វិភាគ​៖​ តើ​កម្ពុជា​ត្រូវ​ស្តារ​សេដ្ឋ​កិច្ច​ដោយ​របៀប​ណា​ក្រោយ​បញ្ចប់​ព្រឹត្តិ​ការណ៍​សហ​គមន៍​២០​កុម្ភៈ?

ពលរដ្ឋធ្វើដំណើរនិងបំពេញការងារនៅក្បែរទីតាំងរោងចក្រមួយកន្លែងក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១។ (ហ៊ី ឆាយ)

កម្ពុជាបានរងគ្រោះដោយវិបត្តិជំងឺកូវីដ-១៩ ដូចគ្នាទៅនឹងបណ្តាប្រទេសជាច្រើននៅលើពិភពលោកដែរ។ សម្រាប់កម្ពុជា វិបត្តិជំងឺជាសកលនេះបានរីករាលដាលប៉ះពាល់ដល់​​សេដ្ឋកិច្ចនិងសង្គម ត្បិតមានពលរដ្ឋយ៉ាងច្រើនបានបាត់បង់មុខរបរ ការងារ និង​ប្រាក់ចំណូលទាំងស្រុងឬ​ដោយផ្នែកណាមួយ។

សេដ្ឋកិច្ចកម្ពុជានៅមុនពេលវិបត្តិជំងឺជាសកលនេះកើតមាន ធ្លាប់ហក់ឡើងរហូតដល់៧ភាគរយថែមទៀតផង ប៉ុន្តែកំណើននេះក៏បានធ្លាក់ចុះទៅវិញ ដោយសារភាពមិនប្រាកដប្រជានៃជំងឺកូវីដ-១៩ រួមនឹងបញ្ហាប្រឈមផ្សេងៗទៀត។

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បាន​ព្យាករថា ​សន្ទុះ​សេដ្ឋកិច្ច​កម្ពុជា​​នឹង​កើនឡើង​ក្នុង​អត្រា ​៤% ​ក្នុង​ឆ្នាំ​២០២១ តែ​បាន​ក្រើន​រំឭក​ថា ​កំណើនជាក់​ស្ដែង​ក៏​អាស្រ័យផងដែរ​លើ​ស្ថាន​ភាព​ផ្ទុះ​ឆ្លងជំងឺ​​កូវីដ-​១៩​ក្នុង​សហគមន៍ ដែល​កំពុង​គំរាមកំហែង​ទាំង​​​សេដ្ឋកិច្ចនិងជីវិតពលរដ្ឋ។

គិតត្រឹមព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបមានចំនួនជាង២ម៉ឺននាក់ (២២ ៥៤៤នាក់​) ​ និងមានអ្នកស្លាប់១៥៤នាក់។ ដោយឡែក អ្នកជាសះស្បើយមានចំនួនជាង១ម៉ឺននាក់ (១៣ ០០៦នាក់​)។

ការឆ្លងរីករាលដាលជំងឺផ្លូវដង្ហើមជាសកលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បានកើតមាន​កាន់តែខ្លាំង ជាពិសេស​​​ក្នុង​ខែមេសា ដែល​បានជំរុញរដ្ឋាភិបាលបង្ខំចិត្តត្រូវបិទខ្ទប់តំបន់ភូមិសាស្ត្រសំខាន់ៗ ក្នុងនោះមាន រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ព្រមទាំងផ្នែកខ្លះនៃខេត្តព្រះសីហនុ ដែល​ជាប៉ូលឬជាបេះដូងសេដ្ឋកិច្ច​​សម្រាប់កម្ពុជាតែម្តង។

កងកម្លាំងប្រចាំការដាក់រនាំងយាមកាមនិងត្រួតពិនិត្យការចេញចូលនៅទីតាំងមួយកន្លែងតាមបណ្ដោយផ្លូវវេងស្រេង ជាទីតាំងដែលកំណត់ថាជាតំបន់ក្រហម ឬតំបន់ដែលមានការផ្ទុះកូវីដ-១៩ធ្ងន់ធ្ងរ ថ្ងៃទី១០ ខែ​ឧសភា ឆ្នាំ២០២១។ (Michael Dickison)

ក្នុងពេលបិទខ្ទប់​​នោះបានធ្វើឱ្យពលរដ្ឋបាត់បង់ចំណូលទាំងស្រុង ហើយមានពលរដ្ឋខ្លះត្រូវដាច់ស្បៀង ចំណែករដ្ឋាភិបាលវិញក៏បានខិតខំបញ្ចេញថវិកា​រដ្ឋជាច្រើន​យកទៅប្រើប្រាស់លើការងារនេះ និងបញ្ចេញស្បៀងជាច្រើនទៀតដើម្បីផ្គត់ផ្គង់ដល់ពលរដ្ឋ​នៅតំបន់បិទខ្ទប់ទាំងនោះឥតឈប់ឈរផងដែរ។

វិបត្តិជំងឺកូវីដ១៩ បានបង្កផល​ប៉ះពាល់យ៉ាងនេះ តើកម្ពុជានឹងត្រូវស្តារសេដ្ឋកិច្ចរបស់ខ្លួនដោយរបៀបណាក្រោយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈត្រូវបានបញ្ចប់?

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោកបណ្ឌិត សេង សារី មានប្រសាសន៍ថា កម្ពុជានៅមិនទាន់អាចបញ្ជាក់ពីការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ខ្លួនក្នុងកម្រិតណាមួយពិតប្រាកដនៅឡើយ ដោយសារមិនទាន់មាន​ស្ថាប័នណាមួយបង្ហាញទិន្នន័យស្តីពីការធ្លាក់ចុះនេះនៅឡើយ។ ប៉ុន្តែលោកថា សេដ្ឋកិច្ចកម្ពុជាក្នុងវិបត្តិកូវីដ-១៩ ពិសេសព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនោះ ត្រូវបានគេវាយតម្លៃថារងផលប៉ះពាល់ធ្ងន់ធ្ងរ។

​លោក​បណ្ឌិត សេង សារី មើលឃើញថា វិស័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ គឺផ្នែក​សេវាកម្ម ដូចជា វិស័យទេសចរណ៍ វិស័យកម្សាន្ត និង​វិស័យនាំចេញ-នាំចូលមួយចំនួនទៀត។

ពលរដ្ឋពីរនាក់ធ្វើដំណើរនៅពីមុខរោងចក្រ វ៉ាយ&ដាប់បែលយូ (Y&W) ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ (ហ៊ី ឆាយ)

លោកបន្ថែមថា ដើម្បីស្តារឡើងវិញនូវផលប៉ះពាល់សេដ្ឋកិច្ចពេលនេះ កម្ពុជាអាចនឹងរៀបចំផែនការ​ឱ្យមានដំណើរការចរន្តទេសចរណ៍ក្នុងស្រុកនិងក្រៅស្រុកឡើងវិញ ក្រោយពេលរដ្ឋាភិបាលអាចគ្រប់គ្រង​វិបត្តិកូវីដ-១៩ទាំងស្រុងបាន។

លោកមានប្រសាសន៍ថា៖ «ដោយសារយើងមើលឃើញថា រឿងទេសចរណ៍ហ្នឹងមិនមែនគ្រាន់តែជារឿងកម្សាន្ត​តែមួយមុខទេ ប៉ុន្តែវាជំរុញសេដ្ឋកិច្ចមូលដ្ឋាន។ រឿងទេសចរណ៍ វារុញឱ្យមានការលក់ដូរម្ហូបអាហារ សេវាកម្មផ្សេងៗ ការធ្វើដំណើរអីផ្សេងៗជាដើមហ្នឹង វារស់ឡើងវិញ អាហ្នឹងចំណុចដំបូងគេដែលត្រូវធ្វើហើយ។ ចំណុចទីពីរទៀត ធ្វើម៉េចធានាទេសចរអន្តរជាតិតាមរយៈមធ្យោបាយប៉ាស្ព័រ វ៉ាក់សាំងអីអ៊ីចឹងទៅ ដែលប្រទេសមួយចំនួនកំពុងគិតគូរហើយ។ សម្រាប់អ្នកចាក់វ៉ាក់សាំងពីរដងហើយហ្នឹង គឺគេអនុញ្ញាតឱ្យចូលមកដើរកម្សាន្ត​​នៅក្នុងប្រទេសហ្នឹង ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ១៤ថ្ងៃ ១០ថ្ងៃ ឬ៧ថ្ងៃទេ អាហ្នឹងក៏យើងត្រូវគិតពិចារណាដែរ។ ហើយបន្ទាប់មកទៀតហ្នឹង សម្រាប់សេដ្ឋកិច្ចក្នុងស្រុកហ្នឹង អាចជំរុញឱ្យមានការបើកទីផ្សារ ទីសាធារណៈ ​សាលារៀន ជាពិសេសផ្សារហ្នឹង ដើម្បីធ្វើយ៉ាងម៉េច​ឱ្យមានសកម្មភាពសេដ្ឋកិច្ចនៅមូលដ្ឋាន។ ក៏ប៉ុន្តែរដ្ឋាភិបាលមានជម្រើសក្នុងការធ្វើអ៊ីចឹងបាន លុះត្រាតែជំរុញការចាក់វ៉ាក់សាំងហ្នឹងឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាននិងឆាប់បំផុតក្នុងរយៈពេលខ្លី»

ស្រដៀងគ្នានេះ ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន មើលឃើញថា ក្រៅពីវិស័យសេវាកម្មដែលរងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩ពេលនេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងវិស័យកសិកម្មជាដើម។

លោកបន្តថា ដើម្បីស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ លុះណាតែស្ថានភាពរស់នៅរបស់ពលរដ្ឋត្រឡប់មកប្រក្រតីភាពជាមុនសិន នោះទើប​សកម្មភាពអាជីវកម្មនានាអាចដំណើរការបានជាធម្មតា។

បន្ថែមពីនេះ លោកថា រដ្ឋគប្បីគិតគូរ​លើ​ដើមទុនជួយដល់ពលរដ្ឋដែលរងផលប៉ះពាល់ ដើម្បីមានឱកាសផលិតឬប្រកបអាជីវកម្មនានារបស់ខ្លួនឡើងវិញ តាមរយៈកម្ចីហិរញ្ញវត្ថុក្នុងអត្រាការប្រាក់ទាបផងដែរ។ ដោយឡែក ជំនាញវិជ្ជាជីវៈ ពិសេសផ្នែកម្ហូបអាហារ លោកថា ជារឿងដែលរដ្ឋាភិបាលនិងវិស័យឯកជនត្រូវគិតគូរក្នុងការវិនិយោគបន្ថែមទៀត​។

លោក ថេង សាវឿន បន្ថែមថា៖ «ត្រូវតែធ្វើយ៉ាងម៉េច​ជួយសម្រួលក្នុងការផ្តល់ហិរញ្ញប្បទានឬប្រាក់កម្ចីក្នុងការ​វិ​​និយោគ ពិសេសរដ្ឋត្រូវគិតថវិកាជាតិឱ្យបានខ្លាំងទៅលើវិស័យអាទិភាពសំខាន់ៗ ទាំងវិស័យមុខរបរ ទាំងវិស័យ​ការងារ និងវិស័យផ្សេងៗទៀត ពិសេសវិស័យទេសចរណ៍និងកសិកម្ម ធ្វើយ៉ាងម៉េចឱ្យប្រជាពលរដ្ឋនិងកសិករហ្នឹងទទួលបាននូវហិរញ្ញប្បទានជាទុនសម្រាប់ប្រកបមុខរបរចិញ្ចឹមជីវិត ដែលមានអត្រាការប្រាក់ទាប ហើយអាចមានការអន្តរាគមន៍ពន្យារពេលទៅលើមីក្រូហិរញ្ញវត្ថុផ្សេងទៀតផងដែរ ដើម្បីធ្វើយ៉ាងម៉េចអាចឱ្យពួកគេមានពេលគ្រប់គ្រាន់ក្នុងការដោះស្រាយបាន»។

ចំណែកអ្នកវិភាគនយោបាយ លោក គឹម សុខ មើលឃើញថា ស្ថានភាពសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នកំពុងធ្លាក់ចុះយ៉ាងខ្លាំង ដែលពិបាកក្នុងការស្តារឡើងវិញក្នុងរយៈពេលខ្លី។

ជាក់ស្តែង លោកថា អ្នកធ្វើការងារលើវិស័យទេសចរណ៍ប្រមាណ៦០ម៉ឺននាក់បានបាត់បង់ការងារធ្វើ កម្មកររោងចក្រជាច្រើន​​ម៉ឺននាក់ត្រូវបាន​ព្យួរការងារ ហើយអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធជាច្រើនម៉ឺននាក់ទៀត ក៏បាត់បង់ចំណូល ហើយកសិករខ្លះក៏ត្រូវរត់ចោលស្រែឬផលដំណាំដោយសារផលិតផល​​កសិកម្មរបស់ពួកគេមួយចំនួនគ្មានទីផ្សារ ជាដើម។

រ៉ឺម៉កកង់បីខ្មែរមួយគ្រឿងចតនៅពីមុខផ្ទះ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។ (ហង់ សុខហុង)

លោក គឹម សុខ និយាយទៀតថា មូលហេតុដែលសេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះខ្លាំង ហើយអាចពិបាកងើបឡើងវិញនេះ ដោយសារកង្វះសមត្ថកិច្ចគ្រប់គ្រងនិងដោះស្រាយបញ្ហាទាំងនោះពីសំណាក់រដ្ឋាភិបាល។

លោក គឹម សុខ បន្តថា៖ «មូលហេតុនៃការធ្លាក់ [សេដ្ឋកិច្ច] ដាបពិបាកងើបនេះ ដោយសារកង្វះសមត្ថភាពនៃការ​គ្រប់គ្រងរបស់រដ្ឋាភិបាល។ កាលណាតែមានចលាចលនយោបាយ វានាំឱ្យប៉ះពាល់​ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចហើយ បន្ថែមពីលើទម្ងន់ប៉ះពាល់នៃការរីករាលដាលដ៏ធំនៃកូវីដ-១៩ទៅទៀត។ ហើយក៏នៅសល់ ពេលរដ្ឋាភិបាលមិនបានត្រៀមខ្លួន ឧទាហរណ៍លុយបម្រុងសម្រាប់ស្តារសេដ្ឋកិច្ចមកទល់ពេលនេះ មិនទាន់ឃើញបង្ហាញ​ខ្ទង់លុយសម្រាប់ចំណាយនៅឡើយទេ។ សេដ្ឋកិច្ចកម្ពុជានៅតែដាបខ្លាំងយូរឆ្នាំ ក្រោយពេលការស្បើយនៃកូវីដ-១៩»។

តែយ៉ាងណា អ្នកវិភាគនយោបាយរូបនេះផ្តល់ជាយោបល់ថា ដើម្បីស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ រដ្ឋាភិបាលក៏ត្រូវស្តារទំនាក់ទំនងការទូតល្អជាមួយប្រទេសលោកសេរី តាមរយៈការស្តារឡើងវិញនូវស្ថានភាពនយោបាយក្នុងប្រទេសឱ្យល្អប្រសើរជាមុនសិន។

លោក គឹម សុខ ផ្តល់អនុសាសន៍ថា៖ «ភាពស្រប៉ាបនៃសេដ្ឋកិច្ចកម្ពុជានឹងមិនងាយងើបឡើងវិញទេ ប្រសិនបើរដ្ឋាភិបាល​មិនដោះស្រាយវិបត្តិនយោបាយ ដើម្បីធ្វើទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ក្នុងការទាញយកផលប្រយោជន៍សេដ្ឋកិច្ចពាណិជ្ជកម្មពីប្រទេសទាំងនេះ ហើយប្រសិនបើរដ្ឋាភិបាលមិនបានបង្ហាញកំណែទម្រង់ និងលុយបម្រុងសម្រាប់ស្តារសេដ្ឋកិច្ចលើវិស័យសំខាន់ៗ ដូចជា វិស័យទេសចរណ៍ កសិកម្ម កសិឧស្សាហកម្ម និងវិស័យវាយនភណ្ឌ ជាដើម »។

ស្រដៀងគ្នានេះដែរ លោក​បណ្ឌិត សេង សារី យល់ឃើញថា ​ជំនួយឬកម្ចីពីប្រទេសចិនតែមួយ មិនអាចជួយឱ្យកម្ពុជា​​ដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ចដោយវិបត្តិកូវីដ-១៩ពេលនេះបានទាំងស្រុងឡើយ ប៉ុន្តែទាមទារឱ្យកម្ពុជាត្រូវស្វែងរកជំនួយពីប្រទេសលោកសេរី ដូចជា សហភាពអឺរ៉ុប សហរដ្ឋអាមេរិក បន្ថែមទៀត។

យ៉ាងណា លោកថា ដើម្បីអាចទទួលបានជំនួយពីប្រទេសលោកសេរី កម្ពុជាត្រូវធ្វើកំណែទម្រង់ស្ថានភាពនយោបាយ និងសិទ្ធិមនុស្ស ដើម្បីឱ្យស្របតាមលក្ខខណ្ឌរបស់ពួកគេចង់បានជាមុនសិន។

លោកបណ្ឌិត សេង សារី បន្ថែមថា៖ «ប៉ុន្តែគ្រាន់តែថា ម្ចាស់ជំនួយសហគមន៍ទាំងពីរនេះ [ចិន និងលោកសេរី] មានលក្ខខណ្ឌនិងរបៀបរបបជួយហ្នឹងខុសៗគ្នា។ ខាងចិននោះមិនសូវជាត្រូវការពិនិត្យមើលច្រើនទេ ឱ្យតែថាបើត្រូវជួយគឺជួយ។ ក៏ប៉ុន្តែសហគមន៍អឺរ៉ុប ត្រូវឱ្យយើងមានលក្ខខណ្ឌគោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យអីជាដើម។ អ៊ីចឹងហើយ ប្រាកដណាស់ រដ្ឋាភិបាលត្រូវការជំនួយ ប៉ុន្តែដើម្បីអាចទទួលជំនួយបានយើងត្រូវកែប្រែនូវឥរិយាបថ របៀបរបបក្នុងការធ្វើការងារជាមួយគេខ្លះសិន ទី១ បង្ហាញអំពីការបង្កបរិយាកាសនយោបាយត្រឡប់មកជាប្រក្រតីភាពឡើងវិញ»។

​ទោះបីជាយ៉ាងនេះក្តី យោងតាម​របាយការណ៍របស់ធនាគារជាតិ​នៃ​កម្ពុជា (NBC) កាលពី​ថ្ងៃ​៣១ ខែធ្នូ ឆ្នាំ​ ២០២០ បាន​ព្យាករ​​​​​ថា កំណើន​សេដ្ឋកិច្ចកម្ពុជា​នឹង​អាច​ងើប​ឡើង​វិញ​​ក្នុង​រង្វង់​ ៤​ភាគរយ ប្រសិនបើ​ថ្នាំ​បង្ការ​មាន​ប្រសិទ្ធភាព​អាច​ទប់ស្កាត់​ការរីក​រាលដាល​នៃ​​ជំងឺ​កូវីដ​-១៩។ បន្ថែមពីនេះ អាស្រ័យលើល្បឿន​នៃ​ការងើប​ឡើងវិញ​នៃ​កំណើនសេដ្ឋកិច្ច​ក្នុង​ប្រទេស​ជា​ដៃគូ​ជាមួយ​កម្ពុជា និង​ការពង្រឹង​មូលដ្ឋាន​សេដ្ឋកិច្ច​ក្នុងស្រុក​។

ធនាគារជាតិកម្ពុជា អះអាងទៀតថា ​ស្ថិតក្នុង​​ស្ថានភាពនេះ​ ការបន្ត​ពង្រឹង​សកម្មភាព​សេដ្ឋកិច្ច​ក្នុង​ស្រុក​ថែមទៀត ​នឹងអាច​ជួយ​ទ្រទ្រង់ឬកាត់​បន្ថយផលប៉ះពាល់​​​កំណើន​សេដ្ឋកិច្ច​កម្ពុជាដោយសារ​ការធ្លាក់ចុះ​វិស័យ​ខាងក្រៅ​។

ប្រភពដដែលនិយាយទៀតថា ដូច្នេះ​ ការបន្ត​អនុវត្ត​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការលើកស្ទួយ​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូចនិង​មធ្យមឬSME ការជំរុញ​នវានុវត្តន៍ និង​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​លើ​គ្រប់​វិស័យ​ គឺមាន​សារៈសំខាន់​ណាស់​ក្នុង​ការពង្រឹង​មូលដ្ឋាន​កំណើន​សកម្មភាព​ក្នុងស្រុក​។

ជាងនេះទៀត NBC រំពឹងទៀតថា​ ការចាប់ផ្តើម​ដំណើរការ​បូម​ប្រេងថ្មីៗ​នេះ ​នឹង​ក្លាយជា​ប្រភព​ចំណូល​ថ្មី​មួយទៀត​ដល់​រដ្ឋាភិបាល​ក្នុង​ការយក​មក​អភិវឌ្ឍ​វិស័យ​អាទិភាព​នានាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ