ទុកដ៏ធ្ងន់ ហើយបញ្ហាទាំងអស់នេះក៏បណ្ដាលឱ្យប៉ះពាល់ផ្លូវចិត្តរបស់ពួកគាត់ខ្លាំងផងដែរ»។

ជាមួយគ្នានេះដែរ កញ្ញា មាស គីមធួន ជានិស្សិតនៃដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរ ឆ្នាំទី២ យល់ឃើញថា មនុស្សម្នាក់ៗ​មានសិទ្ធិសេរីភាពរៀងៗខ្លួនក្នុងការបញ្ចេញមតិជាសាធារណៈ ក៏ដូចជាការរិះគន់ទៅលើអ្វីមួយ។

កញ្ញាបន្ត​ថា៖ «ការរឹតបន្តឹងសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយោបល់ទាក់ទងរឿងកូវីដ-១៩ ឬរិះគន់ដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ គឺពុំសមហេតុផលនោះទេ ប្រសិនបើការបង្ហាញនោះជារឿងពិត។ ផ្ទុយទៅវិញ បើការបញ្ចេញមតិយោបល់នោះបែបបំភ្លៃ ឬ​អាចជាការនិយាយតៗគ្នាថារឿងនេះបែបនេះ​បែបនោះ ដោយក្រសួងសុខាភិបាលឬក្រសួងផ្សេងៗពុំទាន់​ចុះផ្សាយត្រឹមត្រូវ ដូចជាព័ត៌មានក្លែងក្លាយជាដើមនោះ នឹងអាចបង្កជាចលាចលក្នុងស្រុក​ផង​ដែរ»។

ព្រះតេជគុណ ប៉ុក ពន្លឺ គង់នៅវត្តថាន់ រាជធានីភ្នំពេញ មានសង្ឃដីកាថា ការបញ្ចេញមតិយោបល់អំពីបញ្ហាជំងឺកូវីដ-១៩ពេលនេះ ហាក់មានការរឹតត្បិត ដែលធ្វើឱ្យប្រជាពលរដ្ឋ រួមទាំងព្រះអង្គផង មានការភ័យខ្លាចចំពោះការបញ្ចេញមតិយោបល់និងការយល់ឃើញរបស់ខ្លួន។

ព្រះតេជគុណ​មានសង្ឃដីកាបន្ត​ថា៖ «ស្ថានភាពបែបនេះ សិទ្ធិក្នុងការបញ្ចេញមតិឬយោបល់ទាក់ទងនឹងកូវីដហាក់ដូចជាមានការរឹតត្បិត ហើយធ្វើឱ្យប្រជាពលរដ្ឋគ្រប់រូបមានការភ័យខ្លាចនិងរាងចាលក្នុងការបញ្ចេញមតិយោបល់ចំពោះខ្លួននិងការយល់ឃើញពីបញ្ហាពាក់ព័ន្ធនឹងកូវីដ។ ហើយម៉្យាងទៀត កាលណាដែលរដ្ឋបានបញ្ចេញនូវសកម្មភាពអសកម្មមួយចំនួនក្នុងការដាក់ទោសទណ្ឌទៅលើបុគ្គលដែលបង្ហាញនូវទស្សនៈនិងការយល់ឃើញរបស់ខ្លួនពាក់ព័ន្ធនឹងបញ្ហាកូវីដ ក៏វាជាគំរូមិនល្អដល់ពលរដ្ឋឬយុវជនដែលចង់បង្ហាញនូវទស្សនៈខ្លួនឯងដែរ»។

ព្រះតេជគុណក៏បាន​អំពាវនាវដល​់ប្រជាពលរដ្ឋដែរថា មុននឹងបញ្ចេញមតិឬ​ចែករំលែកព័ត៌មាន សុំឱ្យសិក្សានិងស្វែងយល់ពីប្រភពឱ្យបានច្បាស់លាស់។ ជាពិសេស សុំឱ្យរាជរដ្ឋាភិបាល​និង​អ្នកពាក់ព័ន្ធ ព្យាយាម​អប់រំ​និងពន្យល់ដល់ប្រជាពលរដ្ឋ ចៀសវាងការដាក់ទោសទណ្ឌលើប្រជាពលរដ្ឋ។

ទោះជាយ៉ាងនេះក្តី លោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល ថ្លែងថា រដ្ឋធម្មនុញ្ញកម្ពុជានិងច្បាប់ផ្សេងៗរបស់កម្ពុជា បានផ្ដល់និងធានាដល់ការការ​ពារប្រជាពលរដ្ឋគ្រប់រូបក្នុងសេរីភាពនៃការបញ្ចេញមតិ ដែលជាផ្នែកមួយនៃសេរីភាពមូលដ្ឋានរបស់មនុស្ស។ លោកបន្តថា ជាក់ស្ដែងសេរីភាពទាំងនេះត្រូវបានប្រើប្រាស់និងអនុវត្តដោយសេរី ដោយគ្មានការរឹតត្បិត ឬគំរាមកំហែងណាមួយទេ។

លោក កត្តា អ៊ន បានពន្យល់យ៉ាងដូច្នេះថា៖ «ក្នុងស្ថានភាពនៃការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ នៅលើពិភពលោក និយាយជាសកល និងនៅក្នុងប្រទេសកម្ពុជា និយាយដោយឡែក ប្រជាពលរដ្ឋបានប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិយ៉ាងទូលំទូលាយ ដោយសេរីគ្រប់​ទីកន្លែង និងតាមគ្រប់មធ្យោបាយផ្សព្វផ្សាយព័ត៌មានដែលម្នាក់ៗចូលចិត្ត។ បណ្ដាញព័ត៌មានសង្គមមានលក្ខណៈផុសផុលនិងពេញនិយមរបស់ពលរដ្ឋកម្ពុជានាពេលបច្ចុប្បន្ន។ ប៉ុន្តែក្នុងមាត្រា៣១ នៃរដ្ឋធម្មនុញ្ញកម្ពុជា បានចែងថា រាល់ការប្រើប្រាស់សិទ្ធិនិងសេរីភាពទាំង​ឡាយ​មិនត្រូវបំពានច្បាប់ឬរំលោភបំពានដល់សិទ្ធិនិងសេរីភាពអ្នកដទៃដូចមានចែងក្នុងច្បាប់ នេះមានន័យថា បុគ្គលគ្រប់រូបប្រើប្រាស់សិទ្ធិសេរីភាពត្រូវមានព្រំដែន គឺគោរពច្បាប់និងសិទ្ធិសេរីភាពអ្នកដទៃ»។

ទោះជាយ៉ាងណាក្តី លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក សង្កេតឃើញ​ថា អត្រា​អ្នកបញ្ចេញមតិយោបល់តាមប្រព័ន្ធអ៊ីនធឺណិត ហាក់​មានការធ្លាក់ចុះនិង​មិនសូវសកម្ម​ដូចពេលមុនៗនោះឡើយ ជាពិសេសនៅមួយរយៈពេលចុងក្រោយនេះ។

លោកបន្ត​ថា៖ «ការបញ្ចេញមតិយោបល់របស់ប្រជាពលរដ្ឋទាក់ទងនឹងបញ្ហាកូវីដ-១៩ ឬ​ការរិះគន់​ដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រងស្ថានភាពកូវីដ-១៩ គឺមានការរឹតត្បិតសិទ្ធិសេរីភាពខ្លាំង ខណៈប្រជាពលរដ្ឋមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ខ្លួននៅពេលពួកគាត់បញ្ចេញមតិយោបល់»។

យោងតាមរបាយការណ៍ឃ្លាំមើលសេរីភាពមូលដ្ឋានឆ្នាំទី៥ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមអាដហុក និងមជ្ឈមណ្ឌលសាមគ្គីភាព បានកត់សម្គាល់ថា រដ្ឋាភិបាលកម្ពុជាបានប្រើប្រាស់ច្បាប់ដែលមិនមែនដើម្បីការពារសេរីភាពមូលដ្ឋាននោះទេ តែផ្ទុយទៅវិញ គឺដើម្បីកាត់បន្ថយលំហសិទ្ធិពលរដ្ឋនិងរឹតត្បិតការអនុវត្តសេរីភាពមូលដ្ឋានរបស់ប្រជាពលរដ្ឋ។

របាយការណ៍នេះបន្តថា​ ការរឹតត្បិតសេរីភាពមូលដ្ឋានកើតឡើងគ្រប់រាជធានី-ខេត្ត ជាពិសេសនៅរាជធានីភ្នំពេញ ចាប់តាំងពីខែកក្កដាមក។ នៅក្នុងរបាយការណ៍ឆ្នាំទី៥នេះ បន្តទៀតថា ប្រជាពលរដ្ឋចំនួន២១៥នាក់ ត្រូវបានកោះហៅនិង​បង្គាប់ឱ្យចូលខ្លួនឆ្លើយបំភ្លឺ ចំនួន១១៧នាក់ ការចាប់ខ្លួនចំនួន៨៥នាក់ និងការផ្តន្ទាទោសចំនួន១៧នាក់ ដោយសារការអនុវត្តសេរីភាពមូលដ្ឋានរបស់ខ្លួន៕

អត្ថបទ៖ សុន រស្មី សិក្ខាកាម Newsroom Cambodia


អត្ថបទទាក់ទង៖ ស៊ុយអែត​ផ្តល់​​២,៥​លាន​ដុល្លារ​ ពង្រឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​​និង​សេរីភាព​​​បញ្ចេញ​មតិ​​នៅ​​កម្ពុជ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ