តុលាការ​ដោះ​លែង​កូន​​​​ឧកញ៉ា​ ហេង​ សៀ​ ក្រោយ​ពួក​គេ​ថា​មិន​បាន​ផលិត​វីដេអូ​អាសអាភាស​

លោក ឃន ឈុនតារា ជាកូនប្រសាររបស់លោក ហេង សៀ ក្នុងកម្មវិធីមួយក្នុងឆ្នាំ២០១៩។ (ហ្វេសប៊ុក៖ ChhunDara Khorn(ឃន ឈុនដារ៉ា))

តុលាការសាលាដំបូងរាជធានីភ្នំពេញ ដោះលែងកូនប្រសារប្រុសនិងកូនស្រីបង្កើតឧកញ៉ា ហេង សៀ ក្រោយពីពួកគេសុំទោសជាសាធារណៈ និងថា​មិនបានផលិតវីដេអូនិងរូបអាសអាភាសពាក់ព័ន្ធនឹងកញ្ញា មាន ពេជ្ររីតា ជាមួយនឹងឪពុករបស់ខ្លួនទេ។

ក្នុងសេចក្តីថ្លែងការណ៍របស់សាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១៧ ខែឧសភានេះថា កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ មានរូបអាសអាភាសជាច្រើនសន្លឹកត្រូវបានចែកចាយជាបន្តបន្ទាប់នៅលើបណ្តាញសង្គម ដែលបង្កឱ្យមានការភ័ន្តច្រឡំជាសាធារណៈថា ជារូបរបស់កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ MYTV ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ស្ត្រីជាដើម។

សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា ក្រោយពីតុលាការសហការជាមួយមន្ត្រីនគរបាលយុត្តិធម៌ ធ្វើការស្រាវជ្រាវលើ ឈ្មោះ ឃន ឈុនតារា និងឈ្មោះ តាំង គឹមហៀង ដែលត្រូវជាកូនប្រសារនិងកូន​បង្កើតរបស់ឧកញ៉ា ហេង សៀ  ចំនួន២ថ្ងៃកន្លងទៅនេះ ពួកគេទាំងពីរនាក់បានសារភាពថា ខ្លួនពិតជាបានជ្រើសរើសមនុស្សប្រុសម្នាក់និងស្រីម្នាក់ដែលមានភិនភាគប្រហាក់ប្រហែលនឹងកញ្ញា មាន ពេជ្ររីតា និងឈ្មោះ ហេង សៀ ដើម្បីថតសម្តែងអង្គហេតុនៃជម្លោះដែលកើតមានឡើងលើកញ្ញា មាន ពេជ្ររីតា និងឈ្មោះ ហេង សៀ នៅក្នុងរថយន្តកើតហេតុ ព្រមទាំងមានវីដេអូឃ្លីបធ្វើត្រាប់តាមអង្គហេតុក្នុងរថយន្តផងដែរ ប៉ុន្តែពុំឃើញមានភស្តុតាងផលិតវីដេអូឃ្លីបអាសអាភាសឬរូបភាពអាសអាភាសដែលត្រូវបានចែកចាយក្នុងសង្គមឡើយ។

ករណីនេះ តុលាការសម្រេចដោះលែងឈ្មោះ ឃន ឈុនតារា និងឈ្មោះ តាំង គឹមហៀង ឱ្យមានសេរីភាពវិញនៅថ្ងៃនេះ ក្រោយពីពួកគេធ្វើលិខិតសុំទោសជាសាធារណៈ ពាក់ព័ន្ធនឹងការចែកចាយរូបអាសអាភាសដែលមិនមានប្រភពច្បាស់លាស់នៅក្នុងបណ្តាញសង្គម WhatsApp និង Telegram ឱ្យទៅមនុស្សចំនួន៧នាក់។

បន្ថែមពីនេះ ក្នុងសេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា មន្ត្រីតុលាការនិងមន្ត្រីនគរបាលយុត្តិធម៌ នឹង​បន្តស្រាវជ្រាវរកប្រភពនៃការផលិតរូបអាសអាភាសចែកចាយលើបណ្តាញសង្គមដែល​ធ្វើឱ្យប៉ះពាល់ដល់ប្រពៃណីខ្មែរ សីលធម៌សង្គម និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី ដើម្បីចាប់យកទៅផ្តន្ទាទោសតាមច្បាប់។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានបដិសេធអត្ថាធិប្បាយ​បន្ថែមជុំវិញករណីនេះ។

ក្នុងលិខិតបំភ្លឺនិងសុំទោសជាសាធារណៈរបស់ឈ្មោះ ឃន ឈុនតារា ដែលត្រូវជាកូនប្រសារ​ឧកញ៉ា ហេង សៀ ចុះថ្ងៃ​ទី១៧ ខែឧសភា ឆ្នាំ២០២១ បានលើកឡើង​ថា កាលពីថ្ងៃទី១៤ ខែឧសភានេះ លោកបានចែកចាយរូបភាពអាសអាភាសមួយសន្លឹក​ទៅមនុស្ស៧នាក់តាមបណ្តាញសង្គម WhatsApp និង Telegram ដែលលោកទទួលបាន​ពីគេនិងមិនដឹងប្រភពច្បាស់លាស់នោះទេ។

លិខិតដដែលបាន​សុំទោស​ជាសាធារណៈ និងសន្យាលែងឱ្យមានករណីនេះកើតឡើងជាថ្មីទៀត​ បើរូបភាពនោះ​ធ្វើឱ្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរបស់កញ្ញា មាន ពេជ្ររីតា។

ដោយឡែក កាលពីថ្ងៃទី១៤ ខែឧសភា ឈ្មោះ ឃន ឈុនតារា សារភាពថា ខ្លួនពិតជាបានជ្រើសរើសមនុស្សប្រុសមានភិនភាគប្រហាក់ប្រហែលនឹងឈ្មោះ ហេង សៀ និងស្រីម្នាក់ប្រហាក់ប្រហែលនឹងកញ្ញា មាន ពេជ្ររីតា ពិតមែន ប៉ុន្តែមិនមែនយកទៅថតរឿងអាសអាភាសបន្លំភ្នែកសាធារណជនពាក់ព័ន្ធរឿងពួកគេទាំងពីរនោះទេ ដោយគ្រាន់តែជ្រើសរើសឱ្យមកធ្វើត្រាប់តាមអង្គហេតុ ដើម្បីស្វែងយល់ឱ្យបានច្បាស់ពីរឿងហេតុដែលកើតឡើងក្នុងរថយន្តតែប៉ុណ្ណោះ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន លើកឡើងថា ការសម្រេចនេះជាឆន្ទានុសិទ្ធិរបស់តុលាការ ដោយអះអាងថា ការដោះលែងនេះជាការដោះលែងឱ្យ​​នៅក្រៅឃុំបណ្ដោះអាសន្ន ដោយទុកនៅក្រោម​ការស៊ើបអង្កេតរបស់តុលាការបន្តទៀត។

លោកថា៖ «ខ្ញុំមិនមានយោបល់អ្វីទេ ព្រោះជាការសម្រេចរបស់តុលាការដោយផ្អែកទៅលើអង្គហេតុស៊ើបអង្កេតនិង ភស្តុតាងណាមួយ ក៏គេមិនដោះលែងឱ្យ​រួចខ្លួនដែរ គឺឱ្យ​​នៅក្រៅឃុំជាបណ្ដោះអាសន្ន ដោយមានការធានាពីមេធាវី ហើយដំណើរការនីតិវិធី គឺស្ថិតក្នុងការស៊ើបអង្កេតរបស់តុលាការ»។

នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព មានប្រសាសន៍ថា តុលាការត្រូវធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវលើសំណុំរឿងអ្នកចែកចាយរូបភាពអាសអាភាស និងពាក់ព័ន្ធរឿងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្ររីតា ឱ្យមានតម្លាភាពនិងឈរលើគោលការណ៍ឯករាជ្យ ដើម្បីផ្តល់យុត្តិធម៌ដល់ស្ត្រីរងគ្រោះ។

ប៉ុន្តែលោកស្រីសង្កេត​​ឃើញ​ថា ការអនុវត្តរបស់តុលាការកន្លងមកហាក់មានភាព​​លម្អៀងទៅរកអ្នកមានអំណាចមានលុយ ខណៈពលរដ្ឋក្រីក្រ សកម្មជននយោបាយ និង​អ្នកការពារបរិស្ថាន បានរងភាពអយុត្តិធម៌ទៅវិញ។

លោក​ស្រីថ្លែងដូច្នេះថា៖ «គោលការណ៍ដែលតុលាការគួរតែប្រកាន់យក ដោយមិនគួរធ្វើតែចំពោះបុគ្គលដែលមានទ្រព្យធនដែលមានអំណាច ហើយពលរដ្ឋ សកម្មជននយោបាយ ឬក៏សកម្មជនសិទ្ធិមនុស្ស យើងឃើញថា ជានិច្ចកាលត្រូវតែឃុំខ្លួន ហើយការឃុំខ្លួនមានរយៈពេលយូរមែនទែន ដូចករណីលោក រ៉ុង ឈុន ដូចករណីសកម្មជនបរិស្ថាន គឺពួកគាត់ស្ថិតនៅក្នុងការឃុំខ្លួនរង់ចាំសវនាការ ជាដើម»។

មាត្រា៣៩ នៃច្បាប់​ស្ដី​ពី​ការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ​ ចែងថា ជន​ណា​ចែក​ចាយ​ លក់​ ជួល​ ដាក់​តាំង​ បញ្ចាំង​ ឬ​បង្ហាញ​នៅ​ទី​សាធារណៈ​នូវ​រូបភាព​និង​សម្ភារ​អាសអាភាស​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៧​ថ្ងៃ​ ដល់​១​ខែ​ និង​​ពិន័យ​ជា​ប្រាក់​ពី​១០០ ០០០​ (មួយ​សែន) រៀល​ ដល់​២០០ ០០០​ (ពីរ​សែន) រៀល។

ចំណែកជន​ណា​ផលិត​រូបភាព​និង​សម្ភារអាសអាភាស​ក្នុង​គោលដៅ​យក​ទៅ​ប្រើប្រាស់​នៅ​ក្នុង​ការ​​ប្រព្រឹត្ត​បទល្មើស​​ណា​មួយ​ ដូច​មាន​ចែង​នៅ​ក្នុង​កថាខណ្ឌ​ទី​ ១​ ​នៃ​មាត្រាខាងលើ​​នេះ​ ត្រូវ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី១​ខែ​ ដល់​១​ឆ្នាំ​ និង​​ពិន័យ​ជា​ប្រាក់​ពី​២០០ ០០០​ (ពីរ​សែន) រៀល​ ដល់​២ ០០០ ០០០​ (ពីរលាន)​ រៀល។

កាលពី​​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១​ អង្គការ-សមាគម​ចំនួន២៦ស្ថាប័ន​បានចេញលិខិតចំហមួយស្នើទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង រដ្ឋមន្ត្រីក្រសួងកិច្ចការនារី លោកស្រី អឹុង កន្ថាផាវី និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ចាត់វិធានការច្បាប់​លើឧកញ៉ា ហេង សៀ អតីតឧកញ៉ា ឌួង ឆាយ និងលោក អ៊ុក កុសល ដោយសារពួកគេប្រើប្រាស់អំពើហិង្សានិងបៀតបៀនផ្លូវភេទលើស្ត្រី និងដើម្បីលុបបំបាត់វប្បធម៌និទណ្ឌភាពនៅកម្ពុជា។​

គួររំឭកថា ជម្លោះរវាងឧកញ៉ា ហេង សៀ និងពិធីការិនី មាន ពេជ្ររីតា បាន​​ធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពី​ឃើញវី​ដេអូរបស់កញ្ញា មាន ពេជ្ររីតា យំត្អូញត្អែររៀបរាប់ពីការបៀតបៀនរាងកាយនាងពីសំណាក់​ឧកញ៉ា ហេង សៀ កាលពីថ្ងៃ៤ ខែឧសភា។

ពាក់ព័ន្ធនឹងករណីនេះ ឧកញ៉ា ហេង សៀ ក៏​បានប្តឹងកញ្ញា មាន ពេជ្ររីតា វិញផងដែរ ពីបទ «លួចមានស្ថានទម្ងន់​ទោស» ដោយចោទពិធីការិនីរូបនេះថា បាន​លួច​ទូរសព្ទ និងយកកាំបិតចុងស្រួចចាក់រូបលោក​ចំនួន២កាំបិត បណ្តាលឱ្យ​រងរបួស​ធ្ងន់។ ក្រោយមក កញ្ញា មាន ពេជ្ររីតា ក៏បាន​ប្តឹងតបវិញ ដោយចោទ​ឧកញ៉ា​នោះថា បានបៀតបៀនផ្លូវភេទកញ្ញានៅក្នុងរថយន្ត៕​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ